បើពេលវេលាអាចត្រលប់ក្រោយ…តើនឹងរៀនពេទ្យទៀតទេ?
បើពេលវេលាអាចត្រលប់ក្រោយ…តើនឹងនៅតែជ្រើសរើសរៀនពេទ្យឬទេ?
គ្រាន់តែជាសំណួរប្រភេទ«បើសិនជា…»មួយ តែក៏ដឹងច្បាស់ហើយ ថាមិនអាចកើតឡើងនោះទេ ព្រោះពេលវេលាមិនដែលត្រលប់ក្រោយ(ដូចក្នុងរឿងភាគ) នោះឡើយ…
សូមឆ្លើយដោយស្មោះត្រង់នឹងខ្លួនឯង ថាតើ អ្នកនឹងឆ្លើយតបបែបណាចំពោះសំណួរមួយនេះ? តាមរយៈពេលវេលាកន្លងមកនេះ ជាមួយនឹងការឆ្លងកាត់ប៉ុន្មានឆ្នាំនេះ តើអ្នកពេញចិត្តនឹងមុខវិជ្ជាដែលកំពុង ឬបានសិក្សាកម្រិតណាដែរ? តើធ្លាប់គិតចង់ផ្លាស់ប្តូរឬទេ? ហេតុអ្វី?
ខាងក្រោមនេះ ជាចម្លើយដែលក្រុមការងារបានធ្វើការដកស្រង់ចេញពីកិច្ចសម្ភាសន៍ជាមួយនឹងនិស្សិតសុខាភិបាលមួយចំនួនដែលធ្លាប់បានផ្តល់កិត្តិយស និងកិច្ចសហសការក្នុងការផ្តល់កិច្ចសម្ភាន៍កន្លងមក…ភាគច្រើន គឺជាចម្លើយវិជ្ជមាន ដែលនឹងបន្តរើសមុខវិជ្ចាដែលពួកគាត់កំពុងសិក្សា ព្រោះថាវាជាអ្វីដែលគាត់ស្រលាញ់ និងពេញចិត្តក្នុងការជ្រើសរើសដោយខ្លួនឯង…
ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ
ខ្ញុំនៅតែជ្រើសរើសយកវា ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្លួនខ្ញុំផ្ទាល់តាំងពីក្មេងមក ហើយវាក៏បានក្លាយជាគោលដៅរបស់ខ្ញុំរហូតមកដែរ…អាចថាមកពីខ្ញុំស្រលាញ់ភាពឯករាជ្យក្នុងការបើកដំណើរការអាជីវកម្ម និងចាប់អារម្មណ៍វិស័យវិទ្យាសាស្រ្តសុខាភិបាលស្របពេលជាមួយគ្នាក៏ថាបាន។
សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ទោះជាយ៉ាងណាការលំបាកច្រើនក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។
លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ
ទោះជាការសិក្សាមានការលំបាកដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។
ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។
វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital)
ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។
សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ
បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។
តាំង រ៉ូស្សាទេវី អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center)
ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ ឬផ្លាស់ប្តូរការសិក្សាមុខវិជ្ជានេះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។
លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ