ឈាម១ដំណក់អាចរកឃើញជំងឺមហារីកជាមួយភាពជាក់លាក់ដល់ទៅ៩៦%
វិធីធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកដែលគេប្រើប្រាស់ទូទៅ មានដូចជាការថតស្កេនជាច្រើនប្រភេទ និងវិធីសាស្ត្រចាក់បញ្ចូលផ្សេងទៀតដូចជាការច្រិបយកជាលិកាទៅពិនិត្យ។ ប៉ុន្តែ វិធីថ្មីមួយដែលអាចរកឃើញជំងឺនេះបានដោយគ្រាន់តែជួសម្រាមដៃ។អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យយូមា(Umeå University)ក្នុងប្រទេសស៊ុយអែត បានបង្កើតវិធីវិភាគ RNA នៃផ្លាកែតរបស់ឈាមដែលអាចរកឃើញ បែងចែក និងកំណត់ទីតាំងនៃជំងឺមហារីកនៅលើខ្លួនយើងបានដោយប្រើប្រាស់សំណាកឈាមមួយដំណក់ប៉ុណ្ណោះ។
លោក Jonas Nilsson បាននិយាយថា ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងជារឿងសំខាន់ណាស់។ ពួកយើងបានសិក្សាពីវិធីសាស្ត្រដែលរកជំងឺមហារីកដោយប្រើប្រាស់សំណាកឈាម ដើម្បីជំនួសឲ្យការច្រិបយកសំណាកជាលិកាក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺមហារីកសួត។
បើទោះបីជាវិធីនេះ នៅមិនទាន់ល ្អ១០០% ក៏ដោយវាក៏បានបង្ហាញពីក្តីសង្ឃឹមដល់យើងដែរ។ តេស្តវិភាគ RNA នេះឲ្យអ្នកស្រាវជ្រាវអាចរកឃើញជំងឺមហារីកដែលផ្តល់ភាពត្រឹមត្រូវដល់ទៅ ៩៦%ដែលនេះ ជាជោគជ័យមួយសម្រាប់ការស្វែងរកវិធីវិភាគដែលប្រើប្រាស់សំណាកជាជាលិការាវដែមិនចាំបាច់ចាក់ចូលទៅក្នុងរាងកាយមនុស្ស។
ដើម្បីសាកល្បងតេស្តរបស់ពួកគេ អ្នកស្រាវជ្រាវបានប្រមូលយកសំណាកឈាមពីមនុស្សចំនួន ២៨៣នាក់។ ក្នុងចំណោមនោះ មនុស្សចំនួន ២២៨នាក់មានជំងឺមហារីកផ្សេងៗគ្នា ឯ ៥៥នាក់ទៀតមិនមានជំងឺនេះទេ។
ដោយវិភាគ និងប្រៀបធៀប RNA ក្នុងសំណាកឈាមទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញវត្តមានជំងឺមហារីកក្នុងចំណោមអ្នកជំងឺទាំងនោះជាមួយនឹងកម្រិតជាក់លាក់ផ្សេងៗគ្នា។ តេស្តថ្មីនេះ បានកំណត់ពីវត្តមានជំងឺនិងដឹងពីប្រភេទមហារីកដោយមានភាពជាក់លាក់ដល់ទៅ១០០% ចំពោះអ្នកជំងឺចំនួន៣៩រូប ដែលបានដឹងថាមានជំងឺមហារីកក្នុងកម្រិតដំបូង។
យោងតាមការតាមដាន តេស្តនេះ នៅមិនទាន់ផ្តល់ប្រសិទ្ធភាពបានដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែវានៅតែផ្តល់នូវលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍។អ្នកស្រាវជ្រាវ អាចរកកំណត់ប្រភពនៃដុំសាច់មហារីកបានលើសពី៧១% ចំពោះអ្នកជំងឺដែលមានជំងឺមហារីសួត មហារីកសុដន់ មហារីកលំពែងមហារីកខួរក្បាល មហារីកថ្លើម មហារីកពោះវៀនធំនិងមហារីកថង់លាមក។
ក្នុងការសិក្សានេះក៏មិនបានបញ្ជាក់ថាវិធីមួយនេះគួរតែប្រើជំនួសឲ្យវិធីរកជំងឺមហារីកដែលកំពុងប្រើប្រាស់សព្វថ្ងៃដែរ ប៉ុន្តែវាច្បាស់ណាស់ថាប្រសិនបើវិធីនេះផ្តល់លទ្ធផលល្អ១០០% វាអាចជាការសន្យាមួយយ៉ាងធំចំពោះគ្រូពេទ្យនិងអ្នកជំងឺជាពិសេសជាមួយនឹងវិធីងាយក្នុងការរកឃើញជំងឺបានតាំងពីដំបូង។
លោក នីលស៊ុន(Nilsson) បាននិយាយថា ក្នុងការសិក្សានេះ ស្ទើរតែគ្រប់ទម្រង់ទាំងអស់នៃជំងឺមហារីកត្រូវបានរកឃើញ ដែលនេះបង្ហាញថាតេស្តប្រើសំណាកឈាមមានសក្តានុពលខ្ពស់ក្នុងការបង្កើនការរកឃើញជំងឺមហារីកក្នុងដំណាក់-កាលដំបូងៗ៕