ជំងឺមហារីកកុមារមានដល់ទៅជាង៤០ប្រភេទ?
អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។
ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖
• ជំងឺមហារីកឈាមស្រួចស្រាវ
• ជំងឺមហារីកកូនកណ្តុរ
• ជំងឺមហារីកខួរក្បាល
• ជំងឺមហារីកប្រព័ន្ធប្រសាទ
• ជំងឺមហារីកតម្រងនោម
• ជំងឺមហារីកថ្លើម
• ជំងឺមហារីកឆ្អឹង
• ជំងឺមហារីកភ្នែក
លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ
មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។
មូលហេតុ
មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖
• កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន
• ការបង្ករោគដោយវីរុស (HIV, Epstein-Barr Virus)
• សារជាតិវិទ្យុសកម្ម។
រោគសញ្ញា
រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖
+ មហារីកឈាមស្រួចស្រាវ
- អាចកើតលើកុមារគ្រប់វ័យ
- ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ
- សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ
- ស្លេកស្លាំង
- អណ្តើក ថ្លើម កូនកណ្តុររីកធំ។
+ មហារីកតម្រងនោម
- ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ
- ជួនកាលនោមឈាម ឬ លើសសម្ពាធឈាម។
ការព្យាបាល
តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០% ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០% ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖
• ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក
• ការព្យាបាលដោយកាំរស្មីបែបទំនើប
• ការព្យាបាលដោយការវះកាត់។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត