ជំងឺលើសសម្ពាធឈាមជាឃាតកលាក់មុខ
ជំងឺលើសសម្ពាធឈាមជាការធ្វើរោគវិនិច្ឆ័យ ផ្អែកលើការវាស់សម្ពាធឈាមយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ដោយវេជ្ជបណ្ឌិត រកឃើញថាបុគ្គលនោះមានសម្ពាធឈាមខាងលើ (Systolic blood pressure) ធំជាង ឬស្មើ១៤០មីលីម៉ែត្របារ៉ត និងសម្ពាធឈាមខាងក្រោម (Diastolic blood pressure) ធំជាង ឬស្មើ៩០មីលីម៉ែ្រតបារ៉ត។ លើសសម្ពាធឈាម ត្រូវបានចែកចេញជាពីរប្រភេទគឺ Primary ឬ Essential hypertension និង Secondary hypertension ដែលជាការលើសសម្ពាធឈាមបង្កពីជំងឺផ្សេងៗ។
មូលហេតុនិងកត្តាប្រឈម
រហូតមកដល់បច្ចុប្បន្ន មិនទាន់អាចកំណត់បាននូវមូលហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យមានជំងឺនេះឡើយ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន អាចជាហានិភ័យខ្ពស់ក្នុងការបង្កឲ្យមានជាជំងឺលើសឈាម ដូចជា ការជក់បារី ការលើសទម្ងន់ មិនសូវធ្វើលំហាត់ប្រាណការទទួលទានអាហារប្រៃ និងគ្រឿងស្រវឹងញឹកញាប់ច្រើនស្ត្រេស មនុស្សចាស់ ឬមានតំណពូជ។ ក្រៅពីនេះ វាអាចកើតឡើងជាជំងឺបន្ទាប់បន្សំពីជំងឺផ្សេងទៀតរួមមាន ជំងឺទឹកនោមផ្អែម ខ្សោយបេះដូង លើសជាតិខ្លាញ់ ឬខ្សោយតម្រងនោម ជាដើម។
រោគសញ្ញាសង្ស័យនៃជំងឺ
ជាទូទៅ អ្នកជំងឺលើសសម្ពាធឈាមមួយភាគធំក្នុងដំណាក់កាលដំបូង ពុំមានស្ដែងចេញនូវរោគសញ្ញាជាក់លាក់ណាមួយឡើយដែលគេអាចហៅជំងឺនេះថាជា «ឃាតកលាក់មុខ»។ ប៉ុន្តែ ក្នុងនោះក៏មានអ្នកជំងឺមួយចំនួនអាចមានអាការៈផ្សេងៗដូចជាឈឺក្បាល ថប់ទ្រូង រួយកញ្ជឹងក ហ៊ឹងត្រចៀក បែកញើស និងឈាម ច្រមុះជាញឹកញាប់ ដែលអាចឲ្យអ្នកជំងឺចាប់អារម្មណ៍ថាខ្លួនមានជំងឺលើសសម្ពាធឈាម។
ការធ្វើរោគវិនិច្ឆ័យសមស្រប
ជាក់ស្តែង ដោយសារជំងឺលើសសម្ពាធឈាមមិនមាននូវរោគសញ្ញាជាក់លាក់ណាមួយនោះឡើយ ដូចនេះការធ្វើរោគវិនិច្ឆ័យភាគច្រើនប្រទះឃើញនៅពេលដែលអ្នកជំងឺមកធ្វើការពិនិត្យសុខភាពទូទៅ។ គួរបញ្ជាក់ថា ការវាស់សម្ពាធឈាមលើកដំបូងមិនអាចកំណត់នូវរោគវិនិច្ឆ័យបានទេ ព្រោះពេលខ្លះអ្នកជំងឺអាចឡើងសម្ពាធឈាមដោយសារជួបគ្រូពេទ្យ ដែលគេហៅថា «White coathypertension»។ ការកំណត់រោគវិនិច្ឆ័យសមស្របធ្វើឡើងដោយការវាស់សម្ពាធឈាមរបស់អ្នកជំងឺឲ្យបានយ៉ាងតិចពីរដងក្នុងមួយសប្ដាហ៍ ឬឲ្យអ្នកជំងឺតាមដានសម្ពាធឈាមនៅផ្ទះដោយខ្លួនឯង ដោយប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម២៤ម៉ោង ពេលថ្ងៃម៉ាស៊ីនវាស់រៀងរាល់មួយម៉ោងម្ដង និងពេលយប់វាស់រាល់២ម៉ោងម្តង (24h Blood Pressure Monitor) ទើបអាចកំណត់នូវរោគវិនិច្ឆ័យច្បាស់លាស់បាន។
ការព្យាបាលត្រឹមត្រូវ
អ្នកជំងឺត្រូវបានណែនាំឲ្យទទួលការព្យាបាលតាមដានឲ្យបានត្រឹមត្រូវ និងលេបថ្នាំឲ្យបានទៀងទាត់។ ក្រៅពីនេះ ត្រូវកែតម្រូវនូវរបបអាហារប្រចាំថ្ងៃ ដូចជា ការតមប្រៃ ការធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយនូវកត្តាហានិភ័យផ្សេងៗ។ ដោយឡែក សម្រាប់អ្នកដែលស្ថិតក្នុងការប្រឈម ឬត្រៀមនឹងកើតមានជំងឺនេះ ពុំចាំបាច់ប្រើប្រាស់ថ្នាំលើសសម្ពាធឈាមឡើយគ្រាន់តែកែប្រែរបបអាហារ និងហាត់ប្រាណឲ្យបានត្រឹមត្រូ វពេលខ្លះសម្ពាធឈាមរបស់គាត់អាចនឹងត្រឡប់មកសភាពធម្មតាវិញ។
ផលវិបាកទៅអនាគត
ក៏ព្រោះតែជំងឺនេះអាចសម្លាប់មនុស្សដោយពុំដឹងខ្លួន ដូចនេះ ប្រសិនបើមិនមានការព្យាបាល ត្រឹមត្រូវ វាអាចស្ដែងចេញជាផលវិបាកធំៗមួយចំនួនដូចជា ជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃឬស្ទះសរសៃឈាមខួរក្បាល ហើយបើមានការលើសសម្ពាធឈាមរយៈពេលយូរ វានឹងបង្កឲ្យមានជំងឺស្ទះសរសៃឈាម ខ្សោយតម្រងនោម និងប៉ះពាល់ដល់ភ្នែកជាដើម។
ការការពារជំងឺលើសសម្ពាធឈាម
បុគ្គលគ្រប់រូបគួរគប្បីបញ្ចៀសខ្លួនពីកត្តាប្រឈមដូចបានរៀបរាប់ខាងលើ ដោយផ្លាស់ប្តូរទម្លាប់នៃការពិសាអាហារប្រៃ មកសាបបន្តិចវិញបន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង កាត់បន្ថយស្ត្រេស សម្រកទម្ងន់ និងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកជំងឺលើសសម្ពាធឈាមទាំងអស់ត្រូវពិនិត្យ និងតាមដានជាប្រចាំតាមការណាត់ជួបរបស់គ្រូពេទ្យឯកទេស ក៏ដូចជាលេបថ្នាំឲ្យបានទៀងទាត់។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ច័ន្ទ សុខា ឯកទេសបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ