Menu

ជំងឺតាអក៖ បញ្ហាស្បែកដែលមិនគួរព្រងើយកន្តើយ


ជំងឺតាអក៖ បញ្ហាស្បែកដែលមិនគួរព្រងើយកន្តើយ

ជំងឺ Eczema ឬខ្មែរហៅថា តាអក ត្រូវបានស្គាល់ថាជាជំងឺសើស្បែកម្យ៉ាង ដែលកើតមាននៅកម្ពុជាជាយូរមកហើយ។ បច្ចុប្បន្ន ជំងឺនេះក៏នៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមិនថាកូនក្មេង ឬមនុស្សចាស់ ប្រុស ឬស្រីឡើយ។ ជាមួយនឹងអាកាសធាតុក្តៅហើយសើមរបស់ប្រទេសកម្ពុជា ក៏ជាអំណោយផលល្អដល់ការកកើតនៃជំងឺនេះផងដែរ។

លោកវេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺសើស្បែកនិងកាមរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចូលរួមធ្វើការបង្ហាញអំពីជំងឺ eczema ឬ តាអកនេះដល់អ្នកអានឲ្យបានយល់ដឹង។
 
តើអ្វីទៅជាជំងឺ Eczema?
Eczema ឬ តាអក គឺជាការរលាកនៃស្រទាប់ស្បែកមិនថាស្រទាប់ខាងលើគេដែលហៅថា epiderm  ឬស្រទាប់កណ្តាលដែលហៅថា derm ឡើយ។ ដោយឡែក ជាទូទៅការរលាកនេះមិនរាប់បញ្ចូលទាំងការរលាកដល់ស្រទាប់ក្រោមគេនៃស្បែកឬ hypoderm ឡើយលុះត្រាតែករណីដែលមានការរលាក រ៉ាំរ៉ៃខ្លាំងតែវាជាករណីកម្រណាស់។

ប្រភេទនៃជំងឺ Eczema និងអ្នកដែលប្រឈមមុខ
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅប្រទេសកម្ពុជាមានជំងឺ Eczema តែ២ប្រភេទប៉ុណ្ណោះគឺ Atopic eczema និង Contact eczema ។ ចំពោះ atopic eczema កើតឡើងទៅលើកុមារ តែច្រើនលើក្មេងប្រុសជាងក្មេងស្រី។ ដោយឡែកចំពោះ contact eczema អាចកើតមានលើមនុស្សគ្រប់វ័យទាំងចាស់និងក្មេង ព្រមទាំងមិនចំពោះភេទប្រុស ឬស្រីឡើយ។

រោគសញ្ញានៃជំងឺ
រោគសញ្ញានៃជំងឺ Eczema គឺមិនពិបាកនឹងកត់សម្គាល់ទេ ដែលជាទូទៅវានឹងបង្ហាញឡើងក្រោមរូបភាពជា ស្បែកក្រហម ការរមាស់ និងភាពស្ងួតនៅត្រង់កន្លែងកើតតែម្តង។

មូលហេតុនៃការកើតឡើងនៃជំងឺ
ដោយសារតែជំងឺនេះមាន២ប្រភេទ ដូចនេះមូលហេតុនៃការកើតជំងឺនេះក៏អាស្រ័យនឹងប្រភេទនីមួយៗផងដែរ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត។សម្រាប់ Atopic eczema ដែលកើតមានលើក្មេង ជាទូទៅកើតឡើងទាក់ទងនឹងប្រវតិ្តជំងឺរបស់កុមារផ្ទាល់ដូចជា ការធ្លាប់កើតជំងឺហឺត រលាក ឬអាល្លែកហ្ស៊ីស្បែក ឬច្រមុះជាដើម។

ចំណែក Contact eczema  ដែលមនុស្សគ្រប់គ្នាអាចប្រឈមមុខ កើតឡើងដរាបណាមានការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កការរលាកតែម្តង ពោលគឺទាក់ទងនឹងប្រតិកម្មពីសារធាតុខាងក្រៅ។

ការព្យាបាល
ជាក់ស្តែង សម្រាប់ប្រភេទ Atopic eczema របស់ក្មេងច្រើនតែជាសះស្បើយទៅវិញដោយខ្លួនឯង។ ជាទូទៅខ្មែរយើងនិយមហៅជំងឺនេះថា ស្រែងទឹកដោះ ហើយពួកគាត់ជឿថាវានឹងជាសះស្បើយដោយការលាបទឹកដោះម្តាយត្រង់កន្លែងកើត តែតាមពិតគឺវាជាដោយខ្លួនឯង ៩០% ទៅហើយ។

ផ្ទុយទៅវិញ Contact ezem គឺទាមទារការព្យាបាលឲ្យបានទាន់ពេល ពីព្រោះវាអាចវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបើមិនព្យាបាលត្រឹមត្រូវ ដោយវាអាចបង្កជាដំបៅរាលដាល។ ងាកមកមើលការព្យាបាលជំងឺ contact Eczema វិញត្រូវបានលោកវេជ្ជបណ្ឌិតលើកឡើងថា ដំណោះស្រាយចម្បងគេគឺត្រូវបញ្ឈប់ការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កដែលសំដៅដល់សារធាតុដែលធ្វើឲ្យបុគ្គលផ្ទាល់មានប្រតិកម្ម ឬអាលែ្លកហ្ស៊ីជាមួយ រួចធ្វើការព្យាបាលដោយឱសថប្រឆាំងនឹងការរលាកប្រភេទ Corticoide (steroid) តាមរយៈការប្រើប្រាស់តាមការលេប ឬលាបផ្ទាល់ទៅលើស្បែកត្រង់កន្លែងដែលកើតនោះ។

ក្រៅពីនេះ ក៏គួរបន្ថែមផងដែរនូវការប្រើប្រាស់ពពួកប្រឆាំងនឹងអាល្លែកហ្ស៊ី គឺ Antihistamine ដើម្បីកាត់បន្ថយការរមាស់របស់អ្នកជំងឺ។

ការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឈមនឹងការកើតជំងឺនេះ
ជាដំបូង  ត្រូវចៀសវាងជាមួយភ្នាក់ងារដែលអ្នកដឹងថាអ្នកមានប្រតិកម្មជាមួយ ។ចំពោះកុមារជាមួយនឹងជំងឺនេះ សូមចៀសវាងកុំប្រើប្រាស់សារធាតុ ឬថ្នាំណាមួយផ្តេសផ្តាសលើស្បែករបស់ពួកគេ ព្រោះអាចកាន់តែធ្ងន់ធ្ងរ ឬក៏ឡើងដំបៅក្លាយ។

ដោយឡែក ដូចបានបញ្ជាក់រួចហើយថាការពិតវានឹងជាសះស្បើយទៅវិញដោយឯកឯងសម្រាប់ប្រភេទដែលកើតលើក្មេង។ ក្នុងនោះផងដែរ ត្រូវចៀសវាងកុំឲ្យមានការកេះ ដែលនាំឲ្យមានរបួស និងការឆ្លងរោគបន្ថែមទៀត។

ផលវិបាកនៃជំងឺ
ករណីដែលមិនមានការព្យាបាលថែទាំ ឬនៅតែបន្តប៉ះភ្នាក់ងារបង្ក នោះការរលាកនឹងរាលដាលទៅដល់ស្រទាប់ក្រោមគេ Hypoderm ដែលនឹងក្លាយទៅជា Eczema ជាលក្ខណៈដំបៅ ហើយទាមទារនូវការលាងសម្អាតរៀងរាល់ថ្ងៃ និងពិសេសវានឹងបន្សល់នូវស្លាកស្នាមទៀតផង។  

ម្យ៉ាងទៀត ការរលាក ឬដំបៅដែលរាលដាល ក៏អាចបណ្តាលឲ្យខូចសរសៃដែលនៅសើៗត្រង់ស្បែក ដែលជាមូលហេតុនៃការខូចខាតញ្ញាណដឹងនៅត្រង់នោះផងដែរ។

ជាទីបញ្ចប់នៃកិច្ចសម្ភាសន៍ លោកវេជ្ជបណ្ឌិត សារុន សេងហួរ បានផ្តល់ជាមតិផ្តាំផ្ញើរផងដែរថា ករណីមានជំងឺនេះកើតឡើង សូមកុំប្រើប្រាស់ថ្នាំតាមគ្នា ឬតាមទម្លាប់ ព្រោះថាទោះថ្នាំប្រភេទមួយអាចព្យាបាលអ្នកជំងឺម្នាក់ជា តែមិនប្រាកដថាអាចព្យាបាលម្នាក់ទៀតជាដែរទេ ព្រោះការកើតអាចស្ថិតនៅត្រង់កន្លែងខុសគ្នា រីឯការប្រើប្រាស់ថ្នាំប្រឆាំងរលាកទៀតសោតក៏មានច្រើនចំណាត់ថ្នាក់ផងដែរ ហើយថ្នាក់នីមួយៗមានការប្រើប្រាស់នៅទីតាំងខុសៗគ្នានិងរយៈពេលខុសៗគ្នា។ ដូចនេះ យកល្អគួរទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។


Share:

អត្ថបទទាក់ទង