រលាកត្រចៀកខាងក្នុងទាំង៣ផ្នែក ខុសគ្នាយ៉ាងដូចម្តេចវិញ?
ត្រចៀកត្រូវបានគេប្រើប្រាស់សម្រាប់ការស្តាប់នូវសំឡេងដែលនៅជុំវិញខ្លួនហើយវាក៏មាននាទីក្នុងការរក្សាលំនឹងរបស់សារពាង្គកាយផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថាត្រចៀកផ្គុំឡើងយ៉ាងដូចម្តេចខ្លះ?
ជាទូទៅ ត្រចៀករបស់មនុស្សត្រូវបានគេចែកចេញជាបីតំបន់ គឺត្រចៀកក្រៅត្រចៀកកណ្តាល និងត្រចៀកក្នុងដែលគេហៅថា Labyrinth។ ត្រចៀកខាងក្នុងមានបីផ្នែកតូចៗទៀតគឺ Semicircular Canal រួមជាមួយ Vestibularដែលមាននាទីក្នុងការរក្សាលំនឹងរបស់យើង និង Cochlea មាននាទីធ្វើឲ្យយើងស្តាប់លឺសំឡេង។ ហេលស៍ថាម បានលើកយកប្រធានបទស្តីពីជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង)។
ក្នុងការធ្វើបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ។ បច្ចុប្បន្នលោកសាស្ត្រាចារ្យជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា។
តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា បានឲ្យដឹងថាជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុង។ ជំងឺនេះបណ្តាលមកពីមូលហេតុជាច្រើនតែមានបីមូលហេតុដែលគ្រូពេទ្យជួបញឹកញាប់ជាងគេគឺ៖
-ជំងឺរលាកត្រចៀកផ្នែកកណ្តាលរ៉ាំរ៉ៃឬហៅថាជំងឺអំបៅអំបែកដែលមានពីរប្រភេទគឺអំបៅអំបែកស្លូតនិងអំបៅអំបែកកាច
-មហារីកក្នុងរន្ធត្រចៀកឬមានដុំសាច់ក្នុងត្រចៀកខាងក្នុង
-ការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់ចរាចរណ៍ត្រង់ត្រចៀក
-ការវះកាត់ត្រចៀកដោយមិនប្រយ័ត្នធ្វើឲ្យធ្លាយដល់សម្បករបស់ត្រចៀកខាងក្នុង។
លោកសាស្ត្រាចារ្យបានបន្តថាជំងឺនេះមានស្តែងចេញនូវរោគសញ្ញាដូចជាវិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯងពោលគឺខាងដែលរលាក (Nyst-agmus) ចង្អោរ ក្អួតជាដើម។ ក្រៅពីនេះក៏មានសញ្ញាថយចុះនូវការស្តាប់ផងដែរប្រសិនបើការរលាកនេះរាលដាលដល់ Cochlea។ប៉ុន្តែករណីជំងឺនេះសិ្ថតក្នុងដំណាក់កាលធ្ងន់ធ្ងរវាអាចបណ្តាលឲ្យអ្នកជំងឺស្តាប់មិនលឺតែម្តង។
ជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ៖
-ការថត CT scan
-ការសង្កត់ទៅលើ Tragus (Put pressure ontragus) ដើម្បីឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍វិលមុខ និងភ្នែករេមកម្ខាងដោយឯកឯង។
-ការពិនិត្យតាម Siegel Speculum ដោយដាក់ឧបករណ៍នេះចូលក្នុងរន្ធត្រចៀកហើយសប់ខ្យល់ឲ្យសម្ពាធក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍ថាវិលមុខ ភ្នែកងាកទៅម្ខាងដោយឯក ឯង។
តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំងឺនេះមាន៣កម្រិតគឺ៖
១. Circumscribed labyrinthitis :
វាកើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង។ការរលាកក្នុងកម្រិតនេះគឺអាចព្យាបាលជាដោយធ្វើការវះកាត់និងប្រើជេលហ្វូមរួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯងនៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេហើយការរលាកនេះ នឹងជាសះស្បើយបន្តិចម្តងៗ។
២. Diffuses serous labyrinthitis:
ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ។ ការរលាកក្នុងកម្រិតនេះគឺពិបាកក្នុងការព្យាបាល។
៣. Diffuse suppurative labyrinthitis:
វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុងហើយបានសាយភាយទៅដល់ស្រោមខួររួចជាស្រេច។ ការព្យាបាលរលាកត្រចៀកខាងក្នុងកម្រិតនេះគឺមានការពិបាកនិងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតថែមទៀត។ ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ។ បន្ទាប់មកវានឹងបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។
ដើម្បីការពារមិនឲ្យកើតជំងឺរលាកត្រចៀកខាងក្នុងនេះកើតឡើងយើងត្រូវការពារមូលហេតុនៃជំងឺនេះ ពោលគឺ៖
-ការពារកុំឲ្យកើតជំងឺអំបៅអំបែកត្រចៀក
-ពាក់មួកសុវត្ថិភាពដើម្បីការពារកុំឲ្យប៉ះទង្គិចត្រង់ក្បាលជាពិសេសត្រចៀកដោយគ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងទៀតគ្រូពេទ្យវះកាត់ត្រង់ត្រចៀកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដល់ត្រចៀកខាងក្នុង។
ជាចុងក្រោយលោកសាស្ត្រាចារ្យក៏បានជូនជាមតិខ្លះផងដែរថា «សូមនិស្សិតទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីឲ្យមានជំនាញច្បាស់លាស់ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកុំឲ្យអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេសហើយក៏សូមគិតលើក្រមសីលធម៌វិជ្ជាជីវៈឲ្យច្បាស់លាស់។
មួយវិញទៀតចំពោះអ្នកជំងឺវិញសូមមកជួបគ្រូពេទ្យនៅពេលមានបញ្ហាភ្លាមៗសូមកុំទុកឲ្យជំងឺខកពេលក្នុងការព្ព្យាបាលព្រោះវាអាចបណ្តាលឲ្យបាត់បង់ជីវិតហើយសូមមកជួបគ្រូពេទ្យតាមជំនាញរបស់គាត់ដូចជាបើឈឺត្រង់ត្រចៀក ច្រមុះ បំពង់ក ត្រូវទៅរកគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ បំពង់ក តែបើមានបញ្ហារោគស្ត្រីត្រូវទៅជួបគ្រូពេទ្យរោគស្រ្តីវិញ»។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ