ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ អាចជារោគសញ្ញានៃជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) ដែលលោកអ្នកគួរយកចិត្តទុកដាក់!!!
ជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) គឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)។ កោសិកាទាំងនេះ គឺជាប្រភេទមួយនៃកោសិកាឈាមស។ ជាធម្មតាពួកវា គឺជាអ្នកផលិតអង់ទីករ (Immunoglobulin) ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
ក្នុងករណីជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma)នេះ ពពួកកោសិកា cancerous plasma cells ទាំងនេះកើតកូនចៅយ៉ាងឆាប់រហ័សនៅក្នុងខួរឆ្អឹង និងលុកលុយស្រទាប់ឆ្អឹង ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា៖
- ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់
- កើនឡើងខុសប្រក្រតីនៃបរិមាណ immunoglobulins នៅក្នុងឈាម អាចបណ្តាលអោយឈាមអ្នកជំងឺ ក្លាយទៅជាខាប់ស្អិត និងងាយមានកំណកក្នុងសសៃឈាម
- កម្រិតនៃអង់ទីករល្អៗផ្សេងទៀតបានធ្លាក់ចុះធ្វើឱ្យអ្នកជំងឺងាយកើតរោគឆ្លងផ្សេងៗ ដូចជារលាកសួត រលាកប្លោកនោមជាដើម ។ល។
- កម្រិតកាល់ស្យូមក្នុងឈាមកើនខ្ពស់ដែលអាចនាំឱ្យខ្សោះជាតិទឹក ទល់លាមក ចង្អោរ និងក្អួត បាត់បង់ចំណង់អាហារ និងវង្វេងស្មារតី
- ស្លេកស្លាំង អស់កម្លាំងគួរឱ្យកត់សម្គាល់ ដោយសារខ្វះគ្រាប់ឈាមក្រហម
- ងាយមានស្នាមជាំក្រហមលើស្បែក ដោយសារកោសិកាឈាមផ្លាកែតធ្លាក់ចុះខ្លាំង
- ខ្សោយមុខងារតម្រងនោម ។ល។
ជំងឺមហារីកឈាមក្នុងឆ្អឹងប្រភេទនេះ អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង។
ក) កត្តាហានិភ័យដែលអាចអោយកើតជំងឺនេះរួមមានការប៉ះពាល់ទៅនឹង៖
- ឧស្ម័នបង់ហ្សែន
- ថ្នាំសម្លាប់សត្វល្អិត ។ល។
ខ) ការធ្វើរោគវិនិច្ឆ័យ៖ គ្រូពេទ្យឯកទេសជំងឺឈាមរបស់លោកអ្នកនឹងបញ្ជាឱ្យ៖
១) ធ្វើតេស្តឈាមដើម្បីរកមើល៖
- ខ្វះឈាមក្រហម
- កម្រិតខ្ពស់នៃប្រូតេអ៊ីន
- បរិមាណ immunoglobulin ក្នុងឈាម
- វាស់មុខងារតំរងនោម ។ល។
២) ធ្វើតេស្តទឹកនោមដើម្បីរកជាតិប្រូតេអ៊ីន (Bence Jones Proteines)
៣) ថតកាំរស្មី X នៃឆ្អឹងលលាដ៍ក្បាល ឆ្អឹងទ្រូង ឆ្អឹងដៃ ឆ្អឹងកំភ្លៅ និងឆ្អឹងត្រគៀក ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនិងពិនិត្យរកមើលសញ្ញាស៊ីឆ្អឹង ឆ្អឹងស្ពោត ឬ ឆ្អឹងបាក់ ។ល។
៤) វិភាគខួរឆ្អឹងដោយប្រើមីក្រូទស្សន និង Flowcytometry ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងពីកម្រិតខ្ពស់ខុសប្រក្រតីនៃកោសិកា cancerous plasma cells។
គ) ចំណាត់ថ្នាក់នៃជំងឺ៖ ជំងឺមហារីកឈាមក្នុងឆ្អឹង ចែកជា ៣ដំណាក់កាល៖
- ដំណាក់កាលទី១ ៖ កោសិកាមហារីកតិចតួចប៉ុណ្ណោះ ដែលបានរីករាលដាលក្នុងរាងកាយអ្នកជំងឺ ដូចនេះវាមិនទាន់មានរោគសញ្ញានៃជំងឺនោះទេ។
- ដំណាក់កាលទី ២ ៖ ចំនួនមធ្យមនៃកោសិកាមហារីកបានរីករាលដាលក្នុងរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺអាចមានរោគសញ្ញាខ្លះៗរួមមាន ឈឺឆ្អឹងតិចតួច អស់កំលាំងម្តងម្កាល។
- ដំណាក់កាលទី៣ ៖ មួយចំនួនធំនៃកោសិកាមហារីកបានរីករាលដាលពេញរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺមានរោគសញ្ញាច្រើនរួមគ្នាដូចជា ឈឺឆ្អឹងឆ្អែង ស្លេកស្លាំង អស់កំលាំង កម្រិតខ្ពស់នៃប្រូតេអ៊ីន និងកាល់ស្យូមនៅក្នុងឈាម និងអាចមានខ្សោយតំរងនោម ។ល។
ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកនៅក្នុងឆ្អឹងរួមមានការបញ្ចូលគ្នារវាង៖
- ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសំលាប់កោសិកាមហារីក (cancerous plasma cells) ដែលស្ថិតក្នុងដំណាក់កាលទី២ និងទី៣។
- ការព្យាបាលដោយប្តូរខួរឆ្អឹងផលិតឈាមថ្មី (Stem Cell Transplantation) សំរាប់រាល់ករណីមហារីកឈាមក្នុងឆ្អឹង ដែលវិវត្តន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និងកំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។
- ការចាក់ថ្នាំ Bisphosphonates តាមសសៃឈាមវ៉ែនម្តងក្នុងមួយខែ ដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង និងពន្យាការរស់រានមានជីវិត។
- ការចាក់ថ្នាំ Immunoglobulins ចូលទៅក្នុងសរសៃឈាមវ៉ែនដើម្បីការពារការឆ្លងមេរោគធ្ងន់ធ្ងរ។
- ការព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយអោយសម្លាប់កោសិកាមហារីក។
- ការព្យាបាលបំបាត់ការឈឺចាប់ក្នុងឆ្អឹងដោយថ្នាំ Morphine ឬ កាំរស្មីវិទ្យុសកម្ម ។ល។
ង) ការព្យាករណ៍ ៖ ករណីភាគច្រើន ជំងឺនេះវិវត្តន៍យឺតៗពី២ទៅ៥ឆ្នាំ បន្ទាប់មកវាមានរោគសញ្ញាកាន់តែអាក្រក់ឡើងៗយ៉ាងឆាប់រហ័ស ប្រសិនមិនមានការព្យាបាល។ ប្រហែលមួយភាគបីនៃអ្នកជំងឺមហារីកឈាមប្រភេទនេះ រស់នៅបានលើសពី៥ឆ្នាំ ប្រសិនទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួន។ អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូងៗ ហើយទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប គឺអាចរស់នៅបានយូរជាងនេះ។
បើមានករណីលាប់ឡើងវិញនៃជំងឺនេះ ក៏នៅមានថ្នាំនិងវិធីព្យាបាលបន្តទៀតដែរ។ បើលោកអ្នកមានឈឺឆ្អឹងរ៉ាំរ៉ៃ ឬឆ្អឹងស្ពោត ឬឆ្អឹងផុយងាយបាក់ គួរគិតដល់ជំងឺដ៏កាចសាហាវនេះ ហើយគួរប្រញាប់ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគអោយប្រាកដថា ការឈឺឆ្អឹងរបស់លោកអ្នកមានទាក់ទងនឹងមហារីកឈាមប្រភេទនេះ រឺអត់ និងដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ។
Photo Credit : Calmette Hospital Page