Menu

ស្វែងយល់ពីសមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់


ស្វែងយល់ពីសមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០២ ការប្រជុំលើកដំបូងដែលមានការចូលរួមពីសំណាក់គ្រូពេទ្យឯកទេសផ្នែកឆ្អឹងបាក់បែកមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យនរោត្តមសីហនុ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យកុមារជាតិ បានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលសមាគមដែលមានសមាជិកចំនួន០៧រូប។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីចងសម្ព័ន្ធភាពជាមួយសមាគមបារាំង ( SOFCOT) ហើយទិសដៅនៃការចងសម្ព័ន្ធភាព គឺដើម្បីបម្រើផលប្រយោជន៍វិជ្ជាជីវៈ ពង្រីកចំណេះដឹង ទទួលបាននូវការឧបត្ថម្ភពីសមាគមសម្ព័ន្ធភាពជាអាទិ៍ ឯកសារ សម្ភារៈ និងអាហារូបករណ៍។ល។ គួរបញ្ជាក់ផងដែរថា សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់ ជាសមាគមបម្រើផ្នែកបច្ចេកទេសសុទ្ធសាធ ដោយមិនរកប្រាក់កម្រៃ។ គោលបំណងសំខាន់មួយទៀត គឺប្រមូលចងក្រងនូវក្រុមអ្នកបច្ចេកទេស ធ្វើការពិភាក្សា និងប្តូរយោបល់​ ដើម្បីភាពរីកចម្រើន។

ផលលំបាកនៅក្នុងដំណើរការសមាគម
សម្រាប់ដំណើរការកន្លងមក ឧបសគ្គដែលបានសមាគមជួបប្រទះរួមមានដូចជា បញ្ហាកង្វះហិរញ្ញវត្ថុ ព្រោះតាំងពីដំបូងមក ការបង់ចូលសមាគម គឺត្រឹមតែ២០,០០០៛ (៥$) ក្នុងមួយឆ្នាំ។ បើទោះជាយើងមានដៃគូសមាគមក្រៅប្រទេសដែលបានជួយផ្នែកឯកសារ និងសម្ភារៈ ដូចជា ៖ សមាគម  ( SOFCOT) អង្គការ World Orthopaedic Concern UK ដែលកន្លងមកបានជួយឧបត្ថម្ភថ្លៃធ្វើដំណើររបស់គ្រូពេទ្យតាមបណ្តាខេត្តក្នុងការចូលរួមប្រជុំ អង្គការ Orthopaedic Out Reach Australia ដែលបានជួយសម្ភារៈ បរិក្ខារមួយចំនួនធំ ដល់បណ្តាមន្ទីរពេទ្យដែលមានសមាជិកសមាគមកំពុងបម្រើការ, Sign Nail Organization, AO Foundation,ដៃសម្ព័ន្ធនានាក្រៅប្រទេស និងក្រុមហ៊ុនឯកជននានា ឧបត្ថម្ភក្នុងការរៀបចំការបណ្តុះបណ្តាលនានា តែសមាគមនៅតែត្រូវការការចំណាយរដ្ឋបាលនានា ដែលតម្រូវឲ្យធ្វើការប្រើប្រាស់ប្រាក់បដិភាគចូលរួមរបស់សមាជិក ដែលនាំឲ្យប្រាក់បម្រុងសម្រាប់តម្កល់មានកម្រិតទាប។

សមិទ្ធផលរបស់សមាគម
ទោះជាមានឧបសគ្គដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែសមាគមនៅតែទទួលបានភាពជោគជ័យដ៏ធំធេងដូចខាងក្រោម៖
ក.  ចំនួនសមាជិកនៃសមាគម ៖ កាលពីដំបូង យើងមានចំនួនច្រើនជាងនេះ តែរយៈណពេល៥ឆ្នាំចុងក្រោយរហូតដល់២០១៦នេះ យើងមានសមាជិក៧៩នាក់ ដែល៩៩%ជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា និងជំងឺឆ្អឹង។ ខណៈពេលដំបូងនោះ លោកគ្រូពេទ្យវះកាត់ជាច្រើនបានចូលក្នុងសមាគមនេះដែរ តែបន្តិចម្តងៗសមាគមបានធ្វើការកម្រិតសមាជិកមកនៅត្រឹមតែ៧៩នាក់ ដែលត្រូវធ្វើការផ្ទាល់លើការវះកាត់ឆ្អឹង និងចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបន្ត។ សម្រាប់អស់លោកជាច្រើនដែលធ្វើផ្នែកវះកាត់ទូទៅ មានភារកិច្ចផ្នែកបណ្តុះបណ្តាលតាមផ្នែករបស់ពួកគាត់ ហេតុដូច្នេះហើយ លោកក៏សម្រេចឈប់។
ខ. យើងមានការបណ្តុះបណ្តាលសមត្ថភាពសមាជិកជាប្រចាំ តាមរយៈការបណ្តុះបណ្តាលទាំងក្រៅ និង ក្នុងប្រទេស។ បន្ថែមពីលើនេះផងដែរ យើងក៏មានការប្រជុំប្រចាំខែ ការប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការសមាគម ​វគ្គបណ្តុះបណ្តាលខ្លីៗលើជំនាញឯកទេសបន្ថែម ការបញ្ជូនសមាជិកទៅធ្វើទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស ការជួយឧបត្ថម្ភទាំងសម្ភារៈ និងឯកសារ រួមទាំងការពិគ្រោះយោបល់ជាប្រចាំរវាងសមាជិក និងជួរគណៈកម្មការ កិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលបានជួយទាំងបច្ចេកទេស និងសម្ភារៈលើជំនាញ និងតម្រូវការនៃការព្យាបាលឆ្អឹងបាក់បែក ។ល។
គ. ការទាក់ទាញបានម្ចាស់ជំនួយនានាដែលបានផ្តល់ជាសម្ភារៈ ម៉ាស៊ីនទំនើបៗ ជំនួយផ្នែក
បច្ចេកទេស ក្នុងការព្យាបាលជំងឺឆ្អឹងបាក់បែក។
ឃ. ភាពម្ចាស់ការរបស់សមាគមក្នុងដំណើរការខ្លួនឯង ផ្នែកបច្ចេកទេស
ង. បានដាក់ឲ្យមានដំណើរការចុះឈ្មោះសមាគមទៅក្រសួងមហាផ្ទៃ
ច. មានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ដោយសារយើងមានកិច្ចសហការល្អជាមួយនឹងដៃគូក្នុងស្រុក និងដៃគូអន្តជាតិ ទាំងក្នុងតំបន់អាស៊ាន និងសកលលោក។
ឆ. សមាគមមានរចនាសម្ព័ន្ធ និងគោលនយោបាយច្បាស់លាស់  ហើយបានដើរតួនាទីជាសេនាធិការឲ្យមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងការបណ្តុះបណ្តាលបច្ចេកទេសលើការព្យាបាលជំងឺឆ្អឹងបាក់បែក និងគ្រាំគ្រា ក៏ដូចជាជំនួយផ្នែករដ្ឋបាលផងដែរ។ ថ្វីត្បិតថា ហិរញ្ញវត្ថុមានកម្រិតតិច តែសមាគមយើងធ្វើសកម្មភាពច្រើនផ្នែកបច្ចេកទេស ដោយយើងមានរៀបចំនូវសិក្ខាសាលា ដោយច្រើនធ្វើជាមួយដៃគូបរទេស។ ជាក់ស្តែង យើងមានកម្មវិធីជួបគ្នារាល់ថ្ងៃសុក្រនៃសប្តាហ៍ទី៣រៀងរាល់ខែនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកៀនឃ្លាំង និងមណ្ឌលនៃក្តីសង្ឈឹម ដោយមានការដាក់វេនគ្នាមួយខែម្តង។ លើសពីនេះទៅទៀត យើងក៏មានការអញ្ជើញចូលរួមពីសំណាក់គ្រូពេទ្យឯកទេសពីតាមខេត្តផងដែរ មិនតែត្រឹមប៉ុណ្ណោះ យើងក៏បានអញ្ចើញនិស្សិតសិក្សាឯកទេសវះកាត់ចូលរួម ដើម្បីធ្វើការរៀនសូត្រទៀតផង។

ត្រលប់មកលក្ខខណ្ឌចូលជាសមាជិកនៃសមាគមវិញ​ គឺរួមមានដូចខាងក្រោម ៖
·
ជាគ្រូពេទ្យជាតិ ឬអន្តរជាតិដែលបានចុះបញ្ជីក្នុងគណៈគ្រូពេទ្យកម្ពុជា
· ត្រូវបានណែនាំខ្លួនដោយសមាជិកសកម្មពីររូបរបស់សមាគម
· ត្រូវចូលរួមរាល់ការបណ្តុះបណ្តាលបច្ចេកទេសបន្ត

ជាចុងក្រោយនេះ សមាគមសល្យសាស្រ្តជំងឺឆ្អឹង និងបែកបាក់  ក៏សូមផ្តាំផ្ញើជូនដល់ជនរួមជាតិទាំងមូលដែលមានបញ្ហាឆ្អឹងបាក់បែក និងជំងឺឆ្អឹង សូមប្រញាប់រួសរាន់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដើម្បីកាត់បន្ថយពិការភាព ចំណេញពេលវេលា និងសុវត្ថិភាព ព្រោះថាក្នុងនាមជាគ្រូពេទ្យនៃសមាគមវះកាត់ឆ្អឹងយើងមានការខិតខំប្រឹងប្រែងពង្រឹងទាំងបច្ចេកទេស និងសម្ភារៈ ដើម្បីបម្រើជូនប្រជាជនកម្ពុជាយើងនូវផ្នែកសេវាកម្ម គុណភាព និងសុវត្ថិភាពដូចប្រទេសជិតខាងយើង និងអន្តរជាតិដែរ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

 


Share:

អត្ថបទទាក់ទង