សម្រាលកូនដោយវះកាត់ត្រឹមប៉ុន្មានដង ទើបមិនមានហានិភ័យ?
សំណួរ ៖ នាងខ្ញុំអាយុ ៣២ឆ្នាំ ទម្ងន់៥២គីឡូក្រាម កម្ពស់១ម៉ែត្រ៦៣ ជាបុគ្គលិកធនាគារ។ ដោយសារកាលពីកូនទី១ និងទី២មានទម្រង់បញ្ច្រាស ហើយត្រូវបានសម្រាលដោយការវះកាត់។ នាងខ្ញុំមានបំណងនឹងយកកូនមួយទៀត ហេតុនេះហើយ នាងខ្ញុំចង់សួរថាតើកូនទី៣របស់ខ្ញុំនឹងត្រូវការសម្រាលដោយវះកាត់ទៀត ឬយ៉ាងណា? បើដូច្នេះ តើវានឹងមានផលប៉ះពាល់អ្វីដែរឬទេ?
ចម្លើយ ៖ ការវះកាត់ជាបន្តបន្ទាប់តែងបណ្តាលឲ្យមានហានិភ័យច្រើនជាងការវះកាត់លើកដំបូង។ ការសិក្សាបានបង្ហាញថា ហានិភ័យនឹងកើនឡើងក្រោយសម្រាលដោយវះកាត់លើកទី៣ ហើយការសម្រាលកូនបែបធម្មជាតិក៏មិនត្រូវបានណែនាំផងដែរ បន្ទាប់ពីស្រ្តីទទួលបានការវះកាត់៣លើករួចមកហើយ។ ស្រ្តីដែលធ្លាប់ធ្វើការវះកាត់ពេលសម្រាលច្រើនដង អាចមានការប្រឈមនឹងហានិភ័យដូចជា៖
1. មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ។
2. បង្កជារបួសនៅប្លោកនោម និងពោះវៀន។ ប្លោកនោមដែលមានបញ្ហា តែងស្តែងចេញឡើង នៅពេលការវះកាត់ត្រូវបានអនុវត្តជាបន្តគ្នា។ ហានិភ័យនោះ ជាលទ្ធផលដែលបានមកពីការភ្ជាប់គ្នានៃប្លោកនោម និងស្បូនបន្ទាប់ពីធ្វើការវះកាត់រួច។ ការបិតភ្ជាប់គ្នានោះក៏អាចបង្កឲ្យមានបញ្ហាស្ទះពោះវៀនផងដែរ។
3. ការហូរឈាមធ្ងន់ធ្ងរ។
4. មានបញ្ហាលើសុក អាចជា សុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន (placenta accreta) និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន (placenta previa)។
ជារួម ការវះកាត់ពេលសម្រាល និងសម្រាល តាមបែបធម្មជាតិបង្កជាហានិភ័យ ក៏ដូចជាអត្ថប្រយោជន៍រៀងៗខ្លួន។ ការសម្រេចចិត្ត ដើម្បីជ្រើសរើសវិធីសាស្រ្តសម្រាប់ការសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះ អ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ ដើម្បីកំណត់ឲ្យបានជាក់លាក់ថាអ្នកស័ក្តិសមជាមួយការសម្រាលបែបធម្មជាតិ (VBAC) ឬតាមបែបវះកាត់។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេស ផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ