ជំងឺធ្មេញកុមារ មិនមែនជាបញ្ហាតូចតាចទេ
ជំងឺធ្មេញកុមារដែលមិនគួរមើលរំលងលក្ខណៈទូទៅរបស់ធ្មេញមិនថាកុមារ ឬមនុស្សពេញវ័យ លក្ខណៈជាទូទៅ របស់ធ្មេញចែកចេញជា ៣ ស្រទាប់ដូចជាកាចា(ផ្នែកខាងក្រៅ) ភ្លុក និងបណ្តូលធ្មេញ ដែលជាស្រទាប់ផ្នែកខាងក្នុងរបស់ធ្មេញ ។ បន្ថែមពីនេះធ្មេញមានរួមបញ្ចូលនូវសារធាតុម្យ៉ាងដែលឲ្យឈ្មោះថា Cementum ដែលព័ទ្ធជុំវិញឫសរបស់ធ្មេញ និង Ligament សម្រាប់ភ្ជាប់ពី Cementum ទៅកាន់ឆ្អឹង ដែល វាបង្កឲ្យធ្មេញមានចលនាតិចៗជាធម្មតា។ គប្បីកុំចាត់ទុកសុខភាពមាត់ធ្មេញរបស់កុមារជាបញ្ហាតូចតាច ផ្ទុយទៅវិញ វាជាប្រភពមេរោគ និងជាកត្តាបង្កជំងឺជាច្រើនដែលបង្អាក់ការលូតលាស់របស់កុមារ និងប្រឈមទៅនឹងសុខភាពទូទៅដូចជាក្តៅខ្លួន រាកជាដើម។
ដំណាក់កាលវិវឌ្ឍនៃធ្មេញកុមារជាទូទៅ កុមារមានធ្មេញទាំងអស់ចំនួន២០ ដែលផ្នែកខាងលើមានចំនួន១០ បូករួមជាមួយផ្នែក ខាងក្រោម ចំនួន១០បន្ថែមទៀត។ ចំពោះដំណុះធ្មេញព្រៃចាប់ផ្តើមក្នុងអាយុ ៦ខែ រហូតដល់៣ឆ្នាំ ហើយធ្មេញនឹងមានការផ្លាស់ប្តូរពីធ្មេញព្រៃទៅធ្មេញស្រុកចាប់ពីអាយុ ៦ឆ្នាំ និងចប់សព្វគ្រប់ក្នុង កំឡុងអាយុ១៣ឆ្នាំ។ យ៉ាងណាមិញ ធ្មេញព្រៃរបស់កុមារមានលក្ខណៈខុសគ្នាពីមនុស្សពេញវ័យ ផ្អែកលើសភាព ២យ៉ាង៖
• មានពណ៌សល្អក់ដូចទៅនឹងពណ៌របស់ ទឹកដោះ ដែលខុសពីធ្មេញរបស់មនុស្សពេញវ័យដែលមានពណ៌ស។
• វាមានក្បាលធ្មេញតូច និងឫសខ្លី ដែលផ្ទុយ ពីមនុស្សពេញវ័យ។ កត្តាប្រឈម និងការប៉ះពាល់កុមារដែលស្ថិតក្នុងអាយុចាប់ពី ២ឆ្នាំ ទៅ ៧ឆ្នាំជាវ័យដែលងាយទទួលរងបញ្ហាសុខភាពមាត់ធ្មេញច្រើនជាងគេ ដោយពួកគេមិនទាន់ចេះថែរក្សាការពារធ្មេញដោយខ្លួនឯង។ កត្តាដែលប៉ះពាល់ និងបង្ករោគ មានដូចជាការផ្តល់របបអាហារដែល មិនអំណោយផល និង ការលើសឬខ្វះនូវសារធាតុរ៉ែមួយចំនួន។នៅពេលដែលធ្មេញទទួលរងនូវជាតិស្ករច្រើនពីចំណីអាហារ វាត្រូវបានបំលែង ឲ្យទៅជាជាតិអាស៊ីត ដែលបណ្តាលមកពីពពួកមេរោគមួយចំនួននាំឲ្យខូចខាតសភាពរបស់ធ្មេញក្នុងពេលវេលាគ្រប់គ្រាន់ណាមួយ។
មួយវិញទៀតទម្លាប់នៃការបំបៅទឹកដោះគោ ដែលខុសពីទឹកដោះធម្មជាតិ ក៏អាចនាំឲ្យធ្មេញឈានទៅរកការខូចខាតផងដែរ ដែលបញ្ហាទាំងនោះមានដូចជា៖
• ធ្មេញពុក
• ពណ៌របស់ធ្មេញមានសភាពខុសធម្មតា(ខ្មៅ ឬត្នោត)
• មានទំហំមិនប្រក្រតី
• មិនរឹងមាំ និងស្តើង
• ងាយស្រៀវ។
រោគសញ្ញា និងរោគវិនិច្ឆ័យ
គន្លឹះមួយចំនួនក្នុងការរករោគសញ្ញានៃជំងឺធ្មេញរបស់កុមារមានដូចជា៖
• ការពិនិត្យមើលការប្រែប្រួលនូវសភាពពណ៌របស់ធ្មេញ
• កុមារពិបាកក្នុងការទំពារ
• មានចំណីអាហារដែលអាចជាប់នៅតាមចន្លោះធ្មេញ ដែលបង្កឲ្យមានការឈឺចាប់។
ជាទូទៅ កុមារដែលមានបញ្ហាមាត់ធ្មេញ ទាមទារឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកដែលមានទន្តបណ្ឌិតពោរពេញទៅដោយជំនាញច្បាស់លាស់ទើបអាចធានាបាននូវការធ្វើរោគវិនិច្ឆ័យបាន ត្រឹមត្រូវ និងច្បាស់លាស់។
ការព្យាបាល និងការការពារ
ចំពោះការព្យាបាលប្រែប្រួលទៅតាមសភាពធ្មេញតួយ៉ាង៖
• កុមារដែលមានចង្អូរធ្មេញជ្រៅប្រឈមទៅនឹង ការពុកធ្មេញ គឺតម្រូវឲ្យមានការប៉ះបិទជម្រៅនៃ ចង្អូរទាំងនោះដែលឲ្យឈ្មោះថា Fissure Sealant។
• ប្រើប្រាស់សារធាតុភ្លុយអរ (Fluoride) លាបត្រង់កន្លែងធ្មេញដែលមានការខូចខាត អាចការពារការពុកធ្មេញទាន់ពេលវេលា។
• ចំពោះធ្មេញដែលមានដំណាក់កាលធ្ងន់ធ្ងរអាចឈានទៅរកការព្យាបាលដោយជ្រើសរើសនូវការដាក់ធ្មេញប្រភេទ stainless steel crown សម្រាប់កុមារ។
• ធ្វើការដកធ្មេញព្រៃមុនអាយុ ក្នុងករណីដែលមិនអាចរក្សាទុកធ្មេញ ដែលមានបញ្ហានោះតទៅទៀតបាន។
ការការពារទាមទារឲ្យមានការផ្តល់អាហារដែលមានជាតិវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ និងទៀងទាត់តាមពេលវេលាជាពិសេសចំណីអាហារប្រភេទមើមដែលវាសម្បូរ ទៅដោយជាតិ ភ្លុយអរ និងកាល់ស្យូមគួរតែផ្តល់ឲ្យកុមារឲ្យបានច្រើន ដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ចៀសវាងផ្តល់អាហារដែលមានជាតិស្ករច្រើនជាពិសេសផលិតផលស្ករគ្រាប់។ បន្ថែមពីនេះ អាណាព្យាបាលមិនត្រូវបន្តក់ជាតិថ្នាំភ្លុយអរដោយខ្លួនឯងទៅលើធ្មេញក្មេង ដែលមិនបានទទួលវេជ្ជបញ្ជាពីទន្តបណ្ឌិតទេ។
ផលប៉ះពាល់ធ្ងន់ធ្ងរករណីដែលមិនបានទទួលការព្យាបាលទាន់ពេលវេលាអាចបង្កជាបញ្ហា៖
• ធ្មេញព្រៃខូច និងជ្រុះមុនអាយុ
• បាត់ចំណង់ចំណីអាហារ ដែលអាចបង្កជាជំងឺទៅថ្ងៃអនាគត
• ប៉ះពាល់ដល់ការសិក្សា។ ចំពោះកុមារដែលមានប្រវត្តិធ្លាប់ទទួលរងនូវ
បញ្ហាធ្មេញបានបន្សល់ទុកនូវផលអវិជ្ជមានពេលពេញវ័យដូចជា៖
• បាត់បង់សោភ័ណភាពផ្ទៃមុខ ដោយទម្រង់នៃធ្មេញស្រុកដុះមិនបានល្អ
• បញ្ហាលើមុខងារទំពា ងាយបង្កជាជំងឺមាត់ធ្មេញផ្សេងៗ
• បាត់បង់ទំនុកចិត្ត។
បកស្រាយដោយ ៖ លោកទន្តបណ្ឌិត អ៊ឹង ប៉ោលាង នៃមន្ទីរព្យាបាលធ្មេញ អេឡេហ្គង់
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។