អ្វីខ្លះជាកត្តាប្រឈមក្រោយអស់រដូវ?
វដ្តរដូវជាអ្វីដែលមិត្តស្រ្តីគ្រប់រូបមិនអាចចៀសបាន ហើយស្រ្តីខ្លះក៏ត្រូវជួបប្រទះនឹងអាការៈមួយចំនួនដែលមានការរំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ។ ក្រោយពីឆ្លងកាត់នូវដំណាក់កាលមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ ពួកគេក៏ត្រូវឈានចូលដល់វ័យអស់រដូវ ដែលជាវ័យមួយស្រ្តីអាចប្រឈមនឹងជំងឺមួយចំនួន ។ ហេលស៍ថាមបានធ្វើបទសម្ភាសន៍ជាមួយលោកសាស្រ្តាចារ្យ ប៉ូ ជិនសាមុត ជាសាស្រ្តាចារ្យផ្នែកសម្ភព និងរោគស្រ្ដីនៅសាកលវិទ្យល័យសុខាភិបាលភ្នំពេញ និងជាគ្រូបង្គោលនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកភ្នំពេញសម្រាប់សិក្ខាកាមតាមបណ្ដាខេត្តក្នុងវគ្គវិក្រិតការផ្សេងៗ។ គួរបញ្ជាក់ផងដែរថាលោកជាអតីតនិស្សិតនៅមហាវិទ្យាល័យវេជ្ជសាស្រ្តឱសថសាស្ត្រនិងទន្តវទនសាស្រ្ត និងធ្លាប់បម្រើការនៅមន្ទីរពេទ្យ២ធ្នូ និងមន្ទីរពេទ្យ៧មករា ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនប្រទេសហ្វីលីពីនប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង។
ជាទូទៅ «ជំងឺក្រោយអស់រដូវ»ជាជំងឺទាំងឡាយណាដែលកើតមានក្រោយពីការបញ្ឈប់ជាអចិន្ត្រៃយ៍នៃមុខងាររបស់អូវែនៃស្រ្តីតាមធម្មជាតិ(WHO1996) ដែលគេអាចកត់សម្គាល់បាន លុះត្រាតែអំឡុងពេល១២ខែ ដែលស្រ្តីគ្មានមករដូវសោះ(ជាធម្មតា ស្រី្តអស់រដូវនៅជុំវិញអាយុ៤៥-៥៥ឆ្នាំ)។ គេថាស្រី្តម្នាក់អស់រដូវឆាប់ នៅពេលស្រ្តីនោះអស់រដូវមុនអាយុ៤០ឆ្នាំ។ ស្រ្តីទាំងឡាយក្រោយពីអស់រដូវ ពួកគេតែងតែប្រឈមនឹងជំងឺមួយចំនួនដូចជា៖
១. ជំងឺទាក់ទងនឹងការរីករួមរបស់សរសៃឈាមមាន៖ ការភាយកម្ដៅ ដែលវាចាប់ផ្ដើមភ្លាមៗសព្វពេញខ្លួនរហូតទៅដល់ផ្ទៃមុខ រួចបន្តដោយការបែកញើសយ៉ាងខ្លាំងជាពិសេសនៅពេលយប់ (ហេតុការណ៍នេះអាចកើតមានមួយភ្លែតៗហើយបាត់ទៅវិញតែអាចមានច្រើនដង)។
២. ជំងឺទាក់ទងនឹងប្រដាប់បន្តពូជ៖ ភាពរួញស្វិត និងស្ងួតនៃទ្វារមាស និងភាពពិបាកនោម។
៣. ជំងឺផ្សេងៗដែលបណ្ដាលមកពីការបញ្ឈប់ការបញ្ចេញអឺស្រ្តូសែន៖ មានភាពរសឹបៗដូចស្រមោចវារលើស្បែក ឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ឈឺក្បាលវិលមុខ ពិបាកសម្រាន្ត ហត់ៗ ឆាប់ខឹង មួម៉ៅ និងជួនកាលអស់ជំនឿលើខ្លួនឯង ។ល។
៤. មានជំងឺដទៃទៀតដែលអាចកើតមានបន្ទាប់ពីអស់រដូវក្នុងរយៈពេលវែងដូចជា៖ ជំងឺពុកឆ្អឹង ជំងឺបេះដូង និងសរសៃឈាម។ ជំងឺដែលសម្បូរជួបជាងគេ គឺការភាយកម្តៅ និងបែកញើសពេលយប់។ ចំពោះស្រ្ដីដែលអស់រដូវយូរ ស្រ្តីច្រើនកើតជំងឺពុកឆ្អឹង ជំងឺបេះដូង និងសរសៃឈាម។ ជំងឺទាំងអស់នេះសុទ្ធតែកើតឡើងដោយសារការបាត់បង់ទាំងស្រុងនូវការផ្ដល់អឺស្រ្តូសែន និងប្រូសេសស្តេរ៉ូន ដែលក្នុងនោះអឺស្រ្តូសែនមានតួនាទីខ្លាំងជាងគេ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទាំងនោះ ស្រ្តីត្រូវ៖
+ ចំពោះការឡើងភាយកម្តៅ និង បែកញើសពេលយប់ ៖
- ស្លៀកសម្លៀកបំពាក់ស្ដើងៗធ្វើអំពីអំបោះ
- ញ៉ាំទឹក ភេសជ្ជៈ ឬអាហារត្រជាក់ៗ
- បន្ថយការជក់បារី កាហ្វេ ស្រា
- បើអាច ធ្វើបន្ទប់ឲ្យត្រជាក់ និងមានផាសុកភាព
- បន្ថយអាការៈស្រេ្តស ធ្វើចលនា ធ្វើការងារធម្មតា ឬហាត់កីឡាឲ្យបានជាប្រចាំយ៉ាងហោចណាស់ឲ្យបាន១៥០នាទីក្នុងមួយសប្ដាហ៍
- បន្ថយ ឬបញ្ចុះទម្ងន់
+ ចំពោះជំងឺពុកឆ្អឹង ៖
- ប្រយ័ត្នកុំឲ្យដួល បុកទង្គិច ឬរអិល ព្រោះវាបណ្ដាលឲ្យបាក់ឆ្អឹង
- ឲ្យស្រ្តីឧស្សាហ៍ត្រូវកម្តៅថ្ងៃ ពិសេសនៅពេលព្រឹក ពេលថ្ងៃចាប់ផ្ដើមរះ
- ប្រើប្រាស់ចំណីអាហារបន្ថែមដែលមានជាតិកាល់ស្យូម និងវីតាមីនដេពេញមួយជីវិត បន្ទាប់ពីអស់រដូវភ្លាម (Calcium 1500mg + Vitamine D 800U.I each day)
- ធ្វើលំហាត់សាច់ដុំ ហាត់ប្រាណ ដើម្បីឲ្យឆ្អឹងរឹងមាំល្អ
- ឧស្សាហ៍ពិនិត្យមើលកំហាប់ឆ្អឹង
+ ចំពោះជំងឺបេះដូង និងសរសៃឈាម ៖
- បញ្ឈប់ការជក់បារី ប្រសិនបើចេះជក់
- រក្សាទម្ងន់រាងកាយឲ្យបានថេរ
- ធ្វើឲ្យមានតុល្យភាពនៃការទទួលទានអាហារ មានន័យថាបន្ថយអាហារដែលមានជាតិខ្លាញ់ច្រើនបន្ថយពពួកសាច់ក្រហម បន្ថយការទទួលទានស្រា និងអាហារដែលមានរសជាតិផ្អែមពេក ឬប្រៃពេក។ ជំនួសដោយអាហារដែលជាបន្លែ ផ្លែឈើ និងត្រី។
- ហាត់កីឡា ឬធ្វើចលនា យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ
- បន្ថយអាការៈស្ដ្រេស។
ក្រៅពីវិធីសាស្រ្តការពារ ស្រ្តីគួរមានវិធីថែទាំសុខភាពក្រោយអស់រដូវដូចជា៖
- ទទួលទានអាហារដែលមានបន្លែ ផ្លែឈើ ត្រី និងសាច់មិនសូវមានខ្លាញ់។
- ឧស្សាហ៍ញ៉ាំទឹកដោះគោ ឬផលិតផលដែលផលិតពីទឹកដោះគោ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម។ ចៀសវាងការញ៉ាំសុរាព្រោះការបន្ថយ ការញ៉ាំសុរាអាចចៀសផុតគ្រោះនៃការបាត់បង់កាល់ស្យូម។
- គួរឈប់ជក់បារី ព្រោះវាបង្កឲ្យមានជំងឺបេះដូង និងសរសៃឈាម ហើយស្រ្ដីជក់បារីងាយនឹងឆាប់អស់រដូវមុនអាយុកំណត់
- ឧស្សាហ៍ទទួលទានពួកសណ្ដែកសៀង ព្រោះវាសម្បូរ Isoflavane ដែលស្រដៀងនឹងអ័រម៉ូនស្រ្ដី។
សូមជម្រាបដល់ស្រី្តទាំងអស់ថា គ្រប់ស្ដ្រីត្រូវតែឆ្លងកាត់ដំណាក់កាលនេះទោះជាស្រ្តីនោះជានរណាក៏ដោយ។ ស្រ្តីទាំងអស់គួរត្រៀមខ្លួនជាស្រេចពេលឈានចូលវ័យ៤៥ឆ្នាំឡើងទៅ ព្រោះថាយើងម្នាក់ៗចេះតែរង់ចាំពេលវេលាថាឆ្នាំនេះ ឬឆ្នាំក្រោយ សឹមត្រៀមខ្លួន តែពេលវេលាមិនរង់ចាំនរណាម្នាក់នោះទេ។មានមធ្យោបាយ២យ៉ាងក្នុងការថែទាំ និងព្យាបាលស្រ្តី គឺអ័រម៉ូនជំនួស និងការព្យាបាលដោយមិនប្រើអ័រម៉ូន។ មធ្យោបាយទាំង២នេះធ្វើឲ្យមានភាពប្រសើរ ចំពោះគុណភាពនៃជីវិតរបស់ស្រ្ដី។
ការព្យាបាលដោយអ័រម៉ូនជំនួសមិនមែនសម្រាប់អនុវត្តដល់គ្រប់ស្ដ្រីនោះទេ ហើយវាក៏មិនមែនជាមធ្យោបាយសម្រាប់ការពារការអស់រដូវដែរ។ វាប្រើសម្រាប់ស្រ្តីដែលអស់រដូវហើយមានបញ្ហាហើយគុណភាពនៃជីវិតក៏មានភាពទ្រុឌទ្រោមខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាជាមួយគ្រូពេទ្យជំនាញជាការចាំបាច់ដែលលោកអ្នកមិនអាចរំលងបាន។