៨វិធីលួងលោមសំណព្វចិត្តដែលងរង៉ក់
ពេលចំណងស្នេហាផ្អែមល្អែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញ តើអ្នកមានអារម្មណ៍បែបណា?
សុភាពបុរសទាំងឡាយប្រាកដជាប្រឈមមុខច្រើននឹងការរករឿងទាំងរឿងតូចរឿងធំ ពីសំណាក់មិត្តស្រីរបស់ខ្លួន ហើយជួនកាលរឿងតូចក៏ក្លាយជារឿងធំនៅពេលដែលអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។
មិត្តនារីតែងតែងយកចិត្តទុកដាក់ និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារសំខាន់ និងតម្លៃរបស់គេចំពោះអ្នក។ តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ? កុំបារម្ភអី...ហេល៍ថាមនឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនឹងវិធីងាយៗ៨យ៉ាងខាងក្រោម...
បន្តផ្ញើរសារ ៖ មនុស្សស្រីនឹងមិនចង់លើកទូរស័ព្ទ ឬឆ្លើយតបសារមកកាន់អ្នកឡើយ នៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនឹងចុចមើលទូរស័ព្ទរបស់ខ្លួនជានិច្ច ដើម្បីរង់ចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែផ្ញើសារដោយសរសេរពាក្យថា«សុំទោស» ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្អែម និងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយ ព្រោះនាងកំពុងរង់ចាំអ្នក...
បង្ហាញខ្លួនជាមួយនឹងកាដូ ៖ កាដូ និងភាពភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ។ អ្នកអាចទៅចាំនៅមុខផ្ទះ មុខរបងសាលា ឬកន្លែងធ្វើការរបស់នាង ជាមួយនឹងកាដូផ្សេងៗ(ជាបាច់ផ្កា តុក្កតា...) និងកាត«សុំទោស»ដែលបង្ហាញពីទឹកចិត្តរបស់អ្នក នោះនាងនឹងទន់ចិត្ត ហើយអត់ទោសឲ្យអ្នកមិនខាន។
កាតសុំទោស ៖ មនុស្សស្រីចូលចិត្ត ពេលដែលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះ និងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំងពីរជាគូស្វាមីភរិយា ឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាត់នោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រ អេក្រង់ទូរស័ព្ទ ឬទ្វារទូទឹកកកជាដើម។ នាងប្រាកដជាយល់ថាអ្នកគួរឲ្យស្រលាញ់ជាមិនខាន។
ធ្វើកាយវិការប្លែកៗ ៖ ប្រសិនបើគេងរង៉ក់ មិនព្រមនិយាយរកអ្នក ពេលនៅក្បែរគ្នានោះ ចូរព្យាយាមរកនឹករឿងកំប្លែងស្ងួតមកនិយាយ ដើម្បីផ្លាស់ប្តូរបរិយាកាស។ បន្ថែមពីលើនេះ អ្នកក៏អាចធ្វើការអាវ៉ង់ហើយនិយាយពាក្យ«សុំទោស» រាំជាមួយនឹងកាយវិការប្លែកៗ ឬធ្វើមុខបែបកំប្លែងនៅចំពោះមុខនាង នោះនាងនឹងមិនអាចទប់សំណើចបាន ហើយញញឹមឡើងជាមិនខាន។
ចំណាយពេលខ្លះ ដើម្បីប៉ះប៉ូវ ៖ សុំច្បាប់មួយថ្ងៃ ដើម្បីចំណាយពេលនៅជាមួយគ្នា។ បង្កើតគម្រោងមួយ ដោយរួមបញ្ចូលការទទួលទានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ទៅមើលការប្រគុំតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្តោតលើចំណូលចិត្តរបស់នាង។ ហើយផ្តល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។
និយាយបញ្ជោរ ៖ ការបញ្ជោរ ឬកោតសរសើរ ជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើកសរសើរអំពីគុណសម្បត្តិរបស់នាង មិនថារូបរាងកាយ ឬកិច្ចការងារដែលនាងបានធ្វើ ហើយបន្ថែមនូវអារម្មណ៍អំណរគុណរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នក រួមជាមួយនឹងទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេប្រែជាអៀនមុខក្រហម ហើយភ្លេចពីរឿងងរង៉ក់មិនខាន។
ធ្វើឲ្យនាងរំភើបខ្លាំង ៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្តល់ឲ្យនាងនូវភាពភ្ញាក់ផ្អើលលក្ខណៈខ្លាំងក្លាដូចគ្នា។ វាអាចជាការសុំនាងរៀបការ ពិធីជប់លៀងមួយសម្រាប់រូបនាង កាដូផ្ទាល់ដៃដែលប្រើប្រាស់ពេលវេលា និងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬសំបុត្រដំណើរកំសាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ ក៏អាចជួយសម្រាលនូវកំហឹង ឬអាការៈអន់ចិត្តរបស់នាងដែរ។
ប្រើកែវភ្នែកបរិសុទ្ធ(បែបកំសត់) ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនឹងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខាន ហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។
«មានរបស់ខ្លះ ហួសហើយមិនអាចស្រោចស្រង់វិញបានទេ...ហេតុនេះហើយ ទាន់ពេលដែលមានឱកាស អ្នកមិនគួរបណ្តោយឲ្យពេលវេលាហួសពេកនោះទេ...ប្រសិនបើគេជាមនុស្សសំខាន់របស់អ្នក កុំធ្វើឲ្យគេពិបាកចិត្តណា៎...»