Menu

អត្រាមរណៈកុមារថយចុះ តែអាត្រាកុមារឈឹកើនឡើង


អត្រាមរណៈកុមារថយចុះ តែអាត្រាកុមារឈឹកើនឡើង

កុមារជាទំពាំងស្នងឫស្សី និងជាក្តីសង្ឃឹមរបស់គ្រួសារនិងប្រទេសជាតិទាំងមូល ដូចនេះការធំធាត់របស់ពួកគាត់ទាំងរាងកាយនិងបញ្ញា ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ផងដែរ។ យ៉ាងណាមិញ ប្រសិនបើកុមារធំធាត់ឡើងក្នុងស្ថានភាពមិនល្អដោយទទួលនូវការញាំញីពីសំណាក់ជំងឺមេរោគនានាជុំវិញខ្លួន នោះកម្លាំងកាយនិងកម្លាំងបញ្ញាក៏ត្រូវថយចុះទៅតាមនោះដែរ។ ងាកមកប្រទេសកម្ពុជាយើងវិញ ក្នុងរយៈពេល១០ឆ្នាំ(២០០០-២០១០) អត្រាមរណៈរបស់កុមារនៅកម្ពុជាបានធ្លាក់ចុះក្នុងអត្រាមួយដែលគួរឲ្យកត់សម្គាល់ ពោលគឺពី៩៥នាក់ទៅ៤៥នាក់ក្នុងកុមារ១០០០នាក់។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០១៥ អ្នកជំងឺសរុបដែលបានមកទទួលការព្យាបាលពីមន្ទីរពេទ្យមានសរុបចំនួន ១៦៨ ២២៦នាក់ក្នុងឆ្នាំ២០១៤ ហើយចំនួននេះបានកើនឡើងដល់ទៅ១៨៦ ៣៥៨នាក់ក្នុងឆ្នាំ២០១៥។ ម្យ៉ាងទៀត ជំងឺភាគច្រើនដែលរកឃើញមានដូចជា ជំងឺឆ្លងរោគនៅផ្លូវដង្ហើម ជំងឺហឺត ជំងឺឆ្លងរោគនៅក្រពះពោះវៀន ជំងឺឆ្លងរោគនៅក្នុងឈាម ជំងឺឆ្កែខាំ និងជំងឺគ្រុនឈាម៖
•ផ្នែកអ្នកជំងឺមិនស្នាក់នៅមន្ទីរពេទ្យ (Outpatient department) បានទទួលព្យាបាលអ្នកជំងឺ១៣២ ១៣៣នាក់ក្នុងឆ្នាំ២០១៥ ហើយជំងឺដែលជួបញឹកញាប់គឺជំងឺរលាកផ្លូវដង្ហើមខាងលើនិងខាងក្រោម និងបញ្ហាឆ្កែខាំ។
•ផ្នែកអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យ (Inpatient department) បានទទួលព្យាបាលអ្នកជំងឺចំនួន ៣ ៤១១នាក់ ដែលជាញឹកញាប់មានជំងឺរលាកផ្លូវដង្ហើមខាងលើ ជំងឺឆ្លងក្នុងឈាម ជំងឺបង្កឡើងដោយវីរុស និងក្តៅខ្លួន។
•ផ្នែកទារកទើបកើត បានទទួលព្យាបាលអ្នកជំងឺចំនួន៤៥៧នាក់ ដែលជំងឺជួបញឹកញាប់ដូចជា ជំងឺឆ្លងពេលទើបនឹងកើត(Neonatal infection) បញ្ហាកើតមុនខែ(Premature birth) និងបញ្ហាឡើងលឿងពេលទើបនឹងកើត(Neonatal jaundice)។
•ផ្នែកសង្គ្រោះបន្ទាន់និងជំងឺធ្ងន់ បានទទួលអ្នកជំងឺសរុប ២៧ ៩១៥នាក់ក្នុងនោះរួមមាន ២៧ ០៣៥នាក់ព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ឯ៨៨០នាក់ទៀតនៅផ្នែកជំងឺធ្ងន់ ហើយជំងឺដែលជួបញឹកញាប់រួមមាន ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺគ្រុនឈាម និងបញ្ហាឆ្កែខាំ។
•ផ្នែកជំងឺធ្មេញ បានទទួលអ្នកជំងឺសរុប ៨២ ២០៣នាក់ក្នុងនោះ ៥៩ ៣៣៨នាក់បានទទួលការព្យាបាល ឯ២២ ៨៦៥នាក់ទទួលការអប់រំសុខភាពមាត់ធ្មេញ។
•ផ្នែកជំងឺភ្នែក បានទទួលអ្នកជំងឺសរុប ១៧ ៤៧៥នាក់ក្នុងនោះ ១៤ ០៧៤នាក់ទទួលការពិគ្រោះជំងឺ ២ ៦៨៨នាក់ទទួលការវះកាត់តិចតួច ៧១៣នាក់ទទួលការវះកាត់ធំ។ ជំងឺដែលជួបភាគច្រើនគឺជំងឺឆ្លងនៅនឹងភ្នែក និងបញ្ហាស្ទះក្រពេញទឹកភ្នែក។

តាមរបាយការណ៍ឆ្នាំ២០១៥របស់មន្ទីរពេទ្យកុមារអង្គរដែលបានរៀបរាប់ខាងលើ យើងឃើញថាភាគច្រើននៃជំងឺដែលកុមារបានកើតជាប្រភេទជំងឺឆ្លងដែលក្នុងនោះមានដូចជា ជំងឺរលាកផ្លូវដង្ហើមខាងលើ ជំងឺរលាកផ្លូវដង្ហើមខាងក្រោម ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺឆ្លងក្នុងឈាម ជំងឺបង្កឡើងដោយវីរុស ជំងឺគ្រុនឈាម ជំងឺឆ្លងនៅភ្នែកជាដើម។ ជំងឺទាំងនេះ សុទ្ធតែមានឱកាសខ្ពស់ក្នុងការបង្ការការកើតជំងឺបានពីកុមារ ដូចជាអនាម័យក្នុងការរស់នៅ នាំកូនទៅទទួលវ៉ាក់សាំងការពារជំងឺឲ្យបានគ្រប់មុខ ប៉ុន្តែចំនួននៃកុមារដែលកើតជំងឺឆ្លងបែរជាកើនឡើងដល់ទៅជិត២០ ០០០នាក់ក្នុងមួយឆ្នាំ(ពីឆ្នាំ២០១៤ដល់២០១៥)។

ផ្អែកលើការកើនឡើងនៃចំនួនអ្នកជំងឺនេះ អ្នកផ្តល់សេវាសុខាភិបាលគួរបង្កើននូវ៖
•ការអប់រំពីអនាម័យនិងវិធីបង្ការការឆ្លងជំងឺ
•ការជម្រុញឲ្យប្រជាជនអនុវត្តវិធីបង្ការទាំងនេះឲ្យប្រកបដោយប្រសិទ្ធភាព
•ការលើកទឹកចិត្តឲ្យពួកគាត់នាំកូនមកចាក់ថ្នាំបង្ការឲ្យបានគ្រប់មុខ។


Share:

អត្ថបទទាក់ទង