ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក
ជំងឺទឹកនោមផ្អែមជាជំងឺដែលបណ្តាលមកពីការកើនឡើងជាតិស្ករនៅក្នុងឈាម។ ជំងឺនេះជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលអោយជាដាច់នោះទេ ហើយវានឹងវិវឌ្ឃន៍បន្តិចម្តងៗ និងបង្កជាផលវិបាក ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវណាមួយនោះទេ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម កើតទៅលើសរីរាង្គជាច្រើនរបស់អ្នកជំងឺ ក្នុងនោះវាអាចក៏ប៉ះពាល់ទៅលើភ្នែករបស់អ្នកជំងឺផងដែរ។
តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ភ្នែក?
អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានត្រឹមត្រូវ វាបង្កផលវិបាកទៅលើភ្នែកមានដូចជា៖
- ជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម(Diabetic Retinopathy)ផលប៉ះពាល់ទៅលើសរសៃឈាមនៃបាតភ្នែក។
- ជំងឺហើមបាតភ្នែក (Diabetic Macular Edema)
- ជំងឺភ្នែកឡើងបាយ (Cataract)
- ជំងឺឡើងសម្ពាធក្នុងភ្នែក ឬទឹកដក់ក្នុងភ្នែក (Glaucoma)។
តើអ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកលើភ្នែកមានអាការៈយ៉ាងដូចម្តេច?
ជាទូទៅ អ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកទៅលើភ្នែកមួយភាគធំ មិនមានការស្តែងចេញជារោគសញ្ញាអ្វីទាល់តែសោះ រហូតទាល់តែវាវិវឌ្ឍន៍ទៅកាន់ដំណាក់កាលធ្ងន់ធ្ងរទើបអាចមានអាការរោគ ដែលពេលខ្លះវាស្ទើរតែយឺតពេលក្នុងការព្យាបាល។ ទោះជាយ៉ាងណា មានរោគសញ្ញាដែលអាចស្តែងចេញមួយចំនួន ដូចជា ស្រវាំង ឬព្រិលភ្នែក ហាក់ដូចជាមានរបស់មកបាំងខាងមុខភ្នែក ការឈឺចុកចាប់ក្នុងគ្រាប់ភ្នែក និងការថយចុះនៃគំហើញរបស់ភ្នែកខាងណាមួយ ឬទាំងសងខាង។
តើធ្វើដូចម្តេចដើម្បីដឹងថាអ្នកជំងឺទឹកនោមផ្អែមមានផលវិបាកទៅលើភ្នែក?
រាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែធ្វើការព្រឹក្សាជំងឺជាមួយគ្រូពេទ្យឯកទេស និងធ្វើការត្រួតពិនិត្យបាតភ្នែកអោយបានទៀងទាត់។ វិធីក្នុងការពិនិត្យបាតភ្នែក គឺត្រូវធ្វើឡើងតាមរយៈ Fundus examination ដែលមាន Fundus photography (ថតរូបភាពបាតភ្នែក)ជាដើម។ លើសពីនេះ យើងមានឧបករណ៍ និងបច្ចេកទេសក្នុងការពិនិត្យវិភាគបន្ថែម ប្រសិនបើយើងរកឃើញថាអ្នកជំងឺមានផលវិបាកទៅលើបាតភ្នែករបស់គាត់ ដើម្បីឈានទៅដល់ការព្យាបាល។
តើនៅពេលណាដែលអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើការត្រួតពិនិត្យបាតភ្នែក?
ជាទូទៅ តាមរយៈភស្តុតាងវិទ្យាសាស្រ្តដែលគេបានសិក្សា និងតាមដាន រាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតែធ្វើការពិនិត្យភ្នែកនៅពេលដែលទើបដឹងថាមានជំងឺទឹកនោមផ្អែមដំបូង។ រីឯអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ យើងផ្តល់ដំបូន្មានអោយពិនិត្យភ្នែក ៥ឆ្នាំក្រោយពីទទួលរោគវិនិច័្ឆយជំងឺទឹកនោមផ្អែម។ ករណីមួយទៀត គេត្រូវធ្វើការពិនិត្យបាតភ្នែកផងដែរ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានផ្ទៃពោះ ពីព្រោះថានៅពេលនោះឯងគឺត្រូវមានការផ្លាស់ប្តូរថ្នាំគ្រាប់ដែលធ្លាប់ប្រើទៅជាប្រើប្រាស់ថ្នាំចាក់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ រាល់ការដែលយើងធ្វើការបញ្ចុះជាតិស្ករដោយគំហុកទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានគភ៌ នឹងមានការប៉ះពាល់លើបាតភ្នែកស្រាប់ អាចជំរុញអោយសភាពជំងឺបាតភ្នែកនោះកាន់តែធ្ងន់ធ្ងរបាន។
បកស្រាយដោយ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈនិងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ( Diabetic Care Center)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ