Menu

ស្វែងយល់ពីប្រភេទម្សៅទឹកដោះគោចំពោះទារក


ស្វែងយល់ពីប្រភេទម្សៅទឹកដោះគោចំពោះទារក

ការបំបៅកូនដោយម្សៅទឹកដោះគោជាជម្រើសដ៏ពេញនិយមដែលអ្នកម្តាយសម័យថ្មីតែងផ្តល់ឲ្យកូនជាទីស្រលាញ់ បន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់។ ប៉ុន្តែការជ្រើសរើស និងស្វែងយល់អំពីអត្ថប្រយោជន៍នៃប្រភេទម្សៅទឹកដោះគោទាំងនោះពិតជាលំបាក។ ហេតុនេះ អត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទម្សៅទឹកដោះគោណាមួយសម្រាប់កូនអ្នក។

យោងតាម FDA (Food and Drug Administration) របស់សហរដ្ឋអាមេរិកបានបែងចែកប្រភេទម្សៅទឹកដោះគោសម្រាប់ទារកជា ៣ប្រភេទ និងមានតួនាទីផ្សេងគ្នាផងដែរគឺ៖

- រូបមន្តផ្អែកលើប្រូតេអុីនទឹកដោះគោ (Cow milk protein-based formulas)
ក្រៅពីសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតប្រភេទទឹកដោះគោនេះផ្សំឡើងពីប្រតេអុីន ២ប្រភេទចម្បងគឺ Whey និងCasein ដែលជាប្រូតេអុីនងាយរំលាយជាងប្រភេទរូបមន្តដទៃទៀត។ ជាទូទៅប្រភេទរូបមន្តនេះត្រូវបានប្រើប្រាស់ចំពោះទារកអាយុក្រោម ១ឆ្នាំ ឬទារកដែលមិនអាចទទួលបានឱកាសបំបៅដោះម្តាយ។ ម៉្យាងម្សៅទឹកដោះគោប្រភេទនេះពិតជាស័ក្តិសមចំពោះទារកភាគច្រើនផងដែរ លើកលែងទារកមួយចំនួនតូចដែលអាល្លែកហ្ស៊ីជាមួយរូបមន្តនេះប៉ុណ្ណោះ។

- រូបមន្តផ្អែកលើប្រូតេអុីនសណ្តែកសៀង (Soy-based formulas)
ជាប្រភេទរូបមន្តដែលចម្រាញ់ពីប្រូតេអុីនសណ្តែកសៀង ដែលមិនលាយឡំជាមួយប្រូតេអុីនសាច់សត្វឡើយ ប៉ុន្តែមានសារធាតុចិញ្ចឹមស្តង់ដារដូចទៅនឹងរូបមន្តផ្សេងទៀត។ រូបមន្តនេះពិតជាស័ក្តិសមចំពោះទារកដែលមានបញ្ហាអាល្លែកហ្ស៊ីជាមួយរូបមន្ត Cow milk protein-based formulas ឡាក់តូស (lactose) ឬកាបូហាយដ្រេត (carbohydrate) ដែលមានវត្តមានក្នុងទឹកដោះគោ។ ទោះជាយ៉ាងណាក៏ដោយ ទារកមួយចំនួនដែលអាល្លែកហ្ស៊ីជាមួយទឹកដោះគោ (Cow Milk) អាចប្រតិកម្មជាមួយទឹកសណ្តែកផងដែរ។

- រូបមន្តដែលប្រូតេអុីនត្រូវបានបំបែកតូចៗ (Protein hydrolysate formulas)
រូបមន្តប្រភេទនេះផ្សំពីសារធាតុចិញ្ចឹមដែលត្រូវបានបំបែកជាម៉ូលេគុលតូចៗ ជាពិសេសប្រូតេអុីន ដែលខុសពីរូបមន្តទឹកដោះគោទាំងពីរខាងលើ។ រូបមន្តនេះត្រូវបានបង្កើតឡើងជាពិសេសចំពោះទារកដែលមានបញ្ហាក្រពះពោះវៀន ពិបាកក្នុងការរំលាយអាហារឧស្សាហ៍ទល់លាមក ឬអាល្លែកហ្ស៊ីជាមួយប្រូតេអុីន Cow milk protein-based formulas ឬ Soybased formulas។

បន្ថែមពីប្រភេទរូបមន្តទាំង ៣សំខាន់ៗខាងលើ ក៏នៅមានប្រភេទរូបមន្តមួយចំនួនផ្សេងទៀតដូចជា៖

- រូបមន្តសម្រាប់ទារកដែលប្រតិកម្មជាមួយឡាក់តូស (Lactose intolerance)
ចំពោះទារកមួយចំនួនតូច តែងកើតមានអាការៈប្រតិកម្មជាមួយសារធាតុសំខាន់ម៉្យាងដែលមានក្នុងទឹកដោះគោ និងផលិតផលចម្រាញ់ពីទឹកដោះគោគឺឡាក់តូស។ រោគសញ្ញានៃប្រតិកម្មអាល្លែកហ្ស៊ីរួមមាន រាក ឈឺឆ្អល់ក្នុងពោះ និងហើមពោះជាដើម។ ហេតុនេះរូបមន្តទឹកដោះគោដែលគ្មានឡាក់តូសពិតជាសមស្របបំផុតជាមួយទារកប្រភេទនេះណាស់។ 

- រូបមន្តសម្រាប់ទារកកើតមិនគ្រប់ខែ
ជាទូទៅ ទារកកើតមិនគ្រប់ខែត្រូវការរូបមន្តពិសេសជាងទារកកើតគ្រប់ខែ ដោយហេតុថាពួកគេត្រូវការសារធាតុចិញ្ចឹមចាំបាច់ និងថាមពលប្រចាំថ្ងៃច្រើនជាងដើម្បីធានាយ៉ាងណាទទួលបានការលូតលាស់បានប្រសើរ និងរក្សាបាននូវប្រព័ន្ធការពារខ្លួនដែលរឹងមាំ។ រូបមន្តនេះនឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងរយៈពេលកំណត់មួយទៅតាមការត្រួតពិនិត្យសុខភាពទារកពីសំណាក់ក្រុមគ្រូពេទ្យជំនាញដែលជាទូទៅអាចប្រែប្រួលក្នុងរយៈពេលពី ៣ខែ ៦ខែ ឬ១ឆ្នាំ។

សូមពិភាក្សាជាមួយគ្រូពេទ្យកុមារបន្ថែម ប្រសិនបើអ្នកនៅតែមានភាពរារែក និងពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសប្រភេទទឹកដោះគោដែលសមស្របចំពោះកូនជាទីស្រលាញ់របស់អ្នក។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង