Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កុមារកម្ពុជា32នាក់ក្នុងចំណោម100នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ

 

លោក ហ៊ូ ក្រើន​ នាយករងអង្គការហេឡែនខេលល័រអន្តរជាតិ និងជាអ្នកសម្របសម្រួលអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSACambodia) បានបញ្ជាក់ថាអាហារូបត្ថម្ភត្រូវបានចាត់ទុកថា មានសារសំខាន់ណាស់លើការលូតលាស់របស់ទារក និងកុមារ។ ការអនុវត្តការចិញ្ចឹមទារក និងកុមារបានពេញលេញ គឺធានាឲ្យមានអាហារូបត្ថម្ភគ្រាប់គ្រាន់។ ជាឧទាហរណ៍ជាក់ស្តែង មានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថាការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០%  កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង  អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ ។ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការលូតលាស់ខ្លាំាងទាំងផ្នែករាងកាយ និងសតិបញ្ញាស្មារតី ហើយបើមានកំហុសឆ្គងក្នុងដំណាក់កាលនេះ គឺមិនអាចកែខៃបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%)ក៏ដោយ។

លោក ហ៊ូ ក្រើន បញ្ជាក់ទៀតថាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងតម្រូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យ និង ទឹកស្អាតមិនបានត្រឹមត្រូវ ការមិនទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ជាដើម។ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ គឺធ្វើឲ្យមានការរីករាលដាលជំងឺឆ្លង។ ជំងឺជាកត្តារារាំងសមត្ថភាពរាងកាយកុមារក្នុងការបឺតស្រូបយកថាមពល និងសារជាតិចិញ្ចឹមផ្សេងៗទៀត រួមទាំងធ្វើឲ្យរាងកាយចុះខ្សោយ។ ការបឺតស្រូបយកសារជាតិចិញ្ចឹមមិនបានល្អ គឺធ្វើឲ្យរាងកាយកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ហើយនៅពេលរាងកាយខ្វះអាហារូបត្ថម្ភ វាធ្វើឲ្យកុមារមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគបន្ថែមទៀត និងកង្វះអាហារូបត្ថម្ភជាបន្តបន្ទាប់។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែបានធ្លាក់ចុះពី ៧៤%នៅឆ្នាំ២០១០ មកត្រឹមតែ៦៥%ប៉ុណ្ណោះនៅឆ្នាំ២០១៤ ។ ក្រៅពីនេះ ទារកអាយុពី៦ដល់១១ខែមានត្រឹមតែ២០%ប៉ុណ្ណោះដែលទទួលបានអាហារបន្ថែមសមស្រប។

លោក ហ៊ូ ក្រើន បន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភនេះផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឲ្យការលូតលាស់របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន)​ និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាស ធនធាន និងពេលវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមា ណ ២៥០លានដុល្លាក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ ។ បញ្ហាទាំងនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរ ។ បច្ចុប្បន្នអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ។

សមាជិកអង្គការសម្ព័ន្ធជាតួអង្គសំខា ន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានប្រព័ន្ធសុខាភិបាល និងជាធនធានសំខាន់សម្រាប់កសាងសមត្ថភាពសហគមន៍ ក្នុងការអនុវត្តកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនានា។ កិច្ចអន្តរាគមន៍ទាំងនេះរួមមាន ការលើកម្ពស់អាហារូបត្ថម្ភចំពោះមាតា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម ផលិតកម្មស្បៀង តាមគួ្រសារ អនាម័យនិងទឹកសា្អត ការផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ និងអនាម័យ សកម្មភាពប្រឹក្សាយោបល់ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភ និងការសិក្សាស្រាវជ្រាវស្តីពីអាហារូបត្ថម្ភ។

អង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជាបានរួមចំណែកជួយនិងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើត និងផ្សព្វផ្សាយឯកសារស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ និងគោលការណ៍ណែនាំស្តីពីការពង្រឹងការអនុវត្តអនុក្រិត្យលេខ១៣៣ (ស្តីពីការឃោសនាផ្សព្វផ្សាយផលិតផល ចិញ្ចឹមទារក&កុមារ ដូចជាម្សៅទឹកដោះជាដើម...)។ អង្គការសម្ព័ន្ធបន្តការគាំទ្រ និងជួយដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីបន្តពងឹ្រងការអនុវត្តអនុក្រិត្យលេខ ១៣៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះក៏បានចូលរួមជាមួយអង្គការយូនី-សេហ្វ និងអង្គការសុខភាពពិភពលោកក្នុងការផលិត និងចែកចាយឯកសារសងេ្ខបសី្តពីខឹ្លមសារអនុកិ្រត្យលេខ១៣៣ដល់អ្នកធ្វើការសម្រេចចិត្តបុគ្គលិកតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

អង្គការសម្ព័ន្ធសង្គមស៊ីវិលបានខិតខំធ្វើកា រយ៉ាងច្រើនក្នុងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រសហគមន៍ធ្វើឲ្យប្រសើរឡើងដល់ការអនុវត្តអាហារូបត្ថម្ភ។ ដើម្បីអាចធ្វើដូច្នោះបាន អង្គការសម្ព័ន្ធតែងតែធ្វើឲ្យប្រាកដថាគម្រោង និងកម្មវិធីនានារបស់សមាជិកខ្លួន អនុវត្តស្របតាមយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ 2014-2018 និងផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភឃជាតិ 2014-2020។ លើលពីនេះទៅទៀត អង្គការសម្ព័ន្ធបានសហការយ៉ាងទៀងទាត់ជាមួយបណ្តាញដទៃទៀត (រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងវិស័យឯកជន) ដើម្បីសម្របសម្រួល និងធ្វើការក្រោមទិសដៅរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភនៅគ្រប់កម្រិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ពន្ធ័ធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៦។ យ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ នៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធ និងសហគមន៍ត្រូវសហការបន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។  សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។   ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។ យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ ២០២០។ មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ -១៩  និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។ ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិតPhysiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។ Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។ Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។    ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។ លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា “ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា”។ ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ។  

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top