សន្និសីទទន្តសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤០ ជំនួបនៃថ្នាក់ដឹកនាំសំខាន់ៗ



កាលពីថ្ងៃទី ៧ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ សន្និសីទទន្តសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤០ រួមជាមួយសន្និសីទលើកទី១០៩នៃសមាគមទន្តពេទ្យហ្វីលីភីន (40th Asian pacific Dental Congress and 109th PDA annual convention and scientific sessions) នៅឯសាលសន្និសីទ SMX ទីក្រុងម៉ានីទ្បា ប្រទេស ហ្វីលីភីន ក្រោមការរៀបចំដោយសមាគមទន្តពេទ្យហ្វីលីភីន ក្នុងទីក្រុងម៉ានីទ្បា ប្រទេស ហ្វីលីភីន ចំណែកសន្និសីទទន្តសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤១ នឹងប្រារព្ធដោយសមាគមទន្តពេទ្យកូរ៉េ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៩។
យោងតាមប្រសាសន៍របស់ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា បានឲ្យដឹងថា «សន្និសីទនេះ មានចំនួនអ្នកចូលរួមដល់ទៅជាង ១៤ ម៉ឺន នាក់ រួមមាន ទន្តបណ្ឌិត ទន្តនិសិ្សត និងអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ មកពីតំបន់ផ្សេងៗនៃប្រទេស ហ្វីលីភីន និងបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងថ្នាក់ដឹកនាំសំខាន់ៗ តំណាងសមាគមទន្តពេទ្យនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិច ព្រមទាំងប្រធានសហព័ន្ធទន្តពេទ្យ អាស៊ីប៉ាស៊ីហ្វិច និង ប្រធានសហព័ន្ធទន្តពេទ្យពិភពលោក»។
ក្រៅពីបទបង្ហាញពីសំណាក់វាគ្មិនល្បីៗមកពីជុំវិញពិភពលោក និង ការតាំងពិពរណ៍សំភារៈទន្តសាស្ត្រពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាង ៥០០ ក្រុមហ៊ុន ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៃសន្និសីទមួយនេះ គឺ សមាសភាពស្ត្រីជាថ្នាក់ដឹកនាំជាច្រើនរូបរួមមាន ៖ លោកស្រី ទន្តបណ្ឌិត Kathryn Kell ប្រធានសហពន្ធ័ទន្តពេទ្យពិភពលោក (FDI) ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា និងលោកស្រី ទន្តបណ្ឌិត សួន ម៉ូនីកា ប្រធានបំរុងសមាគមទន្តពេទ្យកម្ពុជា លោកស្រី ទន្តបណ្ឌិត Lim Lii ប្រធានសមាគមទន្តពេទ្យ សឹង្ហបុរី លោកស្រី ទន្តបណ្ឌិត Ng Woan Tyng ប្រធានសមាគមទន្តពេទ្យម៉ាទ្បេស៊ី លោកស្រី ទន្តបណ្ឌិត Arleen Reyes ប្រធានបំរុងសមាគមទន្តពេទ្យហ្វីលីភីន និងជាប្រធានរៀបចំសន្និសីទទី១០៩ នៃសមាគមទន្តពេទ្យហ្វីលីភីន លោកស្រី ទន្តបណ្ឌិត Cristina Antonio ប្រធានទើបចប់អណត្តិរបស់សហពន្ធ័ទន្តពេទ្យ អាស៊ីប៉ាស៊ីហ្វិច និងជាអនុប្រធាននៃសមាគមទន្តពេទ្យម៉ាកាវ លោកស្រី ទន្តបណ្ឌិត Innim Park ប្រធានសមាគមទន្តពេទ្យស្ត្រីកូរ៉េ និងជាអនុប្រធាននៃសមាគមទន្តពេទ្យកូរ៉េ ។

