Menu

អ្វីទៅដែលហៅថាការបូមទឹកភ្លោះ?


អ្វីទៅដែលហៅថាការបូមទឹកភ្លោះ?

 

ការបូមទឹកភ្លោះ ជាការដោតម្ជុលដោយឆ្លងកាត់ ស្បែកពោះម្តាយ ស្បូន និងស្រោមទឹកភ្លោះ ដើម្បីបឺតយកទឹក ភ្លោះក្នុងបរិមាណ ១០ ទៅ ២០ មីលីលីត្រ យកទៅ វិភាគ ដែលជាទូទៅ គេធ្វើក្នុងអាយុគភ៌ ចន្លោះ ១៥ ទៅ ១៨ សប្តាហ៍។

ហេតុអ្វីបានជាធ្វើការបូមទឹកភ្លោះ?
គេធ្វើការបូមទឹកភ្លោះក្នុង៖ 
- ករណីធ្វើតេស្តឈាមម្តាយក្នុងអំឡុងពេលពពោះ មានការប្រឈមមុខខ្ពស់នឹងជំងឺខុសប្រក្រតីពីកំណើត
- ករណីឃើញភាពខុសប្រក្រតីតាមការពិនិត្យអេកូរូបរាងកូនក្នុងពោះ
- ករណីមានប្រវត្តិគ្រួសារមានជំងឺតំណពូជ ឬជំងឺ ពីកំណើត
- ករណីមានប្រវត្តិកូនមុន ឬផ្ទៃពោះមុនមានជំងឺខុស ប្រក្រតីពីកំណើត។

ការបូមទឹកភ្លោះមិនអាចរកឃើញគ្រប់ជំងឺខុសប្រក្រតីរបស់ទារកពីកំណើតទេ តែអាចរកមើលនូវ ជំងឺពីកំណើតមួយចំនួន ក្នុងករណីឪពុក និងម្តាយ មានកត្តាប្រឈមមុខខ្ពស់ដូចជា៖
- Down syndrome ជំងឺទ្រីសូមីទី ២១ ដែលប៉ះពាល់ដល់បញ្ញា និងសុខភាពធ្ងន់ធ្ងរ។
- Sickle cell disease ជំងឺតំណពូជគ្រាប់ឈាមក្រហមរាងកណ្តៀវ ដែលងាយនឹងបែក ធ្វើឲ្យមានភាពស្លេកស្លាំង និងប៉ះពាល់ដល់ការដឹកជញ្ជូនអុកស៊ីសែនទៅសរីរាង្គសំខាន់ផ្សេងៗ។
- Cystic fibrosis ជំងឺតំណពូជដែលប៉ះពាល់ទៅលើការបញ្ចេញនូវជាតិរំអិល ពិសេសក្នុងសួត និងលំពែង ដែលអាចមានការប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
- Muscular dystrophy ជំងឺតំណពូជដែលប៉ះពាល់ដល់មុខងារសាច់ដុំ ធ្វើឲ្យសាច់ដុំទន់ អាចពិបាកក្នុងការដើរ ឈរ ធ្វើចលនា និងកម្រើកសាច់ដុំ។
- Tay-Sachs and similar diseases ជាជំងឺតំណពូជដែលប៉ះពាល់ទៅលើកោសិកាបញ្ជា ដែលនៅក្នុងខួរក្បាល និងឆ្អឹងកងខ្នង។

ក្រៅពីនេះ ការបូមទឹកភ្លោះអាចរកឃើញនូវភាពខុសប្រក្រតីនៃការបិទមិនជិតនូវខួរឆ្អឹងកងខ្នងនិងឆ្អឹងលលាដ៏ក្បាលកូន ក្នុងករណីដែលអេកូពិបាកមើលឃើញ។ ការបូមទឹកភ្លោះក្នុងត្រីមាសទី ៣ដើម្បីរកមើលនូវភាពទុំរបស់សួតទារក ក្នុងការ កំណត់ឲ្យទារកកើតក្នុងលក្ខខណ្ឌណាមួយ។ ការបូមទឹកភ្លោះក៏អាចវិភាគនូវមេរោគមួយចំនួនដែលបញ្ជាក់ថាទារកពិតជាមានឆ្លងពីម្តាយ ឬអត់។

ការបូមទឹកភ្លោះប្រកបដោយបទពិសោធន៍ខ្ពស់អាចកាត់បន្ថយនូវផលវិបាកដូចជាការបាត់បង់កូនក្រោយបូមទឹកភ្លោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អាសយដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវ៥៤៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរស័ព្ទ៖ ០១២/០៧០ ៦៨ ៥០ ៧៥  
អុីម៉ែល៖ doctor_tysovannaroth@yahoo.com

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋឯកទេសសម្ភព-រោគស្ត្រី និងជាប្រធានផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង