បើក្មេងរលាកបំពង់ក គួរធ្វើបែបណាទៅ?
សំណួរ ៖ កូននាងខ្ញុំមានអាយុ ២ឆ្នាំ ៣ខែ បានផ្តាច់ដោះនៅអាយុ២០ខែ។ ក្រោយពេលផ្តាច់ដោះ ខ្ញុំសង្កេតឃើញថា កូនខ្ញុំឧស្សាហ៍រលាកបំពង់ក (២ ទៅ៣ខែរលាកម្តង) ហើយដាក់ថ្នាំត្រជាក់មិនអន់ក្តៅសោះ។ តើមកពីអ្វីទៅ? តើមានថ្នាំ ឬវិធីសាស្រ្តអ្វីដើម្បីជួយនៅពេលដាក់ថ្នាំអត់ត្រជាក់បែបនេះ? ម៉្យាងទៀតពេលកូនខ្ញុំដេកនៅពេទ្យគឺ ត្រជាក់ តែពេលយកថ្នាំមកបញ្ច្រកនៅផ្ទះ បែរជាមិនងាយត្រជាក់សោះ។ តើនេះមកពីអ្វី? មួយវិញទៀត កូនខ្ញុំមិនដែរឈឺអី្វក្រៅពីរលាកបំពង់កនេះទេ ខ្ញុំឆ្ងល់ថា ហេតុអ្វីក៏ក្មេងខ្លះងាយរលាកបំពង់ក ឯក្មេងខ្លះទៀតមិនងាយកើតទៅវិញ?
ចម្លើយ ៖ ជាទូទៅ បញ្ហារលាកបំពង់ក ដែលកើតលើកុមារអាចបង្កពីកត្តាពីរយ៉ាង៖ ទីមួយ កុមារអាចកើតមិនគ្រប់ខែ ជាមូលហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានសភាពខ្សោយដែលធ្វើឲ្យងាយមានបញ្ហារលាកបំពង់ក ម្យ៉ាងទៀតបរិយាកាស នៅជុំវិញអាចជាផ្សែងបារី ខ្យល់អាកាសមិនអំណោយផល គ្មានអនាម័យ ការប៉ះពាល់តាមរយៈថើបពីអ្នកមានជំងឺ ឬកុមាររស់នៅចំណោមមនុស្សច្រើនក្នុងទីតាំងតូចចង្អៀត ក៏ជាកត្តាប្រឈមធ្វើឲ្យកុមារទទួលរងបញ្ហារលាកបំពង់កផងដែរ។ ចំណែកបញ្ហាដែលការព្យាបាលនៅផ្ទះមិនធូរ អាចបណ្តាលមកពីការខ្វះការថែទាំ ការរករោគវិនិច្ឆ័យជាវីរុស ឬបាក់តេរីដូចក្នុងមន្ទីរពេទ្យ ដោយនៅមន្ទីរពេទ្យអ្នកអាចទទួលបានការណែនាំច្រើនពីវេជ្ជបណ្ឌិតក្នុងការថែទាំការរករោគវិនិច្ឆ័យកុមារអំឡុងពេលឈឺ ដូច្នេះអ្នកជាអាណាព្យាបាលគួរតែយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផែ្នកកុមារ ដើម្បីទទួលរករោគវិនិច្ឆ័យ ការព្យាបាល និងផ្តល់ដំបូន្មាន។ ការប្រើថ្នាំលើកុមារត្រូវមានកម្រិតដូសត្រឹមត្រូវ ដូច្នេះមានតែគ្រូពេទ្យជំនាញទេដែលដឹងចំនួនដងដែលប្រើ។ មាតាបិតាគួរតែមានទែម៉ូម៉ែត្រនៅផ្ទះងាយស្រួលតាមដានកម្តៅកូនរបស់ខ្លួន។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ