៣ Survival Tips ដែលនិស្សិតពេទ្យភាគច្រើនបានណែនាំ...
មានរឿងជាច្រើន បានលឺច្រើនដងយ៉ាងណា មិនស្មើនឹងបានជួបផ្ទាល់ ឬឆ្លងកាត់ម្តងឡើយ ជាក់ស្តែង ប្រាកដជាធ្លាប់បានលឺច្រើនដងហើយ ឃ្លាដែលគេនិយាយថា«រៀនពេទ្យ ពិបាក» (ចង់ដឹងនិស្សិតពេទ្យយល់ឃើញយ៉ាងណាអំពីឃ្លានេះ អាចចូលទៅកាន់ ពេលសួរថា«រៀនពេទ្យពិបាក»មែនក៏អី? ទាំងនេះជាចម្លើយ…) តែកិច្ចការមួយលំបាក មិនមែនជាកិច្ចការដែលមិនអាចទៅរួចឡើយ។ ហើយចុះបើអាចទៅរួចបាននោះ តើមានវិធីសាស្រ្តអ្វីខ្លះទៅ?
ក្រុមការងារក៏ធ្លាប់បានធ្វើការសាកសួរ និងជួបសម្ភាសន៍ជាមួយនឹងនិស្សិតពេទ្យមួយចំនួនអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងនាមជានិស្សិតពេទ្យមួយរូប ហើយក្នុងនោះផងដែរ តាមរយៈចម្លើយជាច្រើនដែលបានទទួលក្នុងការឆ្លើយតបរបស់ពួកគាត់ ក្រុមការងារអ្នកនិពន្ធបានធ្វើការសង្កេតឃើញថា មានចំណុច៣ ដែលស្ទើរតែគ្រប់និស្សិតពេទ្យដែលបានផ្តល់បទសម្ភាសន៍បានលើកឡើង ពេលដែលឆ្លើយនឹងសំណួរ«តាមរយៈបទពិសោធន៍ក្នុងការសិក្សាកន្លងមកនេះ តើមានវិធីសាស្រ្តអ្វីខ្លះដែលនិស្សិតពេទ្យគួរប្រតិបត្តិ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា?» ដែលរួមមានដូចខាងក្រោម ៖
ស្វ័យសិក្សា
បន្ថែមពីលើកាលវិភាគសាលាដ៏សែនមមាញឹក រយៈពេល២៤ម៉ោង ដែលគ្រប់គ្នាមាន គួរតែត្រូវមានម៉ោងសម្រាប់ស្វ័យសិក្សាផងដែរ។ មិនថាជាការសិក្សាដោយរំលឹកមេរៀន ឬស្វែងយល់បបន្ថែមពីមេរៀនដែលបានមកពីសាលា ឬការស្រាវជ្រាវឯកសារថ្មីៗនោះទេ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ការសិក្សារបស់អ្នក។ មិនមែនឆ្លៀតនោះទេ គឺត្រូវមានកាលវិភាគច្បាស់លាស់ ដើម្បីឲ្យប្រាកដចិត្តថា នឹងមិនរៀនលំៗនោះទេ… យ៉ាងណាមិញ ស្វ័យសិក្សាក៏អាចកើតមានក្នុងរូបភាពផ្សេងគ្នា ដោយអ្នកខ្លះក៏ចូលចិត្តអាន អ្នកខ្លះក៏ចូលចិត្តមើលវីដេអូ ហើយខ្លះទៀតក៏ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទាក់ទងគ្នាតាមប្រព័ន្ធអ៊ិនធឺណែតជាដើម។ ដើម្បីសម្រួលដល់ស្វ័យសិក្សា តាមចំណង់ចំណូលចិត្តរបស់អ្នកនោះ យើងខ្ញុំក៏សូមណែនាំនូវអត្ថបទខាងក្រោមដែលសុទ្ធតែមធ្យោបាយនៃស្វ័យសិក្សាដែលអ្នកអាចជ្រើសរើសបាន…
-App ទាំង៦ដែលនិស្សិតពេទ្យ និងគ្រូពេទ្យគួរតែមាន
-Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ
-TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
-ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ!
-ឯកសារដែលនិស្សិតពេទ្យគួរតែមាន(មិនគិតថ្លៃ)
ការសិក្សាជាក្រុម
ដូចដែលបានដឹងស្រាប់ហើយថា «គ្មាននរណាម្នាក់ ល្អឥតខ្ចោះ» នោះទេ ហើយយើងម្នាក់ៗសុទ្ធតែអាចបំពេញចន្លោះគ្នា ដើម្បីភាពពេញលេញទាំងអស់គ្នា។ ក្រៅពីត្រងត្រប់ស្តាប់ក្នុងថ្នាក់រៀន និងរៀនបន្ថែមដោយខ្លួនឯងហើយនោះ ការជួបពិភាក្សា និងសិក្សាជាក្រុមប្រាកដណាស់គឺជួយបន្ថែមនូវភាពខ្វះខាត ត្រង់ចំណុចណាដែលអ្នកមិនទាន់យល់ច្បាស់ ហើយអ្នកក៏អាចជាអ្នកពន្យល់បន្ថែមដល់មិត្តរួមថ្នាក់អំពីអ្វីដែលអ្នកយល់ដឹងផងដែរ។ ស្មារតីសិក្សាជាក្រុមនឹងមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងរបស់អ្នកនោះទេ វាក៏អាចនឹងជាគុណប្រយោជន៍សម្រាប់ក្រោយពេលបញ្ចប់ការសិក្សាផងដែរ ព្រោះចំណងមិត្តភាពជាបណ្តាញទំនាក់ទំនងដែលមិនងាយសាងនោះទេ ហេតុនេះហើយ ការចំណាយពេលនៅជាមួយគ្នា ចែករំលែកគ្នា និងជួយគ្នាទៅវិញទៅមកក្នុងពេលសិក្សា នឹងរឹតបន្តឹងចំណងទាំងនោះឲ្យកាន់តែរឹងមាំ ហើយដល់ពេលអនាគតក៏នៅតែអាចរាប់អាន និងជួយយកអាសារបន្តទៀត។
គួរប្រកាន់គោលជំហរ និងអនុវត្ត«វប្បធម៌នៃការចែករំលែក» ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាការចែករំលែកជាការរៀនសូត្រ ការចែករំលែកជាបង្ហាញក្តីស្រលាញ់ ហើយការចែករំលែកជាការវិវឌ្ឍ។
យកចិត្តទុកដាក់ទាំងការរៀនទ្រឹស្តី និងការអនុវត្ត
ប្រហែលជាមានអ្នកខ្លះមានការពិបាកក្នុងការធ្វើឲ្យមានតុល្យភាព តែត្រូវចាំក្នុងចិត្តជានិច្ចថា មួយផ្នែកណាក៏សុទ្ធតែសំខាន់ដូចគ្នា។ យ៉ាងណាមិញ វាជាការពិតដែលថាអ្នកខ្លះពូកែខាងទ្រឹស្តីជាង តែអ្នកខ្លះក៏ពូកែពេលចុះអនុវត្តជាក់ស្តែងជាង តែដូចដែលបានបញ្ជាក់ជូនរួចខាងលើដែរថា សុទ្ធតែមិនអាចខ្វះមួយណា។ អ្វីដែលសំខាន់ គឺប្រឹងប្រែងបន្ថែមនូវផ្នែកដែលគិតថាខ្លួនឯងមិនសូវជាធ្វើបានល្អ មិនមែនដឹងថាមិនសូវពូកែ ហើយក៏បោះបង់ចោលដោយមិនព្រងើយកន្តើយនោះឡើយ។ ប្រសិនបើខ្លួនឯងជួយខ្លួនឯងមិនបាន ក៏តែងតែអាចសុំជំនួយជាការណែនាំ និងបង្ហាត់បង្រៀនពីមិត្តរួមថ្នាក់ សិស្សច្បង ក៏ដូចជាសាស្រ្តាចារ្យផងដែរ។
យ៉ាងណាមិញ គន្លឹះនៃការសិក្សាតាមឯកទេស និងមុខវិជ្ជានីមួយៗ អាចនឹងមានផ្សេងៗពីគ្នា ហើយគន្លឹះមួយដែលមានប្រសិទ្ធភាពចំពោះនិស្សិតម្នាក់ ក៏មិនប្រាកដថាមានប្រសិទ្ធភាពចំពោះនិស្សិតផ្សេងនោះដែរ។ ខាងលើនេះ គ្រាន់តែជាគន្លឹះជាទូទៅសម្រាប់ការសិក្សាផ្នែកសុខាភិបាលក្រោមការណែនាំពីសំណាក់និស្សិតពេទ្យដែលក្រុមការងារធ្លាប់បានធ្វើការសម្ភាសន៍ ប្រសិនបើមានអ្វីចង់ចែករំលែកបន្ថែម សូមចុច ត្រង់នេះ ឬ commentខាងក្រោមនេះបាន…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ