យល់ដឹងពីជំងឺឃ្លង់ល្ពៅ
ប្រជាជនទូទាំងពិភពលោកមានពណ៌សម្បុរផ្សេងគ្នាទៅតាមពូជសាសន៍នីមួយៗដូចជា ស្បែកស ស្បែកខ្មៅ ស្បែកលឿងជាដើម។ ទន្ទឹមនឹងការមានពណ៌សម្បុរខុសគ្នានេះដែរក៏មានជំងឺម្យ៉ាងដែលធ្វើឲ្យមានការប្រែពណ៌ស្បែករបស់ពួកគាត់ទៅជាពណ៌សខុសពីពណ៌ធម្មតាដែលយើងស្គាល់ថាជា ជំងឺឃ្លង់ល្ពៅ (វីទីលីហ្គោល)។
ដើម្បីឲ្យយល់ច្បាស់ពីជំងឺនេះ ហេលស៍ថាមបានធ្វើកិច្ចសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត «ព្រហ្ម ផានិត» ដែលជាគ្រូពេទ្យឯកទេសសើស្បែកមកពីប្រទេសបារាំងបច្ចុប្បន្នកំពុងបម្រើការនៅផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលលោកបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយពីជំងឺនេះ ៖
និយមន័យ
ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅគឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)។ ជំងឺវីទីលីហ្គោនេះអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យអាចកើតមាននៅលើផ្ទៃមុខដងខ្លួនចុងដៃចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។
ជំងឺនេះដែរមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោកតែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញបើតាមតួរលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែកនិងកាមរោគ។
មូលហេតុ
ជាក់ស្តែង ពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយអំពីមូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះនោះទេ។ ប៉ុន្តែបើតាមការស្រាវជ្រាវគេបានសន្និដ្ឋានថាប្រហែលជាទាក់ទង នឹងប្រព័ន្ធការពាររាងកាយទៅបំផ្លាញកោសិកាពណ៌ (melanocyte)ដែលគេហៅថា Autoimmune Diseases និងមួយទៀតអាចមកពីកត្តាសេនេទិច។
រោគសញ្ញា
ជំងឺនេះ ស្តែងឡើងដោយមានការប្រែពណ៌ស្បែកខុសប្រក្រតីពោលគឺស្បែកបានប្តូរទៅជាពណ៌ស(Depigmetation) ដែលអាចមើលឃើញដោយភ្នែកទទេ។ ការប្រែប្រួលនេះកើតឡើងដុំៗ និងអាចមានទំហំតូចឬធំតែគ្មានបញ្ហារមាស់ និងអាការៈអ្វីឡើយ។
រោគវិនិច្ឆ័យ
គ្រូពេទ្យឯកទេសខាងសើស្បែកអាចដឹងថាជាជំងឺវីទីលីហ្គោលបានដោយការពិនិត្យស្បែកជាក់ស្តែង (Physical Examination) ប្រវត្តិអ្នកជំងឺ(Medical History) និង Skin biopsy ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់គ្រូពេទ្យនឹងច្រិបយកស្បែកមួយផ្នែកណាមួយទៅពិនិត្យ(biopsy)ដើម្បីវិភាគកោសិកាពណ៌(melanocyte)។ បើកោសិកាទាំងនេះស្លាប់វាប្រាកដណាស់ថាអ្នកជំងឺបានបាត់បង់កោសិកាពណ៌ដែលជាហេតុធ្វើឲ្យស្បែកប្តូរពណ៌ទៅជាស។
វិធីមួយបែបទៀតគឺយកអំពូលមួយដែលមានកាំ-រស្មី ultra violet (wood lamp) បញ្ចាំងលើស្បែក ដើម្បីរកមើលនូវផ្ទៃសតូចៗមានរាងដូចជាបង្អូចដែលជាកន្លែងកើតមានជំងឺវិទីលីហ្គោលនេះ។
ការព្យាបាល
ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទនិងទីតាំងដែលកើតជំងឺ៖
•ប្រសិនបើការប្រែពណ៌មានទំហំតូចដូចជាលើផ្ទៃមុខគ្រូពេទ្យព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើតដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។
•ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) គេព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។
•ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួនគេព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។
•ក្រៅពីមធ្យោបាយព្យាបាលខាងលើគេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖
ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀតគឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។
ការព្យាបាលជំងឺវីទីលីហ្គោលាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺវីទីលីហ្គោលនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។
ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោលហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma) នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។
ការបង្ការ
វិធីការពារ និងទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលអ្នកជំងឺមិនត្រូវឲ្យប៉ះពាល់ពន្លឺថ្ងៃក្តៅខ្លាំងដែលអាចបណ្តោយឲ្យរលាកស្បែកនៅកន្លែងផ្សេងដូចជា មុខ ដងខ្លួន នៅចុងដៃចុងជើង និងនៅមាត់មិនគួរឲ្យប៉ះទង្គិច ឬប៉ះជាមួយទឹកក្តៅខ្លាំងដែលបណ្តាលឲ្យស្លាប់កោសិកាដទៃទៀតដែលបណ្តាលឲ្យកើតវីទីលីហ្គោបូកជាមួយ Phototherapy។
ជំងឺនេះមិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេដោយសារវាកើតឡើងដោយប្រព័ន្ធការពាររបស់ខ្លួនយើងផ្ទាល់ប្រឆាំងនឹងខ្លួនឯង(Auto Immune)។ ឯកត្តាសេនេទិចក៏មិនទាន់បានបញ្ជក់ឲ្យច្បាស់លាស់ផងដែរ ដោយគ្រាន់តែអាចដឹងថាបើគ្រួសារមួយមានជំងឺវីទីលីហ្គោនេះកូនចៅ ឬចៅទួតអាចមានកើតជំងឺនេះប៉ុន្តែអាចនឹងអត់កើតផងដែរ។
ជាចុងក្រោយ ប្រសិនបើបងប្អូនប្រិយមិត្តអានទាំងឡាយបានជួបប្រទះឬមានការសង្ស័យថាខ្លួនមានស្បែកខុសធម្មតាគួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចៀសវាងការយល់ខុស និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពក៏ដូចជាការចំណាយប្រាក់ច្រើន ការជួបជាមួយគ្រូពេទ្យឯកទេសយើងអាចទទួលបាននូវការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ