១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ
១/ បរិភោគអាហារដែលអ្នកចូលចិត្ត
លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។
២/ គ្រប់គ្រងចានបាយ
វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។
៣/ រក្សាកំណត់ត្រា
ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។
៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ
ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។
៥/ គ្រប់គ្រងថង់ថ្នាំ
បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។
៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ
កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។
៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ
មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។
៨/ សាកល្បងកម្លាំងហាត់ប្រាណ
អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។
៩/ ពិនិត្យជើង រៀងរាល់យប់
ប្រើកញ្ចក់ឆ្លុះឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។
១០/ ផ្ដាច់បារី
ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។
១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ
គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។
សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម គាំងបេះដូងស្លាប់ ខូចមួយចំហៀងខ្លួន ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន(Diabetes Care Clinic, Phnom Penh)
លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម តាមរយៈ
តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?
ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម