៧ចំណុចដែលធ្វើឲ្យអ្នកនៅតែស្រស់ស្រាយពេលមានផ្ទៃពោះ
នៅពេលអ្នកក្លាយជាស្រ្តីមានផ្ទៃពោះហើយ ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកអាចមានការផ្លាស់ប្តូររួមមាន ត្រូវបន្ថែមនូវការទទួលទានពពួកវីតាមីនចម្រុះ អាហារបំប៉នជាដើម។ ផ្ទុយទៅវិញ ប្រសិនអ្នកចូលចិត្តទទួលស្រា ឬអាហារជប៉ុន (Sushi) នោះអ្នកត្រូវតាំងចិត្តបញ្ឈប់ពួកវាសម្រាប់កូនក្នុងផ្ទៃរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្រ្ត ដើម្បីទប់ស្កាត់នូវផលវិបាក ក៏ដូចជារោគសញ្ញាអវិជ្ជមានផ្សេងៗនៃការមានផ្ទៃពោះ…
១. កាត់បន្ថយសារជាតិកាហ្វេអ៊ីន
ប្រសិនបើការទទួលកាហ្វេ ជាជម្រើសទីមួយដែលអ្នកត្រូវការនៅពេលព្រឹក ដើម្បីជាការលើកទឹកចិត្តក្នុងសកម្មភាពប្រចាំថ្ងៃមួយផ្នែកធំរបស់អ្នកនោះ អ្នកត្រូវចាប់ផ្តើមកាត់បន្ថយសារជាតិកាហ្វេអ៊ីន ដោយទទួលទានត្រឹមពាក់កណ្តាលនៃបរិមានដែលអ្នកបានទទួលទានរាល់ដងនៅពេលព្រឹកបានហើយ។ សូមបន្តបន្ថយបរិមាណនោះជាបន្តបន្ទាប់ និងចំពោះអ្នកទទួលទានតែក៏ត្រូវធ្វើដូចគ្នាផងដែរ ដោយហេតុថា សារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងៗទៀត បានជះឥទ្ធិពលមិនល្អដល់សុខភាពកូនក្នុងផ្ទៃ។
២. ទទួលទានខ្ញី
ការក្អួតចង្អោរ និងវិលមុខតែងកើតមានចំពោះស្រ្តីមានផ្ទៃពោះ។ ជំនួសឲ្យការទទួលទានផលិតផលសម្រេចអំពីខ្ញីផ្សេងៗ ដូចជា នំរសជាតិខ្ញី ជាដើម លោកអ្នកអាចទទួលទានទឹកតែខ្ញី ដោយគ្រាន់តែដាក់ចំណិតខ្ញីស្រស់ទៅក្នុងទឹកក្តៅដាំពុះជាការស្រេច ព្រោះវាជាឱសថធម្មជាតិមួយល្អ ដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃរបស់អ្នក ហើយអ្នកក៏អាចទទួលវាដោយជីបម្តងបន្តិចៗពេញមួយថ្ងៃផងដែរ។
៣. បង្កើតការចងចាំល្អៗ
ជាមួយនឹងសកម្មភាពងាយៗដែលអ្នកអាចធ្វើបានក្នុងការបន្សល់ទុកនូវការចងចាំល្អក្នុងអំឡុងពេលមានផ្ទៃពោះរបស់អ្នក ដោយសាកល្បងកត់ត្រានូវចំណុចកំណត់សម្គាល់ផ្សេងៗ ហើយធ្វើការថតរូបរាងគភ៌របស់អ្នក ជាមួយអ្វីដែលអ្នកបានសរសេរពីលើ ឬអាចសរសេរនៅក្រោយរូបថតក៏បាន។ អ្នកនឹងរីករាយក្នុងការសម្លឹងមើលរូបទាំងនោះនៅពេលក្រោយ។ នេះជាការចងចាំដ៏ល្អមួយសម្រាប់ទុកជូនកូនអ្នកក្រោយពេលដែលគេចាប់កំណើត និងប្រៀបបាននឹងការរឹតចំណងភាពស្និទ្ធស្នាលរវាងអ្នក និងកូនផងដែរ។
៤. នៅកន្លែងដែលមានក្លិនក្រអូបប្រហើរ
ទំនាក់ទំនងក្លិន និងញាណរបស់ស្ត្រីមានផ្ទៃពោះ គឺមានការទទួលដឹងបានល្អ និងឆាប់រហ័ស។ ជាការពិតណាស់ ក្លិនក្រអូបប្រហើរបានធ្វើឲ្យអារម្មណ៍របស់ស្រ្តីមានការធូរស្រាលពីការធុញថប់ និងមានអារម្មណ៍ស្រស់ស្រាយ។ ហេតុនេះហើយ អ្នកគួរជ្រើសរើសក្លិនផ្កានានាដែលចូលចិត្តមកដាក់ក្នុងបន្ទប់ដេក ឬកន្លែងដែលអ្នកធ្វើការ។
៦. បំបាត់អាការៈហើមជើង
ការហើមជើង ឬនៅសរីរាង្គនានានៅពេលមានផ្ទៃពោះ ជាអ្វីដែលស្ត្រីស្ទើរគ្រប់រូបបានជួបប្រទះ។ ការសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបានជាការប្រសើរបំផុត។ យ៉ាងណាមិញ អ្នកគួរតែទៅពិនិត្យជាមួយឆ្មប ឬគ្រូពេទ្យរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាវាគ្មានអ្វីធ្ងន់ធ្ងរជាងធម្មតា និងមិនមានអ្វីគួរឲ្យបារម្ភ។
៧. កាត់បន្ថយការរមាស់លើស្បែក
ស្ថានភាពស្បែកក៏មានការផ្លាស់ប្តូរផងដែរចំពោះស្ត្រី មានដូចជាការឡើងក្រហម រមាស់ ឬកន្ទួលអុជៗ។ ការប្រើ Cocoa butter និងប្រេងវីតាមីន E(Vitamin E oil) មកលាបពេញរាងកាយ គឺពិតជាមានប្រសិទ្ធភាពក្នុងការបង្ការ និង គ្រប់គ្រងបញ្ហារមាស់។ បន្ថែមពីលើនេះ អ្នកក៏គួររក្សាសីតុណ្ហភាពត្រជាក់ដោយការស្អំដុំទឹកកក ឬប្រើប្រាស់កង្ហារផងដែរ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ