អាល្លែកហ្ស៊ីអាហារ ច្រើនជួបលើកុមារ
និយមន័យ
បញ្ហាអាល្លែកហ្ស៊ីអាហារលើកុមារកើតឡើង នៅពេលកុមារញ៉ាំអាហារ ឬសារធាតុណាមួយចូលក្នុងខ្លួនធ្វើឲ្យមានប្រតិកម្មជាមួយនឹងប្រព័ន្ធការពាររាងកាយ ដោយការលេចចេញជាសញ្ញាផ្សេងៗ ហើយផ្តល់ផលវិបាកជាច្រើន។ ប្រតិកម្មអាល្លែកហ្ស៊ីដែលកើតឡើង មានបែបបទរបស់វាពីស្រាលទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀតផង។ ម៉្យាងវិញទៀត អាល្លែកហ្ស៊ីអាហារនេះ ច្រើនជួបប្រទះចំពោះក្មេងជាងមនុស្សចាស់ ពិសេសក្មេងក្រោមអាយុ១ឆ្នាំ។
មូលហេតុ
មកដល់បច្ចុប្បន្ននេះ ករណីអាល្លែកហ្ស៊ីអាហារចំពោះកុមារតែងកើតមានឡើងដោយឯកឯង គ្មានមូលហេតុណាមួយ ដែលត្រូវបានកំណត់ច្បាស់លាស់នោះទេ។ មានការសម្គាល់ខ្លះថា នៅពេលឳពុកម្តាយមានអាល្លែកហ្ស៊ីជាមួយអ្វីមួយកូនកើតមកអាចនឹងមានអាល្លែកហ្ស៊ីដែរ ប៉ុន្តែក៏មិនមានការសិក្សាណាមួយបង្ហាញថាវាជាបញ្ហាតពូជឡើយ។
រោគសញ្ញា
ទាក់ទងនឹងអាល្លែកហ្ស៊ី អាចមានការងាយស្រួលក្នុងការកត់សម្គាល់។ បើចំពោះក្មេងតូចៗដែល ភាគច្រើន តែងមានអាល្លែកហ្សុីជាមួយនឹងទឹកដោះគោ រោគសញ្ញាមានដូចជា រមាស់ស្បែក ក្អក ហត់ ឈឺពោះ ក្អួត ក្អែញឹកញាប់ ហើមពោះ រាករ៉ាំរ៉ៃដែលអាចច្រឡំជាមួយជំងឺរាកដោយសារមេរោគផងដែរ។ ក្នុងករណីធ្ងន់ធ្ងរ(Anaphylaxis) ក្មេងអាចមានអាការៈ ចុះសម្ពាធឈាម និងពិបាកដកដង្ហើមខ្លាំង ហើយអាចឈានដល់ការប៉ះពាល់អាយុជីវិតផងដែរ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យដែលសាមញ្ញបំផុត គឺឲ្យកុមារសាកល្បងញ៉ាំអាហារដែលសង្ស័យ រួចចាំសង្កេតមើលថាតើ មានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើដែរឬទេ។ ការធ្វើបែបនេះត្រូវស្ថិតក្រោមការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់ វេជ្ជបណ្ឌិត។ វិធីរោគវិនិច្ឆ័យមួយផ្សេងទៀតគឺ ធ្វើឡើងដោយការធ្វើតេស្តនៅលើស្បែក៖ កោសស្បែកឲ្យដាច់បន្តិចរួចដាក់សារធាតុដែលសង្ស័យពីលើប្រសិនបើពិតជាមានអាល្លែកហ្ស៊ីជាមួយនឹងសារធាតុនោះមែន នៅលើស្បែកក្មេងនឹងលេចចេញជាសញ្ញាកន្ទួលក្រហម ប៉ុន្តែការធ្វើតេស្តនេះទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះក្មេងខ្លះអាច នឹងមានប្រតិកម្មខ្លាំង ដល់ថ្នាក់ថប់ដង្ហើម ឬគាំងបេះដូង ស្លាប់ភ្លាមៗ។ ការធ្វើរោគវិនិច្ឆ័យមួយប្រភេទទៀត គឺការធ្វើតេស្តឈាម ដោយដាក់សារធាតុដែលមានការសង្ស័យ
ចូលទៅក្នុងឈាមដែលបូម បន្ទាប់មក នឹងឃើញមានប្រតិកម្មរវាងសារធាតុទៅតោងជាមួយនឹងប្រព័ន្ធការពារ តាមរយៈការបាញ់បញ្ចាំងកាំរស្មី។
ការព្យាបាល និងផលវិបាក
ក្មេងតូចៗមានការងាយស្រួលក្នុងការព្យាបាលណាស់ ដោយពួកគេមិនមានញ៉ាំអ្វីផ្តេសផ្តាសក្រៅពីទឹកដោះគោ ផ្ទុយមកវិញ មានការពិបាកចំពោះក្មេងធំបន្តិច៖ ក្មេងចេះដើរ និងក្មេងចូលរៀន។ ការព្យាបាលចំពោះករណីអាល្លែកហ្ស៊ីអាហារលើក្មេង គឺត្រូវស្វែងយល់ថា ក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងប្រភេទអាហារមួយណា រួចបញ្ឈប់ការ
ញ៉ាំអាហារនោះ។ ការប្រើប្រាស់ថ្នាំអាល្លែកហ្ស៊ីឬប្រើថ្នាំចាក់ភ្លាមៗ អាចត្រូវបានណែនាំចំពោះក្មេងមានអាល្លែកហ្ស៊ីខ្លាំង។ អាល្លែកហ្ស៊ីអាហារច្រើនប៉ះពាល់លើប្រព័ន្ធរំលាយអាហារ ដែលអាចច្រឡំនឹងជំងឺផ្សេងទៀត ហើយបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬទាន់ពេលវេលានោះក្មេងអាចប្រឈមនឹងជំងឺកង្វះអាហារូបត្ថម្ភ ជាមូលហេតុចម្បងងាយនឹងឆ្លងមេរោគនិងជំងឺមួយចំនួន ប៉ះពាល់ដល់បញ្ញា និងអាចរហូតដល់បាត់បង់ជីវិតទៀតផង។
ការការពារ
ក្មេងមានអាល្លែកហ្ស៊ីជាមួយអាហារណាត្រូវចៀសវាងអាហារនោះ និងត្រូវសរសេរជាតារាងរៀបរាប់ពីប្រភេទអាហារដែលក្មេងមានអាល្លែកហ្ស៊ីភ្ជាប់នឹងដៃក្មេងជានិច្ច ដើម្បីឲ្យគ្រប់គ្នាដឹង។ បើក្មេងមានអាល្លែកហ្ស៊ីជាមួយនឹងទឹកដោះគោ គួរប្តូរដោយយកប្រភេទដែលមានអាល្លែកហ្ស៊ីតិច(hypoallergic)។
បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត លីម ស៊ីវឡាំង វេជ្ជបណ្ឌិតនៃគ្លីនិកជាតិសើស្បែក និងកាមរោគ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។