ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?
បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ គេហទំព័រសុខភាព ហេលស៏ថាម នឹងបង្ហាញមិត្តអ្នកអានអោយស្គាល់កាន់តែច្បាប់នូវជំងឺទឹកនោមផ្អែមប្រភេទ២នេះ តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែម។
និយមន័យ
ជំងឺទឹកនោមផ្អែមប្រភេទ ២ជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ក្នុងនោះដែរភាពធាត់ពេកក៏ជាកត្តាចម្បងឲ្យមានជំងឺទឹកនោមផ្អែម ចំពោះករណីបុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។
រោគសញ្ញា
ជំងឺនេះរោគសញ្ញាចម្បងមានដូចជា បត់ជើងតូចច្រើនជាពិសេសនៅពេលយប់ ស្រេកទឹកខ្លាំងអាចទទួលទានទឹកប្រមាណ ១០កែវក្នុងមួយថ្ងៃ ឃ្លាន ចុះស្គម។ ចំណែករោគសញ្ញាផ្សែងៗទៀតមានដូចអស់កម្លាំង ស្រវាំងភ្នែក បើសិនមានដំបៅគឺក្រជា។ ប៉ុន្តែរោគសញ្ញាទាំងនេះមិនត្រូវបានលេចចេញឲ្យដឹងក្នុងដំណាក់កាលដំបូងទេ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាដូចដែលរៀបរាប់ខាងលើនៅពេលដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញ គឺអាចមានផលវិបាក មួយឬពីររួចទៅហើយ។ ដូចនេះប្រសិនបើលោកអ្នកធាត់ ឬមានប្រវត្តិគ្រួសារកើតជំងឺនេះ ការពិនិត្យសុខភាពជាប្រចាំ ជាពិសេសការតាមដានជាតិស្ករមួយដងក្នុងមួយឆ្នាំជាការល្អ។
មូលហេតុបង្ក
មូលហេតុនៃការកើតជំងឺនេះកើតឡើងដោយសារការបូកបញ្ចូលគ្នានៃកត្តាដែលអាចធ្វើការផ្លាស់ប្ដូរបាន និងកត្តាដែលផ្លាស់មិនបាន។ កត្តាដែលយើងអាចផ្លាស់ប្ដូរបាន ឬហោះថាlifestyle cause មានដូចជារបៀបរបបរស់នៅបែបអ្នកទីក្រុងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ មានជាតិសាច់ជាតិខ្លាញ់ជាតិប្រេងអាក្រក់ ឬភេជ្ជៈដែលមានជាតិផ្អែមខ្លាំងនិងការមិនសូវមានការបញ្ចេញកំលាំងពលកម្ម។ ឯកត្តាដែលមិនអាចផ្លាស់ប្ដូរបានដូចជាតំណពូជ ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម កត្តាភេទ និងកត្តាអាយុ ពេលអាយុកាន់តែច្រើន ការកើនជំងឺកាន់តែមានភាគរយខ្ពស់។ ក្រៅពីកត្តាដែលរៀបរាប់ខាងលើការប្រើប្រាស់ឱសថ និងជំងឺមួយចំនួនក៏អាចបណ្ដាលឲ្យកើតជំងឺនេះដែរ ដូចជាឱសថបំបាត់ការឈឺចាប់ លើសសំពាធឈាម ឱសថបញ្ចុះជាតិខ្លាញ់ហើយស្រ្តី ដែលធ្លាប់ឡើងជាតិស្ករក្នុងពេលមានផ្ទៃពោះនិងជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត មហារីក ហើយការទទួលទានដំណេកមិនគ្រប់គ្រាន់។
វិធីព្យាបាល
នៅពេលធ្វើការវិនិច្ឆ័យដឹងថាអ្នកជំងឺមានជំងឺទឹកនោមផ្អែម តែបើជាតិស្ករមិនទាន់ខ្ពស់ខ្លាំងនៅឡើយ ការព្យាបាលដោយផ្លាស់ប្ដូររបបអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ជាជម្រើសទីមួយ។ បន្ទាប់ពីការអនុវត្តរបបអាហារត្រឹមត្រូវ នឹងលំហាត់ប្រាណទៀងទាត់បានរយៈពេល ២-៣ខែហើយ គ្រូពេទ្យនិងពិនិត្យជាតិស្ករដែលមាននៅក្នុងឈាមម្ដងទៀត ប្រសិនបើលទ្ធផលនៅតែខ្ពស់ដដែលគ្រូពេទ្យនឹងឲ្យប្រើថ្នាំបញ្ចុះជាតិស្ករមួយមុខគួបផ្សំនឹងទម្លាប់រស់នៅល្អដដែល និងមានការពិនិត្យជាតិស្ករមួយខែ និងបីខែក្រោយ បើជាតិស្ករនៅតែខ្ពស់គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់ថ្នាំពីរ ឬបីមុខបញ្ជូលគ្នា តែបើជាតិស្ករនៅតែមិនចុះទៀត គ្រូពេទ្យនឹងសម្រេចឲ្យចាក់អាំងស៊ុយលីនតែម្ដង ដើម្បីឲ្យជាតិស្ករចុះឲ្យដល់គោលដៅឲ្យបានឆាប់ ក្នុងគោលបំណងបន្ថយផលវិបាក។
វិធីពន្យារ ឬការពារ
ចំពោះមធ្យោបាយសម្រាប់ពន្យារកុំឲ្យឆាប់កើត ឬការពារកុំឲ្យកើតជំងឺនេះគឺសំខាន់ទាក់ទងនឹងរបបអាហារនិងការហាត់ប្រាណឲ្យបានទៀងទាត់។ ឧទាហរណ៏ ប្រសិនបើដឹងថាបុគ្គលម្នាក់ធាត់ពេក និងមានប្រវត្តិគ្រួសារមានជំងឺនេះត្រូវចាត់វិធានការផ្លាស់ប្តូរបៀបនៃការរស់នៅ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្ថយទម្ងន់របស់គាត់ឲ្យបាន។ ក្នុងការសិក្សាបានបង្ហាញថាបុគ្គលដែលមានទំនោរកើតជំងឺនេះ ប្រសិនបើទម្លាប់នៃការរស់នៅរបស់គាត់ល្អអាចពន្យារ ឬកាត់បន្ថយអត្រានៃការកើតជំងឺ។ ជាមួយគ្នានេះដែរត្រូវកាត់បន្ថយទទួលទានភេជ្ជៈដែលមានជាតិផ្អែម បន្ថយការបរិភាគប្រេងដែលមិនល្អ។
ប៉ុន្តែចំពោះបុគ្គលដែលស្ថិតនៅចន្លោះអ្នកកើតជំងឺ និងអ្នកជំងឺនេះ ការធ្វើកីឡា និងរបបអាហារប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ គ្រូពេទ្យអាចនឹងជ្រើសឱសថ មួយប្រភេទសម្រាប់គាត់ដើម្បីពន្យារការកើតជំងឺ។ អ្នកដែលមានវីតាមីន D3 ទាប ប្រឈមការកើតជំងឺនេះច្រើន ការសិក្សាបានបង្ហាញថា ការបំពេញបង្គ្រប់វីតាមីន D3 នាំឲ្យបន្ថយហានិភ័យនៃការកើតជំងឺ។ មួយវិញទៀតការធ្វើអនុវត្តក្នុងការរស់នៅបានត្រឹមត្រូវ មានប្រសិទ្ធភាពជាងការប្រើប្រាស់ឱសថតែមួយមុខទៅទៀត។
ផលវិបាក
ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ អ្នកជំងឺអាចនឹងជួបប្រទះនឹងផលវិបាកភ្លាមៗ និងផលវិបាករយៈពេលយូរ។ ផលវិបាកភ្លាមៗមានដូចជាសន្លប់ ដោយសារជាតិស្ករឡើងខ្ពស់ពេក ឬចុះទាបពេក ដែលជាមូលហេតុអ្នកជំងឺត្រូវទទួលការសង្គ្រោះភ្លាមៗ។ ផលវិបាករយៈពេលយូរមានដូចជា ការប៉ះពាល់សរសៃឈាមតូចៗនៅភ្នែកធ្វើឲ្យអ្នកជំងឺងងឹតភ្នែកនៅតម្រងនោមនាំឲ្យខូចតម្រងនោម ហើយអាចវិវត្តទៅដំណាក់កាលចុងក្រោយដែលត្រូវឈាងឈាម និងប្រពន្ធ័សរសៃប្រសាទបញ្ជានាំឲ្យអ្នកជំងឺមានសភាពស្ពឹក ក្ដៅ ហាក់បីដូចជាមានសត្វខាំ ឬទេច ឬមានអ្វីមកចាក់នៅបាតជើង អ្នកជំងឺខ្លះស្ពឹកពេលប៉ះជាមួយនឹងទឹកក្ដៅខ្លាំង ពេលមុតអ្វីមួយគាត់មិនដឹងឈឺ ហើយក្លាយជាដំបៅរលួយ និងអាចឈានដល់ការកាត់ជើងក៏មាន។ ផលវិបាករយះពេលយូរអាចប៉ះពាល់លើសរសៃឈាមធំៗដូចជានៅបេះដូងធ្វើឲ្យត្បៀត ឬស្ទះសរសៃឈាមបេះដូង នៅខួរក្បាលឲ្យទៅជាជំងឺស្ត្រូក នៅផ្នែកខាងចុះៗ ដូចជាអវៈយវៈខាងក្រោមដែលនាំឲ្យមិនមានលំហូរឈាមទៅដល់ផ្នែកខាងចុងនៅជើង ហើយនៅពេលមានរបូស ដំបៅទាំងនោះមិនងាយជា ហើយអាចទៅជារលួយ។
សារជូនដល់មិត្តអ្នកអាន
ជាចុងក្រោយ ខ្ញុំសូមផ្ដាំផ្ញើរដល់អ្នកជំងឺទាំងអស់ថា ជំងឺនេះទាមទារឲ្យមានការព្យាបាលរហូតគឺត្រូវមកជួបគ្រូពេទ្យតាមការណាត់ឲ្យបានទៀងទាត់ ធ្វើយ៉ាងណាកុំឲ្យកម្រិតជាតិស្ករឡើងខ្ពស់។ ការប្រើប្រាស់ថ្នាំដោយមិនមានការតាមដានឲ្យបានត្រឹមត្រូវ កម្រិតជាតិស្ករអាចនៅតែខ្ពស់ហើយផលវិបាកនឹងកើតមានជាមិនខាន។ អ្នកជំងឺត្រូវតែមកជួបគ្រូពេទ្យតាមការណាត់ដើម្បីតាមដាន និងធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករអាចស្ថិតនៅក្នុងគោលដៅដែលចង់បានក្នុងគោលបំណងចៀសវាងការកើតផលវិបាក។ ម្យ៉ាងទៀត គ្រូពេទ្យក៏មានតេស្ដម្យ៉ាង ដែលអាចដឹងពីកម្រិតជាតិស្ករជាមធ្យមដែលគេហៅថា HbA1C។
ចំពោះអ្នកជំងឺទឹកនោមផ្អែម បើមានការព្យាបាលនឹងតាមដានបានត្រឹមត្រូវ ផលវិបាកអាចចៀសវាងបាន ឬបើកើតក៏នៅពេលយូរទៀតដែរ ហើយពួកគាត់អាចប្រកបរបររកស៊ីបានដូចធម្មតា។ ប្រសិនផលវិបាកលេចហើយនោះការចំណាយលើការព្យាបាលមិនមែនត្រឹមតែលើទឹកនោមផ្អែមមួយមុខទេ គឺព្យាបាលត្រូវបូកបញ្ចូលជាមួយជំងឺផ្សេងៗទៀតជាច្រើន។ សរុបមក ការព្យាបាលត្រូវមាន ៤ចំនុចសំខាន់ៗគឺ ការគ្រប់គ្រងរបបអាហារ និងការហាត់ប្រាណឲ្យបានទៀងទាត់ ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងការតាមដានជាតិស្ករឲ្យបានទៀងទាត់។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។