ដឹងទេថាជំងឺរលាកសន្លាក់ឆ្អឹងពិតជាគួរឲ្យរំខានដល់កម្រិតណា?
កន្លងមកដោយសារតែជំងឺរលាកសន្លាក់ឆ្អឹង (ជំងឺសឹកសន្លាក់ឆ្អឹង)គឺជាកង្វល់របស់អ្នកជំងឺជាច្រើនក៏ប៉ុន្តែជឿជាក់ថាមិនមានប៉ុន្មានអ្នកទេដែលបានយល់ច្បាស់និងយកចិត្តទុកដាក់លើជំងឺនេះដោយយល់ច្រឡំថាវាជាជំងឺធម្មតារបស់មនុស្សចាស់ប៉ុណ្ណោះដែលតាមពិតមានរឿងជាច្រើនដែលអ្នកអាចនឹងមិនទាន់បានដឹងនៅឡើយ។
ហេតុនេះលោកវេជ្ជបណ្ឌិត លី ជាតិតា ឯកទេសសន្លាក់ឆ្អឹង សាច់ដុំ និងជានាយផ្នែកខាងជំងឺសន្លាក់ឆ្អឹង សាច់ដុំ ទឹកនោមផ្អែម តម្រងនោម និងជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក៏ជាសាស្ត្រាចារ្យផ្នែកសន្លាក់ឆ្អឹងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឆ្លៀតឱកាសចូលរួមចែករំលែកក៏ដូចជាលាតត្រដាងការពិតទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះតែម្តង។
និយមន័យ
ទាក់ទងនឹងជំងឺរលាកសន្លាក់ឆ្អឹងនេះលោកសាស្ត្រាចារ្យបានរៀបរាប់ថាវាជាជំងឺដែលកើតមានជាញឹកញាប់ពិសេសចំពោះមនុស្សចាប់ពីវ័យកណ្តាលទៅដោយវាទាក់ទង នឹងការសឹករេចរឹលនៃសន្លាក់ ដោយសារការប្រើប្រាស់នាពេលកន្លងមក។
យ៉ាងណាមិញចំពោះបុគ្គលដែលមានវ័យក្មេងក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរប៉ុន្តែជាទូទៅច្រើនទាក់ទងតំណពូជ ឬភាពមិនធម្មតានៃសន្លាក់ឆ្អឹង ឧទាហរណ៍ដូចជា ភាពស្តើងពេកនៃទ្រនាប់សន្លាក់ភាពកោង ឬវៀចនៃឆ្អឹងក្បាលឆ្អឹងនិងប្រហោងសន្លាក់មានទម្រង់មិនស៊ីគ្នាជាមួយនឹងសន្លាក់ដែលជាទូទៅកើតឡើងត្រង់តំបន់អាងត្រគាក។
មូលហេតុបង្កជំងឺ
ជំងឺរលាកសន្លាក់ឆ្អឹងកកើតឡើងទាក់ទងនឹងវ័យរបស់អ្នកជំងឺ។ ជាទូទៅសន្លាក់ឆ្អឹងរបស់មនុស្សមានការលូតលាស់ល្អពីក្មេងមកដល់ពេលពេញវ័យ តែហួសពីនោះទៅសន្លាក់នឹងចាប់ផ្តើមទ្រុឌទ្រោម និងសឹករេចរឹលបន្តិចម្តងៗរហូតដល់វ័យប្រហែល៤០ទៅ៥០ឆ្នាំអ្នកជំងឺនឹងអាចចាប់ផ្តើមមានជំងឺនេះតែម្តង។
ដោយឡែកកតា្តជម្រុញផ្សេងៗទៀតដូចជាការលើសទម្ងន់ ការធ្វើការងារធ្ងន់ ឬធ្វើការច្រើន ប្រវត្តិធ្លាប់រងគ្រោះថ្នាក់ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ ការមានជំងឺសន្លាក់រ៉ាំរ៉ៃ ឬរលាកសន្លាក់ដោយមេរោគផ្សេងៗទៀតកាន់តែធ្វើឲ្យអ្នកជំងឺងាយប្រឈមមុខនឹងជំងឺនេះផងដែរ។
រោគសញ្ញានៃជំងឺ
បើតាមលោកវេជ្ជបណ្ឌិតបានឲ្យដឹងថាជាទូទៅជំងឺនេះបង្ហាញនូវអាការៈដូចជាការឈឺចាប់នៅពេលដើរនិងពេលឈរ ការហើមសន្លាក់ មានអារម្មណ៍តឹងត្រង់សន្លាក់ ពិបាកបត់ ពិបាកលា និងអាចឈានដល់មានសម្លេងពេលធ្វើចលនាត្រង់សន្លាក់ទៀតផង។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើការសន្និដ្ឋានថាជាជំងឺរលាកសន្លាក់ឆ្អឹង សំខាន់គឺត្រូវសួរនាំលម្អិតពីរោគសញ្ញារបស់អ្នកជំងឺដែលអាចឲ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងរហ័ស។ ម្យ៉ាងទៀត គេអាចធ្វើការថតវិទ្យុសាស្ត្រ និងពិនិត្យឈាមបន្ថែមផងដែរតែជាទូទៅការប្រមូលព័ត៌មានពីរោគសញ្ញារួមជាមួយការថតវិទ្យុសាស្ត្រ គឺគ្រប់គ្រាន់ក្នុងការសន្និដ្ឋានបានហើយ។
ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង
លោកវេជ្ជបណ្ឌិត លី ជាតិតា បានបញ្ជាក់ថាចំពោះការព្យាបាលគឺអាស្រ័យនឹងមូលហេតុដែលបង្កជំងឺផ្ទាល់។ ជាក់ស្តែង ករណីដែលអ្នកជំងឺកំពុងមានអាការៈឈឺចាប់ខ្លាំងត្រូវឲ្យគាត់សម្រាកមួយរយៈពីការងារ ឬគួរផ្លាស់ប្តូរការងារតែម្តង ប្រសិនបើនោះជាការងារប្រភេទប្រើកម្លាំងធ្ងន់ធ្ងរ។ ដោយឡែក ករណីអ្នកជំងឺលើសទម្ងន់ទាមទារឲ្យគាត់ធ្វើការបន្ថយទម្ងន់ជាចាំបាច់។ ម្យ៉ាងទៀត ត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស និងត្រឹមត្រូវករណីដែលមានជំងឺសន្លាក់ឆ្អឹងផ្សេងៗក៏ដូចជាមានគ្រោះថ្នាក់ ឬប៉ះទង្គិចនានាត្រង់សន្លាក់ឆ្អឹងដើម្បីចៀសវាងការវិវឌ្ឍឈានទៅរកការរលាកសន្លាក់ឆ្អឹង និងកាត់បន្ថយផលវិបាកនៃជំងឺ។
ផ្ទុយទៅវិញ បើមិនទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវនោះទេអ្នកជំងឺអាចនឹងចៀសមិនផុតពីការកកើតនៃជំងឺរលាកសន្លាក់ឆ្អឹងទេដោយហេតុថាជាធម្មជាតិមនុស្សគ្រប់រូបគឺមានឱកាសប្រឈម នឹងជំងឺនេះស្រាប់ទៅហើយបូកផ្សំជាមួយកត្តាជម្រុញខាងលើ នឹងរិតតែងាយឲ្យកកើតជាជំងឺរលាកសន្លាក់ឆ្អឹងនេះឡើង។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាសម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាក់ឆ្អឹងពីកំណើតត្រូវឆាប់ទៅពិនិត្យក៏ដូចជាព្យាបាលជាមួយអ្នកជំនាញពីវ័យក្មេងតែម្តងដោយមិនត្រូវរងចាំដល់ពេលពេញវ័យ ឬដល់ពេលលេចចេញជារោគសញ្ញាច្បាស់ ហើយទើបស្វែងរកការព្យាបាលនោះទេព្រោះដំណាក់នេះគឺការព្យាបាលមិនសូវទទួលបានលទ្ធផល និងអាចបណ្តាលឲ្យមានផលអវិជ្ជមានដល់ការរស់នៅរបស់អ្នកជំងឺទៅថ្ងៃក្រោយ។
ទន្ទឹមនឹងនេះក៏មានការព្យាបាលដោយការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដូចជាថ្នាំបំបាត់ការឈឺចាប់បំបាត់ការរលាក និងថ្នាំជំនួយដល់ការលូតលាស់កោសិកាសន្លាក់ឆ្អឹង និងឆ្អឹងខ្ចីដើម្បីឲ្យវាបំពេញតួនាទីបានល្អឡើងវិញ។
លើសពីនេះទៀត ករណីដែលអ្នកជំងឺមានឆ្អឹងស្ពោត ឬពុកតម្រូវឲ្យមានការព្យាបាលឆ្អឹងបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធភាពនៃការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនេះ។ ជម្រើសចុងក្រោយ គឺធ្វើការវះកាត់ប្តូរសន្លាក់ឆ្អឹងក្នុងករណីដែលការព្យាបាលដោយប្រើប្រាស់ថ្នាំមិនទទួលបានជោគជ័យ។
ការការពារ ឬកាត់បន្ថយការប្រឈមមុខនឹងជំងឺ ដូចដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ពីខាងលើរួចមកហើយថា ប្រសិនបើអ្នកជំងឺធាត់ពេក ត្រូវតែបន្ថយទម្ងន់មកវិញព្រោះវាមិនត្រឹមតែកាត់បន្ថយអត្រាប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹងទេ ថែមទាំងជួយបន្ថយឱកាសប្រឈមនឹងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាដើម។
រួមជាមួយគ្នានេះដែរ អ្នកដែលមានជំងឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ឬមិនរ៉ាំរ៉ៃក្តី ដោយគ្រោះថ្នាក់ ឬមូលហេតុផ្សេងៗទៀត គប្បីរកការព្យាបាលឲ្យបានត្រឹមត្រូវចៀសវាងបណ្តោយឲ្យមានការខូចខាតនៃសន្លាក់ឆ្អឹងដែលពិបាកក្នុងការកែកុន រីឯការព្យាបាលទៀតសោត ក៏មិនសូវបានលទ្ធផលដែរ។
ផលវិបាកនៃជំងឺ
ត្រឹមចំណុចនេះលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីមិនមានការព្យាបាលត្រឹមត្រូវនោះជំងឺនឹងវិវឌ្ឍកាន់តែធ្ងន់ធ្ងរបើទោះបីជាវាមិនប៉ះពាល់ផ្ទាល់ដល់ជីវិតក៏ដោយតែវារំខានដល់ការរស់នៅប្រចាំថ្ងៃ និងប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកជំងឺយ៉ាងខ្លាំង ហើយទន្ទឹមនឹងនោះ ក៏ប៉ះពាល់ផងដែរដល់ក្រុមគ្រួសារ និងជីវភាពរស់នៅក្នុងសង្គមទៀតផង។
មុននឹងបញ្ចប់លោកវេជ្ជបណ្ឌិត លី ជាតិតា បានផ្ញើជាសារខ្លះៗក្នុងអត្តន័យសំណូមពរដល់សាធារណជន និងអ្នកជំងឺទាំងអស់សូមទទួលការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមិនថាករណីមានជំងឺសន្លាក់ប្រភេទណាមួយទេដើម្បីចៀសផុតពីផលវិបាកទៅថ្ងៃក្រោយពិសេសគឺឱកាសបង្កទៅជាជំងឺមួយផ្សេងទៀត។
លើសពីនេះ សូមកុំព្រងើយកន្តើយនឹងជំងឺប្រភេទនេះទោះវាមិនប៉ះពាល់ដល់អាយុជីវិតក៏ដោយតែពិតណាស់វានឹងបង្កផលលំបាកជាច្រើនដោយប្រយោលដល់ការរស់នៅ។ ដូចគ្នាផងដែរ សូមថែរក្សាសុខភាពទូទៅរបស់អ្នកដោយផ្លាស់ប្តូរការហូបចុកក៏ដូចជាការរស់នៅឲ្យបានសមរម្យពោលគឺចៀសវាងអាហារមិនត្រឹមត្រូវ បញ្ឈប់ការជក់បារី ផឹកស្រា និងចាប់ផ្តើមរបបអាហារដែលមានអត្ថប្រយោជន៍ដូចជាបន្លែ ផ្លែឈើត្រី គ្រាប់ធញ្ញជាតិដែលមិនត្រឹមតែជួយដល់សុខភាពសន្លាក់ឆ្អឹងទេថែមទាំងសុខភាពទូទៅផងដែរ។ «ការមានសុខភាពល្អគឺហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង» នេះជាអនុសាសន៍ដ៏មានតម្លៃរបស់លោកវេជ្ជបណ្ឌិត លី ជាតិតា។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ