សារធាតុ ៥យ៉ាងចាំបាច់សម្រាប់ទ្រទ្រង់សុខភាពស្ត្រីអស់រដូវ
ជីវិតនៅក្នុងដំណាក់កាលអស់រដូវរបស់ស្ត្រី សំដៅដល់រយៈពេលមួយដែលស្ត្រីលែងមានការមករដូវប្រចាំខែ និង បាត់បង់នូវមុខងារក្នុងការបន្តពូជរបស់អូវែ។ ចំពោះស្ត្រីស្ទើរតែទាំងអស់ការអស់រដូវមិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពឡើយ តែជាបទពិសោធន៍ផ្ទាល់ខ្លួនមួយទៅវិញ។
១. សារធាតុចម្រាញ់ពីតែបៃតង៖ ស្លឹកតែបៃតង ១ក្រាម នៅក្នុង ១០០មីលីលីត្រនៃទឹក ឆុងក្នុងរយៈពេល ៣នាទី ជាទូទៅអាចមានសារធាតុ Catechins ចំនួន ៣០ ទៅ ៤០%។ មានការ បង្ហាញថា សារធាតុចម្រាញ់នៃតែបៃតងមានឥទ្ធិពលជីវសាស្រ្ត និងឱសថសាស្ត្រជាច្រើនដូចជា ប្រឆាំងមហារីក ប្រឆាំង អុកស៊ីតកម្ម ប្រឆាំងវីរុស និងប្រឆាំង អាល្លែកហ្ស៊ីជាដើម។
អត្ថប្រយោជន៍នៃសារធាតុចម្រាញ់នៃតែបៃតង៖ សម្រកទម្ងន់ ប្រឆាំងកោសិកាមហារីក ជួយសុខភាពបេះដូង និងស្បែក ប្រឆាំងភាពចាស់ជរា ប្រឆាំង ទឹកនោមផ្អែម រលាកសន្លាក់ និងជំងឺឡើងសម្ពាធឈាម។ល។
២. សារធាតុ Isoflavons ពីសណ្តែកសៀង៖ អាហារពីសណ្តែកសៀងត្រូវបានទទួលស្គាល់ថាជាប្រភពនៃប្រូតេអ៊ីន សារធាតុខ្លាញ់ល្អចំពោះសុខភាព និងជាពិសេសគឺជាប្រភពតែមួយគត់ ដែលសម្បូរនូវសារធាតុ Isoflavons ដែលមានមុខងារជាច្រើនជាពិសេសចំពោះស្ត្រីនៅវ័យអស់រដូវ។
អត្ថប្រយោជន៍នៃ Isoflavons៖ សម្របសម្រួលអាការៈនៃការអស់រដូវ (ភាពញឹកញាប់ និងកម្រិតធ្ងន់ធ្ងរ) ភាពធុញថប់ ការពារជំងឺពុកឆ្អឹង សម្រួលសម្ពាធឈាម និងជាតិខ្លាញ់នៅក្នុងឈាម ការពារជំងឺមហារីក ជំងឺបេះដូង និងការពារការឡើងទម្ងន់ព្រមទាំងអាចជួយដល់សុខភាពស្បែកផងដែរ។
៣. Lycopene៖ ជាប្រភេទមួយនៃ carotenoid ដែលមានអនុភាពជាសាធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា និងមានបរិមាណច្រើនបំផុត នៅក្នុងឈាម និងកោសិកាមួយចំនួនដូចជា កោសិកាខ្លាញ់ ប្រូស្តាត ថ្លើម និងក្រពេញ adrenal។
អត្ថប្រយោជន៍នៃ Lycopene៖ ការពារការវិវឌ្ឍនៃជំងឺរ៉ាំរ៉ៃមួយចំនួន ដែលបង្កមកពីការធ្វើអុកស៊ីតកម្ម (មហារីក ឡើងសម្ពាធឈាម ទឹកនោមផ្អែមជាដើម) រារាំងការបាត់បង់ឆ្អឹង កាត់បន្ថយការប្រឈមនឹងជំងឺឆ្អឹងពុកចំពោះស្ត្រីអស់រដូវ និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងជាដើម។
៤. វីតាមីនសេ៖ ដោយសារមនុស្សខ្វះនូវអង់ស៊ីម L-3 gulonolactone oxidase ដែលចាំបាច់សម្រាប់ការសំយោគវីតាមីនសេ ដូចនេះ យើងត្រូវការវីតាមីនសេតាមរយៈប្រភពខាងក្រៅវិញ។ វីតាមីនសេ ចាំបាច់សម្រាប់ការផលិតកូឡាជែន carnitineនិងសារធាតុគីមី (neurotransmitters) សំខាន់ៗមួយចំនួនទៀតនៅក្នុងខ្លួន។
អត្ថប្រយោជន៍នៃវីតាមីនសេ៖ ចូលរួមធ្វើមេតាបូលីសនៃប្រូតេអ៊ីន ជួយប្រព័ន្ធការពាររាងកាយ ជំរុញការស្រូបនៃជាតិដែក និងទង់ដែង ទ្រទ្រង់សារធាតុ glutathione នៅក្នុងខ្លួន ជួយក្នុងការផលិតឡើងវិញនៃវីតាមីន E (alpha-tocopherol) រក្សាស្ថេរភាពនៃហ្វូឡាត (folate) ព្រមទាំងកាត់បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។
៥. កាល់ស្យូម៖ គឺជាសារធាតុរ៉ែដែលសម្បូរជាងគេនៅក្នុងខ្លួនមនុស្ស ដែលក្នុងនោះ ៩៩%នៃកាល់ស្យូមសរុប គឺរក្សាទុកនៅក្នុងឆ្អឹង។ ក្រៅពីនោះគឺរក្សាទុកនៅនឹង កោសិកា (០.៩%) និងនៅក្នុងឈាមព្រមទាំងសារធាតុរាវនៅក្រៅកោសិកា (០.១%) ដែលជាកន្លែងអាចបញ្ចេញឥទ្ធិពលទៅលើប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសរសៃប្រសាទនិងប្រព័ន្ធសាច់ដុំ។ កាល់ស្យូមដែលជាធាតុរក្សាលំនឹងសារធាតុរ៉ែនៃឆ្អឹងនឹងថយចុះ កាលណាស្ត្រីឈានដល់វ័យអស់រដូវ ដោយសារកំហាប់ កាល់ស្យូមនឹងថយចុះពីក្នុងឆ្អឹង។
អត្ថប្រយោជន៍នៃកាល់ស្យូម៖ ជួយសុខភាពឆ្អឹង និងសុខភាពទូទៅ (ការឡើងសម្ពាធឈាម មហារីកពោះវៀន លើសទម្ងន់ ក្រួសក្នុងតម្រងនោមជាដើម)។
សារធាតុទ្រទ្រង់សុខភាពដែលបានលើកឡើងត្រូវបានបញ្ជាក់ថា អាចគ្រប់គ្រាន់ក្នុងការទ្រទ្រង់សុខភាពរបស់ស្ត្រីដោយប្រើដាច់ដោយឡែកពីគ្នា ឬប្រើរួមជាមួយគ្នា តែម្តង។ សារធាតុទ្រទ្រង់សុខភាពពិតជាដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលរោគសញ្ញានៃការអស់រដូវ ដែលជាដំណាក់កាលធម្មជាតិដ៏យូររបស់ស្រ្តី (អាចរហូតដល់ជាង ១០ឆ្នាំ) ដូចនេះ ស្រ្តីទាំងអស់ពិតជាអាចបន្តការរស់នៅប្រកបដោយសុខុមាលភាពតាមធម្មជាតិបានបើទោះជាពួកគាត់ឈានចូលដល់ វ័យអស់រដូវហើយក៏ដោយ។
បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេសព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្ស។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។