ក្រោយចូលរៀនពេទ្យ រឿងខ្លះ ក៏បានផ្លាស់ប្តូរទាំងស្រុង …
មានរឿងខ្លះ យើងបានរស់នៅឡើងស៊ាំនឹងទម្លាប់ទាំងនោះទៅហើយ តែក៏មានពេលខ្លះទៀត ដែលត្រូវតែទទួលយកការពិតនៃការផ្លាស់ប្តូរថ្មីក្រោយពេលសម្រេចចិត្តជ្រើសរើសអ្វីមួយសម្រាប់ដំណើរជីវិតរបស់ខ្លួន។ ក្នុងនោះផងដែរ ក្រោយពេលក្លាយខ្លួនជានិស្សិតពេទ្យមួយរូបហើយ នឹងមានទម្លាប់មួយចំនួន អ្នកនឹងត្រូវផ្លាស់ប្តូរ និងទទួលយកវា បើទោះជាការពិត មិនសូវចង់ឲ្យកើតឡើងក៏ដោយ…
អ្នកខ្លះដែលកំពុងអាន ក៏ប្រហែលជាយល់អារម្មណ៍ទាំងនេះច្បាស់ហើយ ស្របពេលដែលអ្នកខ្លះ ហាក់ដូចជានៅមិនទាន់ច្បាស់ថា«មែនក៏អី?» តែកុំបារម្ភ…អ្វីក៏ដោយ តែងតែមានផលវិជ្ជមាន និងអវិជ្ជមានរបស់វាដែរ ហេតុនេះហើយ…រីករាយប្រឈមនឹងអ្វីដលត្រូវប្រឈម ហើយកុំភ្លេចសម្របខ្លួនដោយភាពវៃឆ្លាត
គួរបញ្ជាក់ផងដែថា ខាងក្រោមនេះ គ្រាន់ជាអ្វីដែលបានសម្រិតសម្រាំងពីអត្ថបទមួយ ក្រោមការប្រឹក្សាពីនិស្សិតវេជ្ជសាស្ត្រមួយរូបប៉ុណ្ណោះ…វាអាចនឹងពិតសម្រាប់អ្នកខ្លះ ហើយក៏មិនពិតសម្រាប់អ្នកខ្លះទៀត…
ការរៀនត្រៀមប្រឡង
មុនចូលរៀនពេទ្យ ៖ ចំណាយពេលប៉ុន្មានថ្ងៃ មុនពេលប្រឡង ហើយមានពេលណាត់ជួបគ្នាដើម្បីរំលឹកមេរៀននៅកន្លែងផ្សេងៗ ដែលពេលខ្លះក៏ក្លាយជាពេលនិយាយគ្នាច្រើនជាងរំលឹកមេរៀន តែក៏នៅតែមិនអី
ក្រោយចូលរៀនពេទ្យ ៖ មិនថាថ្ងៃណានោះទេ គឺត្រូវតែត្រៀមជានិច្ច ហើយក៏មានមេរៀនមិនតិចនោះដែរដែលត្រូវមើល និងរំលឹក។ ការឆ្លៀតគេងបាន១០ទៅ២០នាទីក៏ជាការប្រសើរបំផុតហើយ ព្រោះថាសំណួរមិនតិចជាង១ពាន់ឡើយ បើអ្នកខ្លះមើលរហ័ស ក៏អាចមើលចប់១ ឬ២ដង ស្របពេលដែលអ្នកខ្លះនៅពាក់កណ្តាលផ្លូវនៅឡើយ។
ការគេង
មុនចូលរៀនពេទ្យ ៖ ចូលគេងយប់ជ្រៅដល់ម៉ោង១ភ្លឺ ហើយទៅរៀនពេលព្រឹក ដោយគេងមិនបាន៨ម៉ោងគ្រប់គ្រាន់ ក៏មិនជាបញ្ហា ព្រោះតែងតែមានពេលសម្រាកដែលអាចគេងសម្រន់បាន
ក្រោយចូលរៀនពេទ្យ ៖ បើគេងបាន៥ម៉ោង ចាត់់ទុកថាសំណាងណាស់ទៅហើយ បើប៉ះចំវេនយាមយប់ ហើយស្អែកឡើងត្រូវទៅរៀនទៀតនោះ កន្លែងណាក៏គេងបានដែរ មិនថាមុខវិជ្ជាណានោះទេ
ជប់លៀង
មុនចូលរៀនពេទ្យ ៖ មានពេលយ៉ាងហោចណាស់ក៏១ ទៅ ២ម៉ោងសម្រាប់រៀបចំខ្លួនដែរ ហើយក៏មានពេលគ្រប់គ្រាន់សម្រាប់ការជួបជុំគ្នា ជជែកពីនេះពីនោះដែរ
ក្រោយចូលរៀនពេទ្យ ៖ មានឱកាសបានបង្ហាញខ្លួន ជាឱកាសមួយកម្រហើយ កុំថាឡើយពេលគ្រប់គ្រាន់សម្រាប់ត្រៀម និងរៀបចំខ្លួននោះ ហើយបើបានជុំគ្នាម្តងៗវិញ សប្បាយម៉ាអស់ដៃតែម្តង
អាហារ
មុនចូលរៀនពេទ្យ ៖ បើមានពេល ក៏អាចសាកល្បងធ្វើនូវមុខម្ហូបប្លែកៗ ឬអ្វីដែលខ្លួនចូលចិត្ត ឬក៏ពេលខ្លះមិនសូវមានពេលច្រើន ក៏នៅតែអាចកុម្ម៉ង់អាហារមកញ៉ាំ ហើយមានពេលរីករាយនឹងញ៉ាំវាបាន
ក្រោយចូលរៀនពេទ្យ ៖ កាហ្វេប្រហែល២ទៅ៣កែវក្នុងមួយថ្ងៃ នំ និងអាហារផ្សេងទៀត ជាពិសេសម្ជូរ។ បើពេលវេនយប់វិញ ឲ្យតែបានអាហារក្តៅៗម្តងៗ (ស៊ីវម៉ៃ មីស៊ុប…) គឺថាមានអារម្មណ៍ដូចជាបានកាដូពិសេសពីព្រះអញ្ចឹង
បណ្ណាល័យ
មុនចូលរៀនពេទ្យ ៖ ជាកន្លែងដ៏កក់ក្តៅមួយដែលអាចចំណាយពេលជាមួយនឹងមិត្តរួមថ្នាក់មើលមេរៀន ឬសម្រាកដោយអង្គុយលេង ថតរូប និងប្រើប្រាស់អ៊ីនធឺណែត
ក្រោយចូលរៀនពេទ្យ ៖ សម្រាប់និស្សិតពេលខ្លះ បណ្ណាល័យជាកន្លែងដែលអាចឲ្យគេចពីម៉ោងរៀនខ្លះដែលគេគិតថាធុញទ្រាន់ ឬហត់នឿយខ្លាំង។ សឹងតែអាចហៅបានថា«កន្លែងបន្ធូរអារម្មណ៍» ដោយការអានសៀវភៅ ការលេងហ្គេម និងជាពិសេស គឺគេងដោយមានក្តីសុខតែម្តង…
ការងូតទឹក
មុនចូលរៀនពេទ្យ ៖ យ៉ាងហោចណាស់ក៏មាន៥ទៅ១០នាទី ងូតទឹកដោយស្រណុកខ្លួន នឹកគិតអំពីអ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ និងត្រៀមគម្រោងខ្លះៗសម្រាប់ថ្ងៃស្អែកដែរ
ក្រោយចូលរៀនពេទ្យ ៖ ប្រើប្រាស់បន្ទប់ទឹកនៅពេទ្យ ម៉េចនឹងអាចមានអារម្មណ៍ស្និទ្ធស្នាលដូចនៅផ្ទះផ្ទាល់ខ្លួនទៅ តែក៏សំណាងណាស់ដែរ ដែលមានបន្ទប់សមរម្យសម្រាប់ពេទ្យ និងបុគ្គលិកផ្សេងទៀត
ប្រជាប្រិយភាព
មុនចូលរៀនពេទ្យ ៖ អ្នកដែលមានមុខមាត់ស្អាត រូបរាងសង្ហា មានការតុបតែងខ្លួនដែលលេចធ្លោជាងគេ ច្រើនទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ
ក្រោយចូលរៀនពេទ្យ ៖ សិស្សច្បងដែលរៀនពូកែ និងមានសមត្ថភាពខ្ពស់ ជាពិសេសបានពិន្ទុខ្ពស់ជាងគេ ហើយធ្វើការងារដោយវិជ្ជាជីវៈ តែងតែក្លាយជានិមិត្តរូបរបស់សិស្សប្អូនជាច្រើន
ពិត ឬមិនពិតដែរ? សូមមតិយោបល់ម្នាក់បន្តិចមកណា៎…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ