យល់ដឹងពីជំងឺមហារីកកូនកណ្តុរជាមួយលោកវេជ្ជបណ្ឌិត ផេង បូរ៉ា
ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើបំណែកកោសិកាខុសប្រក្រតី (Abnormal mitosis) និង លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងតទៅទៀត។
កោសិកាមិនប្រក្រតីទាំងនេះនឹងបង្កើតបានជាមហាកោសិកាជាច្រើនលើសលប់នៅក្នុងកូនកណ្តុរនៃប្រព័ន្ធទឹករងៃ ។ ជំងឺមហារីកកូនកណ្តុរក៏អាចកើតមាននៅទីកន្លែង ផ្សេងទៀត ក្រៅពីកូនកណ្តុរ ដូចជាៈ ស្បែក, ខួរក្បាល, ក្រពះ ពោះវៀន ។-ល-។ហើយថែមទាំងអាចរីករាលដាលទៅសរីរាង្គដទៃទៀតផងដែរ។
ក) ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទសំខាន់ៗគឺ ៖
១) មហារីកកូនកណ្តុរ ប្រភេទHodgkin ៖ កើតលើមនុស្សគ្រប់វ័យ ភាគច្រើនលើបុរសវ័យចំណាស់ អាយុ ជាង៥០ ឆ្នាំ និង បុរសកើតជំងឺនេះច្រើនជាងស្ត្រី។
២) មហារីកកូនកណ្តុរ ប្រភេទ Non Hodgkin ៖ មានប្រមាណ ៣០ប្រភេទផ្សេងគ្នា និង ច្រើនកើតលើៈ
- មនុស្សពេញវ័យ ៖ បុរស កើតជំងឺនេះច្រើនជាងស្ត្រី
- មនុស្សវយ័ចំណាស់ អាយុចន្លោះពី៤០ ទៅ៧០ ឆ្នាំ
- មនុស្សវ័យចំណាស់ មហារីកកូនកណ្តុរ Non Hodgkinមានការវិវឌ្ឍយឺតៗ បុន្តែ វា មានការវិវត្តន៍លឿន និង កាចខ្លាំង លើ មនុស្សពេញវយ័ និង កុមារតូចៗ ។
ខ) រោគសញ្ញានៃជំងឺ ៖
រោគសញ្ញាចម្បងៗនៃជំងឺនេះមហារីកកូនកណ្តុរ មានដូចជាៈ ការហើមកូនកណ្តុរនៅក នៅក្រោមក្លៀក ឬនៅក្រលៀន ឬ ដំបៅ ស្នាមក្រហមចំឡែកៗលើស្បែក។ល។
រោគសញ្ញាផ្សេងទៀតរួមផ្សំមាន
- ក្តៅខ្លួន
- បែកញើសពេលយប់
- អស់កម្លាំងខ្លាំង
- ស្រកទម្ងន់ដោយមិនមានមូលហេតុ
គ) ការធ្វើរោគវិនិច្ឆ័យ ៖
គេអាចដឹងបានថាមានជំងឺមហារីកកូនកណ្តុរដោយ ៖
-ការវះយកកូនកណ្តុរ ១ ឬផ្នែកណាមួយស្បែក សង្សយ័ថាមានជំងឺនេះ យកទៅវិភាគនៅមន្ទីរពិសោធន៍ រកមេរោគមហារីក។
- ការវិភាគរកមើលស៊ែន ដោយបច្ចេកវិទ្យាថ្មី អាចអោយយើងស្គាល់ប្រភេទកោសិកាមហារីកកាន់តែច្បាស់លាស់។
- ការធ្វើតេស្តឈាម និងតេស្តពិសេសហៅថា Flow cytometry (ដើម្បីតំរៀបនិងកំណត់ប្រភេទផ្សេងគ្នានៃកោសិកានៅក្នុងឈាមរួមទាំងកោសិកាមហារីកកូនកណ្តុរ)។
- ការបូមខួរឆ្អឹង ពិនិត្យរកមេរោគមហារីក កូនកណ្តុរ។
- ការថត CT ស្កេន ឬថត MRI នៅទ្រូងនិងពោះ ឬ ការថតដោយប្រព័ន្ធបំភាយ positron ពិសេសហៅថា PET Scan ទាំងនេះគឺដើម្បីកំណត់ដំណាក់កាលនៃមហារីកកូនកណ្តុរ (ដំណាក់កាលទី១-៤)។
ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន៖
- ការព្យាបាលដោយកាំរស្មីសំរាប់ជំងឺមហារីកកួនកណ្តុរ Hodgkin ដំណាក់កាលដំបូង។
- ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
- Stem cell transplant: ព្យាបាលដោយប្តូរខួរឆ្អឹងក្រហមរឺដោយប្តូរកោសិកាពូជថ្មីៗ (Stem cell) សំរាប់ករណីមហារីកកូនកណ្តុរដែលវិវត្តន៍លឿននិងស្ថិតក្នុងដំណាក់កាលធ្ងន់ខ្លាំង។
- ព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងអោយសម្លាប់កោសិកាមហារីកដោយខ្លួនឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth)
- ការព្យាបាលដោយប្រើអង្គបដិបក្ខពិសេសៗបែបជីវសាស្ត្រទំនើប ដើម្បីសំលាប់កោសិកាមហារីកកូនកណ្តុរយ៉ាងជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និងមិនប៉ះពាល់ដល់កោសិកាធម្មតា។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និង កំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។
ង) ការព្យាករណ៍៖
លទ្ធផលនៃការព្យាបាលជំងឺមហារីកកូនកណ្តុរអាស្រ័យលើកត្តាជាច្រើនដូចជា ៖
- ប្រភេទមហារីកកូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)។ ប្រភេទវិវត្តន៍យឺតៗ ជាសះស្បើយ បានច្រើនជាង ប្រភេទ កាចៗ ដែលវិវត្តលឿន។
- ដំណាក់កាលរបស់ជំងឺមហារីក (cancer’s stage)។ ដំណាក់កាលដំបូងៗ ជាសះស្បើយ បានច្រើនជាង ដំណាក់កាលធ្ងន់ធ្ងរ ទី៣ ឬ ទី៤។
- អាយុរបស់អ្នកជំងឺនិងសុខភាពទូទៅ (patient’s age and general health)។ ចាស់ជរា មានជម្ងឺប្រចាំកាយដ៏ទៃទៀតច្រើន ប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។
- តើមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗ ឆ្លើយតបទៅនឹងការព្យាបាលដំបូង ឬបានលាប់ឡើងវិញ (whether the cancer is newly diagnosed, responds to initial treatment, or has come back)។
ការលាប់មកវិញ នៃ ជម្ងឺនេះ មានហានិភយ័គ្រោះថ្នាក់ដល់ជីវិតខ្ពស់បំផុត។ «សូមមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់យើង ប្រសិនបើលោកអ្នកសម្គាល់ឃើញមានហើមកូនកណ្តុរមួយឬច្រើនហើយដែលនៅតែបន្តកើនទំហំនិងចំនួន និង/ឬ លោកអ្នកមានរោគសញ្ញាផ្សេងទៀតនៃមហារីកកូនកណ្តុរដូចជាគ្រុនក្តៅរ៉ាំរ៉ៃ ការស្រកទម្ងន់ និងការបែកញើសពេលយប់ច្រើនខុសធម្មតា»