ត្រូវធ្វើយ៉ាងណាជាមួយផ្កាស្បូន?
ដុំពកតូចៗដែលច្រើនសង្កេតឃើញនៅលើផ្ទៃមុខរបស់អ្នកជាពិសេសគឺនៅជុំវិញភ្នែក និងត្របកភ្នែកតែងតែជាកង្វល់ និងភាពរំខានមួយរបស់មនុស្សជាច្រើនដោយសារវា មិនត្រឹមតែបន្ថយភាពស្រស់ស្អាតនៅលើផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ តែវាក៏មានរឿងពាក់ព័ន្ធមួយចំនួនដែលអ្នកមិនធ្លាប់បានដឹងផងដែរ។ ចង់ដឹងដែរឬទេថា ដុំពកតូចៗទាំងនេះកើតឡើងដោយសារអ្វី? តើអ្នកអាចបំបាត់វាបានដែរឬទេ?
ស្រាយចម្ងល់របស់អស់លោកអ្នកជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន អតីតនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ ជាមួយនឹងសញ្ញាប័ត្រជំនាញសើស្បែក និងកាមរោគពីប្រទេសថៃដែលក្រៅពីបម្រើការងារនៅគ្លីនិកជាតិសើស្បែកនិងកាមរោគបច្ចុប្បន្ន លោកក៏មានតួនាទីជាសាស្រ្តាចារ្យមួយរូបផងដែរ។
១. អ្វីជាជំងឺផ្កាស្បូន?
ផ្កាស្បូន ឬហៅថា Syringoma ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែកជាពិសេសគឺផ្ទៃមុខហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាសឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។
២. តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន?
ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថាDown syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។ ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះគឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេគ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។
៣. អ្នកណាខ្លះប្រឈមមុខនឹងការកើតមានផ្កាស្បូននេះ?
ការពិតផ្កាស្បូនអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វ័យតែម្តង ក៏ប៉ុន្តែគេសង្កេតឃើញថាវាកើតជាពិសេសទៅលើស្ត្រីជាងបុរស និងជាទូទៅ គឺកើតនៅពេលមនុស្សជិតពេញវ័យឬក៏នៅដំណាក់កាលពេញវ័យ ដោយវាទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូន។
៤. ការធ្វើរោគវិនិច្ឆ័យត្រូវធ្វើដូចម្តេច?
ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងតាមវិធីសាស្ត្រពីរ គឺរបៀបគ្លីនិកដែលជាការត្រួតពិនិត្យមើលផ្ទាល់នឹងភ្នែកទៅលើលក្ខណៈរបស់ដុំពកដោយផ្អែក លើលក្ខណៈចំណាំក្រោមរូបភាពជាគ្រាប់ពណ៌ដូចស្បែក ឬក៏ពណ៌លឿងដែលមានទំហំតូចៗហើយច្រើនកើតនៅតំបន់ជុំវិញភ្នែកឬក៏ត្របកភ្នែក។ ឯវិធីសាស្ត្រមួយទៀតគឺប៉ារ៉ាគ្លីនិកដែលផ្អែកទៅលើការយកស្បែកទៅវិភាគ (ជាលិកាសាស្ត្រ)ដើម្បីអាចបញ្ជាក់បន្ថែមថាវាពិតជាជំងឺផ្កាស្បូន ដោយសារការលេចឡើងនូវភាពមិនធម្មតានៃ ក្រពេញញើស។
៥. ផ្កាស្បូនត្រូវព្យាបាលតាមរបៀបណា?
មានវិធីមួយចំនួនក្នុងការព្យាបាលជំងឺផ្កាស្បូនដែលទីមួយគឺ ការវះកាត់ ដើម្បីយកដុំតូចៗនោះចេញ។ វិធីទីពីរគឺ Cauterisation ដែលជាការដុតបំបាត់ដុំពកនោះ ឬធ្វើការព្យាបាលដែលពេញនិយមដោយកាំរស្មីឡាស៊ែរដោយប្រើប្រាស់នូវចរន្តភ្លើងដូចគ្នា។ ក្រៅពីនោះក៏អាចធ្វើការព្យាបាលតាមរយៈ Dermabrasion ដែលជាវិធីសាស្ត្រ ក្នុងការខាត់ជម្រុះដុំពកៗនោះតែម្តង។ សូមបញ្ជាក់ផងដែរថា ការព្យាបាលតាមវិធីខាងលើទាមទារនូវពេលវេលាមួយសមរម្យ និងតម្រូវឲ្យធ្វើច្រើនដង ម្យ៉ាងទៀត ការព្យាបាលទៀតសោតក៏អាចបន្សល់នូវសម្លាកឬផ្លែ និងអាចមានការលាប់ឡើងវិញផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនទទួលការព្យាបាល ត្រឹមត្រូវជាពិសេសគឺការញេចដោយខ្លួនឯងអាចបណ្តាលឲ្យមានផលវិបាកជាច្រើនដូចជាធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ រីករាលដាលច្រើន ឬកើតជាបញ្ហាផ្សេងៗទៀតជាបន្តបន្ទាប់។ ដូចនេះ អ្នកជំងឺដែលមានបញ្ហានេះត្រូវណែនាំឲ្យចៀសវាងការញេចកេះ និងអេះជាដាច់ខាត។
៦. មានវិធីអ្វីអាចការពារកុំឲ្យកើតមានជំងឺផ្កាស្បូន?
ក្នុងករណីដែលជំងឺមានទាក់ទងនឹងបញ្ហាតំណពូជនោះការការពារមានការពិបាកខ្លាំង។ ទោះយ៉ាងណាក៏ដោយមានវិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្ការផ្កាស្បូនបានរួមមានការសម្អាតស្បែកឲ្យបានស្អាតជារៀងរាល់ថ្ងៃ ចៀសវាងការរលាកផ្សេងៗជាពិសេសគឺការរលាកដោយសារកម្តៅថ្ងៃ ចៀសវាងការពិសាស្រា បារី និងគួរត្រួតពិនិត្យ តាមដានកម្រិតជាតិស្ករនៅក្នុងខ្លួនជាប្រចាំដោយសារវាអាចពាក់ព័ន្ធនឹងការកើតជំងឺទឹកនោមផ្អែមដែលជាកត្តាជម្រុញមួយនៃជំងឺផ្កាស្បូន កាត់បន្ថយការហូបប្រៃ កុំប្រឈម ឬនៅកៀកទៅនឹងបរិយាកាសដែលមានជាតិពុលឬជាតិគីមីច្រើនព្រោះវាអាចជាមូលហេតុនៃការកើតជំងឺផ្កាស្បូននៅថ្ងៃក្រោយ។
“ប្រសិនបើអ្នកមានបញ្ហាស្បែក ឬក៏មានរោគសញ្ញាណាមួយនៅលើស្បែកគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសើស្បែកឲ្យបានឆាប់រហ័ស និងសូមរំលឹកម្តងទៀតថាអ្នកជំងឺទាំងអស់ គប្បីចៀសវាងការញេច និងកេះផ្តេសផ្តាសដោយខ្លួនឯង ក៏ដូចជាប្រើប្រាស់ផលិតផលផ្សេងៗដែលគ្មានការជឿទុកចិត្តច្បាស់លាស់ដែលទាំងនេះជាករណីដែលតែងជួបប្រទះជាញឹកញាប់ ហើយវាអាចឲ្យលោកអ្នកប្រឈមមុខនឹងហានិភ័យនៃការរលាកស្បែកក៏ដូចជាធ្វើឲ្យមានជំងឺផ្កាស្បូននេះកើតឡើងផងដែរ” នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទថន៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ