ការងូតទឹកឲ្យទារកគឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយធ្វើឲ្យឳពុកម្តាយព្រមទាំងកូនមានពេលវេលានៅជាមួយគ្នា និងរឹតបន្តឹងចំណងនៃក្តីស្រឡាញ់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការងូតទឹកឲ្យកូនតូច តម្រូវឲ្យមានការប្រុងប្រយ័ត្នជាមុនឲ្យបានច្រើនដែរ។ ខាងក្រោមនេះជាការប្រុងប្រយ័ត្នមួយចំនួនដែលអ្នកគួរអនុវត្តនៅពេលងូតទឹកឲ្យកូនតូចជាទីស្រឡាញ់របស់អ្នក៖
• កំណត់បរិមាណទឹកឲ្យបានត្រឹមត្រូវ កុំឲ្យច្រើនពេក ឬមិនត្រូវលើសពី២ឬ៣អ៊ីញ នៅក្នុងអាងងូតទឹកសម្រាប់ទារករបស់អ្នកទេ។
• មិនត្រូវទុកកូនតូចរបស់អ្នកឲ្យនៅម្នាក់ឯងក្នុងទឹកឡើយ សូម្បីតែរយៈពេលខ្លី ទោះជាពេលអ្នកលើកទូរស័ព្ទ ឬទៅបិតចង្ក្រានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹកដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹករុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយអ្នក។ ហើយនៅពេលដែលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនឲ្យគាត់នៅពេលងូតទឹករួច។
• អ្នកត្រូវប្រាកដថាទឹកមានសភាពក្តៅឧណ្ហៗល្មម ក្នុងកម្រិត៣៧ ទៅ៣៨អង្សា មិនក្តៅខ្លាំងពេក ព្រោះស្បែកទារកមានសភាពស្តើងជាងស្បែកយើងធម្មតា ហើយវាងាយនឹងមានប្រតិកម្មទៅនឹងកម្តៅខ្លាំង អាចរលាក និងក្រហម។ ប្រសិនបើអ្នកមិនប្រាកដអំពីសីតុណ្ហភាពដែលមានសុវត្ថិភាពអ្នកអាចប្រើឧណ្ហមាត្រ (ប្រដាប់ស្ទង់កម្តៅ) ដែលលោកអ្នកអាចរកទិញបាននៅតាមហាងលក់ផលិតផលថែទាំទារក ឬនៅឱសថស្ថាននៅជិតផ្ទះអ្នក។ ឧបករណ៍ដ៏សាមញនេះ គឺធ្វើការផ្លាស់
ប្តូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្តៅថាមានសុវត្ថិភាពឬអត់។
• សូមប្រើអាងងូតទឹកប្រភេទជ័រ ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក ដែលអាចសម្គាល់បានដោយ មានច្រកតូចល្មមទំហំចាប់ពី ៦.៥អ៊ីងឡើងទៅ។ ទំហំច្រកនេះបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ក្បាលកូនតូចរបស់អ្នក រក្សាឲ្យផុតពីទឹកពេលកំពុងងូត។
• ប្រើសាប៊ូដែលមានកម្រិតស្រាល ព្រោះវាផ្តល់នូវលក្ខណៈល្អប្រសើរសម្រាប់ស្បែកទារកក្នុងអំឡុងពេលមួយឆ្នាំដំបូងឬច្រើនជាងនេះ (ចាំថាដុំសាប៊ូពណ៌សមិនមែនជាប្រភេទសាប៊ូដុសខ្លួនទារកដែលស្រាលនោះទេ)។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនមានបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូNeutrogena។ ប្រើសាប៊ូក្នុងបរិមាណតិចរួមជាមួយនឹងការត្រដុសថ្នមៗ។
• គប្បីជ្រើសរើសសាប៊ូកក់សក់សម្រាប់ទារក ចៀសដាច់ខាតប្រើរួមជាមួយមនុស្សធំ ព្រោះផលិតផលសម្រាប់មនុស្សធំមានសារធាតុកាត់ខ្លាំង ថែមទាំងអាចធ្វើឲ្យក្រហាយភ្នែកទារកទៀតផង។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ការនិយមពិសាតែបៃតងសម្រាប់ប្រជាជនលើពិភពលោក មិនមែនកើតឡើងដោយគ្មានមូលហេតុ ឬគ្រាន់តែដោយសាររសជាតិ និងក្លិនរបស់វានោះឡើយ។ តម្លៃរបស់តែបៃតងគឺផ្តើមចេញតាំងពីសារធាតុសំខាន់ៗប្រកបដោយគុណប្រយោជន៍ដ៏លើសលុប ក៏ដូចជាសកម្មភាពជាច្រើនដែលអំណោយផលដល់សុខភាព និងការរស់នៅ ហេតុដូចនេះហើយ តែបៃតងមិនដែលត្រូវបានអ្នកស្រាវជ្រាវបោះបង់ចោលឡើយក្នុងកិច្ចការស្រាវជ្រាវជាបន្តបន្ទាប់។ ការសិក្សាថ្មីៗមួយបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់តែបៃតងក្នុងការគ្រប់គ្រងការឆ្លងនៃវីរុសដែលកំពុងរាតត្បាតទូទាំងសកលលោកគឺ Coronavirus ដោយរំពឹងទុកថានឹងមានការបង្ហាញនូវលទ្ធផលជាវិជ្ជមានតាមរយៈសកម្មភាពក្នុងការប្រឆាំងនឹងវីរុសរបស់វា។ រីឯវិទ្យាស្ថានស្រាវជ្រាវអំពីតែ ឬ UPASI ក៏បានធ្វើការស្រាវជ្រាវពីលទ្ធភាពក្នុងការប្រឆាំងនឹងវីរុសរបស់ Theaflavins-3 និង Catechin ដែលជាសារធាតុសម្បូរនៅក្នុងតែបៃតងដើម្បីគ្រប់គ្រង Coronavirus ដូចគ្នាផងដែរ។ យោងតាមសិក្សាមួយទៀតពីប្រទេសជប៉ុន ក្រោមកិច្ចសហការរវាង ITO EN និងសាស្ត្រាចារ្យ Hiroshi Yamada បានបង្ហាញថា Catechin ដែលសម្បូរក្នុងតែបៃតង មានសកម្មភាពប្រឆាំងនឹងវីរុសផ្តាសាយ Influenza តាមរយៈកាប្រើប្រាស់វាក្នុងទម្រង់ជាទឹកសម្រាប់ខ្ពុលមាត់ និងសម្រាប់ទទួលទាន។ ការស្រាវជ្រាវក៏បន្តលើសារធាតុម្យ៉ាងទៀតដែលសម្បូរផងដែរក្នុងតែបៃតងគឺ Strictinin ដោយវាត្រូវបានរំពឹងទុកថាមានសកម្មភាពប្រឆាំងនឺងប្រតិកម្មអាល្លែក្ស៊ី។ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រុមអ្នកស្រាវជ្រាវដដែលក៏បានទទួលស្គាល់ផងដែរថា ការទទួលទានតែបៃតងជាប្រចាំ អាចការពារការកើតមាននូវជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់បានទៀតផង។ សរុបមកវិញ ការសិក្សាពីប្រភពផ្សេងគ្នាជាច្រើនកន្លងមកនេះបានធ្វើការសរុបពីអំណោយផលវិជ្ជមានយ៉ាងសន្ធឹកចំពោះសុខភាពរបស់តែបៃតងដែលសំខាន់ៗរួមមានដូចជា ប្រឆាំងនឹងកោសិកាមហារីក វីរុសផ្តាសាយ ជំនួយសុខភាពបេះដូង បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ត្រូក ជំនួយមុខងារខួរក្បាល និងការចងចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពារបញ្ហារាក់ស៊ីធ្មេញ ស្ត្រេស អាការៈអស់កម្លាំងរ៉ាំរ៉ៃ បញ្ហាជំងឺសើស្បែក និងសម្រួលអាការៈឈឺសន្លាក់។ ទោះយ៉ាងណាក៏ដោយ បើយោងតាម ITO EN បរិមាណនៃសារធាតុសំខាន់ៗនៅក្នុងតែបៃតងមួយចំនួន អាចមានការប្រែប្រួលទៅតាមប្រភេទនៃស្លឹកតែ ការចម្រាញ់ដោយកម្តៅ និងពេលវេលាចម្រាញ់ផងដែរ ដូចនេះការជ្រើសរើសផលិតផលតែបៃតង គួរត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសផុតពីផលិតផលដែលអាចមានផ្ទុក fluoride ក្នុងបរិមាណលើសលុប។ សម្រាប់ Oi-Ocha ដែលត្រូវបានស្គាល់ថាជាម៉ាកផលិតផលតែបៃតងរបស់ ITO EN ចំណាត់ថ្នាក់លេខ១នៅប្រទេសជប៉ុនជាង ៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវទទួលការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារការសម្រិតសម្រាងនៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ផ្តើមតាំងពីការជ្រើសរើសស្លឹកតែ បច្ចេកទេសប្រមូលផល បច្ចេកទេសរំលីង រហូតដល់ការគ្រប់គ្រងគុណភាពក្រោមប្រព័ន្ធស្តង់ដាអន្តរជាតិ ISO9001 ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពក្នុងការប្រើប្រាស់ចំពោះមនុស្សទូទៅរួមទាំងក្មេង និងមនុស្សចាស់។ ស្វែងយល់បន្ថែមអំពី៖ ITO EN Daishin ស្វែងរក Oi-Ocha៖ Online store Store
គន្លឹះសុខភាពនៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និងការរើសអើងនៃអ្នកកែភេទ និងបុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នកដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិងការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេនៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និងការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។ ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/ សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus
គន្លឹះសុខភាព ព្រឹត្តិការណ៍ និងព័ត៌មាន ព្រឹត្តិការណ៍ផ្សេងៗការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិនបានពរពោះដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើវិធីសាស្រ្តពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។ ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017) សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus
គន្លឹះសុខភាព ព្រឹត្តិការណ៍ផ្សេងៗអ្នកណាខ្លះ ដែលតែងធ្វេសប្រហែសក្នុងការញ៉ាំអាហារពេលព្រឹក? មានមនុស្សមិនតិចនោះទេ ដែលជ្រើសរើសអាហារមិនស័កិ្តសមដូចជានំបុ័ង ឬអាហារក្រៀមក្រោះដទៃទៀតសម្រាប់ជាអាហារពេលព្រឹកប្រចាំថ្ងៃ។ ពិតណាស់អាហារប្រភេទទាំងនោះអាចបង្កលក្ខណៈងាយស្រួលនិងរហ័សក្នុងការរកទិញថែមទាំងចំណេញពេលបានច្រើនក្នុងការញ៉ាំ ប៉ុន្តែអ្នកមិនដឹងទេថាវាអាចប៉ះពាល់នូវមុខងារក្រពះពោះវៀនរបស់អ្នកនៅរយៈពេលណាមួយ។ ដូច្នេះអ្នកគួរកាត់បន្ថយ និងផ្លាស់ប្ដូរទម្លាប់ទាំងអស់នោះហើយងាកមកចាប់ផ្ដើមរបបអាហារពេលព្រឹកផ្សេងទៀត ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជាឱសថបំប៉នដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកទៀតផង។ ១. ត្រីសាម៉ុង ត្រីសាម៉ុងគឺជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ដែលជាថ្នាំធម្មជាតិប្រឆាំងនឹងការរលាកប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រមទាំងអាចជួយព្យាបាលអាការៈហើមពោះ និងឈឺពោះបានផងដែរ។ ការសិក្សាខ្លះបានរកឃើញផងដែរថាអាស៊ីតអូមេហ្គា-៣ នៅក្នុងត្រីសាម៉ុងពិតជាមានប្រយោជន៍សម្រាប់ការពារមហារីកពោះវៀនធំ។ ជាក់ស្ដែង ការទទួលទានត្រីសាម៉ុងនៅពេលព្រឹក វាពិតជាផ្តល់គុណប្រយោជន៍បំផុតចំពោះការធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារបង្កើនថាមពលក្នុងរាងកាយ លើកកម្ពស់ការសម្រកទម្ងន់ ពិសេសជួយរក្សាលំនឹងកម្រិតជាតិស្ករនៅក្នុងឈាមព្រោះវាមានផ្ទុកនូវជាតិប្រូតេអុីនខ្ពស់។ ២. យ៉ាអ៊ួ យ៉ាអ៊ួដែលគ្មានរសជាតិផ្លែឈើ និងគ្មានលាយទៅដោយសារធាតុពណ៌ ជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទាន ជាពិសេសសម្រាប់ជាអាហារពេលព្រឹករបស់អ្នក។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានជីវជាតិជាច្រើនដែលជួយបង្កើនការរំលាយអាហារបានយ៉ាងល្អ។ ដោយហេតុថាយ៉ាអ៊ួមានផ្ទុកនូវប្រូតេអុីន កាល់ស្យូម និងឡាក់តូស(Lactose) ពិសេសសម្បូរទៅដោយប្រូប៊ីយ៉ូទិក (Probiotics) ដែលជួយធ្វើឲ្យប្រសើរឡើងនូវមុខងារប្រព័ន្ធរំលាយអាហារ ជួយថែរក្សាសរីរាង្គរបស់ពោះវៀនឲ្យមានសុខភាពល្អ និងកាត់បន្ថយអាការៈហើមពោះ ទល់លាមក និងរាកជាដើម។ ៣. ផ្លែប៉ោម ផ្លែប៉ោមមិនត្រឹមតែជួយសម្រស់ឲ្យនៅក្មេងជាងវ័យនោះទេ ប៉ុន្តែវាក៏អាចជួយការពារកោសិកាពោះវៀនពីបញ្ហារំខាននានាផងដែរ។ ផ្លែប៉ោមជាប្រភេទផ្លែឈើសម្បូរទៅដោយសារជាតិ Pectin ដែលជាជាតិសរសៃរលាយជួយបង្កើនការរំលាយអាហារនៅក្នុងពោះវៀនតូច បង្កើនការធ្វើចលនារបស់ពោះវៀន ពិសេសជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងពោះវៀននិងព្យាបាលអាការៈទល់លាមកបានថែមទៀតផង។ ៤. ផ្លែល្ហុងទុំ ផ្លែល្ហុង ជាផ្លែឈើធម្មជាតិដែលសម្បូរ និងងាយស្រួលក្នុងការរកទិញនៅលើទីផ្សារ។ ជាក់ស្តែងការចាប់ផ្តើមអាហារពេលព្រឹកជាមួយផ្លែល្ហុងពិតជាពិសេសណាស់ ដោយសារផ្លែល្ហុងមានផ្ទុកនូវជាតិអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលជាអង់ស៊ីមជួយបង្កើនមុខងាររំលាយអាហារ និងបន្ថយហានិភ័យនៃការរលាកពោះវៀនធំដូចជា អាការៈទល់លាមក និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយសម្រកទម្ងន់ ព្រមទាំងថែរក្សារាងនិងសម្រស់របស់លោកអ្នកឲ្យនៅស្អាតក្មេងជាងវ័យបានដែរ។ ៥. ផ្លែម្នាស់ បន្ថែមពីអត្ថប្រយោជន៍ដែលស្រដៀងគ្នាទៅនឹងផ្លែល្ហុង ផ្លែម្នាស់ក៏មាននូវប្រភេទអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលមានមុខងារពិសេសក្នុងការបំបែកជាតិប្រូតេអុីន។ ការញ៉ាំទឹកម្នាស់ ត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយការរលាកផ្លូវរំលាយអាហារ នេះបើយោងតាមការសិក្សាដែលធ្វើឡើងទៅលើសត្វកណ្តុរ។ បន្ថែមពីនោះ ផ្លែម្នាស់ ត្រូវបានចាត់ទុកជាឱសថធម្មជាតិមួយក្នុងការសម្អាតពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀននិងធានាបានសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានល្អពេញមួយថ្ងៃ។ ៦. ផ្លែចេក ពេលវេលាល្អបំផុតសម្រាប់ការបរិភោគផ្លែចេកគឺនៅពេលព្រឹក ព្រោះផ្លែចេកអាចជួយការពារអាការៈចុកដើមទ្រូង ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងអាចឲ្យអ្នកមានកម្លាំងល្អសម្រាប់ការប្រកបកិច្ចការងាររហូតបានពេញមួយថ្ងៃ។ ដោយហេតុថាផ្លែចេកមានផ្ទុកសមាសធាតុដែលត្រូវបានគេស្គាល់ថាជា Protease ដែលជួយលុបបំបាត់បាក់តេរីដែលបង្កគ្រោះថ្នាក់ដូចជា H. pylori ដែលជាដើមចមបណ្តាលឲ្យរលាកស្រទាប់ក្រពះបាន។ ៧. បន្លែបៃតងចាស់ បន្លែបែតង ជាប្រភពដ៏ល្អឥតខ្ចោះនៃជាតិសរសៃដែលមិនរលាយ។ ជាតិសរសៃបែបនេះ និងសារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងបន្លែអាចជួយសម្រួលនូវដំណើរការបញ្ចេញកាកសំណល់ពីពោះវៀនរបស់អ្នក កាត់បន្ថយអាការៈទល់លាមកតាមរយៈការបង្កើនការកន្រ្តាក់នៃផ្លូវក្រពះពោះវៀន។ ជាក់ស្ដែង បន្លែពណ៌បៃតងចាស់ដែលអ្នកបរិភោគបាន អាចមានដូចជា ស្ពៃបៃតង ប្រូខូលី និងប្រភេទស្លឹកដែលមានពណ៌បៃតងជាច្រើនទៀត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាព គន្លឹះសុខភាព គន្លឹះសុខភាពតើកាហ្វេជាភេសជ្ជៈដែលអ្នកចូលចិត្តមែនឬ? បើមែនមានដំណឹងល្អសម្រាប់អ្នក។ ដោយហេតុថាកាហ្វេមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយអាចជួយបង្កើនសុខភាព ពិសេសសុខភាពរបស់កោសិកាថ្លើម និងបន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៦ របស់កាហ្វេដែលត្រូវបានបញ្ជាក់នៅក្នុងការសិក្សាខាងក្រោម៖ 1. អត្ថប្រយោជន៍ទៅលើសុខភាពរបស់ថ្លើម ថ្លើមគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលនាំមកនូវមុខងារសំខាន់រាប់រយនៅក្នុងខ្លួន។ យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេគឺល្អប្រសើរចំពោះសុខភាពថ្លើម ដោយហេតុថាកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួនពាក់ព័ន្ធនឹងថ្លើមដូចជាជំងឺមហារីកថ្លើម ជំងឺក្រិនថ្លើម ពិសេសទៀតនោះវាជួយទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើមបានផងដែរ។ បើយោងតាមការសិក្សារបស់អាមេរិកទៅលើប្រជាជន ១ ភាគ៣នៃប្រជាជនទាំងអស់ បានបង្ហាញថាកាហ្វេអាចជួយកាត់បន្ថយជំងឺខ្លាញ់រុំថ្លើម និងខួរក្បាលដល់ទៅ ៤៤ភាគរយឯណោះ។ ដូច្នោះដើម្បីទទួលបានសុខភាពថ្លើមឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។ 2. ជួយបង្ការពីជំងឺវង្វេង ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថាសមាសធាតុកាហ្វេអុីនដែលមានក្នុងកាហ្វេអាចជួយបង្កើតអង់ស៊ីមម៉្យាងដែលជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានការសិក្សាមួយកាលពីឆ្នាំ២០១៦ បានធ្វើទៅលើស្រ្តីជាង ៦ពាន់នាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅដោយសបញ្ជាក់ថា ការទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺភ្លេចភ្លាំងបានដល់ទៅ ៣៦ភាគរយ។ ដូច្នោះដើម្បីទទួលបានផលប្រយោជន៍ពីកាហ្វេអ្នកត្រូវទទួលទានកាហ្វេពី ២ទៅ៣ពែងក្នុងមួយថ្ងៃ។ 3. ប្រឆាំងនឹងជំងឺមហារីក ដូចដែលអ្នកបានដឹងខ្លះៗហើយពីអត្ថប្រយោជន៍របស់កាហ្វេ។ ពេលនេះរឹតតែពិសេសទៅទៀតវាអាចប្រឆាំង និងទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីក។ បើយោងតាមអង្គការសុខភាពពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៦ បានបង្ហាញថាកាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺមហារីកដូចជាមហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃកើតជំងឺឡើងវិញបានផងដែរ។ 4. ធ្វើឲ្យមានអាយុវែង អ្នកប្រាកដជាមិនចង់ជឿទេថាកាហ្វេពិតជាអាចឲ្យអ្នកអាយុវែងបាន។ ពិតណាស់! ដោយមានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលទទួលទានកាហ្វេ ៤ ទៅ ៦ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១០ភាគរយ រីឯស្រ្តីអាចថយចុះដល់ទៅ ១៥ភាគរយ។ លើសពីនេះវាក៏អាចបង្ការការកើតជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងនឹងការរលាកបានផងដែរ។ 5. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យគុណភាពជីវិតធ្លាក់ចុះ។ វាជារឿងដែលមិនគួរឲ្យជឿដែលប្រហែល ៤.១ភាគរយនៃប្រជាជនអាមេរិកបច្ចុប្បន្នកំពុងជួបវិបត្តិនៃជំងឺធ្លាក់ទឹកចិត្ត។ នៅក្នុងការសិក្សារបស់សាកលវិទ្យាល័យ Harvard ដែលបានចេញផ្សាយក្នុងឆ្នាំ២០១១ ថាស្ត្រីដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃអាចមានការថយចុះហានិភ័យនៃការធ្លាក់ទឹកចិត្តដល់ទៅ ២០ភាគរយ។ ជាក់ស្តែង ការសិក្សាមួយផ្សេងទៀតជាមួយមនុស្សប្រហែល ២ពាន់នាក់បានរកឃើញថាប្រសិនបើអ្នកដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃគឺទំនងជាមិនប្រឈមនឹងការធ្វើអត្តឃាតដល់ទៅ ៥៣ភាគរយ។ 6. បង្កើនចំណង់ផ្លូវភេទ អ្នកពិតជាមានចម្ងល់មែនទេ? វាជាការពិតណាស់ដោយមានការសិក្សាស្រាវជ្រាវមួយបានសបញ្ជាក់ឲ្យឃើញថាបុរសដែលបានទទួលទានកាហ្វេពី ២ ទៅ៣ពែងក្នុងមួយថ្ងៃអាចបង្កើនផ្លូវភេទបានដល់ទៅ ៤២ភាគរយឯណោះ។ ស្របពេលនេះផងដែរ កាហ្វេក៏អាចជួយទប់ស្កាត់ការឡើងទម្ងន់ បញ្ចៀសបញ្ហាលើសសម្ពាធឈាម ពិសេសជួយបង្ការការស្លាប់លិង្គរបស់បុរសបានផងដែរ។ គួរឲ្យកត់សម្គាល់ផងដែរប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពទៅលើសុខភាពថ្លើមក៏ដូចជារាងកាយឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការញុំាអាហារ និងធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាពគ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហមដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។ កាត់បន្ថយភាពចាស់ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។ ម៉្យាងទៀតការផឹកស្រាក្រហម ឬស្រាទំពាំងបាយជូរនៅក្រោមពន្លឺថ្ងៃគឺជាផែនការមួយក្នុងការថែទាំសុខភាព និងធ្វើឲ្យមានសុខភាពល្អថែមទៀតផង។ បង្ការជំងឺភ្លេចភ្លាំង យោងតាមការស្រាវជ្រាវនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Loyola University Medical Center សហរដ្ឋអាមេរិកបានបង្ហាញថាអ្នកដែលពិសាស្រាក្រហមក្នុងកម្រិតមធ្យមគឺហាក់ដូចជាមិនសូវមានការវិវឌ្ឍទៅជាជំងឺភ្លេចភ្លាំងដល់ទៅ ២៣ភាគរយ។ លើសពីនេះ វាក៏ជួយការពារបញ្ហាឈាមកក និងកាត់បន្ថយការរលាកសរសៃឈាមបានយ៉ាងល្អផងដែរ។ ជួយឲ្យអាយុវែង ខណៈដែលការថែទាំសុខភាពត្រូវបានពង្រឹង ព្រមជាមួយគ្នានឹងការថែរក្សាសុខភាពក៏មានរឿងរ៉ាវជាច្រើនត្រូវធ្វើជាមួយនឹងការបង្កើនអាយុកាលរស់នៅផងដែរ។ ការសិក្សាមួយ មានឈ្មោះថា the 90+Study បានចាប់ផ្តើមកាលពីឆ្នាំ ២០០៣ ដែលសិក្សាពីកត្តាជួយឲ្យមនុស្សរស់នៅបានកាន់តែយូរដោយការសិក្សានោះបានបង្ហាញថា ការទទួលទានស្រាក្រហមអាចជាជំនួយដល់ការពន្យារអាយុរស់នៅ។ ខណៈដែលការទទួលទានស្រាមិនមែនជាកត្តាតែមួយដែលជំរុញឲ្យអ្នករស់នៅបានយូរនោះទេ តែជាពិសេសមនុស្សដែលទទួលទានស្រាក្រហមក្នុងបរិមាណសមស្រប អាចជួយបន្ទាបអត្រាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកាត់បន្ថយជំងឺដាច់សរសៃឈាមផងដែរ។ ជួយធ្វើឲ្យប្រសើរឡើងនូវមុខងារសួត មិនគ្រាន់តែជាភេសជ្ជៈសម្រាប់សុខភាពបេះដូងនោះទេ ស្រាក្រហមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមុខងាររបស់សួតឲ្យមានសុខភាពល្អ ពិសេសអ្នកជក់បារី។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្តជនជាតិហូឡង់បានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចប្រឆាំងនឹងជំងឺមហារីកសួត និងបង្កើនមុខងាររបស់សួតឲ្យប្រសើរឡើងដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរ។ បង្កើនកម្រិតអូមេហ្គា-៣ ដូចដែលអ្នកបានដឹងស្រាប់ហើយថាដើម្បីទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា ប៉ុន្តែរឿងមួយដែលលោកអ្នកមិននឹកស្មាននោះគឺការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់អឺរ៉ុបបានបង្ហាញថាការទទួលទានស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃអាចបង្កើនកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣នៅក្នុងប្លាស្មា និងកោសិកាឈាមក្រហមជាពិសេសជួយការពារអ្នកពីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់បានផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏លើសលប់ពីស្រាក្រហមនោះ អ្នកត្រូវទទួលទានដោយកម្រិតមួយត្រឹមត្រូវ និងទទួលបានសុខភាពល្អ៖ • ១៥០មិល្លីលីត្រក្នុងមួយថ្ងៃ ឬ១២៥មិល្លីលីត្រ ពីរដងក្នុងមួយថ្ងៃសម្រាប់ការពារហានិភ័យនៃការកើតជំងឺបេះដូង • ចំពោះបុរស ១ ទៅ២កែវក្នុងមួយថ្ងៃ និងចំពោះស្រី្ត ១ ឬ១កែវកន្លះក្នុងមួយថ្ងៃសម្រាប់សុខភាពទូទៅ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាព គន្លឹះសុខភាពការបំបៅដោះកូនពិតជាមានសារសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែជាអាហារបំប៉នដ៏មានសុវត្ថិភាពប៉ុណ្ណោះទ វាថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផងដែរ។ ដូច្នេះប្រសិនការផលិតទឹកដោះរបស់ស្ត្រីមិនបានគ្រប់គ្រាន់នៅពេលក្រោយសម្រាលនោះវាជាបញ្ហាចម្បងមួយដែលស្ត្រីមិនគួរមើលរំលង។ អ្វីជាមូលហេតុនៃការផលិតទឹកដោះមិនគ្រប់គ្រាន់? ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖ • ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។ • កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។ មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ និងករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជំងឺលើក្រពេញទីរ៉ូអុីត ឬជំងឺសួតរ៉ាំរ៉ៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទារកខ្លះអាចនឹងបៅមិនបានគ្រប់គ្រាន់ ឬមិនអាចបៅបានក្នុងករណីទារកមានក្រអូមមាត់មិនធម្មតា និងកើតមិនគ្រប់ខែ។ ស្ត្រីគួរធ្វើបែបណាដើម្បីត្រៀមខ្លួន ឬកាត់បន្ថយបញ្ហានេះ? ជាការពិតណាស់ ដើម្បីអាចត្រៀមខ្លួនបាន ដំបូងស្ត្រីចាំបាច់ត្រូវយល់ដឹងអំពីសារប្រយោជន៍នៃទឹកដោះម្តាយ និងរបៀបបំបៅកូនជាមុនសិន។ ស្ត្រីត្រូវបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាលដោយឥរិយាបទសមស្រប ប្រកបដោយអនាម័យត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានបញ្ហាណាមួយអំឡុងពេលនៃការបំបៅដោះកូនស្ត្រីគួរជួបពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តឈប់បំបៅកូន ឬព្យាយាមរកដំណោះស្រាយខ្លួនឯងដោយការប្រើថ្នាំផ្សេងៗ។ ម៉្យាងទៀត គួរចៀសវាងការផ្តល់ក្បាលដោះឲ្យទារកបៅ ឬជញ្ជក់លេង ឬផ្តល់ចំណីបន្ថែមនៅពេលទារកអាយុក្រោម ៦ខែ។ តើបញ្ហានេះផ្តល់ផលប៉ះពាល់បែបណាខ្លះ? ជាក់ស្តែង នៅពេលទារកបៅមិនគ្រប់គ្រាន់ រួមជាមួយការទទួលទានអាហារមិនសមស្រប ឬទឹកដោះគោមិនល្អក្នុងវ័យតូចពេក អាចឲ្យពួកគេប្រឈមនឹងផលប៉ះពាល់ដូចជា៖ • មានការលូតលាស់យឺតទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី • ប្រព័ន្ធការពាររាងកាយរបស់ទារកថយចុះ ដែលងាយប្រឈមនឹងជំងឺផ្សេងៗ ពិសេសបញ្ហាសួត និងក្រពះ-ពោះវៀន • ងាយប្រឈមនឹងការស្លាប់ទាំងវ័យកុមារ ដោយសារឈឺច្រើន និងការព្យាបាលមិនបានត្រឹមត្រូវ។ ដោយឡែក ចំពោះម្តាយមិនបំបៅដោះកូន នោះពួកគេអាចប្រឈមនឹងការកើតមហារីកនៅក្រពេញសុដន់ និងក្រពេញអូវែ។ អ្វីខ្លះដែលទារកអាចទទួលទានជំនួស? ប្រសិនរកឃើញថា ស្ត្រីមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ ឬទារកកំពុងស្ថិតក្នុងលក្ខខណ្ឌណាមួយដែលមិនអាចបៅដោះបាន នោះទារកនឹងតម្រូវឲ្យផ្តល់នូវអាហារបំប៉ន ឬប្រភេទទឹកដោះគោពិសេសខុសៗគ្នាផ្អែកតាមករណី ឬស្ថានភាពនោះចំពោះទារកកើតមិនគ្រប់ខែពួកគេអាចនឹងត្រូវផ្តល់នូវម្សៅទឹកដោះគោពិសេស រីឯករណីផ្សេងទៀត ឬទារកកើតគ្រប់ខែជាធម្មតាតែមិនអាចបៅបាន នោះពួកគេនឹងត្រូវបានផ្តល់ឲ្យនូវប្រភេទម្សៅទឹកដោះគោដែលផលិតតាមក្បួនខ្នាតចំណីអាហារសម្រាប់ចិញ្ចឹមទារក។ គួរធ្វើយ៉ាងណាដើម្បីចៀសវាងបញ្ហានេះ? ការយល់ឲ្យបានច្បាស់ និងត្រៀមខ្លួនជាស្រេចមុនពេលសម្រាល អាចជួយឲ្យស្ត្រីកាត់បន្ថយនូវហានិភ័យនៃបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់បាន។ ម៉្យាងទៀតស្ត្រីត្រូវស្វែងយល់ពីវិធីសាស្រ្តក្នុងការបំបៅឲ្យបានត្រឹមត្រូវ និងរបៀបនៃការរក្សាអនាម័យដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ចរាល់បញ្ហាដែលកើតមានអំឡុងពេលបំបៅចៀសវាងឲ្យកូនបៅទឹកដោះគោ ឬបៅក្បាលដោះលេងមុនពេលទារកអាយុ៦ខែ។ ទោះបីមានបញ្ហាអ្វីកើតឡើង ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ឲ្យបានយ៉ាងតិចបំផុតត្រឹមអាយុ៦ខែ សឹមចាប់ផ្តើមបន្ថែមនូវចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សុីវ៉ាន់ថា នាយអគារផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកនិយមន័យ កូនក្រៅស្បូន គឺជាការកាច់សម្បុកខុសទីតាំងរបស់ស៊ុតនៅក្រៅតួស្បូន។ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នគេសង្កេតឃើញថាបញ្ហាកូនក្រៅស្បូនមិនមានការប្រែប្រួលប្លែកនោះទេ (កូនក្រៅស្បូនអាចមានតែ ១ភាគរយ ទៅ៣ភាគរយប៉ុណ្ណោះក្នុងចំណោមការមានផ្ទៃពោះ)។ មូលហេតុ និងកត្តាបង្ក មូលហេតុចម្បងដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើងគឺដោយសារតែកោសិការបស់ស្បូនមានការខូចខាតដោយសារការរលាក (Salpingite) ឬកម្រិតអ័រម៉ូនមិនមានតុល្យភាព ដែលជាមូលហេតុនៃការខកខានពេលវេលារបស់ស៊ុតធ្វើដំណើរទៅដល់តួស្បូនទាន់ពេល ឬភាពលូតលាស់មិនប្រក្រតីរបស់ស៊ុត។ ក្រៅពីនោះ កូនក្រៅស្បូនអាចមាន ១ ទៅ៣ភាគរយក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖ • ធ្លាប់កើតជំងឺកាមរោគ • រលាកដៃស្បូន ឬរលាកភ្នាសស្បូន • ប្រវត្តិធ្លាប់វះកាត់ដៃស្បូន ឬវះកាត់ពោះ • ការជក់បារី • ដាក់កងស្បូន ឬប្រើថ្នាំពន្យារកំណើត • បង្កកំណើតខាងក្រៅ ហើយបាញ់បញ្ចូលក្នុងស្បូន • អាយុម្តាយច្រើនពេក។ រោគសញ្ញា សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖ • បាត់រដូវ • ដំបូងមិនមានសញ្ញាអ្វីប្លែកទេ តែសញ្ញាអាចមានជាបន្តបន្ទាប់នៅពេលកូនកាន់តែរីកធំទៅ • ពិនិត្យទឹកនោមឃើញមានកូន • អាចមាន ឬគ្មានអាការៈចាញ់កូន • អាចមានធ្លាក់ឈាមតិចៗ • ឈឺពោះ ឬឈឺអាងត្រគាក។ ប្រសិនបើកូនក្រៅស្បូនបែក អាចមានសញ្ញាដូចជា៖ • ស្លេកស្លាំង • អស់កម្លាំង • ចុកពោះខ្លាំង • សម្ពាធឈាមចុះទាប។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖ • ពិនិត្យរោគសញ្ញាគ្លីនិក • ពិនិត្យរកសារធាតុ Beta-HCG កើនឡើង (Beta-HCG គឺជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌)។ ការរក Beta-HCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម • ការពិនិត្យអេកូសាស្រ្ត។ វិធីសាស្រ្តព្យាបាល អ្នកជំងឺដែលមានកូនក្រៅស្បូនត្រូវធ្វើការព្យាបាលតាមបែបវេជ្ជសាស្រ្តដោយប្រើប្រាស់ថ្នាំ និងវះកាត់ (ការចោះ និងវះបើកពោះ)។ ផ្ទុយទៅវិញ ប្រសិនបើកូនក្រៅស្បូនមិនទាន់បែក គ្រូពេទ្យត្រូវធ្វើការព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំ ដើម្បីបញ្ឈប់ការលូតលាស់របស់ស៊ុត។ ដោយឡែក ករណីមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវមិនទាន់ពេលវេលានោះអាចបណ្តាលឲ្យបែកកូនក្រៅស្បូន ហូរឈាមច្រើនឡើងៗរហូតអាចឈានដល់ការបាត់បង់ជីវិតបានដែរ។ វិធីសាស្រ្តការពារ ជាការពិតណាស់ យើងមិនអាចការពារខ្លួនពីការមានកូនក្រៅស្បូនបានទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលជំរុញឲ្យមានកូនក្រៅស្បូន និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។ ប្រសិនបើស្រ្តីបាត់រដូវត្រូវទៅពិនិត្យផ្ទៃពោះភ្លាម ដើម្បីបញ្ជាក់ពីទីតាំងរបស់កូន ថានៅក្នុងស្បូន ឬក្រៅស្បូន ដោយមកពិគ្រោះយោបល់និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត ឯកទេស សម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ 21+ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកជំងឺរាកជាបញ្ហាសាមញ្ញដែលតែងតែជួបលើកុមារអាយុក្រោម ៥ឆ្នាំ។ នៅប្រទេសកំពុងអភិវឌ្ឍ បើជំងឺរាកកើតឡើងញឹកញាប់នោះវានឹងជាកត្តាដែលនាំទៅរកអាការៈធ្ងន់ធ្ងរដូចជា កង្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងកង្វះអេឡិចត្រូលីតជាដើម។ ដូច្នេះថាតើអ្វីទៅជាជំងឺរាក? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីចំណេះដឹង ការព្យាបាល និងសញ្ញាគ្រោះថ្នាក់ដែលម្តាយគួរដឹងពេលកូនតូចរបស់គាត់មានជំងឺរាក។ អំពីជំងឺរាក អង្គការសុខភាពពិភពលោកហៅកាត់ថា “WHO” បានឲ្យនិយមន័យថាជំងឺរាក គឺជាការបន្ទោបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បីដងក្នុងមួយថ្ងៃ ខុសពីធម្មតា។ ជំងឺរាកតាមសញ្ញាគ្លីនិកត្រូវបានចែកចេញជា ៤សណ្ឋាន៖ ១ រាកសុទ្ធតែទឹក ស្រួចស្រាវ (Acute watery diarrhea)៖ រាករយៈពេលខ្លី តិចជាងពីរសប្តាហ៍។ គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។ ២ រាកមានលាយឈាម ស្រួចស្រាវ (Acute bloodydiarrhea)៖ ហៅថា រាកមួល (Dysentery)។ គ្រោះថ្នាក់សំខាន់គឺការបង្ករោគក្នុងឈាមនិងកង្វះអាហារូបត្ថម្ភ។ ៣ រាករ៉ាំរ៉ៃ (Persistent diarrhea)៖ គឺរាកចាប់ពី ១៤ថ្ងៃឡើងទៅ។ គ្រោះថ្នាក់សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ងរ។ ៤ រាកដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់គឺ ការបង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹកកង្វះវីតាមីន និងសារធាតុរ៉ែ។ តើអ្វីទៅជាកត្តាបង្កឲ្យមានជំងឺរាក? ជំងឺរាកលើកុមារតែងបង្កមកពីមូលហេតុជាច្រើនមានដូចជា៖ • បរិភោគអាហារដែលមានជាតិស្ករខ្ពស់ ដូចជាផឹកទឹកក្រូចជាដើម • ការបង្ករោគដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត • មានប្រតិកម្មជាមួយអាហារ ឬទឹកដោះគោ • មានប្រតិកម្មជាមួយថ្នាំ • ជំងឺទាក់ទងតួនាទីរបស់ពោះវៀន ដូចជា បណ្តុំរោគសញ្ញានៃការរលាកពោះវៀន • លទ្ធផលនៃការវះកាត់លើក្រពះ ឬថង់ទឹកប្រម៉ាត់។ សញ្ញា និងរោគសញ្ញានៃជំងឺរាក រោគសញ្ញាខាងក្រោមជាសញ្ញាដែលតែងតែជួបពេលកុមាររាក។ ដោយហេតុថារាងកាយ និងប្រព័ន្ធភាពស៊ាំមនុស្សម្នាក់ៗមិនដូចគ្នា ដូច្នេះអាការៈដែលស្តែងចេញមកអាចខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ក្មេងខ្លះអាចមានអាការៈរមួលពោះដំបូង ទើបរាកពី៣ ទៅ៥ថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា៖ • ក្តៅខ្លួន • មិនញ៉ាំអាហារ • ចង្អោរ ឬក្អួត • ថយចុះគីឡូ • កង្វះជាតិទឹក • ហើមពោះ • លាមកមានឈាម • ហៀរលាមកមកក្រៅ។ ការព្យាបាលជំងឺរាក បើកុមារមិនមានសញ្ញាដូចខាងក្រោមទេ គាត់អាចព្យាបាលនៅផ្ទះបានដែលសញ្ញាទាំងនោះមានដូចជា៖ • ឡេះឡះ/រញ៉ាំរញ៉ូវ • សន្លឹម ឬបាត់ស្មារតី • មិនអាចផឹក ឬមិនអាចបៅបាន ឬផឹកបានតិចតួចដោយពិបាក • ស្រេកទឹកខ្លាំង និងផឹកត្រហេបត្រហប • ភ្នែកខូង • ផ្នត់ស្បែកពោះដែលច្បិចរលាយឺតឬយឺតណាស់។ បើសង្ស័យ ឬមិនច្បាស់ពីអាការៈខាងលើ ម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យថាតើគួរតែគេងពេទ្យ ឬព្យាបាលនៅផ្ទះ។ ម៉្យាងទៀតម្តាយត្រូវយល់ពីវិធី ៣ យ៉ាងនៃការព្យាបាលនៅផ្ទះ៖ ១ ផ្តល់ជាតិទឹកបន្ថែម ឲ្យបានច្រើនតាមតែកូនអាចផឹកបាន • បើកូននៅបៅដោះ ម្តាយត្រូវបំបៅឲ្យបានញឹកញាប់ និងឲ្យបានយូរពេលបំបៅម្តងៗ។ • បើកូនបៅទឹកដោះម្តាយសុទ្ធ ត្រូវឲ្យទឹកអូរ៉ាលីត្រ ឬទឹកស្អាតបន្ថែមលើការបំបៅដោះ។ ក្រោយបាត់រាក ចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយសុទ្ធបន្ត។ • បើកូនមិនបៅទឹកដោះសុទ្ធទេ អាចផ្តល់ជាតិទឹកណាមួយ៖ ទឹកអូរ៉ាលីត្រ ជាតិទឹកប្រភពពីអាហារ (ទឹកសម្ល ទឹកបបរ…) និងទឹកស្អាត។ បរិមាណអូរ៉ាលីត្រដែលត្រូវបន្ថែមលើជាតិទឹកដែលទទួលទានជាធម្មតា៖ • អាយុក្រោម ២ឆ្នាំ៖ ៥០-១០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • អាយុ ២ឆ្នាំឡើងទៅ៖ ១០០-២០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • ផ្តល់ទឹកអូរ៉ាលីត្រឲ្យកុមារបន្តិចម្តងៗ ញឹកញាប់ដោយប្រើពែង • បើកុមារក្អួត ត្រូវបង្អង់១០នាទី រួចទើបបន្តផ្តល់ជាថ្មី តែដោយយឺតៗជាងមុន • បន្តផ្តល់ជាតិទឹកបន្ថែម រហូតដល់កុមារលែងរាក។ បន្ថែមពីនោះ គួរផ្តល់បន្ថែមជាតិស័ង្កសី ដោយសារវាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក រយៈពេលនៃជំងឺរាក និងកាត់បន្ថយការកើតមានជំងឺរាកលើកក្រោយៗទៀត។ ថ្នាំគ្រាប់ជាតិស័ង្កសីត្រូវបានប្រើដូចខាងក្រោម៖ • ទារកអាយុក្រោម ៦ខែ ឲ្យកន្លះគ្រាប់ (១០មិលី្លក្រាម) ក្នុង ១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ • កុមារអាយុចាប់ពី ៦ខែ ឲ្យ១គ្រាប់ (២០មិលី្លក្រាម) ក្នុង១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ។ ២ បន្តការផ្តល់អាហារ • ផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព • បន្តបំបៅដោះកូន បើកូននៅបៅដោះ។ ៣ ចំណុចដែលម្តាយត្រូវដឹងថាពេលណាគួរត្រឡប់មកមន្ទីរពេទ្យវិញ • រាកកាន់តែធ្ងន់ធ្ងរជាងមុន • ក្អួតញឹកញាប់ • ស្រេកទឹកខ្លាំង • ហូប ឬផឹកមិនបាន • ក្តៅខ្លួន • មានឈាមក្នុងលាមក • រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ។ តើត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺរាកកុំឲ្យកើតជាថ្មីម្តងទៀត? • ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងធ្វើម្ហូបអាហារ • ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូទឲ្យកូនរួច បន្ទាប់ពីចោលលាមកក្មេងមុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ • មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែឬផ្លែឈើដែលមិនខូច និងដែលបានចិតសម្បកហើយបរិភោគភ្លាម • បរិភោគអាហារដែលបានចម្អិនល្អ • លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច • ការពារម្ហូបអាហារកុំឲ្យរុយរោម • បន្ទោបង់តែក្នុងបង្គន់អនាម័យ • លាមកក្មេងតូចៗត្រូវយកទៅចោលក្នុងបង្គន់ឬកប់ចោលភ្លាមៗបន្ទាប់ពីបន្ទោបង់រួច • ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។ ជំងឺរាក ជាឃាតករលាក់មុខធ្វើឲ្យកុមារឈឺ និងស្លាប់នៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ។ សូមម្តាយគ្រប់រូប កុំឲ្យកូនផឹកថ្នាំ ឬថ្នាំផ្សះផ្តេសផ្តាស់ព្រោះថាជំងឺរាកមិនមែនសុទ្ធតែបង្ករោគដោយបាក់តេរីនោះឡើយ ហើយម៉្យាងទៀតវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យហួសពេល ឬយឺតយ៉ាវក្នុងការព្យាបាល។ ជំងឺរាកជាជំងឺសាមញ្ញ និងងាយកើតលើកូនជាទីស្រលាញ់របស់ម្តាយគ្រប់រូប ហើយជំងឺនេះនឹងមិនមានផលប៉ះពាល់ដល់អាយុជីវិតទេ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ។ ស្រ្តីភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺនេះឡើយទើបធ្វើឲ្យពួកគាត់មានការធ្វេសប្រហែសបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាលនិងមានគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះហើយបានជាអត្រាស្លាប់របស់ស្រ្តីនៅប្រទេសកម្ពុជាដោយសារជំងឺនេះនៅតែឈរនៅលំដាប់ទី ២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ដែលជំងឺនេះយើងអាចទប់ស្កាត់ និងការពារបានពីដំបូង។ និយមន័យ បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលដែលស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្តាហ៍ឡើងទៅដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខនិងចុកចុងដង្ហើមជាដើម...។ មូលហេតុចម្បង និងកត្តាប្រឈម មូលហេតុចម្បងនៃជំងឺនេះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធឈាមរត់នៅក្នុងស្បូននិងសុក និងមានកត្តាប្រឈមសំខាន់ដែលធ្វើឲ្យមានជំងឺនេះកើតឡើងរួមមាន៖ • ស្រ្តីកូនដំបូងវ័យក្មេង • ស្រ្តីមានគភ៌ហើយមានអាយុច្រើន • ស្រ្តីដែលមានផ្ទៃពោះធំពេក (ដូចជាកូនភ្លោះគភ៌ទឹកភ្លោះច្រើន គភ៌ដែលមានកូនថ្លោសពេក) • ស្រ្តីធាត់ពេក • ស្រ្តីដែលធ្លាប់មានជំងឺលើសសម្ពាធឈាម ឬជំងឺតម្រងនោម • ស្រ្តីដែលប្តូរដៃគូរួមភេទច្រើន ចំណែកកត្តាដែលជំរុញឲ្យមានជំងឺបំរុងក្រឡាភ្លើងនេះរួមមាន៖ • អាកាសធាតុត្រជាក់ពេក • ការហូបអាហារមិនគ្រប់គ្រាន់ • ការបាក់កម្លាំងកាយ និងកម្លាំងចិត្ត...។ រោគសញ្ញា ដំបូងស្រ្តីតែងតែមានអារម្មណ៍មិនសុខស្រួលក្នុងខ្លួនដូចជា រសេះរសោះ គេងមិនលក់ ហើមជើង ឈឺក្បាល វិលមុខតិចតួច ដែលធ្វើឲ្យស្រ្តីភាគច្រើនយល់ថាខ្លួនមិនមានបញ្ហាអ្វីទេ ព្រោះការមានផ្ទៃពោះច្រើនជួបបញ្ហាបែបនេះជាពិសេសគឺការហើម (ដែលចាស់ៗតែងនិយាយតៗគ្នាថា ហើម៣ដងកើតហើយ)។ ជាក់ស្តែង រោគសញ្ញាដែលបញ្ជាក់ថាស្រ្តីមានអាការៈមានដូចជា៖ • ហើម • លើសសម្ពាធឈាម (140/90mmHg) • ទឹកនោមប្រៃ • ឈឺក្បាល • វិលមុខ • ស្រវាំងភ្នែក ឬងងឹតភ្នែកបណ្តោះអាសន្នក្នុងករណីធ្ងន់ធ្ងរ • ហត់ • ចុកចុងដង្ហើម • Transaminaseកើនឡើង ប្លាកែតកើនឡើង ហេម៉ូក្លូប៊ីនកើនឡើង Uremie កើនឡើង Creatinemie កើនឡើង។ ការព្យាបាល ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលត្រូវមាន៣ដំណាក់កាល៖ • ការថែទាំ • ការប្រើប្រាស់ថ្នាំទប់ស្កាត់ការប្រកាច់(MgSO4) និងថ្នាំបញ្ចុះសម្ពាធឈាម (Hydralazine...) • ចាំបាច់ត្រូវបញ្ចប់គភ៌ដើម្បីបំបាត់មូលហេតុរបស់វា។ ការតាមដាន និងការគិតទុកមុន ជាទូទៅ គ្រប់ស្រ្តីដែលមានបញ្ហាបែបនេះទោះបីធ្ងន់ឬស្រាល ត្រូវតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីថែទាំ និងតាមដានសុខភាពពីសំណាក់បុគ្គលិកពេទ្យដោយគេត្រូវតាមដានសញ្ញាជីវិតជាប្រចាំ ទឹកនោមប្រៃ និងទារកក្នុងផ្ទៃ។ ប្រសិនបើក្នុងករណីបម្រុងក្រឡាភ្លើងស្រ្តីនឹងបានជាសះស្បើយក្រោយពីបញ្ចប់គភ៌ ដោយពុំមានផលវិបាកអ្វីទាំងអស់។ សម្ពាធឈាមអាចចុះមកធម្មតាវិញ ក្រោយរយៈពេល៦សប្តាហ៍ និងទឹកនោមប្រៃអាចបាត់ក្នុងរយៈពេល ៦សប្តាហ៍ផងដែរ។ ផលវិបាក ក្នុងករណីដែលពុំបានដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្រ្តីនឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរដែលមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃនិងម្តាយដូចជា៖ ១. ចំពោះម្តាយ • ដាច់សរសៃឈាមខួរក្បាល • ងងឹតភ្នែក • ហើមសួតស្រួចស្រាវ • HELLP Syndrome (ខាន់លឿង….) ឬបែកថ្លើម • ខ្សោយតម្រងនោមធ្ងន់ធ្ងរ • របេះសុកមុនពេលកំណត់។ ២.ចំពោះទារកក្នុងផ្ទៃ • ទារកលូតលាស់មិនប្រក្រតី • ទម្ងន់តូចជាងអាយុនៃគភ៌ • ខ្សោយប្រាជ្ញាស្មារតី • ស្លាប់ក្នុងពោះ • សម្រាលមិនគ្រប់ខែ។ វិធីសាស្រ្តការពារ ចំពោះស្រ្តីដែលមានប្រវត្តិធ្លាប់ឡើងសម្ពាធឈាមនិងបញ្ហាតម្រងនោម សូមពិសាកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មិល្លីក្រាម ១ថ្ងៃ ១គ្រាប់ចាប់ផ្តើមពីពេលមានគភ៌ភា្លម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងសម្ភព)។ លើសពីនេះ អ្នកអាចអនុវត្តវិធីសាស្រ្តប្រចាំថ្ងៃដោយ៖ • ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន • ហូបចំណីអាហារដែលសម្បូរជីវជាតិល្អ • សម្រាកផ្អៀងមកខាងឆ្វេងឲ្យបានច្រើន • សម្រាកការងារធ្ងន់ៗ និងការងារដែលអាចប៉ះ ពាល់ដល់អារម្មណ៍ • សម្រាកឲ្យបានគ្រប់គ្រាន់ • ធ្វើលំហាត់ប្រាណជាប្រចាំ • ប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យភ្លាមក្នុងករណីដែលមានភាពមិនប្រក្រតីនៅក្នុងខ្លួន។ គ្រប់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវតែមកពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីតាមដានរករោគសញ្ញាដែលកើតមានដែលពុំមានសញ្ញាប្រមានមុនហើយស្ត្រីមិនបានដឹងខ្លួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រូបង្គោល សង្គ្រោះបន្ទាន់ផ្នែកសម្ភពមូលដ្ឋាន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកសុខភាពរបស់ស្រ្តីទូទៅ ពិសេសស្រ្តីក្រោយសម្រាលអាចនឹងមានសភាពទ្រុឌទ្រោមនិងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុទាមទារឲ្យមានការគិតគូរយ៉ាងដិតដល់និងច្បាស់លាស់បំផុតមុនពេលស្រ្តីអាចទទួលបានការព្យាបាលបញ្ហាសុខភាពផ្សេងទៀត។ ចុះចំណែកសុខភាពមាត់ធ្មេញវិញទាមទារឲ្យមានការប្រុងប្រយ័ត្នដែរឬទេ? ករណីខាងក្រោមអាចជាការបកស្រាយសម្រាប់គ្រប់ស្រ្តីទាំងអស់ដែលទើបនឹងសម្រាលបុត្ររួច។ សំណួរ៖ ខ្ញុំមានអាយុ ៣៥ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៥៨ ទម្ងន់៥១គីឡូក្រាម ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាងដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ តើក្រោយសម្រាលរយៈពេលប៉ុន្មានខែទើបខ្ញុំអាចធ្វើធ្មេញបាន? ចម្លើយ៖ មិនមានផលប៉ះពាល់ណាមួយទាក់ទងរវាងការព្យាបាលធ្មេញទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំលេបក្រោយពេលព្យាបាលធ្មេញគឺមានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាននៅពេលបំបៅ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារកនាពេលបច្ចុប្បន្ននេះ បញ្ហាគំរាមរលូតកូនចោទជាបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតស្រ្តីផងដែរ ប្រសិនបើខ្វះចន្លោះក្នុងការព្យាបាលនិងការតាមដានពិនិត្យផ្ទៃពោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។ ជាក់ស្តែង បញ្ហានេះគេសង្កេតឃើញថានៅលើសកលលោកមានប្រហែល ២០ ទៅ៣០ភាគរយនៅក្នុងអំឡុងពេល២០សប្តាហ៍នៃអាយុគភ៌។ ប៉ុន្តែប្រហែល ៥០ភាគរយនៃការគំរាមរលូតនេះដែរ ស្រ្តីអាចបន្តការពពោះរហូតដល់គ្រប់ខែបើគ្មានសញ្ញាអ្វីប្លែក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏មានប្រហាក់ប្រហែល ឬអាចច្រើនជាងនេះ ដោយសារយើងមិនទាន់មានការសិក្សារួមគ្នាច្បាស់លាស់នៅឡើយទេ។ និយមន័យ ការគំរាមរលូត គឺជាការធ្លាក់ឈាមតាមទ្វារមាសដែលអាចកើតមាននៅអំឡុងពេលចាប់ផ្តើមមានគភ៌រហូតដល់សប្តាហ៍ទី ២០នៃគភ៌ក្នុងផ្ទៃ។ ការធ្លាក់ឈាមនេះអាចរួមផ្សំជាមួយនឹងការឈឺចុកចាប់ក្នុងពោះ ដែលជាសញ្ញាបញ្ជាក់ពីការគំរាមរលូត ឬអាចឈានទៅរកការរលូតផងដែរ។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលអាចបង្កឲ្យមានបញ្ហាគំរាមរលូតកូន តែកត្តាសំខាន់ដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ភាពមិនប្រក្រតីនៃកត្តាហ្សែន ឬក្រូម៉ូសូម • ការឆ្លងរោគដោយពពួកបាក់តេរី ឬពពួកវីរុសក្នុងអំឡុងពេលមានផ្ទៃពោះ • ការគ្រោះថ្នាក់ចំផ្នែកណាមួយនៃពោះ • អាយុម្តាយច្រើនលើសពី ៣៥ឆ្នាំ • ការលើសគីឡូច្រើន • ការប្រឈមនឹងការប្រើប្រាស់ថ្នាំ ឬប៉ះពាល់ដោយសារធាតុគីមីផ្សេងៗ • ការមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ល។ ក្នុងនោះដែរ បញ្ហានេះមិនមានកត្តាជំរុញចម្បងច្បាស់លាស់ទៅលើការគំរាមរលូតនៅឡើយទេ តែការធ្វើការងារធ្ងន់ និងការកង្វះចំណីអាហារក៏ជាកត្តាជំរុញបន្តិចបន្តួចផងដែរ។ ដូច្នេះ ស្រ្តីគ្រប់រូបអាចប្រឈមនឹងបញ្ហានេះ បើដូចនឹងលក្ខណៈដែលបានរៀបរាប់ខាងលើ។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ បញ្ហាគំរាមរលូតនេះអាចលេចឡើងនូវរោគសញ្ញាដូចជា ការធ្លាក់ឈាម និងការឈឺចាប់ពោះដែលមានសភាពរាងធ្ងន់ចុះក្រោម។ ដូចគ្នានេះផងដែរបញ្ហាគំរាមរលូតកូនត្រូវបានធ្វើរោគវិនិច្ឆ័យ ឬឆែកសុខភាពបានដោយការពិនិត្យអេកូសាស្រ្តនិងការពិនិត្យឈាមជាដើម។ល។ ការថែរក្សាគភ៌ដែលគំរាមរលូត យើងគួរថែរក្សាគភ៌ដែលគំរាមរលូតនេះដោយការសម្រាកឲ្យបានគ្រប់គ្រាន់ក៏ដូចជាការកាត់បន្ថយការធ្វើការងារធ្ងន់ និងការរួមភេទផងដែរ។ លើសពីនេះស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវទទួលទានថ្នាំរក្សាគភ៌ទៅតាមបច្ចេកទេស និងបន្តប្រើប្រាស់ថ្នាំជាតិដែកបន្ថែម។ ផលវិបាក និងវិធីសាស្រ្តការពារ ចំណែក ផលវិបាកដែលអាចនឹងកើតមានចំពោះអ្នកជំងឺ បន្ទាប់ពីមានបញ្ហាគំរាមរលូតក៏អាចមានដូចជា៖ • ការរបកសុក • ការធ្លាក់ឈាមក្រោយសម្រាល • ការសល់កម្ទេចសុក • ស្បូនខ្សោយអាចឈានទៅរកការកាត់ស្បូនចោល • វិបត្តិអត់កូនទៅថ្ងៃក្រោយដោយសារការរំលូត • ទារកកើតមិនគ្រប់ខែ។ ចំពោះវិធីសាស្រ្តក្នុងការពារការគំរាមរលូតកូនគឺមិនមានវិធីសាស្រ្តការពារជាក់លាក់នៅឡើយទេ ប៉ុន្តែបងប្អូនអាចថែរក្សាគភ៌ដោយការសម្រាកគ្រប់គ្រាន់កាត់បន្ថយកិច្ចការធ្ងន់ និងការរួមភេទផងដែរ។ លោកស្រីវេជ្ជបណ្ឌិតក៏សូមផ្តាំផ្ញើដល់បងប្អូនស្រ្តីទាំងអស់ដែលមានគភ៌សូមមេត្តាទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ស្របតាមគោលនយោបាយនៃក្រសួងសុខាភិបាលពិសេស ២៥ខេត្តក្រុងទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយនូវហានិភ័យនៃបញ្ហាគំរាមរលូតកូនក៏ដូចជាការកាត់បន្ថយអត្រាមរណភាពមាតានិងទារកផងដែរ បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តីនៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
មាតា និងទារក មាតា និងទារក