Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ

ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones    ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង   ត្រូវបានដឹងថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្ត្រី ជាពិសេសក្នុងវ័យអស់រដូវ។

ការបង្ហាញអំពី Isoflavones
Isoflavones ជាសារធាតុពីរុក្ខជាតិជាមួយនឹងរចនាសម្ព័ន្ធប្រហែលទៅនឹងអ័រម៉ូន 17-ß-estradiol របស់ស្ត្រី ដែលអាចភ្ជាប់ទៅនឹងរេសិបទ័រអឺស្ត្រូសែនទាំង២ទម្រង់ (Alpha និង Beta) ជាពិសេស វាអាចកំណត់សរីរាង្គគោលដៅបាន។ តាមរយៈការស្រាវជ្រាវ Isoflavone ត្រូវបានដឹងថាធ្វើសកម្មភាពតាមរយៈយន្តការ ៤យ៉ាងគឺ ការប្រឆាំងនឹងអឺស្ត្រូសែន ការរារាំងអង់ស៊ីមមហារីក ការប្រឆាំងអុកស៊ីតកម្ម និងការជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

អត្ថប្រយោជន៍ទៅលើសុខភាព
1.    រោគសញ្ញានៃការអស់រដូវ
Isoflavone ពីសណ្តែកសៀង អាចប្រើប្រាស់ដើម្បីជួយសម្រួលអាការៈនៃការអស់រដូវជាពិសេសគឺការក្តៅក្រហល់ក្រហាយជាមួយប្រសិទ្ធភាពបន្ថយភាពធ្ងន់ធ្ងរនៃអាការៈ ក៏ដូចជាភាពញឹកញាប់ក្នុងការកើតមានផងដែរ។

2.    ជំងឺទឹកនោមផ្អែម
Isoflavone ត្រូវបានរកឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ក្នុងការជំរុញមេតាបូលីសនៃគ្លុយកូស។ ការពិសោធន៍គ្លីនិកមួយត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិបត្រព័ត៌មាន Clinical Nutrition នៅឆ្នាំ ២០១៧  អំពីអត្ថប្រយោជន៍នៃការបរិភោគអាហារពីសណ្តែកសៀងក្នុងការបន្ថយជំងឺទឹកនោមផ្អែមប្រភេទ២។

3.    ភាពធាត់លើសទម្ងន់
តាមរយៈការសិក្សាបង្ហាញថា ថ្វីត្បិតសណ្តែកសៀងជាប្រភពចម្បងនៃ Isoflavone ក៏ប៉ុន្តែវាមានឥទ្ធិពលខុសពីគ្នាទៅលើការស្រកទម្ងន់  ដោយក្នុងនោះ មានតែសារធាតុចម្រាញ់ Isoflavone ផ្ទាល់ប៉ុណ្ណោះដែលផ្តល់នូវលទ្ធផលគួរឲ្យកត់សម្គាល់លើការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI)។

4.    ជំងឺដុំសាច់ក្នុងអូវែ (PCOS)
ការសិក្សាលើការប្រើប្រាស់ Isoflavone រយៈពេល ១២សប្តាហ៍ទៅតាមកម្រិតប្រើប្រាស់ដែលណែនាំសម្រាប់ស្ត្រីមានជំងឺដុំសាច់ក្នុងអូវែបានបង្ហាញលទ្ធផលទៅលើការប្រសើរឡើងនូវធាតុសម្គាល់នៃភាពធន់ទៅនឹងអ័រម៉ូនអាំងស៊ុយលីនស្ថានភាពអ័រម៉ូន ខ្លាញ់ទ្រីគ្លីសេរីត និងធាតុសម្គាល់នៃសម្ពាធពីប្រតិកម្មអុកស៊ីតកម្ម។

5.    ជំងឺពុកឆ្អឹង
ការវិភាគជាច្រើនបានបង្ហាញថាអាហារដែលមាន Isoflavone អាចជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងបានតាមរយៈការបង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង (BMD) និងការបន្ថយការរសាត់ឆ្អឹងដោយបន្ថយ Deoxypyridinoline ដែលជាធាតុសម្គាល់ធ្វើឲ្យមានការស្រូបចូលនៃឆ្អឹងចូលទៅក្នុងឈាមវិញ។

6.    ជំងឺមហារីក
ការសិក្សាបង្ហាញថា Isoflavone អាចជំរុញសមត្ថភាពប្រឆាំងមហារីករបស់ TAM ដែលជាធាតុទប់អឺស្ត្រូសែន (Antagonist) ចំពោះកោសិកាមហារីកសុដន់ប្រភេទ ERapositive។ Isoflavone ក៏មានទំនាក់ទំនងនឹងការថយចុះនៃការប្រឈមនឹងមហារីកផ្សេងៗផងដែរដូចជាមហារីកក្រពេញទីរ៉ូអុីត មហារីកអូវែ និងមហារីកសួត។ សមត្ថភាពការពារកាំរស្មីរបស់ Isoflavone ក៏ត្រូវបានរកឃើញផងដែរក្នុងការព្យាបាលជំងឺមហារីកសួតដោយកាំរស្មី។

7.    ជំងឺសរសៃឈាមបេះដូង
ការស្រាវជ្រាវបានបង្ហាញថា អាហារសណ្តែកសៀងអាចបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានដែលជួយឲ្យកូឡេស្តេរ៉ុលស្ថិតក្នុងអត្រាទាបជាងអ្នកដែលមិនសូវបរិភោគរហូតដល់  ១០ភាគរយ។ តាមរយៈសម្មតិកម្មនេះ Isoflavone ក៏ត្រូវបានប្រើផងដែរក្នុងការជំរុញសមត្ថភាពរបស់សរសៃឈាមអាកទែរ។

8.    ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ
ការសិក្សាជាច្រើនបង្ហាញថា ស្ត្រីក្រោយវ័យអស់រដូវនឹងមានការថយចុះនៃកោសិកា Lymphocytes ដែលជាលទ្ធផលធ្វើឲ្យថយចុះនូវអង់ទីករ និង Cytokine។ Isoflavone អាចជំរុញការឆ្លើយតបរបស់កោសិកា NK និងកោសិកា T cells ដែលអាចមានប្រយោជន៍ផងដែរក្នុងការកាត់បន្ថយការប្រឈមនឹងមហារីក។

9.    បញ្ហាស្ងួតមាត់
បម្រែបម្រួលនៃអឺស្ត្រូសែនដែលកើតមានចំពោះស្ត្រីវ័យកណ្តាល អាចជាមូលហេតុមួយបង្កឲ្យមានការថយចុះនៃការបញ្ចេញទឹកមាត់ដែលនាំឲ្យមានបញ្ហាស្ងួតមាត់។ ក្នុងករណីនេះ Isoflavones ត្រូវបានណែនាំឲ្យប្រើ ដោយសារសមត្ថភាពជំរុញមុខងារនៃក្រពេញទឹកមាត់ដែលមិនសូវដំណើរការ (Hypofunction)។

10.    បញ្ហាជរាមុនវ័យ
ស្ត្រីក្រោយអស់រដូវ ច្រើនងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដែលកើនឡើងជាមួយអាយុ និងស្ថានភាពនៃអ័រម៉ូន។ Isoflavones មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម  និងប្រឆាំងការរាតត្បាតនៃកោសិកា ដើម្បីទប់ទល់នឹងជំងឺរ៉ាំរ៉ៃ ជាច្រើន ជាពិសេសជំងឺដែលបង្កដោយការខូចខាតនៃកោសិកាដោយសារសម្ពាធនៃអុកស៊ីតកម្ម។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។ យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ ២០២០។ មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ -១៩  និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។ ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិតPhysiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។ Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។ Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។    ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។ លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា “ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា”។ ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ។  

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ភ្នំពេញ - កម្ពុជា៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជា​ពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ​ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា”  ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង     យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឱ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ ។ ការថែទាំងសុខភាព និងអនាម័យ គឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះ ដើម្បីឱ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំ និងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយជាចុងក្រោយ អាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នា​របស់ខ្លួន ទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។ LIBRESSE® ជឿជាក់ថា ស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូច ដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួន ដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រី ជាពិសេសក្នុ​ងអំឡុងពេលមករដូវ ដែលត្រូវមានការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេ គឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេ នៅពេលពួកគេចម្រើនវ័យ ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ( និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឱ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ ។   LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការចូល      រួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន ។ យុទ្ធនាការ​នេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។   អំពី LIBRESSE®​ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឱ្យដើរតាមគន្លងជីវិតរបស់ខ្លួន និងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែ ដូចជាយុទ្ធនាការអំពីការមករដូវ គឺ ចូរទទួលយកការពិត និងការមករដូវ (Let’s Get Real and Period) ។   អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ? ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖ • Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។ • Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។ • Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។ • Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។ • Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។ ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពេលខ្លះ បើសិនជាមិនអាចចៀសវាងបាន គឺមានតែកាត់បន្ថយការរំខានតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ គ្មានមិត្តនារីណាអាចចៀសពីការមករដូវនោះទេ គឺមានតែការស្វែងយល់អំពីវិធីសាស្រ្តកាត់បន្ថយថ្ងៃនៃការមករដូវ ឬនិយាយដោយសាមញ្ញងាយយល់ថា យល់ដឹងអំពីគន្លឹះដែលជួយឲ្យកង្វល់ប្រចាំខែរបស់ខ្លួនឆាប់ចប់ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ដូចថ្ងៃធម្មតាៗនៅក្នុងខែនីមួយៗដែរ។ ក្រៅពីការប្រើប្រាស់ថ្នាំមួយចំនួន (យើងសូមមិនធ្វើការណែនាំក្នុងអត្ថបទនេះ ព្រោះការប្រើប្រាស់ថ្នាំមួយចំនួនគួរតែត្រូវបានប្រឹក្សាយោបល់ជាមួយនឹងឱសថការី ឬអ្នកវិជ្ជាជីវសុខាភិបាលជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាពប្រើប្រាស់) ក៏មានវិធីងាយៗមួយចំនួនខាងក្រោមនេះ ដែលមិត្តនារីអាចធ្វើបាន បើសិនជាអ្នកចង់ឲ្យវដ្តរដូវរបស់អ្នកឆាប់អស់នោះ… វីតាមីន C វីតាមីន C ដែលមាននៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច ឃីវី ក្រូចឆ្មារ ត្របែក ល្ហុង ស្រ្តប៊ឺរី ផ្កាស្ពៃបៃតង។ល។ ពិតជាជួយបន្ថយថ្ងៃនៃវដ្ដរដូវរបស់អ្នកប៉ុន្តែអ្នកគួរតែទទួលទានក្នុងបរិមាណសមស្របបានហើយ ព្រោះបើញ៉ាំច្រើនពេក គឺអាចប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ រួមមានរាក ជាដើម។ វីតាមីន D និងកាល់ស្យូម វីតាមីន D និងកាល់ស្យូម ក៏ជាចំណែកមួយនៃការសម្រាលការឈឺចាប់ពេលមករដូវហើយក៏ធ្វើឲ្យវដ្តរដូវអ្នកឆាប់ចប់ទៀតផង ហើយវត្តមានរបស់វា គឺមាននៅក្នុងអាហារដូចជា  ទឹកដោះគោ បន្លែស្លឹកបៃតង តៅហ៊ូ ត្រី ស៊ុត ផ្សិត។ល។ អាហារមានជាតិហឹរ រសជាតិហឹរនៅក្នុងអាហារនឹងមានឥទ្ធិពលលើដំណើររបស់ឈាម ហើយកម្តៅពីអាហារទាំងនោះ នឹងជំរុញឲ្យឈាមរដូវធ្វើដំណើរចេញពីក្នុងរាងកាយបានលឿនផងដែរ។  ជាតិអុីយ៉ូត តាមពិតទៅ មិនថាក្នុងរបបអាហារប្រចាំថ្ងៃ ឬអំឡុងពេលមករដូវនោះទេ បរិមាណអុីយ៉ូត ឬអំបិលគួរតែត្រូវបានកំណត់ក្នុងម្ហូបអាហារដែលអ្នកទទួលទានហើយការចៀសវាងអាហារបែប Fast food ជាវិធីដ៏ល្អមួយ។ ទឹក អ្នកទទួលទានបរិមាណទឹកកាន់តែច្រើន លំហូរនៃចរន្តឈាមនឹងកាន់តែរលូនផងដែរ ហេតុនេះហើយ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងអំឡុងពេលមករដូវ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងភេសជ្ជៈកំប៉ុង និងកាហ្វេអុីន អំឡុងពេលនេះ ព្រោះវាអាចបង្កជាអាការៈឈឺចាប់ និងបញ្ហាសុខភាពផ្សេងៗ។ ខ្ញី ខ្ញីមិនត្រឹមតែជួយអ្នកឲ្យឆាប់អស់រដូវទេ វាថែមទាំងសម្រាលដល់ការឈឺចាប់ពេលមករដូវទៀតផង ដូចនេះហើយ សូមកុំរំលងការទទួលទានខ្ញី ដែលអ្នកអាចញ៉ាំជាម្ហូបជាមួយបាយ ឬញ៉ាំជាទឹកខ្ញីតែម្តងក៏បានដែរ។ កម្តៅ កម្តៅ នឹងជួយសម្រួលដល់ការឈឺចាប់ ហើយក៏ជាហេតុនាំឲ្យឈាមរដូវចេញពីរាងកាយបានរហ័សផងដែរហេតុនេះហើយ អ្នកអាចសាកល្បងប្រើថង់ស្អំទឹកក្តៅរបស់អ្នកបាន។ លំហាត់ប្រាណ ប្រហែលជាគិតថា ពិបាកបន្តិច ព្រោះភាគច្រើនអ្នកមានអារម្មណ៍ថា អស់កម្លាំងហើយក៏មិនចង់ធ្វើអ្វីដែរតែការធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរត្រឹកៗ ការដើរលើម៉ាស៊ីន…គួរតែត្រូវបានធ្វើ បើសិនជាអាចព្រោះការសិក្សាបានបញ្ជាក់ថា អ្នកដែលមានរាងកាយរឹងមាំ និងសកម្ម មានចំនួនថ្ងៃនៃវដ្ដរដូវតិច ជាងអ្នកដែលទម្រន់ ហេតុនេះហើយបើទោះជាអ្នកមិនអាចធ្វើបានក្នុងពេលវដ្ដរដូវ អ្នកក៏គួរតែមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ អត្ថបទ​៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ក្រៅពីថែរក្សាសម្ផស្ស សុភាពនារីទាំងឡាយក៏តែងតែមានការព្រួយបារម្ភចំពោះបញ្ហាសុខភាពនៅតំបន់ពិសេស របស់ខ្លួន។ ក្នុងនោះបន្ថែមពីលើការថែទាំដោយការស្លៀកពាក់ប្រកបដោយផាសុកភាព និងការលាងសម្អាតប្រកបដោយអនាម័យ មិត្តនារីក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះរបបអាហាររបស់ខ្លួនផងដែរ។ ពពួកប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។ ផ្លែប៊័រ ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។ ដំឡូងជ្វា ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅនឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។ ខ្ទឹមស ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។ ផលិតផលសណ្តែក សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។ បន្លែបៃតង បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្ទើរតែគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់តែងតែបង្កឲ្យមានផលរំខានបន្តិចបន្តួចដែលអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ករណីខាងក្រោមបានរៀបរាប់ពីផលរំខាននៃការដាក់កងក្នុងដើមដៃដែលអ្នកគួរដឹង។ សំណួរ៖ បងស្រីខ្ញុំមានអាយុ ៣៧ឆ្នាំ ភេទស្រី ទម្ងន់ ៥៦គីឡូក្រាម មុខរបរជាស្រ្តីមេផ្ទះ។ គាត់បានដាក់កងនៅក្នុងដើមដៃ បានរយៈពេលប្រហែលកន្លះខែមក ស្រាប់តែមានអាការៈធ្លាក់ឈាមមកតិចៗរហូត ហើយរដូវរបស់គាត់ក៏មកមិនទៀងទាត់ដូចមុនដែរ ជួនកាលមួយខែមកម្តង ឬមួយខែមក ៣ ទៅ៤ដងក៏មាន។ ខ្ញុំចង់សួរថា តើអាការៈនេះបណ្តាលមកពីបញ្ហាអ្វីទៅ? ហើយបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? ចម្លើយ៖ ការហូរឈាមតិចៗ (អាចធ្លាក់នៅចន្លោះវដ្តរដូវ) គឺជាផលរំខានដែលតែងកើតមានឡើងជាញឹកញាប់ចំពោះស្ត្រីដែលកំពុងប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយដាក់កងក្នុងដើមដៃ។ ក្នុងចំណោមស្រ្តី ១០នាក់ មានស្រ្តីម្នាក់ដែលនឹងអាចបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះវិញ ដោយសារការហូរឈាមមិនប្រក្រតី ប៉ុន្តែមិនមែនគ្រប់ស្រ្តីទាំងអស់សុទ្ធតែមានបញ្ហានេះទេ ហើយស្ត្រីភាគច្រើនដែលមានបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ។ តាមពិត ការហូរឈាមតិចៗបន្ទាប់ពីបានដាក់កងនៅដៃលើកដំបូងមិនបង្កជាគ្រោះថ្នាក់ ឬជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើបងស្រីរបស់អ្នកយល់ថា វាពិតជារំខានខ្លាំងសម្រាប់គាត់នោះការដាក់កងក្នុងដើមដៃមិនមែនជាជម្រើសរបស់គាត់ឡើយ។ គាត់អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកវិធីសាស្ត្រសមស្របដទៃទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលសថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ធ្លាប់មានការណែនាំជាច្រើនរួចមកហើយពីប្រភេទអាហារ និងលំហាត់ប្រាណដែលអ្នកគួរធ្វើអំឡុងពេលមករដូវ។ ស្របពេលដែលអ្នកកំពុងតែអនុវត្តទៅតាមការណែនាំទាំងអស់នោះ អ្នកក៏គួរស្វែងយល់ផងដែរពីការចៀសវាងមួយចំនួន រួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណផងដែរ។ ចង់ដឹងថាគួរចៀសវាងទៅលើអ្វីខ្លះ អត្ថបទខាងក្រោមអាចជាការបកស្រាយសម្រាប់អ្នកអំឡុងពេលមករដូវម្ដងៗ។ អាហារដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមករដូវ ប្រភេទអាហារកែច្នៃ អាហារប្រភេទនេះជាជម្រើសមួយដែលងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែយ៉ាប់ទៅបាន។ ជាក់ស្ដែងអាហារកំប៉ុង ឬនំចំណិតដំឡូងកំប៉ុងដែលមានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឲ្យស្ត្រីជួបបញ្ហាមិនស្រួល ឈឺចុកចាប់ ធុំក្លិន ហើមពោះពិសេសអាចឲ្យលំហូរឈាមមិនបានល្អផងដែរ។ អាហារមានជាតិស្ករ នំខេក ស្ករគ្រាប់ អាហារសម្រន់ និងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណប្រយោជន៍ចំពោះសុខភាពនិងមិនគួរទទួលទានជាពិសេសអំឡុងពេលមករដូវ និងនៅពេលដែលអ្នកមិនចង់ធាត់។ ម្យ៉ាងទៀតអាហារទាំងនេះ អាចបណ្តាលឲ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់។ ក្នុងករណីនេះដែរ សុភាពនារីទាំងឡាយដែលចង់ទទួលទានរបស់ផ្អែមៗក្រៅពីអាហារសម្រន់ ឬនំទាំងនោះ អ្នកអាចជ្រើសរើសអាហារ និងផ្លែឈើមួយចំនួនជំនួសវិញដូចជា ឪឡឹក ស្វាយទុំ ចេកទុំ និងផ្លែល្ហុងជាដើម។ អាហារហឹរ អ្នកគួរចៀសវាងអាហារដែលមានជាតិហឹរជាដាច់ខាតប្រសិនឈាមរដូវមានលក្ខណៈច្រើន អស់កម្លាំងខ្លាំង និងឈឺចុកចាប់ ពីព្រោះជាតិហឹរក្នុងអាហារនឹងកាន់តែធ្វើឲ្យមានខ្យល់ក្នុងពោះ និងហើមពោះទៅវិញ។ យ៉ាងណាមិញចំពោះអ្នកដែលមានវដ្ដរដូវធម្មតា អាចបន្តការញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពក្រពះ។ ពិសាគ្រឿងស្រវឹង សម្ពាធឈាម អំឡុងពេលមករដូវនឹងមានការថយចុះដែលជាហេតុធ្វើឲ្យផលរំខាននៃគ្រឿងស្រវឹងកាន់តែមានឥទ្ធិពលអាក្រក់មកលើខ្លួនរបស់អ្នក។ ជាក់ស្ដែង ថាមពលរាងកាយរបស់អ្នកនឹងបន្តចុះខ្សោយប្រសិនអ្នកពិសាគ្រឿងស្រវឹងក្នុងពេលជាមួយគ្នានៃវដ្តរដូវ។ ម៉្យាងទៀត សារធាតុអាល់កុលក៏អាចធ្វើឲ្យកើនឡើងនៃលំហូរឈាមដែលធ្វើឲ្យអ្នកបាត់បង់ឈាមកាន់តែច្រើន។ ជាតិកាហ្វេអុីន អ្នកត្រូវចៀសវាងការទទួលទានជាតិកាហ្វេអុីន និងផលិតផលដូចជាសូកូឡា សូដា តែ និងកាហ្វេនៅក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអុីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាល ស្លេកស្លាំង អស់កម្លាំង និងការថប់អារម្មណ៍ទៀតផង។ លំហាត់ប្រាណដែលស្រ្តីមិនគួរធ្វើអំឡុងពេលមករដូវ មិនប្រាកដថាលំហាត់ប្រាណទំាងអស់សុទ្ធសឹងតែល្អនោះទេអំឡុងពេលមករដូវ  តែវាក៏អាចផ្តល់ផលរំខានទៅដល់អ្នកវិញផងដែរ ជាពិសេសប្រភេទលំហាត់ប្រាណដូចជា៖ លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ឬរយៈពេលយូរ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬរយៈពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកអំឡុងពេលមករដូវ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Physiotherapy and Physical Rehabilitation បានបង្ហាញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេល ៦០នាទីក្នុងអំឡុងពេលមករដូវនោះ  វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់និងហូរឈាមក៏កើតមានកាន់តែខ្លាំងផងដែរ។ កីឡាយោគៈបែបដាំក្បាលចុះក្រោម (Inversion-type poses) កីឡាយោគៈបែបនេះត្រូវបានណែនាំឲ្យចៀសវាងដោយសារវាជាប្រភេទកាយវិការដែលមានលក្ខណៈប្រឆាំងទៅនឹងលំហូរឈាមរបស់វដ្តរដូវ ដែលអាចរំខាន ឬបញ្ឈប់លំហូរឈាម ថែមទាំងអាចប៉ះពាល់ដល់មុខងារបន្តពូជទៀតផង។ បន្ថែមពីនោះ ស្បូន របស់អ្នកនឹងស្ថិតនៅទីតាំងបញ្រ្ចាស់ ដែលបណ្តាលឲ្យចរន្តឈាមរត់ទៅកាន់ស្បូនមិនអាចប្រព្រឹត្តទៅបានល្អ។ ការលើកទម្ងន់ ឬធ្វើការធ្ងន់ ការបញ្ចេញកម្លាំងច្រើននៅក្នុងអំឡុងពេលមករដូវអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងសម្រាប់សុខភាព ព្រោះរាងកាយមិនអាចធន់នឹងការធ្វើសកម្មភាពធ្ងន់បានឡើយ។ ដូច្នោះហើយ អ្នកគួរតែរក្សាតុល្យភាពនៃការងារនិងយកពេលសម្រាកឲ្យបានច្រើន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top