ម៉ាក់កូនរៀនពេទ្យចប់ហើយ!
ក្តីស្រមៃមួយដែលមិនមែនកើតក្នុងរយៈពេលខ្លី តែជាបំណងតាំងពីកុមារភាព។ គោលបំណងមួយដែលចង់ក្លាយខ្លួនជាអ្នកបំរើសេវាសុខាភិបាលមួយរូប ដែលអាចជួយសមាជិកគ្រួសារខ្លួនឯងក៏ដូចជាអ្នកដទៃពីភាពសោកសៅនៃជំងឺទាំងឡាយ។
ខែតុលាកន្លង លទ្ធផលប្រលងបាក់ឌុបក៏ត្រូវបានប្រកាស ក៏ជាពេលរៀបចំបង្វេច លាម៉ាក់ប៉ា ដើម្បីមកបន្តការសិក្សាក្នុងទីក្រុង។ មិនមែនមានតែខ្ញុំទេដែលមានអារម្មណ៍មួយនេះ គឺអ្វីៗ ហាក់ផ្លាស់ប្តូរ ធ្លាប់តែនៅជាមួយគ្រួសារមានផ្ទះធំទូលាយនៅ និងញ៉ាំបាយជុំគ្នាយ៉ាងសប្បាយរីករាយ តែបែរមករស់នៅក្នុងបន្ទប់តូចមួយ ហើយពេលខ្លះត្រូវញ៉ាំបាយម្នាក់ឯង តែដោយសារការតាំងចិត្ត ទុកលំបាកមួយចំនួន គឺមិនអាចរារាំងយើងបានទេ។
ដើម្បីរៀនពេទ្យបានគឺត្រូវប្រលងថ្នាក់ជាតិឲ្យជាប់ វាជាដំណាក់កាលមួយដែលក្តុកក្តួលជាងគេ បើប្រលងមិនជាប់ទេគឺត្រូវរៀបឥវ៉ាន់ទៅផ្ទះវិញ។ តែគ្មានអ្វីអាចបំផ្លាញការប្រឹងប្រែងរបស់យើងបានទេ ការប្រលងថ្នាក់ជាតិក៏បានជាប់ដោយជោគជ័យ ជីវិតនិស្សិតក៏ចាប់ផ្តើម ប្រៀបដូចកូនរុក្ខជាតិកំពុងចេញពន្លក។
តែនៅតាមផ្លូវឆ្ពោះទៅមុខ តែងតែមានឧបសគ្គជានិច្ច។ រៀនពេញម៉ោង នៅសាលា ហើយឆ្លៀតពេលល្ងាចឬថ្ងៃសៅរ៍អាទិត្យទៅស្តារដើម្បីពង្រឹងជំនាញអនុវត្តថែមទៀត ពេលខ្លះសឹងអស់ខ្យល់ម្តងៗ តែទោះបីជាគ្មានពេលហូលីដេក៏នៅតែរីករាយ។ ឈ្នះខ្លួនឯងហើយ តែក៏នៅរងការរិះគន់ពីមជ្ឃដ្ឋានខាងក្រៅ ថាមិនដែលចូលរួមសកម្មភាពសង្គមផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះថាដល់អនាគតគ្នាទៀត តែកម្លាំងចិត្តនៅតែមិនបាត់បង់។
មិត្តភក្តិ និងលោកគ្រូអ្នកគ្រូ បានក្លាយអ្នកជម្រុញទឹកចិត្តបន្ថែមពីក្រុមគ្រួរសារ យើងក៏បានដើរមកថ្ងៃនេះហើយ ពួកយើងក៏បានសម្រេចក្តីស្រមៃមួយនោះ។ ចេះតែនឹកឃើញថា ពេលប្រលងថ្នាក់ជាតិចូលរៀនមិនដែលស្គាល់គ្នាសោះ ហើយមិនដឹងមកពីណាខ្លះ។ ដល់ពេលប្រលងចេញថ្នាក់ជាតិបញ្ចប់ការសិក្សា មានអ្នកខ្លះកាន់ដៃគ្នាមកប្រលង ខ្លះមានពីរនាក់ ខ្លះទៀតក៏មានបីនាក់។ (អបអរសាទរប្រលងជាប់ថ្នាក់ជាតិបញ្ចប់ការសិក្សាទាំងអស់គ្នាណា...)