រៀនពេទ្យ...ឆ្នាំណាសប្បាយជាងគេ? ឆ្នាំណាពិបាកជាងគេ?
មិនតិចឆ្នាំដូចមុខវិជ្ជាផ្សេងឯណា…ប៉ុន្តែ បទពិសោធន៍ដែលរៀនប៉ុន្មានឆ្នាំនេះ ក៏មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់ ហើយក៏បានបង្កើតនូវអនុស្សាវរីយ៍មិនតិចនោះទេជាមួយមនុស្សដែលធ្លាប់ស្គាល់មួយក្រុមដែលហៅថា«មិត្តរួមថ្នាក់» ហើយអ្នកខ្លះក៏បានស្គាល់ ទាក់ទង និងរាប់អានដល់«មិត្តរួម/ខុសជំនាន់» ទៀត ហើយក៏មានការងារ និងលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញជាមួយបុគ្គលិកសិក្សារួមមានទាំងសាស្រ្តាចារ្យផងដែរ។
គិតរាប់បញ្ចូលទាំងកម្មវិធីសិក្សា សម្ពាធ ពេលវេលា មិត្តភាព កម្រិតលំបាកនៃមេរៀន ភាពមមាញឹក និងកត្តាផ្សេងៗទៀតជាច្រើន សម្រាប់អ្នកផ្ទាល់ តើឆ្នាំមួយណាដែលផ្តល់នូវភាពរីករាយដល់អ្នកជាងគេ? ហើយឆ្នាំណាដែលពិបាកជាងគេ? ហេតុអ្វីដែរ?
ម្នាក់ៗប្រាកដជាមានចម្លើយនៅក្នុងចិត្តរៀងខ្លួនហើយ ខាងក្រោមនេះ ជាការចែករំលែកពីនិស្សិតផ្នែកសុខាភិបាលដែលបានផ្តល់ពេលវេលា និងកិច្ចសហការក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ…ចង់ដឹងថា ពួកគាត់ជានរណាខ្លះ? ហើយមានការយល់ឃើញយ៉ាងណាខ្លះ? តាមដានអានឲ្យដល់ចប់ជាមួយគ្នា…
ធៀប សុជាតិ និស្សិតឆ្នាំទី៥(ជំនាន់ទី៣៧) ផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
និយាយទៅ ឆ្នាំណាក៏សប្បាយដែរ តែលក្ខណៈថាសប្បាយផង ពិបាកផង ព្រោះគិតថាឆ្នាំណាក៏ដូចជាឆ្នាំណាដែរ សុទ្ធតែមានរឿងសប្បាយ និងរឿងត្រូវកើតទុក្ខដូចគ្នា។
ឆ្នាំដែលពិបាកជាងគេ អាចថាឆ្នាំទី៥ ព្រោះថាត្រូវចុះស្តារផង ហើយត្រូវរៀនផង (បើតាមដែលសង្កេតមើលទៅ ក៏ជាឆ្នាំដែលគេស្រកគីឡូច្រើនជាងគេផងដែរ ព្រោះតែហត់ពេក)។ ខ្ញុំយល់ថា ក៏ជាឆ្នាំដែលរៀនមិនសូវចេះជាងគេដែរ តែអាចជាការពិតសម្រាប់តែខ្ញុំម្នាក់ក៏ថាបាន។
សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេ គឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើង ដើម្បីសម្រេចក្តីស្រមៃរបស់យើង។
ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសម្រាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។
លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
សម្រាប់ខ្ញុំ គ្រប់ឆ្នាំសិក្សាទាំងអស់សុទ្ធតែមានភាពសប្បាយរីករាយ និងការប្រកួតប្រជែងដូចគ្នា។ ប៉ុន្តែ ឆ្នាំដែលពិបាកជាងគេបង្អស់ គួរតែជាឆ្នាំទី៧ដែលជាឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ និស្សិតជាច្រើនក៏បានរកឃើញកន្លែងចុះកម្មសិក្សានៅតាមគ្លីនិកធ្មេញរួចហើយ តែក៏ជាឆ្នាំដែលត្រូវបំពេញការងារនូវគ្លីនិកនៃសាកលវិទ្យាល័យ និងមន្ទីរពេទ្យរដ្ឋផងដែរ។ ហេតុដូចនេះហើយ គឺមានការទាមទារឲ្យមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលា ដើម្បីធានាឲ្យបាននូវតុល្យភាពរវាងលក្ខខណ្ឌការងារសាលា និងការចុះកម្មសិក្សាផ្ទាល់ខ្លួន។
លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ
ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ដោយសារអ្វីៗទាំងឡាយ គឺថ្មីទាំងអស់ រួមទាំងមិត្តភក្តិ មេរៀនដែលត្រូវរៀន និង ឧបករណ៍បច្ចេកទេសជាច្រើន ដែលមិនដែលជួបប្រទះពីមុនមក ធ្វើឲ្យមានការចង់ចេះចង់ដឹងពីអ្វីដែលនៅជុំវិញខ្លួន។
ឆ្នាំទី៥ជាឆ្នាំពិបាកជាងគេ ដោយសារត្រូវត្រៀមប្រលងចេញ មានសម្ពាធពីការសិក្សា ហើយត្រូវបញ្ចប់កម្មសិក្សា។ បន្ថែមលើនេះទៀត គឺត្រូវរៀបចំផ្លូវអនាគតខ្លួនឯង ដូចជាចូលបម្រើការងារនៅគ្រឹះស្ថាននានា ឬ បន្តការសិក្សាទៅក្រៅប្រទេស។ ដូចនេះ ឆ្នាំទី៥ ពិបាកបំផុតសម្រាប់ខ្ញុំ។
ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ឆ្នាំដែលសប្បាយជាងគេនោះគឺឆ្នាំទី៤ ហេតុផលនោះ គឺវាជាឆ្នាំដំបូងដែលខ្ញុំចាប់ផ្ដើមការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ និងបានជួបផ្ទាល់ជាមួយអ្នកជំងឺ។
រីឯឆ្នាំដែលខ្ញុំគិតថាពិបាកជាងគេនោះគឺឆ្នាំទី៦ ព្រោះវាគឺជាឆ្នាំដែលខ្ញុំនឹងចូលរៀនក្នុងពេលឆាប់ៗនេះ ហើយឆ្នាំសិក្សានេះ គឺមានមុខវិជ្ជាថ្មីៗជាច្រើន និងមេរៀនជាច្រើនដែលត្រូវរៀន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាក៏ជាឆ្នាំមួយសម្រាប់ការត្រៀមប្រលងចូលរៀនថ្នាក់ឯកទេសផងដែរ។
តាំង រ៉ូស្សាទេវី អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center)
ឆ្នាំដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺឆ្នាំទី១ការសិក្សាមិនសូវជារវល់ មួយថ្ងៃរៀនត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។
ឆ្នាំដែលពិបាកគឺឆ្នាំទី៥ ព្រោះជាឆ្នាំបញ្ចាប់មានការប្រលងច្រើន ប្រលង២ឆមាស បន្ទាប់មកត្រូវប្រលងចេញ និងត្រូវគិតពីគោលដៅបន្តទៀតថាគួរធ្វើអ្វី។
សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ
ចំពោះពេលវេលាដែលបានឆ្លងកាត់មកតាំងពីឆ្នាំទី1ដល់ឆ្នាំទី 7 គឺមានតែឆ្នាំទី 7ទេដែរជាឆ្នាំដែររីករាយផង និងពិបាកជាងគេផង។ សប្បាយ ព្រោះយើងបានជួបអនុវត្តផ្ទាល់លើជាមួយអ្នកជំងឺ ជិតបានសម្រេចនូវក្តីស្រមៃដោយបានទទួលងារពេញសិទ្ធិជា«ទន្តបណ្ឌិត»។ ហើយអ្វីដែលពិបាកនោះ គឺយើងត្រូវប្រឈមមុខនឹងការធ្វើនិក្ខេបបទ ការធ្វើការអនុវត្តផ្ទាល់ពេញម៉ោង និងការត្រៀមប្រលងចេញ និងប្រលងថ្នាក់ជាតិ។
វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital)
សម្រាប់ខ្ញុំ គ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ព្រោះខ្ញុំពិតជារីករាយក្នុងការរៀនពីអ្វីដែលថ្មីពីមួយឆ្នាំ ទៅឆ្នាំមួយទៀត
ប៉ុន្តែឆ្នាំទី៤ និង ទី៥មានការលំបាកច្រើន ព្រោះមុខវិជ្ជាមានសំខាន់ៗច្រើន ហើយឆ្នាំទី៥ជាឆ្នាំចុងក្រោយ ដូច្នេះ ខ្ញុំត្រូវត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រទ្បងប្រកបដោយភាពជោគជ័យ។
ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ
ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ព្រោះជាឆ្នាំដំបូង ហើយមេរៀនដែលត្រូវរៀនក៏មិនទាន់ជ្រៅ។ ម្យ៉ាងទៀត ក៏មិនសូវខ្វល់ខ្វាយ និងមានសម្ពាធខ្លាំង ជាពិសេស គឺមិនទាន់ផ្តោតលើការអនុវត្ត។
ចំណែកឆ្នាំដែលពិបាកជាងគេ គឺប្រហែលជាឆ្នាំទី៧ ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ ដូចជាត្រូវប្រលងចេញ ចុះបំពេញការងារនៅគ្លីនិកដើម្បីបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ ទើបអាចប្រលងថ្នាក់ជាតិបាន ធ្វើនិក្ខេបបទ ធ្វើការស្រាវជ្រាវ ហើយអ្នកខ្លះក្រោយពីប្រលងថ្នាក់ជាតិចប់ ក៏ត្រូវប្រលងក្របខណ្ឌទៀត។
Photo Credit : Theap Socheat
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ