សុខភាពរបស់ស្រ្តីទូទៅ ពិសេសស្រ្តីក្រោយសម្រាលអាចនឹងមានសភាពទ្រុឌទ្រោមនិងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុទាមទារឲ្យមានការគិតគូរយ៉ាងដិតដល់និងច្បាស់លាស់បំផុតមុនពេលស្រ្តីអាចទទួលបានការព្យាបាលបញ្ហាសុខភាពផ្សេងទៀត។ ចុះចំណែកសុខភាពមាត់ធ្មេញវិញទាមទារឲ្យមានការប្រុងប្រយ័ត្នដែរឬទេ? ករណីខាងក្រោមអាចជាការបកស្រាយសម្រាប់គ្រប់ស្រ្តីទាំងអស់ដែលទើបនឹងសម្រាលបុត្ររួច។
សំណួរ៖ ខ្ញុំមានអាយុ ៣៥ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៥៨ ទម្ងន់៥១គីឡូក្រាម ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាងដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ តើក្រោយសម្រាលរយៈពេលប៉ុន្មានខែទើបខ្ញុំអាចធ្វើធ្មេញបាន?
ចម្លើយ៖ មិនមានផលប៉ះពាល់ណាមួយទាក់ទងរវាងការព្យាបាលធ្មេញទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំលេបក្រោយពេលព្យាបាលធ្មេញគឺមានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាននៅពេលបំបៅ។
បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការបំបៅដោះកូនពិតជាមានសារសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែជាអាហារបំប៉នដ៏មានសុវត្ថិភាពប៉ុណ្ណោះទ វាថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផងដែរ។ ដូច្នេះប្រសិនការផលិតទឹកដោះរបស់ស្ត្រីមិនបានគ្រប់គ្រាន់នៅពេលក្រោយសម្រាលនោះវាជាបញ្ហាចម្បងមួយដែលស្ត្រីមិនគួរមើលរំលង។ អ្វីជាមូលហេតុនៃការផលិតទឹកដោះមិនគ្រប់គ្រាន់? ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖ • ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។ • កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។ មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ និងករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជំងឺលើក្រពេញទីរ៉ូអុីត ឬជំងឺសួតរ៉ាំរ៉ៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទារកខ្លះអាចនឹងបៅមិនបានគ្រប់គ្រាន់ ឬមិនអាចបៅបានក្នុងករណីទារកមានក្រអូមមាត់មិនធម្មតា និងកើតមិនគ្រប់ខែ។ ស្ត្រីគួរធ្វើបែបណាដើម្បីត្រៀមខ្លួន ឬកាត់បន្ថយបញ្ហានេះ? ជាការពិតណាស់ ដើម្បីអាចត្រៀមខ្លួនបាន ដំបូងស្ត្រីចាំបាច់ត្រូវយល់ដឹងអំពីសារប្រយោជន៍នៃទឹកដោះម្តាយ និងរបៀបបំបៅកូនជាមុនសិន។ ស្ត្រីត្រូវបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាលដោយឥរិយាបទសមស្រប ប្រកបដោយអនាម័យត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានបញ្ហាណាមួយអំឡុងពេលនៃការបំបៅដោះកូនស្ត្រីគួរជួបពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តឈប់បំបៅកូន ឬព្យាយាមរកដំណោះស្រាយខ្លួនឯងដោយការប្រើថ្នាំផ្សេងៗ។ ម៉្យាងទៀត គួរចៀសវាងការផ្តល់ក្បាលដោះឲ្យទារកបៅ ឬជញ្ជក់លេង ឬផ្តល់ចំណីបន្ថែមនៅពេលទារកអាយុក្រោម ៦ខែ។ តើបញ្ហានេះផ្តល់ផលប៉ះពាល់បែបណាខ្លះ? ជាក់ស្តែង នៅពេលទារកបៅមិនគ្រប់គ្រាន់ រួមជាមួយការទទួលទានអាហារមិនសមស្រប ឬទឹកដោះគោមិនល្អក្នុងវ័យតូចពេក អាចឲ្យពួកគេប្រឈមនឹងផលប៉ះពាល់ដូចជា៖ • មានការលូតលាស់យឺតទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី • ប្រព័ន្ធការពាររាងកាយរបស់ទារកថយចុះ ដែលងាយប្រឈមនឹងជំងឺផ្សេងៗ ពិសេសបញ្ហាសួត និងក្រពះ-ពោះវៀន • ងាយប្រឈមនឹងការស្លាប់ទាំងវ័យកុមារ ដោយសារឈឺច្រើន និងការព្យាបាលមិនបានត្រឹមត្រូវ។ ដោយឡែក ចំពោះម្តាយមិនបំបៅដោះកូន នោះពួកគេអាចប្រឈមនឹងការកើតមហារីកនៅក្រពេញសុដន់ និងក្រពេញអូវែ។ អ្វីខ្លះដែលទារកអាចទទួលទានជំនួស? ប្រសិនរកឃើញថា ស្ត្រីមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ ឬទារកកំពុងស្ថិតក្នុងលក្ខខណ្ឌណាមួយដែលមិនអាចបៅដោះបាន នោះទារកនឹងតម្រូវឲ្យផ្តល់នូវអាហារបំប៉ន ឬប្រភេទទឹកដោះគោពិសេសខុសៗគ្នាផ្អែកតាមករណី ឬស្ថានភាពនោះចំពោះទារកកើតមិនគ្រប់ខែពួកគេអាចនឹងត្រូវផ្តល់នូវម្សៅទឹកដោះគោពិសេស រីឯករណីផ្សេងទៀត ឬទារកកើតគ្រប់ខែជាធម្មតាតែមិនអាចបៅបាន នោះពួកគេនឹងត្រូវបានផ្តល់ឲ្យនូវប្រភេទម្សៅទឹកដោះគោដែលផលិតតាមក្បួនខ្នាតចំណីអាហារសម្រាប់ចិញ្ចឹមទារក។ គួរធ្វើយ៉ាងណាដើម្បីចៀសវាងបញ្ហានេះ? ការយល់ឲ្យបានច្បាស់ និងត្រៀមខ្លួនជាស្រេចមុនពេលសម្រាល អាចជួយឲ្យស្ត្រីកាត់បន្ថយនូវហានិភ័យនៃបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់បាន។ ម៉្យាងទៀតស្ត្រីត្រូវស្វែងយល់ពីវិធីសាស្រ្តក្នុងការបំបៅឲ្យបានត្រឹមត្រូវ និងរបៀបនៃការរក្សាអនាម័យដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ចរាល់បញ្ហាដែលកើតមានអំឡុងពេលបំបៅចៀសវាងឲ្យកូនបៅទឹកដោះគោ ឬបៅក្បាលដោះលេងមុនពេលទារកអាយុ៦ខែ។ ទោះបីមានបញ្ហាអ្វីកើតឡើង ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ឲ្យបានយ៉ាងតិចបំផុតត្រឹមអាយុ៦ខែ សឹមចាប់ផ្តើមបន្ថែមនូវចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សុីវ៉ាន់ថា នាយអគារផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកនិយមន័យ កូនក្រៅស្បូន គឺជាការកាច់សម្បុកខុសទីតាំងរបស់ស៊ុតនៅក្រៅតួស្បូន។ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នគេសង្កេតឃើញថាបញ្ហាកូនក្រៅស្បូនមិនមានការប្រែប្រួលប្លែកនោះទេ (កូនក្រៅស្បូនអាចមានតែ ១ភាគរយ ទៅ៣ភាគរយប៉ុណ្ណោះក្នុងចំណោមការមានផ្ទៃពោះ)។ មូលហេតុ និងកត្តាបង្ក មូលហេតុចម្បងដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើងគឺដោយសារតែកោសិការបស់ស្បូនមានការខូចខាតដោយសារការរលាក (Salpingite) ឬកម្រិតអ័រម៉ូនមិនមានតុល្យភាព ដែលជាមូលហេតុនៃការខកខានពេលវេលារបស់ស៊ុតធ្វើដំណើរទៅដល់តួស្បូនទាន់ពេល ឬភាពលូតលាស់មិនប្រក្រតីរបស់ស៊ុត។ ក្រៅពីនោះ កូនក្រៅស្បូនអាចមាន ១ ទៅ៣ភាគរយក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖ • ធ្លាប់កើតជំងឺកាមរោគ • រលាកដៃស្បូន ឬរលាកភ្នាសស្បូន • ប្រវត្តិធ្លាប់វះកាត់ដៃស្បូន ឬវះកាត់ពោះ • ការជក់បារី • ដាក់កងស្បូន ឬប្រើថ្នាំពន្យារកំណើត • បង្កកំណើតខាងក្រៅ ហើយបាញ់បញ្ចូលក្នុងស្បូន • អាយុម្តាយច្រើនពេក។ រោគសញ្ញា សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖ • បាត់រដូវ • ដំបូងមិនមានសញ្ញាអ្វីប្លែកទេ តែសញ្ញាអាចមានជាបន្តបន្ទាប់នៅពេលកូនកាន់តែរីកធំទៅ • ពិនិត្យទឹកនោមឃើញមានកូន • អាចមាន ឬគ្មានអាការៈចាញ់កូន • អាចមានធ្លាក់ឈាមតិចៗ • ឈឺពោះ ឬឈឺអាងត្រគាក។ ប្រសិនបើកូនក្រៅស្បូនបែក អាចមានសញ្ញាដូចជា៖ • ស្លេកស្លាំង • អស់កម្លាំង • ចុកពោះខ្លាំង • សម្ពាធឈាមចុះទាប។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖ • ពិនិត្យរោគសញ្ញាគ្លីនិក • ពិនិត្យរកសារធាតុ Beta-HCG កើនឡើង (Beta-HCG គឺជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌)។ ការរក Beta-HCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម • ការពិនិត្យអេកូសាស្រ្ត។ វិធីសាស្រ្តព្យាបាល អ្នកជំងឺដែលមានកូនក្រៅស្បូនត្រូវធ្វើការព្យាបាលតាមបែបវេជ្ជសាស្រ្តដោយប្រើប្រាស់ថ្នាំ និងវះកាត់ (ការចោះ និងវះបើកពោះ)។ ផ្ទុយទៅវិញ ប្រសិនបើកូនក្រៅស្បូនមិនទាន់បែក គ្រូពេទ្យត្រូវធ្វើការព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំ ដើម្បីបញ្ឈប់ការលូតលាស់របស់ស៊ុត។ ដោយឡែក ករណីមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវមិនទាន់ពេលវេលានោះអាចបណ្តាលឲ្យបែកកូនក្រៅស្បូន ហូរឈាមច្រើនឡើងៗរហូតអាចឈានដល់ការបាត់បង់ជីវិតបានដែរ។ វិធីសាស្រ្តការពារ ជាការពិតណាស់ យើងមិនអាចការពារខ្លួនពីការមានកូនក្រៅស្បូនបានទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលជំរុញឲ្យមានកូនក្រៅស្បូន និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។ ប្រសិនបើស្រ្តីបាត់រដូវត្រូវទៅពិនិត្យផ្ទៃពោះភ្លាម ដើម្បីបញ្ជាក់ពីទីតាំងរបស់កូន ថានៅក្នុងស្បូន ឬក្រៅស្បូន ដោយមកពិគ្រោះយោបល់និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត ឯកទេស សម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ 21+ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកជំងឺរាកជាបញ្ហាសាមញ្ញដែលតែងតែជួបលើកុមារអាយុក្រោម ៥ឆ្នាំ។ នៅប្រទេសកំពុងអភិវឌ្ឍ បើជំងឺរាកកើតឡើងញឹកញាប់នោះវានឹងជាកត្តាដែលនាំទៅរកអាការៈធ្ងន់ធ្ងរដូចជា កង្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងកង្វះអេឡិចត្រូលីតជាដើម។ ដូច្នេះថាតើអ្វីទៅជាជំងឺរាក? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីចំណេះដឹង ការព្យាបាល និងសញ្ញាគ្រោះថ្នាក់ដែលម្តាយគួរដឹងពេលកូនតូចរបស់គាត់មានជំងឺរាក។ អំពីជំងឺរាក អង្គការសុខភាពពិភពលោកហៅកាត់ថា “WHO” បានឲ្យនិយមន័យថាជំងឺរាក គឺជាការបន្ទោបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បីដងក្នុងមួយថ្ងៃ ខុសពីធម្មតា។ ជំងឺរាកតាមសញ្ញាគ្លីនិកត្រូវបានចែកចេញជា ៤សណ្ឋាន៖ ១ រាកសុទ្ធតែទឹក ស្រួចស្រាវ (Acute watery diarrhea)៖ រាករយៈពេលខ្លី តិចជាងពីរសប្តាហ៍។ គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។ ២ រាកមានលាយឈាម ស្រួចស្រាវ (Acute bloodydiarrhea)៖ ហៅថា រាកមួល (Dysentery)។ គ្រោះថ្នាក់សំខាន់គឺការបង្ករោគក្នុងឈាមនិងកង្វះអាហារូបត្ថម្ភ។ ៣ រាករ៉ាំរ៉ៃ (Persistent diarrhea)៖ គឺរាកចាប់ពី ១៤ថ្ងៃឡើងទៅ។ គ្រោះថ្នាក់សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ងរ។ ៤ រាកដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់គឺ ការបង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹកកង្វះវីតាមីន និងសារធាតុរ៉ែ។ តើអ្វីទៅជាកត្តាបង្កឲ្យមានជំងឺរាក? ជំងឺរាកលើកុមារតែងបង្កមកពីមូលហេតុជាច្រើនមានដូចជា៖ • បរិភោគអាហារដែលមានជាតិស្ករខ្ពស់ ដូចជាផឹកទឹកក្រូចជាដើម • ការបង្ករោគដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត • មានប្រតិកម្មជាមួយអាហារ ឬទឹកដោះគោ • មានប្រតិកម្មជាមួយថ្នាំ • ជំងឺទាក់ទងតួនាទីរបស់ពោះវៀន ដូចជា បណ្តុំរោគសញ្ញានៃការរលាកពោះវៀន • លទ្ធផលនៃការវះកាត់លើក្រពះ ឬថង់ទឹកប្រម៉ាត់។ សញ្ញា និងរោគសញ្ញានៃជំងឺរាក រោគសញ្ញាខាងក្រោមជាសញ្ញាដែលតែងតែជួបពេលកុមាររាក។ ដោយហេតុថារាងកាយ និងប្រព័ន្ធភាពស៊ាំមនុស្សម្នាក់ៗមិនដូចគ្នា ដូច្នេះអាការៈដែលស្តែងចេញមកអាចខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ក្មេងខ្លះអាចមានអាការៈរមួលពោះដំបូង ទើបរាកពី៣ ទៅ៥ថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា៖ • ក្តៅខ្លួន • មិនញ៉ាំអាហារ • ចង្អោរ ឬក្អួត • ថយចុះគីឡូ • កង្វះជាតិទឹក • ហើមពោះ • លាមកមានឈាម • ហៀរលាមកមកក្រៅ។ ការព្យាបាលជំងឺរាក បើកុមារមិនមានសញ្ញាដូចខាងក្រោមទេ គាត់អាចព្យាបាលនៅផ្ទះបានដែលសញ្ញាទាំងនោះមានដូចជា៖ • ឡេះឡះ/រញ៉ាំរញ៉ូវ • សន្លឹម ឬបាត់ស្មារតី • មិនអាចផឹក ឬមិនអាចបៅបាន ឬផឹកបានតិចតួចដោយពិបាក • ស្រេកទឹកខ្លាំង និងផឹកត្រហេបត្រហប • ភ្នែកខូង • ផ្នត់ស្បែកពោះដែលច្បិចរលាយឺតឬយឺតណាស់។ បើសង្ស័យ ឬមិនច្បាស់ពីអាការៈខាងលើ ម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យថាតើគួរតែគេងពេទ្យ ឬព្យាបាលនៅផ្ទះ។ ម៉្យាងទៀតម្តាយត្រូវយល់ពីវិធី ៣ យ៉ាងនៃការព្យាបាលនៅផ្ទះ៖ ១ ផ្តល់ជាតិទឹកបន្ថែម ឲ្យបានច្រើនតាមតែកូនអាចផឹកបាន • បើកូននៅបៅដោះ ម្តាយត្រូវបំបៅឲ្យបានញឹកញាប់ និងឲ្យបានយូរពេលបំបៅម្តងៗ។ • បើកូនបៅទឹកដោះម្តាយសុទ្ធ ត្រូវឲ្យទឹកអូរ៉ាលីត្រ ឬទឹកស្អាតបន្ថែមលើការបំបៅដោះ។ ក្រោយបាត់រាក ចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយសុទ្ធបន្ត។ • បើកូនមិនបៅទឹកដោះសុទ្ធទេ អាចផ្តល់ជាតិទឹកណាមួយ៖ ទឹកអូរ៉ាលីត្រ ជាតិទឹកប្រភពពីអាហារ (ទឹកសម្ល ទឹកបបរ…) និងទឹកស្អាត។ បរិមាណអូរ៉ាលីត្រដែលត្រូវបន្ថែមលើជាតិទឹកដែលទទួលទានជាធម្មតា៖ • អាយុក្រោម ២ឆ្នាំ៖ ៥០-១០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • អាយុ ២ឆ្នាំឡើងទៅ៖ ១០០-២០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • ផ្តល់ទឹកអូរ៉ាលីត្រឲ្យកុមារបន្តិចម្តងៗ ញឹកញាប់ដោយប្រើពែង • បើកុមារក្អួត ត្រូវបង្អង់១០នាទី រួចទើបបន្តផ្តល់ជាថ្មី តែដោយយឺតៗជាងមុន • បន្តផ្តល់ជាតិទឹកបន្ថែម រហូតដល់កុមារលែងរាក។ បន្ថែមពីនោះ គួរផ្តល់បន្ថែមជាតិស័ង្កសី ដោយសារវាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក រយៈពេលនៃជំងឺរាក និងកាត់បន្ថយការកើតមានជំងឺរាកលើកក្រោយៗទៀត។ ថ្នាំគ្រាប់ជាតិស័ង្កសីត្រូវបានប្រើដូចខាងក្រោម៖ • ទារកអាយុក្រោម ៦ខែ ឲ្យកន្លះគ្រាប់ (១០មិលី្លក្រាម) ក្នុង ១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ • កុមារអាយុចាប់ពី ៦ខែ ឲ្យ១គ្រាប់ (២០មិលី្លក្រាម) ក្នុង១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ។ ២ បន្តការផ្តល់អាហារ • ផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព • បន្តបំបៅដោះកូន បើកូននៅបៅដោះ។ ៣ ចំណុចដែលម្តាយត្រូវដឹងថាពេលណាគួរត្រឡប់មកមន្ទីរពេទ្យវិញ • រាកកាន់តែធ្ងន់ធ្ងរជាងមុន • ក្អួតញឹកញាប់ • ស្រេកទឹកខ្លាំង • ហូប ឬផឹកមិនបាន • ក្តៅខ្លួន • មានឈាមក្នុងលាមក • រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ។ តើត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺរាកកុំឲ្យកើតជាថ្មីម្តងទៀត? • ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងធ្វើម្ហូបអាហារ • ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូទឲ្យកូនរួច បន្ទាប់ពីចោលលាមកក្មេងមុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ • មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែឬផ្លែឈើដែលមិនខូច និងដែលបានចិតសម្បកហើយបរិភោគភ្លាម • បរិភោគអាហារដែលបានចម្អិនល្អ • លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច • ការពារម្ហូបអាហារកុំឲ្យរុយរោម • បន្ទោបង់តែក្នុងបង្គន់អនាម័យ • លាមកក្មេងតូចៗត្រូវយកទៅចោលក្នុងបង្គន់ឬកប់ចោលភ្លាមៗបន្ទាប់ពីបន្ទោបង់រួច • ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។ ជំងឺរាក ជាឃាតករលាក់មុខធ្វើឲ្យកុមារឈឺ និងស្លាប់នៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ។ សូមម្តាយគ្រប់រូប កុំឲ្យកូនផឹកថ្នាំ ឬថ្នាំផ្សះផ្តេសផ្តាស់ព្រោះថាជំងឺរាកមិនមែនសុទ្ធតែបង្ករោគដោយបាក់តេរីនោះឡើយ ហើយម៉្យាងទៀតវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យហួសពេល ឬយឺតយ៉ាវក្នុងការព្យាបាល។ ជំងឺរាកជាជំងឺសាមញ្ញ និងងាយកើតលើកូនជាទីស្រលាញ់របស់ម្តាយគ្រប់រូប ហើយជំងឺនេះនឹងមិនមានផលប៉ះពាល់ដល់អាយុជីវិតទេ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ។ ស្រ្តីភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺនេះឡើយទើបធ្វើឲ្យពួកគាត់មានការធ្វេសប្រហែសបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាលនិងមានគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះហើយបានជាអត្រាស្លាប់របស់ស្រ្តីនៅប្រទេសកម្ពុជាដោយសារជំងឺនេះនៅតែឈរនៅលំដាប់ទី ២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ដែលជំងឺនេះយើងអាចទប់ស្កាត់ និងការពារបានពីដំបូង។ និយមន័យ បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលដែលស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្តាហ៍ឡើងទៅដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខនិងចុកចុងដង្ហើមជាដើម...។ មូលហេតុចម្បង និងកត្តាប្រឈម មូលហេតុចម្បងនៃជំងឺនេះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធឈាមរត់នៅក្នុងស្បូននិងសុក និងមានកត្តាប្រឈមសំខាន់ដែលធ្វើឲ្យមានជំងឺនេះកើតឡើងរួមមាន៖ • ស្រ្តីកូនដំបូងវ័យក្មេង • ស្រ្តីមានគភ៌ហើយមានអាយុច្រើន • ស្រ្តីដែលមានផ្ទៃពោះធំពេក (ដូចជាកូនភ្លោះគភ៌ទឹកភ្លោះច្រើន គភ៌ដែលមានកូនថ្លោសពេក) • ស្រ្តីធាត់ពេក • ស្រ្តីដែលធ្លាប់មានជំងឺលើសសម្ពាធឈាម ឬជំងឺតម្រងនោម • ស្រ្តីដែលប្តូរដៃគូរួមភេទច្រើន ចំណែកកត្តាដែលជំរុញឲ្យមានជំងឺបំរុងក្រឡាភ្លើងនេះរួមមាន៖ • អាកាសធាតុត្រជាក់ពេក • ការហូបអាហារមិនគ្រប់គ្រាន់ • ការបាក់កម្លាំងកាយ និងកម្លាំងចិត្ត...។ រោគសញ្ញា ដំបូងស្រ្តីតែងតែមានអារម្មណ៍មិនសុខស្រួលក្នុងខ្លួនដូចជា រសេះរសោះ គេងមិនលក់ ហើមជើង ឈឺក្បាល វិលមុខតិចតួច ដែលធ្វើឲ្យស្រ្តីភាគច្រើនយល់ថាខ្លួនមិនមានបញ្ហាអ្វីទេ ព្រោះការមានផ្ទៃពោះច្រើនជួបបញ្ហាបែបនេះជាពិសេសគឺការហើម (ដែលចាស់ៗតែងនិយាយតៗគ្នាថា ហើម៣ដងកើតហើយ)។ ជាក់ស្តែង រោគសញ្ញាដែលបញ្ជាក់ថាស្រ្តីមានអាការៈមានដូចជា៖ • ហើម • លើសសម្ពាធឈាម (140/90mmHg) • ទឹកនោមប្រៃ • ឈឺក្បាល • វិលមុខ • ស្រវាំងភ្នែក ឬងងឹតភ្នែកបណ្តោះអាសន្នក្នុងករណីធ្ងន់ធ្ងរ • ហត់ • ចុកចុងដង្ហើម • Transaminaseកើនឡើង ប្លាកែតកើនឡើង ហេម៉ូក្លូប៊ីនកើនឡើង Uremie កើនឡើង Creatinemie កើនឡើង។ ការព្យាបាល ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលត្រូវមាន៣ដំណាក់កាល៖ • ការថែទាំ • ការប្រើប្រាស់ថ្នាំទប់ស្កាត់ការប្រកាច់(MgSO4) និងថ្នាំបញ្ចុះសម្ពាធឈាម (Hydralazine...) • ចាំបាច់ត្រូវបញ្ចប់គភ៌ដើម្បីបំបាត់មូលហេតុរបស់វា។ ការតាមដាន និងការគិតទុកមុន ជាទូទៅ គ្រប់ស្រ្តីដែលមានបញ្ហាបែបនេះទោះបីធ្ងន់ឬស្រាល ត្រូវតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីថែទាំ និងតាមដានសុខភាពពីសំណាក់បុគ្គលិកពេទ្យដោយគេត្រូវតាមដានសញ្ញាជីវិតជាប្រចាំ ទឹកនោមប្រៃ និងទារកក្នុងផ្ទៃ។ ប្រសិនបើក្នុងករណីបម្រុងក្រឡាភ្លើងស្រ្តីនឹងបានជាសះស្បើយក្រោយពីបញ្ចប់គភ៌ ដោយពុំមានផលវិបាកអ្វីទាំងអស់។ សម្ពាធឈាមអាចចុះមកធម្មតាវិញ ក្រោយរយៈពេល៦សប្តាហ៍ និងទឹកនោមប្រៃអាចបាត់ក្នុងរយៈពេល ៦សប្តាហ៍ផងដែរ។ ផលវិបាក ក្នុងករណីដែលពុំបានដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្រ្តីនឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរដែលមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃនិងម្តាយដូចជា៖ ១. ចំពោះម្តាយ • ដាច់សរសៃឈាមខួរក្បាល • ងងឹតភ្នែក • ហើមសួតស្រួចស្រាវ • HELLP Syndrome (ខាន់លឿង….) ឬបែកថ្លើម • ខ្សោយតម្រងនោមធ្ងន់ធ្ងរ • របេះសុកមុនពេលកំណត់។ ២.ចំពោះទារកក្នុងផ្ទៃ • ទារកលូតលាស់មិនប្រក្រតី • ទម្ងន់តូចជាងអាយុនៃគភ៌ • ខ្សោយប្រាជ្ញាស្មារតី • ស្លាប់ក្នុងពោះ • សម្រាលមិនគ្រប់ខែ។ វិធីសាស្រ្តការពារ ចំពោះស្រ្តីដែលមានប្រវត្តិធ្លាប់ឡើងសម្ពាធឈាមនិងបញ្ហាតម្រងនោម សូមពិសាកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មិល្លីក្រាម ១ថ្ងៃ ១គ្រាប់ចាប់ផ្តើមពីពេលមានគភ៌ភា្លម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងសម្ភព)។ លើសពីនេះ អ្នកអាចអនុវត្តវិធីសាស្រ្តប្រចាំថ្ងៃដោយ៖ • ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន • ហូបចំណីអាហារដែលសម្បូរជីវជាតិល្អ • សម្រាកផ្អៀងមកខាងឆ្វេងឲ្យបានច្រើន • សម្រាកការងារធ្ងន់ៗ និងការងារដែលអាចប៉ះ ពាល់ដល់អារម្មណ៍ • សម្រាកឲ្យបានគ្រប់គ្រាន់ • ធ្វើលំហាត់ប្រាណជាប្រចាំ • ប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យភ្លាមក្នុងករណីដែលមានភាពមិនប្រក្រតីនៅក្នុងខ្លួន។ គ្រប់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវតែមកពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីតាមដានរករោគសញ្ញាដែលកើតមានដែលពុំមានសញ្ញាប្រមានមុនហើយស្ត្រីមិនបានដឹងខ្លួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រូបង្គោល សង្គ្រោះបន្ទាន់ផ្នែកសម្ភពមូលដ្ឋាន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកនាពេលបច្ចុប្បន្ននេះ បញ្ហាគំរាមរលូតកូនចោទជាបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតស្រ្តីផងដែរ ប្រសិនបើខ្វះចន្លោះក្នុងការព្យាបាលនិងការតាមដានពិនិត្យផ្ទៃពោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។ ជាក់ស្តែង បញ្ហានេះគេសង្កេតឃើញថានៅលើសកលលោកមានប្រហែល ២០ ទៅ៣០ភាគរយនៅក្នុងអំឡុងពេល២០សប្តាហ៍នៃអាយុគភ៌។ ប៉ុន្តែប្រហែល ៥០ភាគរយនៃការគំរាមរលូតនេះដែរ ស្រ្តីអាចបន្តការពពោះរហូតដល់គ្រប់ខែបើគ្មានសញ្ញាអ្វីប្លែក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏មានប្រហាក់ប្រហែល ឬអាចច្រើនជាងនេះ ដោយសារយើងមិនទាន់មានការសិក្សារួមគ្នាច្បាស់លាស់នៅឡើយទេ។ និយមន័យ ការគំរាមរលូត គឺជាការធ្លាក់ឈាមតាមទ្វារមាសដែលអាចកើតមាននៅអំឡុងពេលចាប់ផ្តើមមានគភ៌រហូតដល់សប្តាហ៍ទី ២០នៃគភ៌ក្នុងផ្ទៃ។ ការធ្លាក់ឈាមនេះអាចរួមផ្សំជាមួយនឹងការឈឺចុកចាប់ក្នុងពោះ ដែលជាសញ្ញាបញ្ជាក់ពីការគំរាមរលូត ឬអាចឈានទៅរកការរលូតផងដែរ។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលអាចបង្កឲ្យមានបញ្ហាគំរាមរលូតកូន តែកត្តាសំខាន់ដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ភាពមិនប្រក្រតីនៃកត្តាហ្សែន ឬក្រូម៉ូសូម • ការឆ្លងរោគដោយពពួកបាក់តេរី ឬពពួកវីរុសក្នុងអំឡុងពេលមានផ្ទៃពោះ • ការគ្រោះថ្នាក់ចំផ្នែកណាមួយនៃពោះ • អាយុម្តាយច្រើនលើសពី ៣៥ឆ្នាំ • ការលើសគីឡូច្រើន • ការប្រឈមនឹងការប្រើប្រាស់ថ្នាំ ឬប៉ះពាល់ដោយសារធាតុគីមីផ្សេងៗ • ការមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ល។ ក្នុងនោះដែរ បញ្ហានេះមិនមានកត្តាជំរុញចម្បងច្បាស់លាស់ទៅលើការគំរាមរលូតនៅឡើយទេ តែការធ្វើការងារធ្ងន់ និងការកង្វះចំណីអាហារក៏ជាកត្តាជំរុញបន្តិចបន្តួចផងដែរ។ ដូច្នេះ ស្រ្តីគ្រប់រូបអាចប្រឈមនឹងបញ្ហានេះ បើដូចនឹងលក្ខណៈដែលបានរៀបរាប់ខាងលើ។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ បញ្ហាគំរាមរលូតនេះអាចលេចឡើងនូវរោគសញ្ញាដូចជា ការធ្លាក់ឈាម និងការឈឺចាប់ពោះដែលមានសភាពរាងធ្ងន់ចុះក្រោម។ ដូចគ្នានេះផងដែរបញ្ហាគំរាមរលូតកូនត្រូវបានធ្វើរោគវិនិច្ឆ័យ ឬឆែកសុខភាពបានដោយការពិនិត្យអេកូសាស្រ្តនិងការពិនិត្យឈាមជាដើម។ល។ ការថែរក្សាគភ៌ដែលគំរាមរលូត យើងគួរថែរក្សាគភ៌ដែលគំរាមរលូតនេះដោយការសម្រាកឲ្យបានគ្រប់គ្រាន់ក៏ដូចជាការកាត់បន្ថយការធ្វើការងារធ្ងន់ និងការរួមភេទផងដែរ។ លើសពីនេះស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវទទួលទានថ្នាំរក្សាគភ៌ទៅតាមបច្ចេកទេស និងបន្តប្រើប្រាស់ថ្នាំជាតិដែកបន្ថែម។ ផលវិបាក និងវិធីសាស្រ្តការពារ ចំណែក ផលវិបាកដែលអាចនឹងកើតមានចំពោះអ្នកជំងឺ បន្ទាប់ពីមានបញ្ហាគំរាមរលូតក៏អាចមានដូចជា៖ • ការរបកសុក • ការធ្លាក់ឈាមក្រោយសម្រាល • ការសល់កម្ទេចសុក • ស្បូនខ្សោយអាចឈានទៅរកការកាត់ស្បូនចោល • វិបត្តិអត់កូនទៅថ្ងៃក្រោយដោយសារការរំលូត • ទារកកើតមិនគ្រប់ខែ។ ចំពោះវិធីសាស្រ្តក្នុងការពារការគំរាមរលូតកូនគឺមិនមានវិធីសាស្រ្តការពារជាក់លាក់នៅឡើយទេ ប៉ុន្តែបងប្អូនអាចថែរក្សាគភ៌ដោយការសម្រាកគ្រប់គ្រាន់កាត់បន្ថយកិច្ចការធ្ងន់ និងការរួមភេទផងដែរ។ លោកស្រីវេជ្ជបណ្ឌិតក៏សូមផ្តាំផ្ញើដល់បងប្អូនស្រ្តីទាំងអស់ដែលមានគភ៌សូមមេត្តាទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ស្របតាមគោលនយោបាយនៃក្រសួងសុខាភិបាលពិសេស ២៥ខេត្តក្រុងទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយនូវហានិភ័យនៃបញ្ហាគំរាមរលូតកូនក៏ដូចជាការកាត់បន្ថយអត្រាមរណភាពមាតានិងទារកផងដែរ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តីនៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារក មាតា និងទារកដើរក៏ពិបាក អង្គុយក៏ពិបាក តើឲ្យស្រ្តីមានផ្ទៃពោះទៅហាត់ប្រាណយ៉ាងម៉េចរួច? តើការហាត់ប្រាណអាចជាបន្ទុកធ្ងន់ធ្ងរសម្រាប់ស្រ្តីមានផ្ទៃពោះ ឬយ៉ាងណា? តាមពិតទៅ ការឈឺចាប់ និងភាពរំខាននានាដូចជា ពិបាកគេង ហើមជើង ហើមពោះ ឬទល់លាមកក្នុងអំឡុងពេលពពោះសុទ្ធតែអាចសម្រួលបានតាមរយៈការធ្វើលំហាត់ប្រាណ។ ទន្ទឹមគ្នាផងដែរ លំហាត់ប្រាណក្នុងពេលពពោះក៏អាចជួយសម្រាលផ្លូវចិត្តរបស់ស្រ្តីកាត់បន្ថយភាពនឿយហត់ ចង្អោរ និងពន្លឿនសុខភាពម្តាយត្រឡប់មកវិញក្រោយពេលកើត។ យ៉ាងណាមិញ ការហាត់ប្រាណអាចមានច្រើនយ៉ាងតែស្រ្តីដែលកំពុងពពោះមានជម្រើសមួយចំនួនដែលនឹងអាចសាកល្បងតាមរយៈវិធីសាស្រ្តខាងក្រោម៖ យូហ្គា យូហ្គាជាប្រភេទលំហាត់ប្រាណមួយដែលជួយសម្រួលភាពរំខាននៅអំឡុងពេលមានផ្ទៃពោះ។ វាអាចជួយឲ្យស្រ្តីគេងលក់ស្រួល បន្ថយស្រេ្តស កាត់បន្ថយភាពភ័យខ្លាច និងកាត់បន្ថយអាការៈចាញ់កូនបានខ្លះៗផងដែរ។ លើសពីនេះទៀត យូហ្គាអាចធ្វើឲ្យលំហូរឈាមក្នុងរាងកាយរបស់ស្រ្តីមានលំនឹងល្អ ព្រមទាំងការពារពីការប្រឈមនឹងជំងឺផ្សេងៗមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងពង្រឹងសុខភាពសរសៃឈាមបេះដូង។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថាក្រោយពីការសម្រាលស្រ្តីតែងតែបាត់បង់នូវការមករដូវនោះការហាត់យូហ្គាអាចជួយទប់ស្កាត់ការកើតជំងឺពុកឆ្អឹងបានដោយបង្កើតដង់ស៊ីតេនៃសារធាតុរ៉ែសម្រាប់ឆ្អឹង និងជំរុញឲ្យខួរក្បាលក្មេងនៅក្នុងផ្ទៃមានការលូតលាស់។ ដូច្នេះស្រ្តីដែលមានផ្ទៃពោះក្នុងត្រីមាសទី១ គួរតែចំណាយពេលត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ៣ដងក្នុងមួយសប្តាហ៍ដើម្បីជួយសម្រួលដល់ការឈឺចាប់ពេលសម្រាល និងមានសុខភាពល្អ។ Pilates Pilates មិនមែនសំដៅតែលើការហាត់ឲ្យរាងស្រឡូនស្អាតតែមួយមុខនោះទេ តែវាក៏រួមចំណែកក្នុងការជួយរក្សារាងរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះបានផងដែរ។ ដោយហេតុថា វាសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ចិត្តដើម្បីគ្រប់គ្រងរាងកាយ និងផ្ដល់តុល្យភាពរវាងរាងកាយនិងចិត្តតាមរយៈការអភិវឌ្ឍទៅលើសាច់ដុំខាងក្នុងនៃរាងកាយ។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយនូវភាពតានតឹង ស្ត្រេស ជួយសម្រួលដល់ការគេង បំបាត់នូវភាពនឿយហត់ ជាពិសេសអាចការពារពីការកើតជំងឺក្នុងអំឡុងពេលមានផ្ទៃពោះដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺក្រឡាភ្លើងក្រោយពេលសម្រាល និងជួយកាត់បន្ថយការឈឺចាប់បានទៀតផង។ ដូច្នោះ មុនពេលសម្រាលអ្នកគួរតែចំណាយពេលមួយដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបាននូវសុខភាពល្អទាំងម្តាយ និងទារក។ ការដើរ ការដើរ ឬការធ្វើចលនាយឺតៗគឺជាលំហាត់ប្រាណមួយដ៏អស្ចារ្យសម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ វាជាលំហាត់ប្រាណបែបកម្សាន្ត ហើយមិនត្រូវការគម្រោងចាំបាច់ ឬឧបករណ៍អ្វីច្រើនឡើយ ដោយគ្រាន់តែមានស្បែកជើងមួយគូសម្រាប់ដើរជាការស្រេច។ ការដើរដែលមានលក្ខណៈយឺតៗអាចជួយដល់ចលនាឈាមរត់ កាត់បន្ថយការស្ទះសរសៃឈាមបេះដូង កាត់បន្ថយភាពតានតឹង ស្ត្រេស ព្យាបាលជំងឺទល់លាមកជាពិសេសជួយនូវការឈឺចាប់ពេលសម្រាលបានផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនបានដើរ ឬធ្វើចលនានោះទេ វានឹងធ្វើឲ្យអ្នកមានអាការៈមួយចំនួនដូចជា ស្ពឹកដៃជើង គេងមិនលក់ ឡើងទម្ងន់ ពិសេសអាចឲ្យអ្នកកើតជំងឺផ្សេងបានថែមទៀតផង។ ដោយឡែក ប្រសិនបើអ្នកមិនទាន់បានសាកល្បងនោះ អ្នកគួរតែចំណាយពេលដើរត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ៣ទៅ៥ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យអ្នកគេងលក់ស្រួល និងធ្វើឲ្យមានសុខភាពល្អទាំងម្តាយ ទាំងកូន។ ការលើកទម្ងន់ ជាលំហាត់ប្រាណដែលជួយឲ្យសាច់ដុំមានភាពល្អសម្រាប់ធ្វើការសម្រាល ជួយអ្នករក្សានូវទម្ងន់ដែលអ្នកចង់បានពិសេសជួយពង្រឹងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អ និងរឹងមាំផងដែរ។ អ្នកអាចធ្វើវាបាននៅផ្ទះ ឬនៅកន្លែងហាត់ប្រាណដែលមានគ្រូបង្វឹកត្រឹមត្រូវ ដោយចៀសវាងការធ្វើចលនាដែលប៉ះពាល់ដល់ក្បាលពោះ កុំលើកធ្ងន់ពេក ឬលើកក្នុងកាយវិការដេក ប៉ុន្តែអ្នកអាចធ្វើបានក្នុងកាយវិការអង្គុយ ឬឈរ។ ជាក់ស្តែង យោងតាមការសិក្សារបស់ The Journal Of Physical Activity And Health Reported បានឲ្យដឹងថាការបង្កើនកម្លាំងពីអាំងតង់ស៊ីតេទាបទៅកម្រិតមធ្យម ពីរដងក្នុងមួយសប្តាហ៍អាចធ្វើឲ្យការសម្រាលរបស់អ្នកមានសុវត្ថិភាពនិងការពារអ្នកពីជំងឺផ្សេងៗបានថែមទៀតផង។ ការហែលទឹក ចំពោះស្រ្តីដែលចេះហែលទឹកគួរតែបន្តការហែលទឹកនៅអំឡុងពេលមានផ្ទៃពោះ។ វាអាចជួយឲ្យចលនាដង្ហើមប្រព្រឹត្តទៅបានល្អប្រសើរ ចលនាបេះដូងដើរបានស្រួល ជួយដល់លំហូរឈាម បង្កើនភាពរឹងមាំនៃសាច់ដុំ កាត់បន្ថយការឈឺចាប់បានតិចតួចពេលសម្រាលព្រមទាំងជួយបន្ធូរសម្ពាធនៅក្នុងពោះបានខ្លះផងដែរ។ ជាក់ស្តែង ស្រ្តីគ្រាន់តែធ្វើលំហាត់ប្រាណបែបនេះត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ហើយអនុវត្ត ៣ ទៅ៥ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ស្រ្តីមានផ្ទៃពោះគួរចៀសវាងប្រភេទលំហាត់ប្រាណដែលខ្លាំងក្លា ឬប្រើប្រាស់កម្លាំងសាច់ដុំពោះដោយសារវាអាចមានហានិភ័យដល់ទារក និងម្ដាយ។ ចំណែកការជ្រើសរើសលំហាត់ប្រាណណាមួយខាងលើ ក៏គួរតែទទួលបានការអនុញ្ញាតពីសំណាក់គ្រូពេទ្យជំនាញផងដែរ ពីព្រោះសុខភាពរបស់ស្រ្តីពពោះអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារក