គួរឆ្លុះក្រពះឬអត់ បើគ្មានរោគសញ្ញាអ្វីផង?
Q : អ្នកជិតខាងរបស់ខ្ញុំ តែងតែប្រាប់ខ្ញុំឲ្យឆ្លៀតពេលទៅធ្វើការពិនិត្យក្រពះ ពោះវៀន តាមរយៈការឆ្លុះ ដោយសារពួកគេធ្លាប់ស្គាល់អ្នកដែលមានជំងឺទាក់ទងនឹងក្រពះ ពោះវៀនធ្ងន់ធ្ងរ ដោយសារគេបានធ្វេសប្រហែសក្នុងការទៅពិនិត្យសុខភាព។ ខ្ញុំបាទមានការងឿងឆ្ងល់ ហើយចង់សួរលោកវេជ្ជបណ្ឌិតថា តើគួរទៅឆ្លុះក្រពះ ពោះវៀនទេ បើខ្ញុំមិនមានអាការៈ ឬរោគសញ្ញាទាក់ទងនឹង បញ្ហាក្រពះពោះវៀននោះទេ?
A : រហូតមកដល់បច្ចុប្បន្ន មិនទាន់មានការចង្អុលបង្ហាញ ឬការណែនាំណាមួយជាលក្ខណៈអន្តរជាតិ ឲ្យធ្វើការឆ្លុះក្រពះ (Endoscopy) ដើម្បីការពារសុខភាពចៀសវាងពីជំងឺ ពិសេសជំងឺមហារីកក្រពះនោះទេ។ ចំណែកឯការឆ្លុះពោះវៀនធំ (Colonoscopy) វិញ មានការណែនាំជាស្ដង់ដារអន្តរជាតិ ដើម្បីឲ្យប្រជាជនទៅឆ្លុះពោះវៀន ដើម្បីពិនិត្យសុខភាព។ នៅប្រទេសអឺរ៉ុប មានការសិក្សាស្រាវជ្រាវ ដើម្បីតាមដាន និងការពារជំងឺមហារីកពោះវៀនធំដោយធ្វើការឆ្លុះលើប្រជាជនទូទៅ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
ចំណែកឯប្រជាជនដែលមានអត្រាប្រឈមមុខខ្ពស់ដូចជា មានបងប្អូន ឬម្ដាយឪពុកធ្លាប់មានប្រវត្តិជំងឺនេះ គប្បីត្រូវឆ្លុះពោះវៀន នៅអាយុយ៉ាងតិច ១០ ឆ្នាំជាងធៀបទៅនឹងអាយុរបស់អ្នកឈឺ។
តួយ៉ាង ប្រសិនអ្នកជំងឺមានមហារីកពោះវៀនធំ នៅអាយុ ៥០ ឆ្នាំ នោះបងប្អូនរបស់អ្នកជំងឺគួរតែមកឆ្លុះពោះវៀននៅអាយុ ៤០ ឆ្នាំ។
ចំពោះប្រទេសកម្ពុជាយើងវិញ ដោយហេតុថាមហារីកពោះវៀន បានកើតមានឡើងច្រើន បន្ទាប់ពីមហារីកមាត់ស្បូន និងមហារីកសួត ហើយភាគច្រើនស្ដែងចេញជារោគសញ្ញាលុះត្រាតែក្នុងដំណាក់កាលធ្ងន់ធ្ងរ ដូចនេះទើបមានជាការណែនាំជាថ្នាក់ជាតិឲ្យប្រជាជនខ្មែរដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ គួរតែទៅពិនិត្យសុខភាពក្រពះ ពោះវៀន ដោយម៉ាស៊ីន អង់ដូស្កុបយ៉ាងតិចមួយឆ្នាំម្ដង។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន ចាន់ណា ឯកទេសជំងឺថ្លើម និងក្រពះ ពោះវៀន បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ