យល់ដឹងពីជំងឺទឹកនោមផ្អែមប្រភេទទី១ជាមួយសាស្រ្តាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី
ប្រសិនបើអ្ននកចង់យល់ដឹងអំពីជំងឺទឹកនោមផ្អែមប្រភេទទី១ សូមធ្វើការតាមដានជាមួយនឹងកិច្ចសម្ភាសន៍រវាងហេលស៍ថាម និង វេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជំងឺទឹកនោមផ្អែម ដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) និងមានគ្លីនិកផ្ទាល់ខ្លួនមួយផងដែរ។
ការប្រឈមទៅនឹងជំងឺ
ជំងឺទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតមានតាំងពីកូនក្មេងហើយអ្នកជំងឺត្រូវតែព្យាបាលដោយការចាក់អាំងស៊ុយលីន ជារៀងរាល់ថ្ងៃតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកជំងឺអាចរស់នៅ រៀនសូត្រ ប្រកបការងារបានជាធម្មតាហើយមានអាយុយឺនយូរដូចអ្នកដទៃ គ្រាន់តែត្រូវការចាក់អាំងស៊ុយលីនមួយជីវិតតែប៉ុណ្ណោះ។
មាតាបិតាដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ មិនត្រូវអស់សង្ឃឹម ឬបន្ទោសទៅលើបាបកម្ម ព្រេងវាសនានោះទេ គឺមាតាបិតាត្រូវតែបំពេញកាតព្វកិច្ចដែលជាគម្រូល្អ ដោយមានទំនួលខុសត្រូវខ្ពស់ដោយនាំកូនទៅជួបគ្រូពេទ្យឯកទេស ជួយលើកទឹកចិត្តកូនឲ្យប្រកាន់ខ្ជាប់ជាប្រចាំនូវដំបូន្មានគ្រូពេទ្យ មាតាបិតាត្រូវចងចាំថាកូនលោកអ្នកអាចមានប្រាជ្ញា ស្មារតីឆ្លាតវាងវៃ មិនចាញ់អ្នកដទៃឡើយ។
ផលវិបាកនៃជំងឺ
ជាក់ស្តែង អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ច្រើនក្នុងពិភពលោកដែលទទួលបានជោគជ័យក្នុងជីវិតទាក់ទងនឹងកម្លាំងកាយ ឬប្រាជ្ញាស្មារតី គឺគេអាចក្លាយជាអ្នកសិល្បៈ កីឡាករ និងអ្នកវិទ្យាសាស្រ្តល្បីៗលើលោក។ ក្នុងនោះផងដែរ លោកBret Michaels ជាជនជាតិអាមេរិចមួយរូប ដែលបានកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះតាំងពីអាយុ៦ឆ្នាំ ហើយក៏បានធ្វើការចាក់អាំងស៊ុយលីនមួយថ្ងៃ៤ដង ជារៀងរាល់ថ្ងៃ។ សព្វថ្ងៃនេះ គាត់ជាអ្នកចម្រៀងរ៉ុកដ៏ល្បី ព្រមទាំងជាអ្នកនិពន្ធបទភ្លេងផង និងអ្នកដឹកនាំរឿងផងដ សិល្បករផង ហើយរកលុយបានរាប់លានដុល្លារ រហូតផ្តល់លុយជួយដល់សមាគមជំងឺទឹកនោមផ្អែមឲ្យខិតខំស្រាវជ្រាវរកថ្នាំមកព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាទៅថ្ងៃអនាគត។
នេះសរបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏នៅតែមានប្រាជ្ញាស្មារតី និងភាពឆ្លាតវៃដូចអ្នកធម្មតាផងដែរ។
ការប្រើប្រាស់ថ្នាំ
ថ្នាំអាំងស៊ុយលីន ជាអរម៉ូនអាំងស៊ុយលីនដែលគេចម្រាញ់វាដាក់ក្នុងដប អំពូល ជាស្ទីឡូ ឬ ជានាឡិកាសម្រាប់ចាក់ក្រោមស្បែកចូលក្នុងស្រទាប់ខ្លាញ់ ឬសរសៃព្យាបាលអ្នកជំងឺទឹកនោមផ្អែមឲ្យរស់នៅបានយូរដូចមនុស្សធម្មតា។ ចំពោះអ្នកជំងឺទឹកនោមផ្អែមខ្លះ ដែលកំពុងព្យាបាលដោយថ្នាំគ្រាប់ គ្រូពេទ្យអាចប្តូរមកចាក់អាំងស៊ុយលីនភ្លាមវិញ នៅក្នុងករណីមានការវះកាត់ជំងឺធ្ងន់ធ្ងរផ្សេងៗ ឬករណីពិសេសផ្សេងៗទៀត។
ថ្នាំនេះមានច្រើនប្រភេទ ដែលគ្រូពេទ្យឯកទេសជាអ្នកជ្រើសរើស អ្វីដែលសំខាន់នោះ គឺអ្នកជំងឺត្រូវចាំគ្រូពេទ្យប្រាប់ថា តើអ្នកត្រូវចាក់ប៉ុន្មានដងក្នុងមួយថ្ងៃ? ប៉ុន្មាននាទីមុនបាយ? ឬចាក់រាល់ថ្ងៃ នៅម៉ោងប៉ុន្មាន? ដោយមិនគិតពីពេលទទួលទានបាយ។ ជម្រើសទាំងនោះ គឺអាស្រ័យលើ រយៈពេលនៃការចាប់ផ្តើមធ្វើសកម្មមភាពរបស់ថ្នាំ រយៈពេលសកម្មភាពរបស់ថ្នាំខ្ពស់បំផុត និងរយៈពេលសកម្មភាពរបស់ថ្នាំធម្មតា៖
•ចាក់មួយថ្ងៃ៤ដង សម្រាប់ថ្នាំដែលមានសកម្មភាពបានចន្លោះពី៤ទៅ៦ម៉ោង
•ចាក់មួយថ្ងៃ២ដង សម្រាប់ថ្នាំដែលមានសកម្មភាពបាន១២ម៉ោង
•ចាក់មួយថ្ងៃ១ដង សម្រាប់ថ្នាំដែលមានសកម្មភាពបាន២៤ម៉ោង
វិធីប្រើប្រាស់ថ្នាំ
ចំពោះលក្ខណៈរូបនៃថ្នាំ ថ្នាំខ្លះយើងមើលទៅឃើញមានពណ៌សថ្លា ខ្លះពណ៌សល្អក់ ដូចទឹកបាយ។ ពេលចាក់ យើងត្រូវគ្រលែងវា២ទៅ៣ដង (ចៀសវាងកុំក្រឡុកវា ព្រោះវាធ្វើឲ្យបែកគ្រាប់ថ្នាំ ហើយបណ្តាលឲ្យបាត់បង់ប្រសិទ្ធភាពរបស់ថ្នាំ) ឲ្យវាមានល្បាយស្មើរសាច់ល្អ ទើបយើងចាក់វា។
អាំងស៊ុយលីនអាចចាក់ចូលទៅក្នុងសរសៃវ៉ែន ឬលាយបញ្ចូលក្នុងសេរ៉ូមបាន តែវិធីនេះមានតែគ្រូពេទ្យទេដែលអាចយល់ពីការប្រើប្រាស់របស់វាបាន។ កន្លែងចាក់អាំងស៊ុយលីនលើខ្លួនយើងមានច្រើនកន្លែង គឺនៅលើស្បែកពោះជុំវិញផ្ចិត នៅលើសាច់ដុំដើមដៃទាំងសងខាងនៅលើសាច់ដុំភ្លៅទាំងសងខាង និងនៅលើកំប៉េះគូថទាំងសងខាង។ អ្នកជំងឺត្រូវចាក់តាមទីកន្លែងដែលគ្រូពេទ្យរបស់អ្នកបានប្រាប់ មិនត្រូវចាក់តាមចិត្តឯងនោះទេ។
ជាទូទៅ យើងប្រើម្ជុលចាក់ក្រោមស្បែក បានសេចក្តីថាយើងចាក់ឲ្យថ្នាំចូលទៅក្នុងស្រទាប់ខ្លាញ់នៃខ្លួនយើង ទើបថ្នាំនោះមានប្រសិទ្ធភាពល្អតាមដែលយើងចង់បាន។ របៀបចាក់វាអាស្រ័យទៅនឹសណ្ឋានស្បែកពោះ និងប្រវែងរបស់ម្ជុល មានន័យថា ម្ជុលលើសពី១០មម ឡើងទៅ ហើយស្បែកពោះឲ្យជ្រួញបន្តិច ហើយយើងចាក់ទៅលើកន្លែងជ្រីវជ្រួញនោះ។ បើអ្នកមានស្បែកពោះក្រាស់ ឬដុះពោះ យើងអាចចាក់ត្រង់៩០អង្សាតែម្តង ចំពោះម្ជុលដែលមានប្រវែងតិចជាង៥មម គឺយើងអាចចាក់វាត្រង់៩០អង្សាតែម្តង។
ការទុកដាក់ថ្នាំ
អ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងមានកង្វល់ច្រើនអំពីការទុកដាក់អាំងស៊ុយលីន ហើយតែងតែយកលេសនេះ ដើម្បីបដិសេធការព្យាបាលថ្នាំនេះ។ តាមការពិតទៅ អាំងស៊ុយលីនដែលត្រូវបានបើកគម្របហើយ យើងអាចរក្សាទុកតាមខ្លួនបានដដែល(ដូចជា សំពៀតខោអាវ សំពៀតកាបូបធ្វើការ ឬកាបូបលុយ ហើយចំពោះពពួកដូចស្ទីឡូ គេអាចទុកវាក្នុងហោប៉ៅអាវដូចប៊ិច)។ ធ្វើយ៉ាងណាកុំឲ្យតែត្រូវពន្លឺថ្ងៃ និងកំដៅខ្លាំងពេក។ វាអាចរក្សាប្រសិទ្ធភាពរបស់វាល្អក្នុងខែទី១ ហើយដល់ខែទី២ ឬ៣ វាអាចបាត់បង់ប្រសិទ្ធភាពវាខ្លះៗ។
ដូច្នេះ អាំងស៊ុយលីនដែលយើងចង់ទុកប្រើច្រើនខែតទៅមុខទៀត ហើយមិនទាន់បើកគ្របប្រើ យើងគួរទុកវាក្នុងទូទឹកកក ធុងទឹកកក(តែកុំឲ្យកក) ឬធ្វើការខ្ចប់ជាមួយនឹងថង់កៅស៊ូចងសណ្តូនជាមួយដុំថ្ម ហើយទម្លាក់ទៅក្នុងក្អម ពាង ឬអាងទឹកដែលនៅក្នុងម្លប់។
មានតែការចាក់ថ្នាំ និងតាមដានជាប្រចាំប៉ុណ្ណោះទើបអាចជួយឲ្យអ្នកជំងឺទឹកនោមផ្អែមចៀសផុតនូវសោកនាដកម្មជាច្រើនដែលអាចនឹងកើតមាន ហើយការរស់នៅទៀតសោតក៏បានយូរអង្វែង និងអាចប្រកបការងារចិញ្ចឹមជីវិតបានដូចអ្នកដែលគ្មានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយ សាមីខ្លួនផ្ទាល់ ក៏ដូចជាឳពុកអ្នកម្តាយនៃអ្នកជំងឺទឹកនោមផ្អែម គប្បីមើលថែទាំសុខភាពខ្លូនឲ្យបានឌិតដល់ ហើយប្រសិនបើមានចម្ងល់ ឬបញ្ហាចោទអ្វី ត្រូវធ្វើការសាកសួរ ឬប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ ដោយចៀសវាងជាដាច់ខាតនូវការជឿតាមតៗគ្នា។