ផលប៉ះពាល់នៃការជក់បារី លើប្រព័ន្ធផ្លូវដង្ហើម
ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ គេបានរកឃើញសារធាតុប្រមាណជា4000ប្រភេទដែលមាននៅក្នុងផ្សែងបារី ហើយសាធាតុមួយចំនួនជាសារធាតុពុល (toxin) និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ (carcinogens)។ ដោយសារការញៀន(depen-dance)ភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ( active smoking) ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល (passive smoking)នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី.ខាងក្រោមជាការពណ៌នាខ្លីៗអំពីជំងឺផ្លូវដង្ហើមដែលបណ្ដាលពីការជក់បារី ។
-ជំងឺមហារីកសួត
ជំងឺមហារីកសួត ជាជំងឺដែលពិបាកទាំងក្នុងការធ្វើរោគវិនិច្ឆ័យទាំងក្នុងការព្យាបាល។អ្នកជក់បារីមានហានិភ័យកើតជំងឺមហារីកសួត ពី15ទៅ30ដងលើសមនុស្សធម្មតា(non smoker) ហើយតាមការសិក្សាបញ្ជាក់ថា90%នៃអ្នកជំងឺមហារីកសួត គឺអ្នកជក់បារី។យ៉ាងណាមិញការឈប់រឺការកាត់បន្ថយការជកបារីអាចកាត់បន្ថយហានិភ័យក្នុងការបង្កឲ្យមានជំងឺមហារីកសួតបាន។
-ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (COPD)
បារី គឺជាមូលហេតុទី1 ដែលបង្កឲ្យមានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។ នៅក្នុងផ្សែងបារី គេឃើញមានសារធាតុម៉្យាង(Acrolein) ដែលបណ្ដាលឲ្យមានការរលាកទងសួត ហើយការរលាករាំុរ៉ៃនឹងធ្វើឲ្យទងសួតត្បៀតបន្តិចម្ដងបន្តិចម្ដង។ ជាទូទៅ វាអាចស្ដែងចេញជា4 ដំណាក់កាល៖ ដំបូង គឺការក្អកមានកំហាករ៉ាំរ៉ៃ បន្ទាប់មកហត់ បន្ទាប់មកទៀត គឺជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ និងចុងក្រោយឈាន ដល់ការបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា «ការឈប់ជក់បារី អាចបន្ថយល្បឿន នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជាការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើមបាន»។
-ជំងឺហឺត(Asthma)
ត្បិតថាការជក់បារីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឲ្យមានជំងឺហឺត ប៉ុន្តែគេបានសង្កេតឃើញថា អ្នកជំងឺហឺតដែលជាអ្នកជក់បារី ឬជាអ្នកដែលរស់នៅក្បែរអ្នកជក់បារី ច្រើនមានវិបត្តិជំងឺហឺត(Asthma exacerbation)ញឹកញាប់ សញ្ញាគ្លីនិកធ្ងន់ធ្ងរ និងមានការឆ្លើយតបមិនសូវល្អទៅលើការព្យាបាលដោយថ្នាំ។
ក្រៅពីផលប៉ះពាល់ទៅលើប្រពន្ធ័ដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសសៃឈាមបេះដូង និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះ បងប្អូនគួរបោះបង់ការជក់បារី និង ជៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់ និងអ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព៕
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ