ការប៉ះពាល់លើក្រពេញទីរ៉ូអ៊ីតអាចបង្កជាជំងឺអ្វីខ្លះចំពោះកុមារ?
ក្រពេញទីរ៉ូអុីត ជាផ្នែកមួយនៃប្រព័ន្ធអង់ដូគ្រីនក្នុងរាងកាយរបស់មនុស្សទូទៅ ដែលមានទីតាំងស្ថិតនៅតំបន់ផ្នែកខាងក្រោយនៃបំពង់កដោយស្ថិតនៅខាងមុខនិង សងខាងនៃបំពង់ខ្យល់។ ដំណើរការនៃក្រពេញនេះ គឺរ៉ាប់រងក្នុងការបញ្ចេញនូវអ័រម៉ូនចំនួនពីរប្រភេទ គឺ Triiodothyronine (T3) និងThyroxin(T4) ដែលការបញ្ចេញនោះទាមទារឲ្យមានវត្តមាននៃសារជាតិអុីយ៉ូត ដែលបានមកពីប្រភពចំណីអាហារ។ បន្ថែមពីនេះ បរិមាណកម្រិតនៃការបញ្ចេញអ័រម៉ូនទាំងពីរ ច្រើនឬតិចវាស្ថិតនៅក្រោមការបញ្ជាពី អ័រម៉ូនម៉្យាងទៀតហៅថា TSH ReleasingHormone (TRH)ដែលបញ្ជេញដោយផ្នែកមួយនៃខួរក្បាលហៅថាHypothalamus។ ជាទូទៅមុខងាររបស់ប្រពេញទីរ៉ូអុីតគឺគ្រប់គ្រងនូវការធ្វើមេតាប៉ូលីស ក្នុងរាងកាយ(គ្រប់គ្រងការបំលែងថាមពលក្នុងរាងកាយ)ហើយវាក៏សម្រួលនូវមុខងារមួយចំនួនទៀតដូចជា ការដកដង្ហើម ចង្វាក់បេះដូង ប្រព័ន្ធខួរក្បាល កម្តៅរាងកាយ និងមុខងារផ្សេងទៀត។ ភាពលើស ឬខ្វះនៃអ័រម៉ូនទាំងពីរក្នុងចរន្តឈាម ជាសញ្ញាណមិនល្អដែលបណ្តាលឲ្យមានជំងឺពីរប្រភេទ គឺ Hypothyroidism(ការខ្វះ)និងHyperthyroidism(ការលើស) ដែលអាចកើតឡើងលើកុមារផងដែរ។
Hypothyroidism
និយមន័យ
ជាការថយចុះនៃការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអុីត ដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សារពាង្គកាយ។ គេសង្កេតឃើញមានមូលហេតុ ២ ប្រភេទចំពោះជំងឺHypothyroidism តួយ៉ាងដូចជា៖
• Congenital Hypothyroidism៖ ជាប្រភេទជំងឺHypothyroidismកើតលើកុមារដែលទើបនឹងកើត ដែលច្រើនកើតឡើងដោយសារតែម្តាយពុំទទួលបានសារជាតិអុីយ៉ូតគ្រប់គ្រាន់ក្នុងកំឡុងពេលពពោះ។ ម្យ៉ាងវិញទៀតវាអាចបណ្តាលមកពីការលូតលាស់ខុសប្រក្រតី នៃប្រពេញទីរ៉ូអុីតដែលអាចស្តែងចេញជាAthyreosis(គ្មានការលូតលាស់នៃក្រពេញទីរ៉ូអុីត)Hypoplastic(ក្រពេញលូតលាស់ខ្លាំងខុសធម្មតា) និងEctopic (ក្រពេញស្ថិតនៅខុសទីតាំង)។ យ៉ាងណាមិញ គេមិនទាន់អាចធ្វើការសន្និដ្ឋានច្បាស់លាស់ចំពោះមូលហេតុនៃការប្រែប្រួលទាំងនោះនៅឡើយ តែវាអាចបង្កឡើងពីមុខងាររបស់ហ្សែននៃរាងកាយរបស់កុមារមួយចំនួន។
• Acquired Hypothyroidism៖ ជាទូទៅ ករណីនេះអាចកើតឡើងចំពោះកុមារដែលមានវ័យចាប់ពី៦ ទៅ ១២ ឆ្នាំ ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់កុមារដែលឲ្យឈ្មោះថាHashimoto’sthyroiditisដោយប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើការប្រឆាំង ទៅនឹងក្រពេញទីរ៉ូអុីត បង្កឲ្យមានការរលាក និងបាត់បង់សមត្ថភាពក្នុងការបញ្ចេញអ័រម៉ូនទីរ៉ូអុីត។
រោគសញ្ញា
រោគសញ្ញា និងផលវិបាកនៃជំងឺ Hypothyroidism នេះគឺមានភាពខុសគ្នាពីកុមារម្នាក់ ទៅម្នាក់ទៀត។ ចំពោះករណីកង្វះអ័រម៉ូនទីរ៉ូអុីតពីកំណើតកុមារអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា ការថយចុះនៃការលូតលាស់ទម្រង់មុខខុសធម្មតា(coarse facialfeatures)អណ្តាតរីកធំក្រាស់ ស្បែកស្ងួត មិនសូវរវាសរវៃ ផ្ចិតលៀន និងសមត្ថភាពបញ្ញាចុះខ្សោយ។
ចំណែករោគសញ្ញាដែលមានជាទូទៅចំពោះកុមារអាចជា៖
• ឡើងទម្ងន់ខ្លាំង
• អស់កម្លាំង
• ទល់លាមក
• លូតលាស់យឺត
• យឺតយ៉ាវនៃភាពពេញវ័យ។
ការធ្វើរោគវិនិច្ឆ័យ
• តាមដានសភាពកុមារទើបនឹងកើត៖ ជាវិធីសាស្រ្តអាចចាប់បានសញ្ញានៃជំងឺ Hypothyroidism មុនពេលស្តែងចេញជារោគសញ្ញា ដែលតែងតែអនុត្តចំពោះករណី Congenital Hypothyroidism។
• ពិនិត្យមុខងាររបស់ក្រពេញទីរ៉ូអុីត៖ ប្រសិនបើការពិនិត្យវិជ្ជមាន ត្រូវបន្តធ្វើតេស្តបន្ថែមទៀតដែលជាការកំណត់ឲ្យកាន់តែច្បាស់ ដូចជារកកម្រិតអ័រម៉ូនthyroxine (T4), free T4 និង thyroid-stimulating hormone (TSH) នៅក្នុងឈាម។
• ថតក្រពេញទីរ៉ូអុីត (thyroid ultrasonography ឬ radionuclide scan)៖ ធ្វើការចាក់បញ្ចូល ឬលេបសារធាតុ Radioactiveទៅក្នុងខ្លួន ដោយរង់ចាំរយៈពេល ៦ ទៅ ២៤ ម៉ោង នោះសារធាតុ Radioactive នឹងទៅប្រមូលផ្តុំនៅក្រពេញទីរ៉ូអុីតដើម្បីបញ្ជូនរូបភាពទៅកាន់ម៉ាស៊ីនដើម្បីធ្វើការពិនិត្យពីការលូតលាស់របស់ក្រពេញ ថាតើវាស្ថិតនៅខុសទីតាំង ឬមានទំហំខុសធម្មតា។
ការព្យាបាល
គ្មានវិធីសាស្រ្តដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ តែអ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់នូវអ័រម៉ូនទីរ៉ូអុីតជាថ្នាំជំនួស (synthetic thyroxin T4)ដែលវាជាមធ្បោបាយព្យាបាលដែលមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ បន្ថែមពីការព្យាបាលនោះផងដែរ កុមារត្រូវតែទទួលបានការ
តាមដានយ៉ាងម៉ត់ចត់ចំពោះការវិវឌ្ឍរបស់ជំងឺ និងប្រសិទ្ធភាពរបស់ថ្នាំ។
Hyperthyroidism
និយមន័យ
ចំពោះកុមារ ជំងឺ Hyperthyroidism អាចកើតឡើងមិនសូវជាញឹកញាប់ ប៉ុន្តែវាជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិតមួយ ដែលស្តែងឡើងដោយការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតាចូលទៅក្នុងចរន្តឈាម។ កុមារអាចមានជំងឺនេះតាំងពីវ័យជាទារកក្នុងផ្ទៃពោះដោយឆ្លងពីម្តាយហើយវាកើតឡើងដោយសារតែម្តាយមានផ្ទុកនូវជំងឺម្យ៉ាង ដែលអង្គបដិបក្ខក្នុងខ្លួនមានសកម្មភាព
ខ្លាំងធ្វើការភ្ញោចឲ្យមានការបញ្ចេញនូវអ័រម៉ូនទីរ៉ូអុីតច្រើនខុសធម្មតា(Gra-ves disease)។ ម៉្យាងវិញទៀត វាអាចបង្កឡើងដោយសារការរលាកនូវក្រពេញទីរ៉ូអុីត ពីពពួក បាក់តេរី (Acute thyroiditis)ឬ វីរុស (Subacute thyroiditis) ផងដែរ។
រោគសញ្ញា
ជំងឺអាចបង្កជារោគសញ្ញាដូចជា៖
• បាត់បង់ចំណង់អាហារ
• មួម៉ៅ
• សម្ពាធឈាមឡើងខ្ពស់
• បេះដូងលោតញាប់
• ក្បាលតូច
• ស្រកទម្ងន់
• អស់កម្លាំង។
ការធ្វើរោគវិនិច្ឆ័យ
• ពិនិត្យមុខងារក្រពេញទីរ៉ូអុីត៖ ជាទូទៅគេត្រូវពិនិត្យមើលនូវកម្រិតនៃអ័រម៉ូន Triiodothyronine (T3) និង Thyroxine T4និង Thyroid stimulating hormone (TSH) នៅក្នុងឈាម។
• ថតក្រពេញទីរ៉ូអុីត (Thyroid ultrasonography ឬ radionuclidescan)៖ ជាវិធីសាស្រ្តដើម្បីដឹងថា តើវាអាចមានការប្រែប្រួលរបស់ក្រពេញទីរ៉ូអុីត ឬអាចមានការរលាកជាដើម។
ការព្យាបាល
• ប្រើប្រាស់ថ្នាំប្រភេទ Antithyroid ដូចជា Methimazole ឬ Propylthiouracil។កំឡុងពេលប្រើប្រាស់ថ្នាំត្រូវមានការតាមដានឲ្យបានញឹកញាប់
ដើម្បីចៀសវាងបញ្ហានានាដែលអាចបង្កឡើងដោយសារប្រភេទថ្នាំទាំងនោះ។
• ការព្យាបាលការរលាកក្រពេញទីរ៉ូអុីតដោយពពួកបាក់តេរីអាចប្រើប្រាស់នូវពពួកថ្នាំផ្សះតាមការចាក់ ឬលេប ចំណែកការបង្កដោយពពួកវីរុស គឺអាចជាទៅវិញដោយខ្លួនវា តែអាចព្យាបាលសម្រន់ការឈឺចាប់ ដោយពពួកថ្នាំបំបាត់ការឈឺចាប់នានា។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ហួត យុវលាភ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។