Menu

ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ


ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ

ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះរួមបញ្ចូលទាំងការធ្វើតេស្តសាកល្បងរវាងដៃគូ ឬស្វាមីរបស់អ្នក ដើម្បីធានាថាអ្នកទាំងពីរមិនមានជំងឺដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានកូនបាន។ ដោយឡែកចំពោះការត្រួតពិនិត្យសុខភាពមុនពេលអ្នកមានផ្ទៃពោះអាចផ្តល់នូវគុណសម្បត្តិមួយចំនួនដើម្បីដោះស្រាយបញ្ហាសុខភាពណាមួយដែលអាចមានមុនពេលដែលអ្នកចង់ចាប់ផ្តើមមាន ឬអំឡុងពេលមានផ្ទៃពោះ។

- ការពិនិត្យសុខភាពទូទៅ
ការពិនិត្យសុខភាពមុនពេលចាប់ផ្តើមមានផ្ទៃពោះជួយឲ្យអ្នកទទួលបាននូវសុខភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការមានផ្ទៃពោះ។ ប្រសិនបើអាចអ្នកត្រូវត្រួតពិនិត្យសុខភាពមួយឆ្នាំមុនពេលអ្នកចង់មានផ្ទៃពោះ ដើម្បីទទួលបានការថែទាំសុខភាពផងដែរ។ ដោយហេតុថាអ្នកត្រូវធ្វើការពិនិត្យទៅលើសម្ពាធឈាម ពិនិត្យតេស្តឈាមរកមេរោគថ្លើម មេរោគអេដស៍មេរោគស្វាយ ពិសេសពិនិត្យទៅលើអាងត្រគាកជាដើម។ ជាក់ស្តែងដោយផ្អែកលើលទ្ធផលនៃការពិនិត្យសុខភាព និងការធ្វើតេស្តទាំងអស់នេះហើយ វេជ្ជបណ្ឌិតអាចនឹងផ្តល់ការណែនាំដល់អ្នកពីវិធីសាស្រ្តមួយចំនួន ដូចជាការធ្វើលំហាត់ប្រាណ របបអាហារ របៀបរស់នៅប្រចាំថ្ងៃ និងអាហារបំប៉នដែលចាំបាច់ដើម្បីជួយជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងកូនមានសុខភាពល្អផងដែរ។

- ការពិនិត្យទៅលើទម្ងន់
បើអ្នកម្តាយស្គមពេកអាចធ្វើឲ្យការមានផ្ទៃពោះកាន់តែពិបាក តែបើអ្នកម្តាយធាត់ពេកក៏អាចនឹងមានឱកាសក្នុងការកើតបញ្ហាមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិអាស៊ីតជាដើម។ អ្នកពិតជាមិនចង់បានបែបនេះទេមែនទេ? ដូច្នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងអំពីទម្ងន់ដែលល្អសម្រាប់ការមានផ្ទៃពោះ ព្រមទាំងបញ្ចៀសពីបញ្ហាដែលងាយប្រឈមពេលមានផ្ទៃពោះផងដែរ។

- ការពិនិត្យលើសុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តក៏មានសារៈសំខាន់ដូចសុខភាពរាងកាយផងដែរ​​ នៅពេលដែលអ្នកមានផែនការចង់មានផ្ទៃពោះ។ ការប្រែប្រួលអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាការញុំាមិនសូវបានក៏អាចប្រឈមនឹងបញ្ហានៅពេលមានផ្ទៃពោះ។ លើសពីនេះសុខភាពផ្លូវចិត្តរបស់អ្នកអាចប៉ះពាល់ដល់ការគិត ឬការលូតលាស់ផ្នែករាងកាយ និងភាពឆ្លាតវៃរបស់ទារកដែលនៅក្នុងផ្ទៃផងដែរ។

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹងថាស្ត្រី ១នាក់ក្នុងចំណោម ៩នាក់មានជំងឺធ្លាក់ទឹកចិត្តមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។ ដូច្នោះ ប្រសិនបើអ្នកមានរាល់បញ្ហាដែលពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តនោះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្តដើម្បីបញ្ចៀសពីបញ្ហាទាំងអស់ខាងលើ និងជួយឲ្យកូនដែលនៅក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់បានល្អ។

- ការពិនិត្យគ្រាប់ឈាម
នេះគឺជាការធ្វើតេស្តចាំបាច់ដើម្បីកំណត់ថាតើអ្នកត្រូវចាប់ផ្តើមលើថ្នាំគ្រាប់ជាតិដែកឬយ៉ាងណា ឬអាចទទួលបានការមានផ្ទៃពោះបានដែរឬទេ? ដោយឡែកអ្នកអាចទទួលរងនូវភាពស្លេកស្លាំង ប្រសិនបើអ្នកមានផ្ទៃពោះខណៈពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងកង្វះជាតិដែក។ ការពិនិត្យទៅលើការពន្យារកំណើតដោយប្រាប់គ្រូពេទ្យអំពីវិធីពន្យារកំណើតដែលអ្នកបានប្រើប្រាស់។ ការអនុវត្តភាគច្រើនមិនមានឥទ្ធិពលលើរយៈពេលដែលត្រូវមានផ្ទៃពោះនៅពេលអ្នកឈប់ប្រើវា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកបានប្រើថ្នាំពន្យារកំណើត អ្នកអាចចំណាយពេលមួយឆ្នាំដើម្បីឲ្យសមត្ថភាពនៃការមានផ្ទៃពោះត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរ។

- ការធ្វើតេស្ត Pap smear
ការធ្វើតេស្ត Pap smear គឺជាផ្នែកសំខាន់មួយនៃការទៅជួបគ្រូពេទ្យជាលើកដំបូងរបស់អ្នក។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយការយកទឹករំអិល ឬច្រឹបសាច់ក្នុងទ្វារមាសដើម្បីពិនិត្យមើលពីសុខភាពមាត់ស្បូនបន្ទាប់មកគ្រូពេទ្យចាប់ផ្តើមវិភាគ ឬធ្វើរោគវិនិច្ឆ័យ។ ការធ្វើតេស្តនេះនឹងវាយតម្លៃថាតើអ្នកឆ្លងជំងឺកាមរោគ ដូចជាជំងឺប្រមេះ ជំងឺស្វាយ ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទបេដែរឬទេ។ ប្រសិនបើគ្រូពេទ្យរកឃើញកោសិកាមិនប្រក្រតីអំឡុងពេលពិនិត្យសុខភាពនោះ អ្នកត្រូវទទួលការព្យាបាល ឬតាមដានបន្តមុនពេលមានផ្ទៃពោះផងដែរ។ គួរបញ្ជាក់ផងដែរថា ស្ត្រី ឬអ្នកម្តាយដែលត្រៀមខ្លួនជាម្តាយទាំងអស់សូមទៅពិនិត្យសុខភាព ឬធ្វើតេស្តខាងលើនោះអ្នកនឹងទទួលបានសុខភាពល្អ សុវត្ថិភាព និងទទួលបានបុត្រដែលគួរឲ្យស្រលាញ់មិនខានឡើយ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង