Menu

គ្រប់គ្រងទម្ងន់បែបណា ពេលមានផ្ទៃពោះ?


គ្រប់គ្រងទម្ងន់បែបណា ពេលមានផ្ទៃពោះ?

ការប្រែប្រួលជាច្រើននឹងអាចកើតមានឡើង កំឡុងពេលដ៏សប្បាយរីករាយនៃការពពោះ។ ក្នុងនោះដែរ ការឡើងទម្ងន់ជាកង្វល់ចម្បងមួយ ក្នុងចំណោមបញ្ហា ផ្សេងទៀតនៃការមានផ្ទៃពោះ ហើយប្រសិនអ្នកមានបញ្ហាលើសទម្ងន់មុនពេលមានផ្ទៃពោះ អ្នកកាន់តែត្រូវទាមទារឲ្យមានការគ្រប់គ្រងបញ្ហាទម្ងន់នោះឲ្យបានល្អ ដើម្បីទទួលបានការពពោះ ដែលមានសុខភាពរឹងមាំ។

តើក្នុងលក្ខខណ្ឌណាដែលអ្នកមានបញ្ហាលើសទម្ងន់?
ជាទូទៅអ្នកនឹងអាចឡើងទម្ងន់ ពី ១១ ទៅ ១៧គីឡូក្រាម ក្នុងពេលពពោះ ប្រសិនអ្នកមិនមានបញ្ហាលើសទម្ងន់ ហើយសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់ស្រាប់ ជាទូទៅអ្នកអាចឡើងទម្ងន់ត្រឹម ៧ ទៅ ១១គីឡូក្រាមប៉ុណ្ណោះ ពេលមានផ្ទៃពោះ។ ដូច្នេះ ការលើស ឬខ្វះ គឺវាប្រែប្រួលទៅនឹងទម្ងន់ធម្មតារបស់អ្នក ជាហេតុទាមទារឲ្យមានការយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងទម្ងន់ឲ្យមានស្ថេរភាព ដែលក្នុងនោះ ការហាត់ប្រាណ ត្រូវបានចាត់ទុកជាជម្រើសដ៏ល្អ ក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយវារួមបញ្ចូលនូវប្រភេទកីឡាជាច្រើនដែលអ្នកអាចធ្វើការហាត់នៅក្នុងផ្ទះ ឬតាមក្លឹបហាត់ប្រាណនានា។ លំហាត់ប្រាណ សម្រាប់អ្នកមានផ្ទៃពោះ អ្នកឯកទេសផ្នែកសម្ភព តែងតែណែនាំឲ្យស្រ្តីមានផ្ទៃពោះ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ចន្លោះពី ១៥នាទី ទៅ ៣០នាទី រៀងរាល់ថ្ងៃ ឬ ៥ថ្ងៃក្នុងមួយអាទិត្យ ចំណែកជម្រើសលំហាត់ប្រាណដែលត្រូវបានណែនាំ មានដូចជា៖

កីឡាហែលទឹក៖ ការហែលទឹក ជាជម្រើសដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ ពីព្រោះនៅក្នុងទឹក អាចជួយទប់ទម្ងន់របស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រាលខ្លួន ដែលនឹងធ្វើឲ្យដំណើរការនៃលំហាត់ប្រាណប្រព្រឹត្តទៅបានរលូន។​ លំហាត់ប្រាណនេះផងដែរក៏ជួយសម្រួលនូវអាការៈក្អួតចង្អោរ និងកាត់បន្ថយការហើមកជើង។
 
លំហាត់ប្រាណបែបរាំ៖ អ្នកអាចចាក់ភ្លេងតិចៗដើម្បីធ្វើចលនាជាការរាំក្នុងផ្ទះ ឬចូលរួមថ្នាក់រាំជាមួយអ្នកម្តាយដទៃទៀត ដែលមិនត្រឹមតែជួយថែរក្សាទម្ងន់ វាក៏អាចធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកដើរបានស្រួលផងដែរ។

ធាក់កង់ក្នុងផ្ទះ៖ ប្រសិនបើមានកង់ចាស់ៗនៅផ្ទះ អ្នកគួរតែកែច្នៃវាឲ្យអស់ពីលទ្ធភាព ដែលជាឧបករណ៍សម្រាប់ហាត់ប្រាណស័ក្ដិសមបំផុត ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងការធ្វើលំហាត់ប្រាណ ដោយគ្រាន់តែធ្វើចលនាជើងធាក់  ហើយមិនចាំបាច់បារម្ភពីការមានគ្រោះថ្នាក់ ដូចទៅនឹងការជិះកង់ នៅខាងក្រៅតាមទីសារធារណៈនោះទេ។

កីឡាយោគៈ៖ ក្រៅពីចលនាលំហាត់ប្រាណដែលនឹងអាចជួយអ្នកគ្រប់គ្រងការលើសទម្ងន់នោះ កីឡាយោគៈក៏អាចឲ្យអ្នកហ្វឹកហាត់ពីរបៀបដកដង្ហើម ដែលត្រូវការចាំបាច់ខ្លាំងបំផុតនៅពេលសម្រាលផងដែរ។ អត្ថប្រយោជន៍នៃលំហាត់ប្រាណលំហាត់ប្រាណ ជាចំណែកជួយពង្រឹងនូវកម្លាំងសាច់ដុំ ដើម្បីទ្រាំទ្រ ទៅនឹងទម្ងន់របស់កូន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង អាចជួយសម្រួលដល់អ្នក ក្នុងការបំពេញការងារប្រចាំថ្ងៃ នៅត្រីមាសទី ៣ នៃការមានផ្ទៃពោះ។

ការហាត់ប្រាណ ធ្វើឲ្យអ្នកមានភាពរហ័សរហួន ដែលអ្នកនឹងអាចមានភាពងាយស្រួលក្នុងការរក្សា និងគ្រប់គ្រងទម្ងន់របស់អ្នកឲ្យមានស្ថេរភាព ជាពិសេស វាក៏អាចជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺក្រឡាភ្លើង និងជំងឺទឹកនោមផ្អែមផងដែរ។ ត្រូវចាំថា អ្នកត្រូវជ្រើសរើសអ្វីដែលអ្នកចូលចិត្តធ្វើ នោះវានឹងជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់ការហាត់ប្រាណកំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតមើលពីសុខភាពខ្លួនឯង ក្នុងករណី ប្រទះនឹងបញ្ហាផ្សេងៗកំឡុងពេលហាត់ ឬក៏អាចសុំយោបល់ពីអ្នកជំនាញ ដើម្បីទទួលបានការហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង