ប្រុងប្រយ័ត្នចំពោះជំងឺរលាកប្រហោងឆ្អឹងមុខ
ជំងឺរលាកប្រហោងឆ្អឹងមុខ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅគ្រប់វ័យ មិនថាប្រុសឬស្រីឡើយ។ ជំងឺនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរជាច្រើនចំពោះអ្នកជំងឺ ប្រសិនជាពួកគេមិនបានយល់ដឹង និងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។ ដោយឡែក ជំងឺនេះមានមូលហេតុកាចសាហាវជាច្រើនទៀតដែលអ្នកមិនបានដឹង។
តាមរយៈការផ្តល់បទសម្ភាសន៍របស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង វេជ្ជបណ្ឌិតឯកទេសត្រចៀកច្រមុះបំពង់ក និងជាប្រធានអគារត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថាជំងឺរលាកប្រហោងឆ្អឹងមុខកើតមានជាច្រើនករណីនៅកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃជាច្រើនទៀត។ យោងទៅតាមស្ថិតិនៅអាមេរិក មានរហូតដល់ ៣០ទៅ៣៥លាននាក់ដែលបានរងការប៉ះពាល់ដោយជំងឺនេះ ដែលស្មើប្រហែលនឹង ០,៥ ទៅ១%ក្នុងចំណោមករណីជំងឺផ្លូវដង្ហើមទាំងអស់។ កាន់តែគួរឲ្យចាប់អារម្មណ៍គឺ វាជាជំងឺជាប់លំដាប់ទី៣ដែលត្រូវព្យាបាលដោយអង់ទីប៊ីយូទិក ឬថ្នាំផ្សះច្រើនជាងគេ។
ជាមួយនឹងបទពិសោធន៍ការសិក្សាវគ្គឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ និងទីក្រុងលីយុងប្រទេសបារាំងផ្នែកត្រចៀកច្រមុះ បំពង់កផ្ទាល់ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង បច្ចុប្បន្នក៏ជាប្រធានសមាគមគ្រូពេទ្យត្រចៀកច្រមុះបំពង់ក និងសល្យសាស្ត្រក្បាលនិងកកម្ពុជា ព្រមទាំងជាសាស្ត្រាចារ្យមួយរូបផងដែរ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យសុខាភិបាលខេមរភូមិន្ទផ្នែកត្រចៀកច្រមុះបំពង់ក បានរៀបរាប់យ៉ាងច្បាស់ថា «ជំងឺរលាកប្រហោងឆ្អឹងមុខ ឬ rhinosinusitis គឺជាការរលាកប្រហោងឆ្អឹងមុខមួយឬច្រើន ដោយសារមេរោគ ឬមិនមែនមេរោគ ដែលក្នុងនោះចែកជា២ទម្រង់ធំៗរួមមានទម្រង់ស្រួចស្រាវ (acute rhinosinusitis) និងទម្រង់រ៉ាំរ៉ៃ (chronic rhinosinusitis)។»
គួរបញ្ជាក់ថា ការរលាកនេះអាចកើតមាននៅទីតាំងផ្សេងៗនៃប្រហោងឆ្អឹងមុខដែលក្នុងនោះមានដូចជា ការរលាកនៅត្រង់ឆ្អឹងថ្ពាល់ ឬហៅថា maxillary sinusitis ការរលាកនៅប្រហោងឆ្អឹងថ្ងាស ឬ frontal sinusitis រីឯការរលាកនៅត្រង់ប្រជុំឆ្អឹងហៅថា ethmoid sinusitis និងការរលាកនៅឆ្អឹងខាងក្រោយហៅថា sphenoid sinusitis។
កត្តាប្រឈម
ថ្វីត្បិតតែជំងឺរលាកប្រហោងឆ្អឹងមុខអាចកើតលើមនុស្សគ្រប់វ័យទាំងស្រី និងប្រុស ប៉ុន្តែមនុស្សពេញវ័យ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ទាក់ទងនិងអាល្លែកហ្ស៊ី ឬមិនអាល្លែកហ្ស៊ី ជាអ្នកដែលមានកត្តាប្រឈមក្នុងការកើតជំងឺនេះខ្ពស់ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង។
មូលហេតុបង្ក
ចំពោះមូលហេតុបង្កជំងឺមិនត្រូវបានកំណត់ឲ្យច្បាស់លាស់ទេ តែយើងអាចបែងចែកតាមទម្រង់២ធំៗរបស់ជំងឺ គឺទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ៖
• ចំពោះទម្រង់ស្រួចស្រាវ ៖ ដែលមានរោគសញ្ញាកើតឡើងតិចជាងមួយខែ ច្រើនមានមូលហេតុទាក់ទិននឹងការបង្ករោគដោយពពួកវីរុស (viral infection) ដែលមានអាត្រាពី១០ទៅ១៥% ហើយក៏អាចជាការបង្ករោគដោយបាក់តេរីផងដែរ។ មិនតែប៉ុណ្ណោះ អាល្លែកហ្ស៊ី ក៏ជាមូលហេតុមួយនៃការរលាកនេះដែលសង្កេតឃើញជាញឹកញាប់។
• ចំពោះទម្រង់រ៉ាំរ៉ៃ ៖ ដែលជាទូទៅរោគសញ្ញាបន្តអូសបន្លាយលើសពី៣ខែវិញ ភាគច្រើនបណ្តាលមកពីការព្យាបាលជំងឺផ្លូវដង្ហើមពីមុនមិនបានត្រឹមត្រូវ ឬគ្រប់គ្រាន់។ ម្យ៉ាងទៀត ករណីដែលការអាល្លែកហ្ស៊ី មិនត្រូវទទួលបានការព្យាបាលទេនោះ ក៏អាចបណ្តាលឲ្យក្លាយជាទម្រង់រ៉ាំរ៉ៃផងដែរ។ ក្រៅពីនេះ ការបង្ករោគដោយពពួកផ្សិត(fungal rhinosinusitis) ព្រមទាំងបម្រែបម្រួលទ្រង់ទ្រាយនៃប្រហោងឆ្អឹងមុខ (anatomical variation) ឧទាហរណ៍ការវៀចឆ្អឹងច្រមុះ ឬមានបញ្ហាធ្មេញ សុទ្ធតែជាមូលហេតុបង្កនៃការរលាកឆ្អឹងមុខ ដែលមិនអាចព្យាបាលដោយប្រើថ្នាំទេ ពោលគឺទាមទារឲ្យដោះស្រាយបញ្ហាឆ្អឹងវៀចនោះ ឬក៏ព្យាបាលធ្មេញតែម្តង។ ចុងក្រោយជាការខូចមុខងារកោសិការោមនៅនឹងច្រមុះ(mucociliary function) ដែលធ្វើឲ្យមុខងារនៃការបក់ចេញប្រែប្រួល ក៏បណ្តាលឲ្យកើតជំងឺនេះដែរ។
រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកប្រហោងឆ្អឹងមុខវិញ គឺបង្ហាញឡើងទៅតាមទម្រង់នីមួយៗនៃជំងឺដូចគ្នា៖
•ទម្រង់ស្រួចស្រាវ ៖ អ្នកជំងឺអាចមានអាការៈឈឺនៅតាមមុខ ឬណែននៅនឹងផ្ទៃមុខ និងពិសេសគឺឈឺកាន់តែខ្លាំងឡើងនៅពេលដែលគាត់អោនទៅមុខ។ រួមជាមួយគ្នាផងនោះ អាចមានអាការៈផ្សេងទៀតដូចជា តឹងច្រមុះ ហៀរសំបោរដែលដំបូងមានសភាពថ្លា រួចក៏ទៅជាខាប់ទៅៗ មានការថយចុះនូវការដឹងក្លិន ឬអាចបាត់បង់ការដឹងក្លិនតែម្តង ក្តៅខ្លួន អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាលផ្នែកខាងក្រោយ ឬឈឺកញ្ចឹងក ធុំក្លិនមាត់ ធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហឹងត្រចៀកឬរលាកក្នុងត្រចៀកតែម្តង។
•ទម្រង់រ៉ាំរ៉ៃ ៖ គេសង្កេតឃើញរោគសញ្ញាដែលមានពីទម្រង់ស្រួចស្រាវហាក់ដូចជាថយចុះវិញ ដោយបន្សល់ត្រឹមតែការឈឺក្បាលតិចតួច ធ្លាក់កំហាកទៅក ក្អក ធុំក្លិនមាត់ ឬតឹងច្រមុះ អស់កម្លាំងតិចតួច ដែលជាទូទៅសឹងតែមិនធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍ឡើយ។
ការធ្វើរោគវិនិច្ឆ័យ
មិនខុសពីចំណុចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ទាក់ទងនឹងទម្រង់នៃជំងឺដែរ។ ជាក់ស្តែង ចំពោះទម្រង់ស្រួចស្រាវ ជាទូទៅការធ្វើរោគវិនិច្ឆ័យពឹងផ្អែកតែលើសញ្ញាគ្លីនិក ដោយនោះក្នុងការសួរនាំអាការៈ និងសភាពជំងឺរបស់គាត់ រយៈពេលដែលកើតមានជំងឺនេះ ទីតាំងដែលមានការឈឺចាប់ សួរពីសញ្ញានៃការឈឺចាប់ ពិសេសផ្តោតលើសញ្ញានៃការឈឺកាន់តែខ្លាំងនៅពេលអោនទៅមុខ និងភាពមិនធូរស្រាលនៃជំងឺដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។
ករណីនៅមានការសង្ស័យ យើងអាចធ្វើការពិនិត្យមើលក្នុងច្រមុះរបស់គាត់បន្ថែម ដែលបច្ចុប្បន្នគេជ្រើសរើសពិនិត្យតាម endoscopy ដោយសារយើងអាចដឹងពីសភាពនៃសាច់ច្រមុះ ភាពហើម ព្រមទាំងមើលឃើញសំបោរដែលហូរចេញពីប្រហោងឆ្អឹងមុខបានច្បាស់។ ពេលខ្លះទៀត ការធ្វើតេស្តប៉ារ៉ាគ្លីនិកមួយចំនួនដូចជា ការថតវិទ្យុសាស្ត្រ និងការថតស្កេន ឬថតមើលធ្មេញ ក៏ត្រូវបានអនុវត្តបន្ថែមផងដែរ។
ករណីជំងឺវិវឌ្ឍលើសពី៣ខែ ការធ្វើរោគវិនិច្ឆ័យនឹងមានការលំបាកជាង ដោយសារយើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញនូវការព្យាបាលដែលបានអនុវត្តកន្លងមកថាវាត្រឹមត្រូវឬអត់។ ដោយផ្អែកលើការថត endoscopy យើងអាចរកមើលថា តើមានខ្ទុះ ឬមានបម្រែបម្រួលណាមួយដូចជាមានឆ្អឹងវៀចដែលបិទនៅរន្ធឆ្អឹងជាដើម។ ក៏អាចអនុវត្តផងដែរតាមរយៈការថតស្កេន ការធ្វើតេស្តរកសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី (អាល្លែកហ្សែន) និងថតធ្មេញដូចនៅក្នុងទម្រង់ស្រួចស្រាវដែរ។
ករណីចាំបាច់គេអាចធ្វើការបណ្តុះមេរោគសម្រាប់កំណត់ប្រភេទមេរោគ ឬផ្សិតឲ្យបានច្បាស់ ដើម្បីផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ គួរគួបផ្សំផងដែរនូវការធ្វើការវាយតម្លៃលើកត្តាផ្សេងៗ ដែលទាក់ទងដល់ការព្យាបាលមិនបានជោគជ័យដូចជា អ្នកជំងឺទឹកនោមផ្អែម ប្រព័ន្ធការពារខ្សោយ របេង ការកើតមានដុំសាច់នៅច្រមុះជាដើម។
ការព្យាបាល
•ការព្យាបាលជាចម្បងនៅក្នុងទម្រង់ស្រួចស្រាវ ៖ តម្រូវឲ្យប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ថា ការប្រើថ្នាំក្នុងជំងឺនេះមាន២បែប គឺថ្នាំដែលព្យាបាលតាមរោគសញ្ញាផ្ទាល់ ដោយពពួកប្រឆាំងការរលាកដូចជា corticosteroids និងពពួកប្រឆាំងអាលែ្លកហ្ស៊ី antihistaminic ជាដើម និងមួយទៀត គឺថ្នាំសម្រាប់ព្យាបាលមូលហេតុផ្ទាល់ ឧទាហរណ៍ដូចជាថ្នាំប្រឆាំងបាក់តេរី ក្នុងករណីមូលហេតុពីការបង្ករោគដោយបាក់តេរីផ្ទាល់។ ទន្ទឹមនឹងនោះ ត្រូវពន្យល់អ្នកជំងឺអំពីជំងឺរបស់គាត់ដោយបញ្ជាក់អំពីមូលហេតុបង្ក ការព្យាបាល និងការតាមដាន រួមជាមួយការអប់រំគាត់ឲ្យចៀសវាងនូវមូលហេតុបង្កផ្សេងៗផងដែរ។
•ការព្យាបាលទម្រង់រ៉ាំរ៉ៃ ៖ មានការលំបាកជាងបន្តិចដោយសារតែវេជ្ជបណ្ឌិតត្រូវស្វែងយល់ និងវាយតម្លៃនូវការព្យាបាលពីមុនមកថាបានត្រឹមត្រូវឬអត់ ហើយករណីដែលមិនត្រឹមត្រូវ ទាមទារឲ្យធ្វើការព្យាបាលឡើងវិញ។ រួមជាមួយគ្នានោះ តម្រូវឲ្យមានការណែនាំបន្ថែមទៅអ្នកជំងឺឲ្យប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងចៀសវាងកត្តាប្រឈមផ្សេងៗដទៃទៀត។
ដោយឡែក មានការស្រាវជ្រាវរកនូវមូលហេតុផ្សេងៗផងដែរដូចជា ការបង្ករោគដោយផ្សិត ដែលតម្រូវឲ្យព្យាបាលដោយថ្នាំប្រឆាំងផ្សិត ឬបម្រែបម្រួលរបស់ឆ្អឹងមុខផ្ទាល់ ឬសាច់ច្រមុះកណ្តាលធំពេកបិទលើប្រហោងឆ្អឹង ដែលការវះកាត់ត្រូវបានជ្រើសរើសមកប្រើប្រាស់។ បន្ទាប់ពីវះកាត់ហើយ ការតាមដានការព្យាបាល និងបន្តការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ តមចំណីអាហារ និងចៀសវាងមូលហេតុបង្កផ្សេងៗ ត្រូវតែអនុវត្តដើម្បីបង្ការការកើតឡើងវិញ (recurrent) ចៀសវាងការវះកាត់ម្តងហើយម្តងទៀត។
វិធីបង្ការ
ការបង្ការជំងឺរលាកប្រហោងឆ្អឹងមុខអាចនឹងមានការពិបាកបន្តិច ទោះយ៉ាងណាការផ្សព្វផ្សាយការណែនាំដល់ប្រជាជនឲ្យបានយល់ច្បាស់ពីជំងឺ និងមូលហេតុបង្កជំងឺ អាចជួយកាត់បន្ថយហានិភ័យក្នុងការប្រឈមមុខនឹងជំងឺបានមួយកម្រិតធំ។ ម្យ៉ាងទៀត ការទៅជួប និងប្រឹក្សាជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ក៏សំខាន់ ដើម្បីចៀសវាងការវិវត្តឡើងនៃជំងឺផងដែរ។
សរុបមកវិញ ប្រសិនបើមានការសង្ស័យឬអាការៈខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយពេលមិនព្យាបាលត្រឹមត្រូវ ឬព្យាបាលដោយខ្លួនឯង ដែលអាចបង្កឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ រួចអាចវិវត្តទៅជារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើន រួមទាំងខាតបង់ពេលវេលា និងថវិកាទៀតផង។ លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់គ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយនានា សូមជួយបង្កើនការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនកាន់តែមានការយល់ដឹង ក៏ដូចជាបង្កើនការជឿទុកចិត្តដល់ពួកគាត់ ដើម្បីសុខុមាលភាពរបស់ប្រជាជនយើង និងកាត់បន្ថយលំហូរអ្នកជំងឺទៅបរទេស៕
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ