Menu

គ្មានប្រវត្តិជក់បារី តែខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ?


គ្មានប្រវត្តិជក់បារី តែខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ?

Q: នាងខ្ញុំរស់នៅ ទីក្រុងភ្នំពេញ។ សមាជិកគ្រួសាររបស់ខ្ញុំ គាត់មានអាការៈខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ដោយមានរោគសញ្ញាក្អក ពិបាកដកដង្ហើម និងមានអារម្មណ៍តឹងទ្រូង តែគាត់មិនមានប្រវត្តិក្នុងការជក់បារីនោះទេ។ ខ្ញុំសង្ស័យថាគាត់អាចមានបញ្ហាអាល្លែកហ្ស៊ី តើលោកវេជ្ជបណ្ឌិតអាចជួយណែនាំ ពីរបៀបក្នុងការព្យាបាល និងការការពារពីជំងឺនេះយ៉ាងដូចម្តេចខ្លះ?

A : តាមការរៀបរាប់សញ្ញានៃអ្នកជំងឺ សង្កេតឃើញថាមូលហេតុដែលបង្កឲ្យមានរោគសញ្ញាខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃនេះ អាចទាក់ទងនឹងជំងឺច្រើន។ 
-ទីមួយ គឺជំងឺរលាកទងសួតរ៉ាំរ៉ៃ (bronchite chronique) ដែលអ្នកជំងឺមាន អាការៈ ក្អក ស្លេស្ម រយៈពេល ៣ ខែ ក្នុងអំឡុងរយៈពេល ២ ឆ្នាំ បន្តបន្ទាប់គ្នា។ 
-ជំងឺទីពីរ ដែលបណ្ដាលឲ្យមានខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃដែរនោះ គឺ ជំងឺហឺត (Asthme) បង្កមកពីអាល្លែកហ្ស៊ី(ភាពចាញ់) របស់ផ្លូវដង្ហើម ច្រើនកើតឡើងចាប់ពីវ័យកុមារហើយក៏កើតមានលើមនុស្សចាស់ផងដែរ។ 
-ជំងឺទីបី គឺ ជំងឺខ្យល់ដក់ស្ទះក្នុងផ្លូវដង្ហើម(em physèm e pulmonaire) ដែលកើតឡើងលើមនុស្សចាស់ភាគច្រើន និង បង្កមកពីការជក់បារីច្រើនក្នុងរយៈពេលយូរ (ជក់បារី លើសពីមួយកញ្ចប់ក្នុងមួយថ្ងៃ រយៈពេលលើសពី ១០ឆ្នាំឡើងទៅ) ដែលរោគសញ្ញារបស់វាច្រើនតែស្ដែងចេញជាការស្ទះ និង ថប់ ដង្ហើម។ ភាគច្រើននៃអ្នកជំងឺនេះ គេសង្កេតឃើញថាតែងតែប្រឈមមុខនឹងការធ្វើការងារជាមួយឧស្ម័នពុល ឬ ការស្រូបផ្សែងបារីលើសលប់។ 
-ជំងឺទីបួននោះ គឺជំងឺរីកទងសួត (dilatation des bronches) គឺ ជាជំងឺ ដែលបណ្ដាលមកពីផលវិបាកនៃជំងឺផ្សេងៗដូចជាផលវិបាកនៃជំងឺរបេង ជំងឺក្អកមាន់ ឬ ជំងឺមកពីវីរុសមួយចំនួន និងមកពីកត្តាតំណពូជ ដែលកើតមានតាំងពីកុមារដែលធ្វើឲ្យមានការចុះខ្សោយប្រព័ន្ធផ្លូវដង្ហើម។ 
-ចុងក្រោយគឺ ជំងឺរបេងសួតរ៉ាំរ៉ៃ(tuberculose pulmonaire) ដែលបណ្ដាលមកពីការព្យាបាលមិនបានដិតដល់ ឬផលវិបាកនៃជំងឺរបេងខ្លួនឯង ក៏អាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃផ្នែកផ្លូវដង្ហើមដែរ។ 

សរុបមក រោគសញ្ញាទាំងអស់នេះ (ក្អក ពិបាកដកដង្ហើម តឹងទ្រូង ហត់ក្នុងរយៈពេលយូរ) ក៏មិនអាចប្រាកដថា មកពីបញ្ហាអាល្លែកហ្ស៊ី ឬ មកពីការជក់បារី ឬ ផ្សែងពុលនោះឡើយ ដូចនេះ អ្នកជំងឺគួរមកពិគ្រោះនឹងគ្រូពេទ្យជំនាញឯកទេស ដើម្បីឲ្យគ្រូពេទ្យសួរដេញដោលបន្ថែម ត្រួតពិនិត្យ និងធ្វើតេស្តផ្សេងៗ ដើម្បីទទួលបានរោគវិនិច្ឆ័យពិតប្រាកដ។

បកស្រាយដោយ ៖ សាស្រា្តចារ្យវេជ្ជបណ្ឌិត គុយ ណូ វេជ្ជបណ្ឌិតសល្យសាស្រ្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីរពេទ្យសម្រាកព្យាបាលអាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង