Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ហេតុអ្វីអ្នកមានបញ្ហាសន្លាក់គួរហែលទឹក?


ជំងឺរលាកសន្លាក់ ជាធម្មតាតែងតែកើតឡើងសឹងតែមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានវ័យចំណាស់។ ការឈឺចាប់នៅទីតាំងសន្លាក់ ជាសញ្ញាដ៏ច្បាស់លាស់នៃជំងឺសន្លាក់ ហើយវាជាមូលហេតុធ្វើឲ្យមានការពិបាកក្នុងពេលធ្វើចលនា ភាពស្ពឹកស្រពន់ និងផ្តល់ភាពរំខាននានាក្នុង ជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណចំពោះអ្នកដែលមានជំងឺសន្លាក់ ត្រូវបានអ្នកជំនាញណែនាំឲ្យធ្វើដើម្បីជាការសម្រួលដល់ ការឈឺចាប់។ នឹកគិតដល់លំហាត់ប្រាណ ដូចជា ការដើរ រត់ជាដើម ប្រហែលជាអាចធ្វើឲ្យសន្លាក់កាន់តែមានភាពឈឺចាប់អំឡុងពេលហាត់ ដូច្នេះ ដើម្បីកុំឲ្យការហាត់ប្រាណជាបន្ទុកនោះ ការហែលទឹកអាចចាត់ទុកជាជម្រើសដ៏ល្អបំផុត។ 

ហេតុអ្វីការហែលទឹកជាជម្រើសល្អចំពោះអ្នករលាកសន្លាក់?

ការហែលទឹក មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឬឆ្អឹង។ បើប្រៀបធៀបជាមួយការរត់ ឬដើរ ការហែលទឹកមិនសូវជា បន្សល់នូវការអស់កម្លាំង ឬការចុករួយខ្លាំងក្លា បន្ទាប់ពីហាត់នោះទេ មួយវិញទៀតវាក៏ជាកីឡាដែលផ្តល់នូវអារម្មណ៍សប្បាយរីករាយដែល អាចកាត់បន្ថយនូវភាពតានតឹងក្នុងចិត្តផងដែរ។ 

មូលហេតុដែលការហែលទឹកជាជម្រើសល្អសម្រាប់អ្នកមានជំងឺរលាកសន្លាក់គឺ៖
• នៅពេលអ្នកហែលទឹក ទម្ងន់ខ្លួនរបស់អ្នក ៩០% ត្រូវបានទ្រដោយទឹកដែលវាជួយឲ្យអ្នកមិនមានការឈឺចាប់នៅត្រង់សន្លាក់ពេលធ្វើ លំហាត់ប្រាណ។
• ការហែលទឹកជួយសម្រួលនូវភាពតានតឹងរបស់សាច់ដុំ។

• ការហែលទឹកក៏ជួយផងដែរនូវការកាត់បន្ថយហានិភ័យកាន់តែធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់នៅពេលក្រោយ ដោយវាជួយរក្សានូវកម្លាំងសាច់ដុំ ឲ្យមានស្ថេរភាព និងរចនាសម្ព័ន្ធរបស់សន្លាក់។  

ការហែលទឹក មានអត្ថប្រយោជន៍យ៉ាងណាខ្លះ?
អ្នកមានជំងឺរលាកសន្លាក់ ឬឆ្អឹង អាចធ្វើលំហាត់ប្រាណក្នុងទឹក ដោយគ្រាន់តែដើរ ឬរត់ក្នុងទឹក លោត និងហែលទឹកជាដើមដែលវាអាចផ្តល់នូវ ភាពវិជ្ជមានដល់សភាពជំងឺសន្លាក់របស់អ្នកតួយ៉ាង៖
• ពង្រឹងសាច់ដុំ៖ វាជាអត្ថប្រយោជន៍ដ៏ប្រសើរ ដោយហេតុថាពេលដែលសាច់ដុំមានភាពរឹងមាំ វាអាចកាត់បន្ថយសម្ពាធទៅលើសន្លាក់របស់អ្នក។
• សម្រួលការបត់បែន៖ ការហែលទឹកនឹងអាចការពារខ្លួនអ្នកពីបញ្ហាដែលអាចមានការប្រែប្រួលកាន់តែធ្ងន់ធ្ងរនាពេលខាងមុខតាមរយៈ ការរក្សានូវតុល្យភាពនៃសន្លាក់របស់អ្នក។

• កាត់បន្ថយការឈឺចាប់៖ ហែលទឹក ជាពិសេសក្នុងអាងទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ​ អាចជួយធ្វើឲ្យដំណើរសាច់ដុំរបស់អ្នកសម្រាក ដោយវាបង្កើននូវប្រព័ន្ធចរន្តឈាម បន្ថយភាពស្ពឹកស្រពន់ និងការឈឺចាប់។

អ្វីគួរយល់ដឹង អំឡុងពេលហាត់?
• ចាប់ផ្តើមដោយសន្សឹមៗ មិនត្រូវបង្ខំខ្លួនឯងជាពិសេសត្រូវចាប់អារម្មណ៍ទៅលើភាពប្រែប្រួលនៃរាងកាយអ្នកថាតើការហែលទឹកបង្កឲ្យ មានការឈឺចាប់ ឬយ៉ាងណា។
• បញ្ឈប់ការហាត់ប្រាណភ្លាមៗ ប្រសិនវាបណ្តាលឲ្យមានការឈឺចាប់
• បន្តញ៉ាំអាហារសុខភាព និងមានជីវជាតិគ្រប់គ្រាន់ ដើម្បីកាន់តែមានថាមពល និងសន្លាក់ដែលមានសុខភាពល្អ។

ប្រសិនអ្នកមិនទាន់គិតដល់ក្នុងការចាប់ផ្តើមលំហាត់ប្រាណមួយណានៅឡើយ អ្នកប្រាកដជាអាចនឹងជួបនូវផលវិបាកកាន់តែច្រើន យកល្អ គួរចាប់ផ្តើមឲ្យបានឆាប់រហ័ស និងគួរមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចបាននូវទម្លាប់ទាំងនោះ ដោយហេតុការឈឺចាប់ និងស្ពឹកស្រពន់ ប្រាកដជាអ្វីដែលគ្មានអ្នកណាចង់បាននោះទេ។


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ​ ដើម្បីកែសម្រួលការគេងបានយ៉ាងល្អ។   មនុស្សភាគច្រើនស្គាល់ពីវិធីដែលទទួលទានរបបអាហារដែលមានសុខភាពល្អ និងសកម្មភាពរស់នៅអាចជះឥទ្ធិពលដល់សុខភាពរាងកាយរបស់   ពួកគេ ប៉ុន្តែការគេងបានត្រឹមត្រូវមិនទទួលបានប្រសិទ្ធិភាពនោះទេ។ តាំងពីក្មេងមក ពួកយើងជាច្រើនបានចូលគេងយប់ជ្រៅ ដោយសារតាមដានរឿងភាគ ធ្វើការលើគម្រោង ឬត្រៀមសិក្សាដើម្បីប្រឡង ឬនៅយប់ជ្រៅដោយសារអាចនៅបាន។ ការកែសម្រួលរយៈពេល និងគុណភាពនៃការគេងគឺជាការចាំបាច់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការនៃជីវិត។ ការគេងមិនលក់ដែលកើតឡើង ដោយសារការផ្លាស់ប្តូរពេលវេលា ការធ្វើដំណើរ និងភាពតានតឹងទូទៅគឺជារឿងធម្មតាទេ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងពីរបៀបវិលត្រលប់មកវិញឱ្យបានឆាប់រហ័ស និងសម្រាកឱ្យបានល្អ។ បន្តអានដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់អំពីសារៈសំខាន់នៃការគេង និងកត្តាដែលអាចធ្វើអោយវាប្រសើរឡើង។   ប៉ុន្តែជាដំបូង ហេតុអ្វីបានជាការគេងសំខាន់ ការគេងមានសារៈសំខាន់ព្រោះវា៖ • ផ្តល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាល រួមទាំងការយល់ដឹង ការផ្តោតអារម្មណ៍ ផលិតភាព និងការអនុវត្ត • អាចដើរតួនាទីក្នុងការរក្សា ឬសម្រកទម្ងន់ ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃកាយសម្បទា • គាំទ្រមុខងារប្រព័ន្ធភាពស៊ាំដែលធ្វើអោយមានសុខភាពល្អ • មានឥទ្ធិពលលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ ១. ទទួលទានរបបអាហារល្អ ដើម្បីអោយគេង​លក់​ស្រួល តើ​អ្នក​ដឹង​ទេ​ថា​អ្វីដែលអ្នកញុំា ​និង​ពេល​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​? យកល្អគួរតែជៀសវាងអាហារធ្ងន់ៗមុនពេលចូលគេង មានដូចជាអាហារដែលមានជាតិកាហ្វេអ៊ីន អាល់កុល​ អាស៊ីត ហឹរ ផ្អែម ឬអាហារមានជាតិខ្លាញ់ខ្ពស់។ ជាការពិតណាស់ មនុស្សគ្រប់រូបមានភាពខុសប្លែកគ្នា ប៉ុន្តែការទទួលទានភេសជ្ជៈ ឬអាហារប្រភេទនេះនៅពេលល្ងាច អាចធ្វើអោយមិនស្រួលក្នុងខ្លួន រសាប់រសល់ ខណៈពេលដែលប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការដើម្បីធ្វើការ ។ ជំនួសមកវិញ សូមសាកល្បងវិធីខាងក្រោម ដើម្បីធ្វើឲ្យអ្នកឆាប់ងងុយគេងពេលយប់ ៖ • ញ៉ាំអាហារដែលធ្ងន់បំផុតរបស់អ្នកនៅពេលអាហារថ្ងៃត្រង់ • ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹម • កុមារគួរកំណត់ការទទួលទានជាតិស្ករអោយបានត្រឹមត្រូវ • មនុស្សពេញវ័យគួរឈប់ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុលនៅពេលរសៀល និងពេលល្ងាច ដោយប្តូរវាទៅទទួលទានតែដែលជំនួយដល់  ស្មារតី ២. លំហាត់ប្រាណសម្រាប់ការគេងកាន់តែប្រសើរ កង្វះលំហាត់ប្រាណក៏អាចរួមចំណែកដល់វដ្តនៃបញ្ហានៃការគេងមិនលក់ផងដែរ។ ចលនាតិចតួច ឬមិនមានសោះអាចបង្កើនភាពតានតឹង ដែលអាចធ្វើឱ្យអ្នកក្រោកនៅពេលយប់។ ម្យ៉ាងវិញទៀត អសមត្ថភាព​ក្នុង​ការ​គេង​នោះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សារ​តែ​ភាព​នឿយហត់​ពេល​ថ្ងៃ​កើនឡើង។ ដោយសារតែមានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ សូមព្យាយាមធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ។ នៅពេលនិយាយអំពីការសម្រាកឱ្យបានប្រសើរជាងមុន ការធ្វើលំហាត់ប្រាណសាមញ្ញ និងកម្រិតមធ្យមដូចជាការដើរ និងយូហ្គា។ ក្មេងៗគួរតែរីករាយនឹងការលេងប្រចាំថ្ងៃ ហើយការដើរយូរជាក្រុមគ្រួសារគ្រាន់តែជាវិធីមួយដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នៃការធ្វើចលនាជាមួយគ្នា។ ៣. អនុវត្តអនាម័យនៃការគេងឱ្យល្អ ចង់ដឹងអត់ថាអនាម័យនៃការគេងជាអ្វី? វាមានន័យថាបង្កើតបរិយាកាសមួយ និងប្រកាន់ខ្ជាប់នូវទម្លាប់ដែលជំរុញឱ្យមានការងងុយគេងដែលមានភាពជាប់លាប់បំផុត។ អនាម័យនៃការគេងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែកុមារ និងមនុស្សវ័យជំទង់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ព្រោះវាធ្វើអោយពួកគេទទួលបានជោគជ័យពេញមួយជីវិត។ • កំណត់កាលវិភាគ៖ ព្យាយាមចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ព្រោះវាបង្កើតចង្វាក់នៃការគេងប្រកបដោយប្រសិទ្ធិភាព។ • សម្រាកមុនពេលចូលគេង៖ អនុញ្ញាតឱ្យខ្លួនអ្នក និងកូនរបស់អ្នកពី 30 នាទី ទៅ 1 ម៉ោង ដើម្បីចូលរួមក្នុងសកម្មភាពដែលបង្កើតភាពស្ងប់ស្ងាត់មុនពេលចូលគេង (ឧទាហរណ៍ សមាធិ សរសេរកំណត់ហេតុ អាន ឬស្តាប់តន្ត្រីបន្ធូរអារម្មណ៍។ល។) • កន្លែងគេងរបស់អ្នក៖ បរិយាកាសត្រជាក់ ងងឹត និងស្ងាត់ ដែលគ្មានការរំខានពីអេឡិចត្រូនិច គឺល្អបំផុតសម្រាប់ការសម្រាក ហើយបិទទូរសព្ទដៃ និងទូរទស្សន៍។ • ជៀសវាងការងងុយគេងពេលថ្ងៃ៖ ប្រសិនបើមិនអាចជៀសបាន សូមបន្តគេងរយៈពេលខ្លី 30នាទី ឬតិចជាងនេះ ដើម្បីកុំឱ្យរំខានដល់ការគេងនៅពេលយប់។   ៤. បង្កើតពេលវេលាសម្រាប់គ្រួសាររបស់អ្នក ការបង្កើតទម្លាប់នៃការគេងសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកអាចនាំមកនូវសណ្តាប់ធ្នាប់ដែលមានសុខភាពល្អ។ វាបង្កើតទម្លាប់ដែល "ពេលវេលាគេង" ត្រូវបានចែករំលែកពេញមួយគ្រួសារ ដូច្នេះទំនងជាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការងងុយគេង។ វាក៏នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នករៀបចំកាលវិភាគដែលដែលត្រឹមត្រូវផងដែរ ហើយត្រូវប្រាកដថាការអនុវត្តថ្មីនៃការគេងនោះ ប្រែវាក្លាយជាទម្លាប់សម្រាប់អ្នក។ ឧទាហរណ៍ ថា គ្រួសារមួយកំពុងត្រឡប់ពីវិស្សមកាលវិញ ស្របពេលដែលហត់នឿយ និងត្រូវគិតអំពីការត្រលប់ទៅធ្វើការ ឬសាលាវិញនៅថ្ងៃបន្ទាប់ ។ ពួកគេគួរតែចាប់ផ្តើមបង្កើតទម្លាប់នៃការគេង សម្រាប់កាលវិភាគចូលគេងរបស់ពួកគេ ខណៈពេលដែលប្រើគន្លឹះខាងលើដើម្បីកែសម្រួលយ៉ាងឆាប់រហ័ស។ កាលវិភាគនៃការគេងដ៏ល្អគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ភាពជោគជ័យ ដូច្នេះសូមប្រើការណែនាំនៅក្នុងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់អ្នក និងក្រុមគ្រួសាររបស់អ្នក ដើម្បីសុខភាព និងសុខុមាលភាព។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

ការវាស់ជាតិស្ករដោយខ្លួនឯង ពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះការការពារការវិវឌ្ឍនៃជំងឺ និងចូលរួមក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលឲ្យបានកាន់តែប្រសើរជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ប៉ុន្តែការថែរក្សាឧបករណ៍វាស់ជាតិស្ករ និងបន្ទះតេស្តរបស់វាឲ្យស្ថិតក្នុងស្ថានភាពល្អ និងត្រឹមត្រូវ គឺរឹតតែសំខាន់សម្រាប់ធានាបាននូវលទ្ធផល ដែលមានលក្ខណៈច្បាស់លាស់សម្រាប់ការតាមដាន។  ខាងក្រោមជាចំណុចសំខាន់ៗក្នុងការថែទាំងឧបករណ៍វាស់ជាតិស្ករដែលអ្នកមិនគួរមើលរំលង។ មុនពេលប្រើប្រាស់៖ ត្រូវប្រាកដថាដៃរបស់អ្នកស្អាតនិងស្ងួតល្អ មុនពេលចាប់កាន់ឧបករណ៍  មើលជំហានណែនាំពីការជួសយកសំណាកឈាមរហូតដល់ការសូកបញ្ចូលបន្ទះតេស្ត ពិនិត្យមើលថ្ងៃផុតកំណត់នៃបន្ទះតេស្តជាមុនសិនមុនពេលវាស់ជាតិស្ករក្នុងឈាម  លាងសម្អាតដៃឲ្យបានស្អាតមុនពេលជួសយកសំណាកឈាមដាក់លើបន្ទះតេស្ត។ ក្រោយពេលប្រើប្រាស់៖  ធ្វើការជូតសម្អាតឧបករណ៍ជាមួយនឹងក្រណាត់ស្ងួតឲ្យបានសព្វ ដើម្បីប្រាកដថា ឧបករណ៍មិនមានតោងប្រឡាក់ដោយកម្ទេចធូលី ឬកាកសំណល់ផ្សេងៗ ត្រូវធ្វើការសម្អាតក្រណាត់ដែលជូតឲ្យបានញឹកញាប់តាមដែលអាចធ្វើបានផងដែរ អាចប្រើប្រាស់សារធាតុសម្អាតដែលមានលក្ខណៈស្រាលសម្រាប់សម្អាតផងដែរ ដោយត្រូវប្រាកដថាមិនមានសារធាតុរាវហូរចូលក្នុងឧបករណ៍ និងជូតសម្ងួតឲ្យបានឆាប់រហ័ស រក្សាទុកឧបករណ៍ និងបន្ទះតេស្តនៅក្នុងប្រអប់ ឬកាបូបវេចខ្ចប់ដើមរបស់វាជានិច្ច រក្សាទុកនៅកន្លែងស្ងួត ស្អាត និងត្រជាក់គ្រប់ពេល។ អ្នកអាចធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់ និងការថែទាំឧបករណ៍វាស់ជាតិស្កររបស់អ្នក ទៅតាមការណែនាំដែលភ្ជាប់មកជាមួយនឹងឧបករណ៍ ឬទំនាក់ទំនងផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់ក៏បាន។  ©2021 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។  

ការនិយមពិសាតែបៃតងសម្រាប់ប្រជាជនលើពិភពលោក មិនមែនកើតឡើងដោយគ្មានមូលហេតុ ឬគ្រាន់តែដោយសាររសជាតិ និងក្លិនរបស់វានោះឡើយ។  តម្លៃរបស់តែបៃតងគឺផ្តើមចេញតាំងពីសារធាតុសំខាន់ៗប្រកបដោយគុណប្រយោជន៍ដ៏លើសលុប ក៏ដូចជាសកម្មភាពជាច្រើនដែលអំណោយផលដល់សុខភាព និងការរស់នៅ ហេតុដូចនេះហើយ តែបៃតងមិនដែលត្រូវបានអ្នកស្រាវជ្រាវបោះបង់ចោលឡើយក្នុងកិច្ចការស្រាវជ្រាវជាបន្តបន្ទាប់។​  ការសិក្សាថ្មីៗមួយបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់តែបៃតងក្នុងការគ្រប់គ្រងការឆ្លងនៃវីរុសដែលកំពុងរាតត្បាតទូទាំងសកលលោកគឺ Coronavirus ដោយរំពឹងទុកថានឹងមានការបង្ហាញនូវលទ្ធផលជាវិជ្ជមានតាមរយៈសកម្មភាពក្នុងការប្រឆាំងនឹងវីរុសរបស់វា។ រីឯវិទ្យាស្ថានស្រាវជ្រាវអំពីតែ ឬ UPASI ក៏បានធ្វើការស្រាវជ្រាវពីលទ្ធភាពក្នុងការប្រឆាំងនឹងវីរុសរបស់ Theaflavins-3 និង Catechin ដែលជាសារធាតុសម្បូរនៅក្នុងតែបៃតងដើម្បីគ្រប់គ្រង Coronavirus ដូចគ្នាផងដែរ។ យោងតាមសិក្សាមួយទៀតពីប្រទេសជប៉ុន ក្រោមកិច្ចសហការរវាង ITO EN និងសាស្ត្រាចារ្យ Hiroshi Yamada បានបង្ហាញថា Catechin ដែលសម្បូរក្នុងតែបៃតង មានសកម្មភាពប្រឆាំងនឹងវីរុសផ្តាសាយ Influenza តាមរយៈកាប្រើប្រាស់វាក្នុងទម្រង់ជាទឹកសម្រាប់ខ្ពុលមាត់ និងសម្រាប់ទទួលទាន។ ការស្រាវជ្រាវក៏បន្តលើសារធាតុម្យ៉ាងទៀតដែលសម្បូរផងដែរក្នុងតែបៃតងគឺ Strictinin ដោយវាត្រូវបានរំពឹងទុកថាមានសកម្មភាពប្រឆាំងនឺងប្រតិកម្មអាល្លែក្ស៊ី។ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រុមអ្នកស្រាវជ្រាវដដែលក៏បានទទួលស្គាល់ផងដែរថា ការទទួលទានតែបៃតងជាប្រចាំ អាចការពារការកើតមាននូវជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់បានទៀតផង។  សរុបមកវិញ ការសិក្សាពីប្រភពផ្សេងគ្នាជាច្រើនកន្លងមកនេះបានធ្វើការសរុបពីអំណោយផលវិជ្ជមានយ៉ាងសន្ធឹកចំពោះសុខភាពរបស់តែបៃតងដែលសំខាន់ៗរួមមានដូចជា ប្រឆាំងនឹងកោសិកាមហារីក វីរុសផ្តាសាយ ជំនួយសុខភាពបេះដូង​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ត្រូក ជំនួយមុខងារខួរក្បាល និងការចងចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពារបញ្ហារាក់ស៊ីធ្មេញ ស្ត្រេស អាការៈអស់កម្លាំងរ៉ាំរ៉ៃ បញ្ហាជំងឺសើស្បែក និងសម្រួលអាការៈឈឺសន្លាក់។ ទោះយ៉ាងណាក៏ដោយ បើយោងតាម ITO EN បរិមាណនៃសារធាតុសំខាន់ៗនៅក្នុងតែបៃតងមួយចំនួន អាចមានការប្រែប្រួលទៅតាមប្រភេទនៃស្លឹកតែ ការចម្រាញ់ដោយកម្តៅ និងពេលវេលាចម្រាញ់ផងដែរ ដូចនេះការជ្រើសរើសផលិតផលតែបៃតង គួរត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសផុតពីផលិតផលដែលអាចមានផ្ទុក fluoride ក្នុងបរិមាណលើសលុប។​ សម្រាប់ Oi-Ocha ដែលត្រូវបានស្គាល់ថាជាម៉ាកផលិតផលតែបៃតងរបស់ ITO EN ចំណាត់ថ្នាក់លេខ១នៅប្រទេសជប៉ុនជាង ៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវទទួលការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារការសម្រិតសម្រាងនៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ផ្តើមតាំងពីការជ្រើសរើសស្លឹកតែ បច្ចេកទេសប្រមូលផល បច្ចេកទេសរំលីង រហូតដល់ការគ្រប់គ្រងគុណភាពក្រោមប្រព័ន្ធស្តង់ដាអន្តរជាតិ ISO9001 ដើម្បីធានាបាននូវសុវត្ថិភាព​ និងគុណភាពក្នុងការប្រើប្រាស់ចំពោះមនុស្សទូទៅរួមទាំងក្មេង និងមនុស្សចាស់។  ស្វែងយល់បន្ថែមអំពី៖ ITO EN Daishin ស្វែងរក Oi-Ocha៖ Online store Store

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

នាពេលបច្ចុប្បន្ន ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរហាក់មានការកើនឡើងតាមសមាមាត្រខ្ពស់ទៅនឹងវ័យ និងអាយុរបស់មនុស្ស (អាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ) ជាពិសេស ៨០ភាគរយកើតចំពោះស្ត្រីហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ជំងឺរលាកសន្លាក់រុំារ៉ៃ ឬភាសាបចេ្ចកទេសហៅថា Rheumatoid Polyarthritis ជាជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ហើយវាត្រូវបានកំណត់ដោយការរីកសាយភាយ និងការរលាកនៅលើសន្លាក់ ពិសេសជាលិកាស្រោមសន្លាក់ (Tissue synovial)។ ដោយឡែកជំងឺនេះវាអាចបង្កឲ្យមានការខូចរចនាសម្ព័ន្ធនៃសន្លាក់ឆ្អឹងយ៉ាងឆាប់រហ័សផងដែរ។ ជំងឺនេះត្រូវបានចំណាត់ថ្នាក់នៅក្នុងប្រភេទជំងឺ Systemic (System disease) ប្រសិនបើមានលេចចេញជាសញ្ញាផ្សេងក្រៅពីរោគសញ្ញាសន្លាក់ ហើយត្រូវបានចាត់ថ្នាក់ក្នុងជំងឺអូតូអង់ទីករ (Auto-immune diseases) ដោយសារមានវត្តមាន Auto-antibody និង Rheumatoid Factor។ មូលហេតុ និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ (HLA DR4) • កត្តាបម្រែបម្រួលអ័រម៉ូន (Factor Hormonal) • កត្តាបរិយាកាសសង្គម • កត្តាសុខភាពផ្លូវចិត្ត • ភាពបម្រែបម្រួលប្រព័ន្ធភាពស៊ាំ (Immunologic) • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ)។ រោគសញ្ញា ជាទូទៅ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចលេចចេញរោគសញ្ញាដូចជារលាក ហើម ឈឺចុកចាប់នៅតាមផ្ទៃសន្លាក់ប្រអប់ដៃ និងម្រាមដៃ។ ជួនកាលពេលខ្លះអាចជាការប៉ះពាល់ និងការរលាកសន្លាក់នៅទីតាំងផ្សេងទៀតដូចជា ប្រអប់ជើង ជង្គង់ ត្រគាក ស្មា និងឆ្អឹងកងក។ លើសពីនេះក៏មានអាការៈផ្សេងៗក្រៅពីអាការៈខាងលើរួមមាន៖ • អ្នកជំងឺឧស្សាហ៍ឈឺតាមផ្ទៃសន្លាក់ខ្លាំងនៅពេលយប់ • អ្នកជំងឺមានសភាពស្លេកស្លាំង • អស់កម្លាំង (ក្នុងករណីរលាកសន្លាក់រុំារ៉ៃ) • ទ្រុឌទ្រោមសភាពទូទៅតិចតួច ឬច្រើន • ឧស្សាហ៍រឹងគាំងសន្លាក់នៅពេលព្រឹកព្រលឹម • មានដុំពកនៅក្បែរផ្ទៃសន្លាក់ ( Nodule Rheumatoid) • ពេលខ្លះជំងឺនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង សួត ស្រោមសួត តម្រងនោម អណ្តើក ឬកូនកណ្តុរ (Spleno-ganglionnaire) និងរលាកសរសៃឈាមផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសង្កេតអាការៈនៃជំងឺដែលបានរៀបរាប់ខាងលើដោយការកើតដំណាលគ្នាយ៉ាងតិច ៤ដង ក្នុងអំឡុងពេលចាប់ពី ៦សប្តាហ៍ឡើងទៅ (Criteria of American Collect of Rheumatology)។ បន្ថែមពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅពិនិត្យ និងការថតកាំរស្មីអុិច (X-ray) ដើម្បីឲ្យដឹងថាមានពុកឆ្អឹងនៅផ្នែកចុងឆ្អឹង មានសឹកផ្ទៃសន្លាក់ និងខូចខាតទ្រង់ទ្រាយសន្លាក់ឬទេ។ ការព្យាបាល ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរួមមាន៖ • ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ • ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក (Anti-in-flammatory) ឬថ្នាំប្រភេទស្តេរ៉ូអុីត (Steroid) • ការប្រើប្រាស់ថ្នាំប្រភេទ Immuno Supressor • ការព្យាបាលដោយចលនា • ការប្រើឧបករណ៍ជំនួយចលនាសន្លាក់ឆ្អឹង • ការព្យាបាលដោយការវះកាត់។ល។ ផ្ទុយទៅវិញ ក្រៅពីការព្យាបាលខាងលើ អ្នកជំងឺពុំមានការតមចំណីអាហារណាមួយជាពិសេសនោះទេ ប៉ុន្តែចំពោះលំហាត់ប្រាណវិញ អ្នកជំងឺគួរធ្វើលំហាត់ប្រាណណាដែលមានចលនាយឺត និងសាមញ្ញធម្មតាដូចជា ការដើរ ការហាត់យូហ្គា និងសមាធិ។ លើសពីនេះ អ្នកជំងឺមិនគួរជ្រើសរើសការធ្វើលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ទៅដល់មុខងារសន្លាក់ឆ្អឹងទេដូចជាការរត់ លើកទម្ងន់ធ្ងន់ និងការលេងកីឡាបាល់ទាត់ជាដើម។ ផលវិបាក ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះទេជំងឺរលាកសន្លាក់រុំារ៉ៃអាចវិវឌ្ឍទៅរកការខូចទ្រង់ទ្រាយនៃសន្លាក់ឆ្អឹង បាត់បង់មុខងារសន្លាក់ឆ្អឹងតិច ឬច្រើន ពិសេសអាចប្រឈមទៅនឹងពិការភាពសន្លាក់ឆ្អឹងតែម្តង។ ជួនកាលពេលខ្លះ វាបង្កឲ្យមានការឈឺចុកចាប់រុំារ៉ៃ ទ្រុឌទ្រោមសភាពទូទៅ ស្លេកស្លាំង និងការបាក់ទឹកចិត្តផងដែរ។ យ៉ាងណាមិញ ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះឡើយ។ វិធីសាស្រ្តការពារ មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺរលាកសន្លាក់រុំារ៉ៃរួមមាន៖ • ស្ត្រីវ័យចំណាស់ ឬមានអាយុលើស៦០ឆ្នាំ គួរតែមកធ្វើតេស្តស្វែងរកមើលជំងឺរលាកសន្លាក់ឲ្យបានជាមុន • សូមប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ • ការព្យាបាលត្រឹមត្រូវគឺជួយកាត់បន្ថយពិការភាពនៃសន្លាក់ឆ្អឹង និងធ្វើឲ្យការរស់នៅមានភាពប្រសើរ។ ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺរលាកសន្លាក់ឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់អាចធ្វើឲ្យការព្យាបាលបានត្រឹមត្រូវ និងធានាឲ្យបានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព មិនចំណាយពេលវេលានិងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការឈឺចង្កេះ ជាបញ្ហាដែលតែងកើតមានជាញឹកញាប់ចំពោះប្រជាជនស្ទើរគ្រប់វ័យក្នុងអត្រា ៩០%នៃប្រជាជនទាំងអស់បើយោងតាមការសិក្សានានាកន្លងមក។ និយមន័យ ការឈឺចង្កេះ ឬការឈឺឆ្អឹងខ្នងផ្នែកចង្កេះ (Low Back Pain) គឺជាការឈឺចាប់ត្រង់តំបន់ឆ្អឹងខ្នងចង្កេះដែលជាទូទៅចាប់ពីឆ្អឹងកងចង្កេះទី១ ដល់ទី៥ និងបន្តរហូតដល់ឆ្អឹងកងគូទទី ១។ ជំងឺនេះត្រូវបានចែកចេញជា២ ប្រភេទគឺ៖ - ការឈឺចាប់ចង្កេះទូទៅ (Common Low Back Pain)៖ មូលហេតុចម្បងបណ្តាលមកពីការខូចខាតរចនាសម្ព័ន្ធនៃឆ្អឹងខ្នងចង្កេះតែម្តងរួមមានការលៀនឌីស ឬការសឹកឌីសនៃឆ្អឹងខ្នងចង្កេះ និងការវៀចនៃឆ្អឹងខ្នងជាដើម។ - ការឈឺចាប់តាមរោគសញ្ញានៃជំងឺមួយចំនួន (Sym ptomatic Low Back Pain)៖ បណ្តាលមកពីកត្តានៃជំងឺផ្សេងទៀត រួមមានជំងឺរបេង ជំងឺរលាករ៉ាំរ៉ៃ ជំងឺពុកឆ្អឹង ការរាលដាលនៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស (Prostate cancer) មហារីកសុដន់របស់ស្រ្តី មហារីកក្រពេញបំពង់ក (Thyroid cancer) មហារីកសួត ឬដុំកោសិកាមហារីកផ្សេងៗទៀត។ល។ ទាំងអស់នេះគឺជាករណីធ្ងន់ធ្ងរនៃជំងឺឈឺចង្កេះ។ បុគ្គលប្រឈម មានកត្តាហានិភ័យជាច្រើនដែលអាចបណ្តាលឲ្យឈឺចាប់ឆ្អឹងកងខ្នង ដោយអាចរួមបញ្ចូលទាំងអាយុ មុខរបរ របៀបរបបរស់នៅប្រចាំថ្ងៃ ទម្ងន់ កាយវិការខុសឆ្គង ការមានផ្ទៃពោះ ការជក់បារី និងកត្តាសេនេទិច។ - អាយុ៖ វ័យកាន់តែចាស់ ស្ថានភាពឆ្អឹងខ្នងរបស់អ្នកកាន់តែទ្រុឌទ្រោម ដែលអាចប្រឈមនឹងជំងឺសឹកឌីសឆ្អឹងខ្នង (Disc degeneration) ឬ Spinal stenosis។ ជាក់ស្តែង ប្រជាជនវ័យចន្លោះ៣០ ទៅ ៦០ឆ្នាំ ប្រឈមនឹងជំងឺពាក់ព័ន្ធភាពមិនប្រក្រតីនៃឌីសឆ្អឹងខ្នង ចំណែកប្រជាជនវ័យ ៦០ឆ្នាំឡើងប្រឈមនឹងការឈឺចាប់បណ្តាលមកពីការរលាកសន្លាក់ឆ្អឹង ( Osteoarthritis) ។ - មុខរបរ៖ ចំពោះការងារដែលតម្រូវឲ្យមានការលើកវត្ថុ ឬពត់ពែនខ្នងច្រើន អាចបង្កជាហានិភ័យខ្ពស់។ ការងារទាំងនេះអាចមានដូចជា កម្មករលីសែង ឬសំណង់ និងកីឡាករជាដើម។ ក្រៅពីនេះ ការងារដែលតម្រូវឈរច្រើនម៉ោង ដោយមិនមានការឈប់សម្រាក (ជាងកាត់សក់...) ឬការងារដែលតម្រូវឲ្យអង្គុយយូរ (អ្នកធ្វើការជាមួយកុំព្យូទ័រ) ក៏អាចបង្កជាបញ្ហាដែរ។ - របៀបរបបរស់នៅ៖ ការមិនចូលចិត្តធ្វើការហាត់ប្រាណ ឬការធ្វើលំហាត់ប្រាណដែលធ្ងន់ធ្ងរពេក ឬមិនត្រឹមត្រូវ។  - ទម្ងន់៖ បុគ្គលដែលមានទម្ងន់លើស (តាមរយៈការគណនា Body Mass Index) អាចដាក់សម្ពាធចំពោះឆ្អឹងខ្នងព្រមទាំងសន្លាក់ផ្សេងៗទៀតដូចជា ជង្គង់ជាដើម។ - ការមានផ្ទៃពោះ៖ ស្រ្តីមានផ្ទៃពោះតែងមានបញ្ហាឈឺចាប់ត្រង់ចង្កេះជាញឹកញាប់ ប៉ុន្តែជាទូទៅការឈឺចាប់នេះនឹងបាត់ទៅវិញក្រោយសម្រាល។ - ការប្រើប្រាស់ថ្នាំស្តេរ៉យ (Steroids)៖ ករណីប្រើប្រាស់ជាប្រចាំ និងរយៈពេលយូរអាចបណ្តាលឲ្យឆ្អឹងពុក បន្ទាប់មកឆ្អឹងខ្នងក៏ស្រុត ជាហេតុបណ្តាលឲ្យឈឺចង្កេះ។ - ធ្លាប់មានប្រវត្តិប៉ះទង្គិច៖ ករណីធ្លាប់មានគ្រោះថ្នាក់ដែលប៉ះពាល់ទៅលើឆ្អឹងចង្កេះខ្លាំង ក៏អាចបណ្តាលឲ្យមានការឈឺចាប់នៅពេលបន្ទាប់។ - ការជក់បារី៖ ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថាបុគ្គលជក់បារីអាចប្រឈមនឹងជំងឺឈឺចង្កេះដែលបណ្តាលមកពីការពុកឆ្អឹង ច្រើនជាងបុគ្គលដែលមិនបានជក់បារី។ - កត្តាសេនេទិច៖ តាមរយៈការសិក្សាវិទ្យាសាស្រ្តមួយចំនួនបានបង្ហាញថា ជំងឺទាក់ទងនឹងការខូចខាតឌីសនៃឆ្អឹងខ្នងមានជាប់ពាក់ព័ន្ធនឹងកត្តាសេនេទិចផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបុរសតែងមានបញ្ហាឈឺចង្កេះច្រើនជាងមនុស្សស្រី ប៉ុន្តែក្រោយអស់រដូវ ស្រ្តីអាចប្រឈមនឹងការឈឺចង្កេះច្រើន នេះអាចបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន ជំងឺពុកឆ្អឹង ភាពស្រេ្តស ឬជំងឺថប់បារម្ភ។ រោគសញ្ញា ជាទូទៅ ការឈឺចាប់អាចមានសភាពប្រែប្រួល និងខុសគ្នាអាស្រ័យទៅតាមមូលហេតុពិតប្រាកដដែលបង្កឲ្យមានបញ្ហានេះ។ ក្នុងនោះរោគសញ្ញាមានដូចតទៅ៖ - អាចឈឺចាប់ខ្លាំងភា្លមៗ ឬឈឺងំត្រង់ចង្កេះ និងជួនកាលអាចឈឺចាប់ពីចង្កេះចុះមកក្រោមរហូតដល់បាតជើង ឬខ្នងជើង ឬម្រាមជើងជាដើម - អាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ផ្នែកផ្សេងទៀតនៃរាងកាយ អាស្រ័យទៅតាមប្រភេទសរសៃប្រសាទដែលត្រូវបានប៉ះពាល់ - អាចហើម រឹង ពិបាកឱន ក្រហាយ  ស្ពឹកត្រង់តំបន់ចង្កេះ - ជួនកាល ការឈឺចាប់អាចកាន់តែកើនឡើង នៅពេលធ្វើសកម្មភាពលើសកម្រិត និងខុសប្រក្រតីករណី Common Low Back Pain។ ផ្ទុយមកវិញការឈឺចាប់នឹងកាន់តែខ្លាំង នៅពេលអ្នកជំងឺនៅស្ងៀមពេលយប់ ពេលព្រលឹម ឬពេលមានអាកាសធាតុត្រជាក់ ចំពោះ Symptomatic Low Back Pain។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ(Physical Examination) តាមរយៈការបង្គាប់ឲ្យធ្វើចលនាផ្សេងៗ និងកំណត់អំពីកម្រិតនៃភាពឈឺចាប់ពីមាត្រដ្ឋាន ០ ទៅ ១០។ បន្ថែមពីនេះ ការពិនិត្យដោយប្រើប្រាស់ឧបករណ៍អមវេជ្ជសាស្ត្រនានានឹងត្រូវបានធ្វើឡើងផម៉ាស៊ីន X-ray MRI ឬ CT Scan និងវាស់កំហាប់ឆ្អឹង។ ម៉្យាង ការពិនិត្យឈាម និងបច្ចេកទេសអមវេជ្ជសាស្រ្ដផ្សេងទៀតក៏អាចត្រូវបានរាប់បញ្ចូលផងដែរ។ ការព្យាបាល ការព្យាបាលបញ្ហាឈឺចង្កេះជាទូទៅអាស្រ័យនឹងប្រភេទនៃមូលហេតុ ដោយអាចមានជាការវះកាត់ប្រសិនបើជាករណីធ្ងន់ធ្ងរ។ ជោគជ័យនៃការព្យាបាលជំងឺនេះភាគច្រើនលើសលប់ផ្អែកទៅលើការព្យាបាលដោយមិនបាច់ធ្វើការវះកាត់នោះទេ ដែលអាចមានដូចជា ការប្រើប្រាស់ឧបករណ៍ស្អំក្តៅ ឬត្រជាក់ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Analgesic), NSAID, Myorelaxant, Anticonvulsant និងAntidepressant។ ការចាក់ថ្នាំប្រភេទស្តេរ៉យ (Steroid) ចូលក្នុងឆ្អឹងខ្នង ការព្យាបាលដោយចលនា ការធ្វើលំហាត់ប្រាណ សុទ្ធតែជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃជំងឺឈឺចង្កេះនេះអាចមានភាពផ្សេងៗគ្នា ប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ហេតុនេះ ការជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាប្រការដែលចាំបាច់ និងខានពុំបាន ដើម្បីកំណត់អំពីមូលហេតុពិតប្រាកដ និងការព្យាបាលដែលត្រឹមត្រូវមានប្រសិទ្ធភាព និងសុវត្ថិភាព។ វិធានការការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ទាក់ទងការឈឺចង្កេះ៖ - ត្រូវប្រុងប្រយ័ត្នរាល់ពេលលើក ឬសែងវត្ថុធ្ងន់ - ជានិច្ចកាល ត្រូវរក្សាដងខ្លួនឲ្យត្រង់ - ត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ (កុំអង្គុយយូរពេក ឬឈរច្រើនម៉ោងពេក) - កាត់បន្ថយទម្ងន់ ក្នុងករណីលើសទម្ងន់ - គ្រប់គ្រងរបបអាហារកុំឲ្យលើសទម្ងន់ ជាពិសេសត្រូវទទួលទានអាហារដែលសម្បូរទៅដោយកាល់ស្យូម - ធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ - ហាមជក់បារី និងកាត់បន្ថយការទទួលទានសុរា - ត្រូវប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា - ប្រើប្រាស់ឧបករណ៍ការពារទ្រទ្រង់ចង្កេះ (ក្រណាត់រុំ...) រាល់ពេលធ្វើសកម្មភាពធម្មតា (ឈឺរ៉ាំរ៉ៃ)។ ផលវិបាក ក្នុងករណីខ្លះ ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងភាពពិការ ដោយសារការវិវឌ្ឍទៅរកការគាបសរសៃស្យាទិច (Sciatic Nerve) ដែលជាផលវិបាកដ៏គួរឲ្យព្រួយបារម្ភ ព្រមទាំងជាមូលហេតុចម្បងដែលបណ្តាលឲ្យបាត់បង់ការងារ ឬសកម្មភាពប្រចាំថ្ងៃ។ លើសពីនេះ វាក៏បង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីការឈឺចាប់រ៉ាំរ៉ៃផងដែរ។   សូមកុំមើលរំលងការឈឺចង្កេះរ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដដើម្បីទទួលបានការព្យាបាលមួយដែលមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព។ បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នាពេលបច្ចុប្បន្ន ជំងឺប្រគ្រីវ (លើសជាតិអាស៊ីត) បានកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកង្វល់ត្រូវធ្វើការដោះស្រាយសម្រាប់បញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការយល់ដឹងអំពីជំងឺព្រមទាំងការចាត់វិធានការការពារខ្លួនពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺនេះ។   ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣ លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ។   និយមន័យ និងប្រភេទ ជំងឺប្រគ្រីវ ជាប្រភេទជំងឺរលាកសន្លាក់ស្រួចស្រាវកម្រិតខ្លាំងដែលបណ្តាលមកពីការលើសជាតិអាស៊ីត (អាស៊ីតអ៊ុយរិច) ដែលបានចូលទៅក្នុងសន្លាក់បង្កើតបានជាគ្រាប់គ្រីស្តាល់ (Crystal) ដ៏តូចៗយ៉ាងច្រើន។ ជាទូទៅ ការរលាកសន្លាក់នេះតែងស្តែងឡើងដំបូង និងញឹកញាប់ជាងគេនៅសន្លាក់មេជើង។ ជំងឺនេះត្រូវបានបែងចែកជា ២ ប្រភេទគឺ៖ - ប្រភេទទី ១៖ បណ្តាលមកពីកត្តាតំណពូជ - ប្រភេទទី ២៖ ជាផលវិបាកនៃជំងឺដទៃទៀត ដូចជាបណ្តាលមកពីជំងឺខ្សោយតម្រងនោមជាដើម។ មូលហេតុ និងកត្តាប្រឈម ជាទូទៅ ជំងឺនេះទាក់ទងទៅនឹងការប្រែប្រួល ឬខូចខាតនៃដំណើរការមេតាបូលីសក្នុងរាងកាយ ប៉ុន្តែកត្តាចម្បងបណ្តាលមកពីកត្តាតំណពូជ។ ក្រៅពីនេះរបបអាហារ និងរបៀបរបបនៃការរស់នៅ ក៏ជាកត្តាសំខាន់ដែលបានរួមចំណែកបង្កឲ្យមានការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដែរ។ ក្នុងនោះបុគ្គលដែលប្រឈមនឹងជំងឺនេះមានដូចជា៖ - បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺប្រគ្រីវ ឬមានជំងឺមេតាបូលីសផ្សេងៗ ដែលមានដូចជា ជំងឺលើសខ្លាញ់ ឬជំងឺទឹកនោមផ្អែម - បុគ្គលដែលតែងទទួលទានសាច់ និងសុរាច្រើន។ គួរបញ្ជាក់ថា គ្រប់ប្រភេទអាហារទាំងអស់សុទ្ធតែអាចបងើ្កតជាអាស៊ីតអ៊ុយរិច ជាពិសេសប្រភេទសាច់ក្រហម  សាច់ត្រីសមុទ្រ បន្លែក្រុមអម្បូរសណ្តែកជាដើម។ល។ -  បុគ្គលដែលមានវ័យចន្លោះពី ៣០ ទៅ ៥០ ឆ្នាំជាពិសេសមនុស្សប្រុស ។ រោគសញ្ញា រោគសញ្ញានៃជំងឺប្រគ្រីវមានលក្ខណៈខុសពីសញ្ញាណនៃជំងឺសន្លាក់ផ្សេងទៀតដែលជាទូទៅអ្នកជំងឺមានការឈឺចាប់ខ្លាំងភ្លាមៗ ពិបាកទ្រាំ នៅត្រង់សន្លាក់ដែលមានបញ្ហា ជាពិសេសនៅត្រង់សន្លាក់មេជើងដែលជាទីតាំងសម្គាល់ច្បាស់លាស់មួយ ព្រមទាំងកើតមានឡើងជាញឹកញាប់ផងដែរ។ បន្ថែមពីនេះក៏មានលេចចេញនូវសញ្ញារលាកទងសាច់ដុំ (Tendinitis) ជារឿយៗផងដែរ។ គួរបញ្ជាក់ថា អាការៈរលាកបែបនេះ អាចស្តែងចេញជាអាការៈខាងក្រៅតាមរយៈ ភាពហើម ក្រហម ក្តៅ និងមានការឈឺចាប់ខ្លាំងស្ទើរទ្រាំពុំបាន។ យន្តការជំងឺ តាមរយៈអង់ស៊ីមរបស់រាងកាយយើងម៉្យាងឈ្មោះXanthine oxidase បានបំប្លែងសារធាតុ ពូរីន (Purine) ដែលមាននៅក្នុងអាហារឲ្យក្លាយទៅជាអាសុីតអ៊ុយរិច នៅដំណាក់កាលចុងក្រោយនៃមេតាបូលីស។ នៅពេលបរិមាណអាស៊ីតអ៊ុយរិចកើនឡើងច្រើននៅក្នុងចរន្តឈាម នោះវានឹងបន្តចូលទៅក្នុងជាលិកាផ្សេងៗទៀត ជាពិសេសជាលិកាសន្លាក់ក្រោមទម្រង់ជា Sodium urate ស្តែងចេញជាគ្រាប់គ្រីស្តាល់ដ៏តូចល្អិត (Microcrystalline)។ លក្ខខណ្ឌនេះបណ្តាលឲ្យកោសិកាការពារសន្លាក់នៅក្នុងរាងកាយ ចាប់ផ្តើមធ្វើការកម្ទេច និងបំផ្លាញគ្រាប់គ្រីស្តាល់ដែលបានកកើតឡើង។ ដំណើរការបែបនេះវាធ្វើឲ្យលេចចេញនូវការរលាកសន្លាក់ដ៏ស្រួចស្រាវនេះឡើង។ ហេតុនេះអ្នកជំងឺនឹងចាប់ផ្តើមទទួលដឹងពីអាការៈឈឺចាប់ខ្លាំងភ្លាមៗ និងមិនអាចទ្រាំបានក្នុងរយៈពេលត្រឹម ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ ក្នុងករណីតំណពូជបម្រែបម្រួលហ្សែនទាក់ទងការបំប្លែងអាស៊ីតអ៊ុយរិចកើនឡើង នេះមានន័យថាសមត្ថភាពក្នុងការបង្កើតជាតិអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ប៉ុន្តែសមត្ថភាពក្នុងការបញ្ចេញចោលតាមទឹកនោមថយចុះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងលើសពីប្រក្រតីនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។  ការធ្វើរោគវិនិច្ឆ័យ ថ្វីត្បិតជំងឺនេះមានលក្ខណៈស្រួចស្រាវ និងមានលក្ខណៈខ្លាំងក្លា ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជំងឺមិនមានភាពលំបាក ឬស្មុគស្មាញនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ៖ • ស្ថានភាពនៃលក្ខណៈសន្លាក់ខាងក្រៅ (សញ្ញាណសម្គាល់សំខាន់គឺការហើម ក្រហម ក្ដៅ និងឈឺចាប់នៅត្រង់សន្លាក់) • ការបូមឈាមពិនិត្យរកកម្រិតលើសនៃអាស៊ីតអ៊ុយរិច ព្រមទាំងការបូមយកទឹកសន្លាក់ ដើម្បីពិនិត្យរកគ្រីស្តាល់ដ៏តូចៗ។ ប៉ុន្តែការលើសអាស៊ីតក្នុងឈាមតែមួយមុខមិនអាចកំណត់បានជាជំងឺប្រគ្រីវបានឡើយ បើគ្មានរោគសញ្ញារលាករួមផ្សំទេ។  ការព្យាបាល ជំងឺប្រគ្រីវមិនអាចព្យាបាលឲ្យជាដាច់នោះទេ  ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងយ៉ាងប្រសើរ និងមានប្រសិទ្ធភាព តាមរយៈវិធីសាស្រ្ត ២យ៉ាង៖ - វិធីសាស្រ្តប្រើប្រាស់ថ្នាំ គោលបំណងប្រើប្រាស់ថ្នាំគឺដើម្បីសម្រាលការឈឺចាប់ គ្រប់គ្រងកម្រិតអាស៊ីតដែលលើស ព្រមទាំងគ្រប់គ្រងមុខងារសន្លាក់ផងដែរ។ បន្ថែមពីនេះការព្យាបាលអាចរួមផ្សំជាមួយការព្យាបាលជំងឺមេតាបូលីសផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសខ្លាញ់ជំងឺធាត់ និងកត្តាប្រឈមផ្សេងទៀត។ ការព្យាបាលអាចប្រើរយៈពេលខ្លី ឬវែង ទៅតាមស្ថានភាពជំងឺ។  -  វិធីសាស្រ្តមិនប្រើប្រាស់ថ្នាំ សំដៅដល់ការអប់រំអ្នកជំងឺស្តីអំពីការគ្រប់គ្រងរបបអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណបន្ថែម។ ក្នុងនោះអ្នកជំងឺត្រូវប្រកាន់ខ្ជាប់ការទទួលទានអាហារសមស្រប ដូចជា ត្រីទឹកសាប បន្លែ ប៉ុន្តែត្រូវប្រយ័ត្នពពួកក្រុមសណ្ដែកព្រមទាំងហាមឃាត់ការទទួលទានសុរា ជាពិសេសស្រាបៀរ។ បន្ថែមពីនេះ អ្នកជំងឺត្រូវបញ្ចុះទម្ងន់ ករណីអ្នកជំងឺមានបញ្ហាលើសទម្ងន់បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។   គួរកត់ចំណាំផងដែរថា នៅពេលបុគ្គលម្នាក់កំពុងមានជំងឺខូចខាតមេតាបូលីសណាមួយ បុគ្គលនោះនឹងប្រឈមការកើតជំងឺមេតាបូលីសផ្សេងបន្ថែមទៀត។ ជាក់ស្ដែង ករណីបុគ្គលមានជំងឺប្រគ្រីវ នោះក្រុមគ្រូពេទ្យត្រូវបន្តស្វែងរកសញ្ញាណផ្សេងទៀតដែលអាចកើតមាន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិខ្លាញ់ ឬបើមានជំងឺលើសជាតិខ្លាញ់ ក៏ត្រូវបន្តតាមដានរុករកជំងឺប្រគ្រីវ  និងទឹកនោមផ្អែមផងដែរ។   ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសរីរាង្គជាច្រើនទៀត ហើយបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងជាងគេនោះគឺ ការវិវឌ្ឍទៅរកការខ្សោយតម្រងនោម។ នៅពេលតម្រងនោមខ្សោយគ្មានសមត្ថភាពក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិច នោះសភាពជំងឺនឹងប្រែជាធ្ងន់ធ្ងរឡើងៗ។ យន្តការនៃជំងឺដែលអាចបំផ្លាញតម្រងនោមបានមាន ៣យ៉ាងសំខាន់ៗគឺ៖ • ការបំផ្លាញដោយផ្ទាល់ ដោយសារគ្រាប់គ្រីស្តាល់មានសភាពរឹង និងមានទំហំធំជាងរន្ធចម្រោះតម្រងនោម ដែលអាចធ្វើឲ្យតម្រងនោមពិបាកច្រោះនិងទទួលរងការប៉ះទង្គិចជាប្រចាំ • ការកកើតបានជាក្រួសក្នុងតម្រងនោម និងផ្លូវទឹកនោម ដែលមានទំហំកាន់តែធំ រាំងស្ទះផ្លូវបញ្ចេញទឹកនោមទាំងស្រុង ហើយអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានផងដែរ ប៉ុន្តែលក្ខខណ្ឌនេះត្រូវការរយៈពេលយូរ • និងបង្កើនឱកាសបង្កជាជំងឺទឹកនោមប្រៃ និងជំងឺតម្រងនោមផ្សេងៗទៀត។ លើសពីនេះទៀត អ្នកជំងឺនឹងប្រឈមជាមួយការខូចសន្លាក់ដែលបណ្តាលឲ្យពួកគាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងការងារប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ចំណុចសំខាន់មួយទៀតដែលមិនអាចត្រូវបានមើលរំលងនោះគឺ ការបាត់បង់សោភ័ណភាពខាងក្រៅ ដោយហេតុថានៅតាមសន្លាក់នានាដែលតែងបង្កជាការឈឺចាប់ញឹកញាប់ នឹងកកើតជាដុំពកធំៗ ឬតូចស្ទើរតែពេញរាងកាយ។   វិធីសាស្រ្តការពារ ក៏ដូចជាជំងឺមេតាបូលីសផ្សេងទៀតដែរ ដើម្បីការពារខ្លួន ពីជំងឺនេះយើងទាំងអស់គ្នាត្រូវ៖ • ឧស្សាហ៍តាមដាន និងពិនិត្យសុខភាពជាប្រចាំជាពិសេសចំពោះអ្នកដែលមានសាច់ញាតិ និងក្រុមគ្រួសារដែលមានជំងឺនេះ និងក្នុងករណីអ្នកដែលកំពុងមានជំងឺប្រចាំកាយប្រភេទជំងឺមេតាបូលីសដូចដែលបានរៀបរាប់ខាងលើ • បន្ថែមពីនេះ ការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ ដោយកាត់បន្ថយអាហារប្រភេទសាច់ (សាច់ក្រហម ត្រីទឹកប្រៃ) សុរា ស្រាបៀរ បន្លែ ក្រុមសណ្តែក បន្ថយទម្ងន់ បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់គ្រូពេទ្យផងដែរ។   ជំងឺប្រគ្រីវមិនមែនជាជំងឺដែលពិបាកព្យាបាលនោះទេប៉ុន្តែតម្រូវឲ្យអ្នកជំងឺមានការយល់ដឹងឲ្យបានច្រើនអំពីជំងឺនេះ និងតម្រូវឲ្យមកទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ហើយកាន់តែឆាប់កាន់តែប្រសើរ ជាមួយគ្រូពេទ្យឯកទេស។ «ការពារប្រសើរជាងព្យាបាល» បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

បច្ចុប្បន្ន នៅពេលប្រជាជនមានវ័យកាន់តែកើនឡើង(អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) ជាពិសេសចំពោះស្រ្តី នោះការប្រឈមទៅនឹងជំងឺផ្សេងៗនឹងស្ថិតនៅក្នុងអត្រាខ្ពស់ ដោយជំងឺសឹកសន្លាក់ឆ្អឹង ក៏ត្រូវបានសង្កេតឃើញកើតមានឡើងផងដែរនៅក្នុងវ័យនេះ។ និយមន័យ ការសឹកសន្លាក់ឆ្អឹង គឺជាជំងឺកើតឡើងបណ្តាលមកពីការសឹកផ្ទៃសន្លាក់ឆ្អឹងខ្ចីដែលមានភ្នាសពណ៌ស សម្រាប់ការពារសន្លាក់ពីការប៉ះទង្គិចជាមួយនឹងឆ្អឹង។ នៅពេល សន្លាក់ឆ្អឹងខ្ចីបានសឹក នោះជាហេតុធ្វើឲ្យសន្លាក់អាចកកិតគ្នាជាមួយឆ្អឹងដែលមានសរសៃប្រសាទ ទើបបង្កឲ្យមានការឈឺចាប់។ ជាក់ស្ដែងការកកិត ឬសឹកនោះអាចកើតមានឡើងរយៈពេលយូរឆ្នាំដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់សន្លាក់យូរ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យសឹកសន្លាក់ឆ្អឹងមានដូចជា៖ • ធាត់លើសទម្ងន់ • ការប្រើប្រាស់លើសកម្រិត (Over Use) • ការប៉ះទង្គិច (បាក់បែក ឬគ្រេចធ្វើឲ្យផ្ទៃសន្លាក់មិនស្មើ ឬសរសៃពួរយារ) • ការប្រើប្រាស់ប្រភេទថ្នាំសរសៃដូចជាពពួក ក័រទីកូអុីត(Corticosteroid) ជាដើម។ល។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាសឹកសន្លាក់ឆ្អឹងរួមមាន៖ • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) • ស្រ្តីអស់រដូវ • អ្នកធាត់ • អ្នកលេងកីឡា • ឧស្សាហ៍ប៉ះទង្គិច • អ្នកធ្វើការធ្ងន់ៗ ដូចជា កម្មករសំណង់។ រោគសញ្ញា និងយន្តការ អ្នកជំងឺសឹកសន្លាក់ឆ្អឹងមានរោគសញ្ញាសំខាន់បីធំៗដូចជា មានការឈឺចាប់នៅត្រង់សន្លាក់ រឹងសន្លាក់ ហើមសន្លាក់ និងប្តូររូបរាងជង្គង់ទៅជាគៀវ ឬថយមុខងារសន្លាក់(សន្លាក់លែងត្រង់)។ ចំពោះយន្តការរបស់ជំងឺសឹកសន្លាក់ឆ្អឹង ពោលគឺកើតឡើងនៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹកឆ្អឹង  និងឆ្អឹងត្រូវកកិតគ្នាដែលជាហេតុធ្វើឲ្យហើម និងឈឺចាប់នៅត្រង់តំបន់នោះ។ ដោយហេតុថាការកកិតបន្តក្នុងរយៈពេលយូរនោះ ទើបធ្វើឲ្យសន្លាក់នឹងបាត់បង់ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជាសឹករុំារ៉ៃ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺសឹកសន្លាក់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ លើសពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅវិភាគដោយចង់ដឹងថាមានជាតិរលាកដើម្បីទាត់ចោលការរលាកសន្លាក់និងការថតដោយប្រើឧបករណ៍វិទ្យុសកម្ម CT Scan ឬ X-ray ផងដែរ។ ការព្យាបាល សឹកសន្លាក់ឆ្អឹងត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទៅតាមដំណាក់កាល ឬកម្រិតនៃការសឹករបស់សន្លាក់ផ្ទាល់៖ • ដំណាក់កាលទី១ និងទី២៖ ផ្ទៃសឹកមានបរិមាណតិចតួចតែប៉ុណ្ណោះ មិនទាន់ដល់ ៣០ភាគរយនោះទេ ដោយការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំដែលជួយជំរុញការបញ្ចេញទឹករំអិលរបស់សន្លាក់តាមរយៈការលេប ឬចាក់ជែលសិប្បនិម្មិតរបស់ទឹកសន្លាក់ ដើម្បីឲ្យមានលក្ខណៈរអិល ហើយការព្យាបាលបែបនេះមានប្រសិទ្ធភាពខ្ពស់។ • ដំណាក់កាលទី៣៖ ផ្ទៃសឹកមានបរិមាណប្រហែល៥០ភាគរយ ដោយការព្យាបាលគឺត្រូវប្រើប្រាស់ថ្នាំជំនួយ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចជាបន្ថយការធ្វើចលនា បញ្ចុះទម្ងន់ និងបន្ថយការលេងកីឡាជាដើម។ • ដំណាក់កាលទី៤៖ ជាដំណាក់កាលមួយដែលធ្ងន់ធ្ងរ ហើយការព្យាបាលគឺតម្រូវឲ្យធ្វើការផ្លាស់ប្តូរសន្លាក់ទៅជាសន្លាក់សិប្បនិមិ្មតវិញ។ ផលវិបាក និងការការពារ ភាគច្រើន អ្នកជំងឺសឹកសន្លាក់ឆ្អឹងដែលមកទទួលបានការព្យាបាលទាន់ពេលវេលានោះ អ្នកជំងឺអាចជាសះស្បើយ និងបន្តការប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ ស្ថានភាពជំងឺអាចបង្កជាផលវិបាកដូចជា ខូចផ្ទៃសន្លាក់រហូតដល់ ពិការភាពដោយសារឈឺចាប់ ជាពិសេសអាចបណ្តាលឲ្យគាំងសន្លាក់តែម្តង។ ជាទូទៅ ដើម្បីការពារពីការសឹកសន្លាក់ឆ្អឹងចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការសឹកសន្លាក់រួមមាន៖ • ការពារធាត់ • ឧស្សាហ៍ត្រួតពិនិត្យកំហាប់ឆ្អឹង • ត្រួតពិនិត្យសុខភាពទូទៅ • ជ្រើសរើសកីឡាដែលមិនប៉ះពាល់ដល់សន្លាក់ • ចៀសវាងការធ្វើចលនាច្រើនពេក • ចៀសវាងការប្រើប្រាស់ថ្នាំសរសៃ (Corticosteroid) និងថ្នាំផ្លូវចិត្ត • ចៀសវាងការប៉ះទង្គិច ប្រសិនបើមានការប៉ះទង្គិចត្រូវទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។ គួរបញ្ជាក់ផងដែរ រាល់ការប៉ះទង្គិច មានការឈឺចាប់ការហើម ប្រែប្រួលទ្រង់ទ្រាយរបស់ជង្គង់ និងមានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀតអ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលដើម្បីធានាឲ្យបានប្រសិទ្ធភាពចៀសវាងទទួលបានការព្យាបាលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាព ចំណាយពេលវេលា និងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស បាក់បែកឆ្អឹង និងសន្លាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

អ្វីគួរដឹង? ជាទូទៅ ជំងឺរលាកប្រហោងឆ្អឹង (Sinusite)កើតមាននូវតំបន់ maxillaires (ឆ្អឹងថ្ពាល់សងខាងច្រមុះ) ឬតំបន់ frontal (ប្រហោងឆ្អឹងថ្ងាសខាងលើ)ដែលមានភាពកម្រ។ រោគសញ្ញានៃជំងឺរលាកឆ្អឹងថ្ពាល់សងខាងច្រមុះមានដូចជា៖ •    មានអាការៈឈឺតែម្ខាង ឬនៅសងខាងក្រោមភ្នែក ស្តែងចេញជាការឈឺចាប់ធ្ងន់ៗ ជាពិសេសនៅពេលដើរ។  ក្នុងករណី គេងផ្អៀងនៅកន្លែងឈឺ នោះការឈឺចាប់កាន់តែខ្លាំង។ •    មានការបញ្ចេញសម្បោរ ហូរចេញដោយខ្លួនឯង  និងមានពណ៌លឿងដែលជាខ្ទុះនៅក្នុងប្រហោងឆ្អឹង។ វាមានការឈឺចាប់ខ្លាំងនៅពេលព្រឹក និងឡើងតឹងនៃតំបន់ខ្ទុះនៅពេលយប់។ ការធ្វើរោគវិនិច្ឆ័យសំខាន់នៃជំងឺ៖ •    អាចជាបច្ចេកទេសការថតដោយ Radiography ឬការប្រើប្រាស់ CT Scan ថតនៅលើផ្ទៃមុខ •    ការពិនិត្យមើលប្រហោងឆ្អឹងច្រមុះតាមរយៈ Fibroscopy ។ អ្វីគួរផ្តល់ឲ្យ ប្រសិនបើសង្ស័យស្ថានភាពជំងឺជាប់ទាក់ទងនឹងជំងឺរលាកប្រហោងឆ្អឹង អ្នកត្រូវ៖ បញ្ជូនអ្នកជំងឺទៅជួបការប្រឹក្សាជាមួយវេជ្ជបណ្ឌិតទូទៅ ឬគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កអ្នកក៏អាចផ្តល់យោបល់បន្ថែមទៀតដូចជា៖ •    លាងច្រមុះ ឬអាចប្រើប្រាស់ឱសថ Balsofumine  ឬ Balsolèn ដោយលាយវាចំនួនមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ រួចធ្វើការឆ្ពង់ (អាចឆ្ពង់ ៣ដងក្នុងមួយថ្ងៃ)។ •    បំបាត់អាការៈតឹងច្រមុះ សម្រាប់តែរយៈពេលខ្លីជាមួយឱសថ៖ ពពួក Pseudoéphédrine (Sudafed) ដោយប្រើម្តង ១ គ្រាប់ ឬ ២ ស្លាបព្រាកាហ្វេនៃឱសថទឹក បីដងក្នុងមួយថ្ងៃ ឬប្រើប្រាស់ពពួកឱសថ Phénylpropanolamineភ្ជាប់ជាមួយឱសថ Anti-histaminique  និងParacétamol ដែលមានឈ្មោះដូចជា Actifed (Warner-Lambert),  Humex gélules ឬ Rinutan   ដែលអាចប្រើបាន ២គ្រាប់ក្នុងមួយថ្ងៃ។ •    បំបាត់ការឈឺចាប់ជាមួយឱសថពពួក Antalgiques។ បម្រុងប្រយ័ត្ន •    ឱសថ Balsofumine  និង Balsolèn អាចប្រើបានចំពោះតែមនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំឡើងទៅ។ •    ពពួកឱសថបំបាត់អាការៈតឹងច្រមុះ(Vasoconstricteurs) មិនត្រូវបានឲ្យប្រើប្រាស់សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង អ្នកជំងឺលើសសម្ពាធឈាម •    ឱសថ Anti-histaminique អាចធ្វើឲ្យមានអាការៈធីងធោង ដូច្នេះត្រូវមានការប្រុងប្រយ័ត្ន •    ចៀសវាងប្រើប្រាស់សារធាតុអាល់កុលអំឡុងពេលព្យាបាល។   ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

យូហ្គា មើលទៅមានភាពសាមញ្ញណាស់ដែលមិនតម្រូវឲ្យមានឧបករណ៍ច្រើននោះទេ ដោយគ្រាន់តែមានកម្រាលមួយនិងរាងកាយអ្នកប៉ុណ្ណោះក៏អាចហាត់បានដែរ។ ជាក់ស្ដែង លំហាត់ប្រាណបែបនេះមានភាពពេញនិយម និងទាក់ទាញដោយសារលក្ខណៈពិសេសជាច្រើនថែមទាំងអាចហាត់បានពេញមួយតួខ្លួនទៀតផង។ ដោយឡែក បើក្រឡេកមើលកម្រាលយូហ្គាវិញក៏ត្រូវបានផលិតឡើងជាច្រើនប្រភេទទៅតាមតម្រូវការដែរ។ តោះ! មកមើលទាំងអស់គ្នាថាតើមានប្រភេទអ្វីខ្លះ? បើទោះមិនបានដឹងគ្រប់សព្វ ក៏បានដឹងខ្លះដែរ៖ កម្រាលយូហ្គាស្អិត (Basic Sticky Yoga Mats) ជាប្រភេទកម្រាលដែលមានច្រើនក្នុងចំណាមកម្រាលទាំងអស់។ លក្ខណៈស្អិតរបស់វាអាចជួយទប់លំនឹងដងខ្លួនកុំឲ្យដួលនៅពេលហាត់យូហ្គាម្ដងៗ។ បើនិយាយពីទំហំវិញ អ្នកក៏អាចជ្រើសរើសកម្រាស់ពី ១/៨ ទៅ១/៤អុីង ទៅតាមសភាពដែលអ្នកចង់បាន និងធ្វើឲ្យការហាត់កាន់តែបានរលូន។ កម្រាលយូហ្គាប្រភេទនេះមានតម្លៃធូរថ្លៃជាងប្រភេទផ្សេងទៀត ដែលអ្នកអាចទិញបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងផ្ទះ។ កម្រាលយូហ្គាកៅស៊ូធម្មជាតិ (Natural Rubber Yoga Mats) ដើម្បីកាន់តែជិតស្និទ្ធជាមួយនឹងធម្មជាតិ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូហ្គាដែលធ្វើឡើងពីកៅស៊ូធម្មជាតិ។ វាជាប្រភេទកម្រាលយូហ្គាដែលគ្មានជាតិពុល និងផ្ដល់ផលវិជ្ជមានដល់បរិស្ថានដោយហេតុថាកាកសំណល់នៃកៅស៊ូប្រភេទនេះអាចបំបែក និងយកមកកែច្នៃបាន។  កម្រាលបែបនេះស័ក្តិសមបំផុតសម្រាប់កាយវិការយូហ្គាដែលផ្ដោតសំខាន់ទៅលើសាច់ដុំ និងត្រូវការថាមពលខ្លាំង។ កម្រាលយូហ្គាប្លាស្ទិកយឺត (Plastic Elastomer Yoga Mats) ដោយហេតុថាការផលិតកម្រាលយូហ្គាកាន់តែមានជម្រើសច្រើនដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់បរិស្ថានមួយមុខនោះទេ វាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផងដែរ។ ជាក់ស្ដែងកម្រាលបង្កើតដោយប្លាស្ទិកម៉្យាងឈ្មោះថា Plastic Elastomer មិនមែនជាប្រភេទប្លាស្ទិកដែលធ្វើឲ្យពុលដល់សុខភាពដូចទៅនឹងពពួក PVC ឬសារធាតុពុលដទៃទៀតឡើយ។ ជាពិសេសប្រភេទកម្រាលយូហ្គានេះ អាចប្រើបានសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម មានភាពធន់ និងងាយស្រួលក្នុងការសម្អាតដោយសារភាពមិនស្រូបទឹករបស់វា។ កម្រាលយូហ្គាក្រណាត់ (Cotton Yoga Mats) លក្ខណៈទន់ និងជក់ទឹករបស់យូហ្គាប្រភេទក្រណាត់នេះ អាចធ្វើឲ្យកាយវិការហាត់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ អ្នកអាចធ្វើការសម្អាតភាពកង្វក់ភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ប៉ុន្តែដោយសារតែវាធ្វើឡើងពីក្រណាត់ នោះវាអាចប្រឈមខ្ពស់ទៅនឹងការដាច់រហែកបាន។ កម្រាលយូហ្គាសរសៃអំបោះរឹង (Jute Yoga Mats) សរសៃអំបោះដែលចម្រាញ់ចេញពីដើមរុក្ខជាតិមួយចំនួន ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិតជាកម្រាលយូហ្គាផងដែរនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនសរសៃអំបោះបែបនេះគេអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈធម្មជាតិដែលអំណោយផលដល់បរិស្ថាន។ អ្នកអាចជ្រើសរើសកម្រាលប្រភេទនេះសម្រាប់ការហាត់យូហ្គាគ្រប់កាយវិការ ដោយសារសភាពធន់ និងស្អិតរបស់វា។ ត្រូវចាំថា វាជាការល្អដែលអ្នកគួរស្វែងយល់ និងជ្រើសរើសប្រភេទកម្រាលយូហ្គាណាមួយដែលមិនត្រឹមតែឲ្យការហាត់ប្រព្រឹត្តទៅដោយរលូននោះទេ ថែមទាំងជាចំណែកផ្ដល់នូវអនាម័យ និងផាសុកភាពសម្រាប់អ្នកក៏ដូចជាបរិស្ថានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តរាំ និងមានបំណងចង់ហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ព្រមទាំងមានរូបរាងកាយសមសួន បានមកដល់ហើយ នោះគឺក្បាច់រាំហាត់ប្រាណដែលមានឈ្មោះថា ហ្សូមបា។ ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណមួយបែប ចម្រុះទៅដោយក្បាច់រាំប្លែកៗរវាងក្បាច់រាំឡាទីន និងអាមេរិក ដែលនាពេលបច្ចុប្បន្នវាបានក្លាយជាលំហាត់ប្រាណដ៏ពេញនិយម និងទាន់សម័យនៅលើពិភពលោកតាមរយៈអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលដូចខាងក្រោម៖ ១. អាចធ្វើចលនាបានពេញមួយតួខ្លួន ក្បាច់រាំនេះត្រូវបានបញ្ចូលគ្នារវាងក្បាច់រាំសែលសា(Salsa) និងក្បាច់រាំដែលប្រើប្រាស់ថាមពលច្រើន (Aerobic) ជាហេតុធ្វើឲ្យអ្នកអាចធ្វើចលនាបានគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដោយរាប់បញ្ចូលទាំងម្រាមដៃ ស្មា ដងខ្លួននិងជើង។ ម៉្យាង រាល់ពេលអ្នករាំចង្វាក់នេះ អ្នកមិនចាំបាច់បារម្ភថាអ្នករាំត្រូវ ឬខុសនោះទេ ដរាបណាអ្នកអាចធ្វើចលនាតាមចង្វាក់ភ្លេង នោះមានន័យថា អ្នកបានកំពុងចូលរួមធ្វើលំហាត់ប្រាណហើយ។ ២. ជួយសម្រកទម្ងន់បានល្អ ការសិក្សាមួយនៅឆ្នាំ២០១២ បានបង្ហាញថាការរាំហ្សូមបារយៈពេល៣៩នាទីបានដុតបំផ្លាញថាមពលប្រហែល ៣៦៩កាល់ឡូរី ហើយអាចដុតបំផ្លាញបាន ៩.៥កាល់ឡូរីក្នុងមួយនាទី។ ក្រុមប្រឹក្សាសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើលំហាត់ប្រាណ បានផ្តល់អនុសាសន៍ថា បុគ្គលម្នាក់ៗគួរដុតបំផ្លាញថាមពលយ៉ាងតិច៣០០កាល់ឡូរី រាល់ពេលធ្វើលំហាត់ប្រាណដើម្បីជួយក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់។ ដូច្នេះ ក្បាច់រាំហ្សូមបាអាចបំពេញគ្រប់លក្ខខណ្ឌសម្រកទម្ងន់នេះបានយ៉ាងល្អ។ ៣. ពង្រឹងសាច់ដុំរាងកាយទាំងមូល អ្នកនឹងមានអារម្មណ៍ថាឈឺពេញទាំងខ្លួន ឬអាចឈឺត្រង់តំបន់ដែលអ្នកមិននឹកស្មានទៀតផង ដោយសារក្បាច់រាំហ្សូមបាបានផ្តោតទៅលើការធ្វើលំហាត់ប្រាណសាច់ដុំប្រភេទផ្សេងៗគ្នាគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេសសន្លាក់ផងដែរ។ ៤. សម្រួលចង្វាក់បេះដូង និងសរសៃឈាម ដូចដែលបានបញ្ជាក់ខាងលើ ក្បាច់រាំនេះបានរួមបញ្ចូលទាំងការរាំបែបសប្បាយៗ និងក្បាច់ប្រើប្រាស់ថាមពលច្រើន (Aerobic) ដែលជាប្រភេទលំហាត់ប្រាណជួយដល់ដំណើរការរបស់បេះដូង និងសរសៃឈាមបានល្អ។ ជាក់ស្តែង ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីរយៈពេល ១២សប្តាហ៍ក្រោយកម្មវិធីលំហាត់ប្រាណ ហ្សូមបា អត្រាលោតរបស់ចង្វាក់បេះដូង និង សម្ពាធឈាមរបស់អ្នកចូលរួមបានថយចុះគួរឲ្យកត់សម្គាល់។ ៥. បង្កើនភាពរីករាយ និងបន្ថយស្ត្រេស ពីព្រោះ ហ្សូមបា ជាប្រភេទលំហាត់ប្រាណជាក្រុមដែលមានមូលដ្ឋានគ្រឹះជាការរាំ និងតន្ត្រី ហេតុនេះវាហាក់បីដូចជាភាសាសកលមួយដែលមនុស្សគ្រប់គ្នាងាយស្ដាប់យល់ និងងាយធ្វើត្រាប់តាម។ តាមរយៈការបង្វែរចំណាប់អារម្មណ៍របស់អ្នកមកកាន់តន្ត្រីហើយបោះចោលនូវភាពតានតឹងទាំងឡាយដែលមានជារៀងរាល់ថ្ងៃ គឺជាវិធីមួយដ៏ល្អបំផុតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងទាំងនោះ។ ការសិក្សាបានបង្ហាញការធ្វើលំហាត់ប្រាណអាចផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពនឿយហត់ បង្កើនការប្រុងប្រយ័ត្ននិងមានស្មារតីផ្ចង់អារម្មណ៍ខ្ពស់ ព្រមទាំងជំរុញឲ្យញាណដឹងមានដំណើរបានល្អប្រសើរទៀតផង។ ៦. សមស្របគ្រប់វ័យ និងគ្រប់កម្រិត ហ្សូមបា គឺជាប្រភេទលំហាត់ប្រាណចំណាយថាមពលច្រើន និងសមស្របសម្រាប់ហ្វឹកហាត់បេះដូង ហេតុនេះមនុស្សគ្រប់គ្នាអាចសាកល្បងជាមួយក្បាច់រាំប្រភេទនេះបានដោយមិនប្រកាន់អាយុ និងសមត្ថភាពនៃការចេះរាំ ឬមិនចេះរាំនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាសុខភាពប្រចាំកាយអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

តើអ្នកធ្លាប់គិតដែរទេថា អ្នកក៏អាចហាត់ប្រាណនៅខាងក្រៅ ហើយទទួលបានលទ្ធផលល្អប្រសើរដែរ បើទោះជាអ្នកមិនមានឧបករណ៍អ្វីសោះក៏ដោយ?មិនមែនត្រឹមជាការរត់ត្រឹកៗ ធម្មតានោះទេ អ្នកអាចអនុវត្តនូវចលនាងាយៗមួយចំនួនខាងក្រោមនេះ ដែលអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឲ្យកាន់តែរឹងមាំផងដែរ...      ការតោងបង្គោល ឬរបារ ក្រឡេកមើលជុំវិញខ្លួនអ្នក ថាតើមានបង្គោលផ្តេកឬរបារ (អាចជាមែកឈើដែលមាំក៏បាន) ដែលមានកម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឬទេ? ហើយធ្វើ ការហក់លោតដើម្បីតោងចាប់វា ដោយប្រើកម្លាំងដៃទប់ទម្ងន់ខ្លួន ហើយប្រឹងងើបក្បាលឲ្យខ្ពស់ជាងបង្គោល ឬរបារនោះ ហើយទម្លាក់ខ្លួនចុះក្រោមវិញ (ដោយមិនដាក់ជើងដល់ដី) ហើយងើបឡើងលើទៀត។ ធ្វើបែបនេះប្រមាណ ៦០វិនាទី ជាមួយនឹងល្បឿនដែលអ្នកគិតថាល្មមសម្រាប់កម្លាំងរបស់អ្នក។ អាវ៉ង់ (​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Push-up) អ្វីដែលត្រូវការពេលនេះ គឺកៅអីបង់ ដែលជឿជាក់ថាមិនពិបាកស្វែងរកនោះទេនៅសួនច្បារសាធារណៈនោះ។ អ្នកត្រូវអាវ៉ង់ចំនួន ៣ចលនាខុសៗគ្នាដំបូងអាវ៉ង់ដោយដាក់ជើងទៅលើកៅអីបង់ និងដៃនៅលើដី (ធ្វើឲ្យបាន ១០ដង)។បន្ទាប់មក ផ្លាស់ប្តូរទិសដៅវិញ ដោយដាក់ដៃនៅលើកៅអីបង់ និងជើងនៅលើដីវិញ (ធ្វើឲ្យបាន ១០ដង) រួចសឹមធ្វើការអាវ៉ង់ធម្មតានៅលើដីរាបស្មើវិញចំនួន១០ដងដូចគ្នា។ ការហក់លោតប៉ះទីខ្ពស់ អាចរកដើមឈើ ឬទីតាំងណាមួយដែលមាន​កម្ពស់ខ្ពស់ជាងក្បាលរបស់អ្នកឆ្ងាយ ហើយ​លើកដៃទាំងពីរឡើងលើឲ្យផុតពីក្បាល រួចធ្វើការលោតប៉ះដើមឈើ ឬទីខ្ពស់នោះឲ្យដល់ទីខ្ពស់បំផុតដែលអ្នកអាចធ្វើបានដោយត្រូវប្រាកដថាអ្នកលោត និងឈរដោយប្រមូលផ្តុំកម្លាំងនៅចុងជើង។ ធ្វើបែបនេះប្រមាណ ១នាទីជាការស្រេច។ ការអង្គុយលើអាកាស អង្គុយលើកៅអីបង់ដោយលើកដៃទាំងពីរក្តាប់នៅពីមុខខ្លួនអ្នក (ដាក់នៅកម្ពស់ប្រហែលនឹងករបស់អ្នក) ហើយសាកងើបអង្គុយលើអាកាសឲ្យខ្ពស់តាមដែលអាចធ្វើបាន ហើយអង្គុយចុះផ្ទាល់លើកៅអីវិញពេលដែលមានអារម្មណ៍ថាទ្រទម្ងន់លែងបាន។ អ្នកគួរធ្វើបែបនេះប្រមាណ១នាទីទើបប្រសើរ។ ការរត់នៅមួយកន្លែង ឈរនៅឆ្ងាយពីកៅអីបង់បន្តិច ដោយបែរមុខទៅរកកៅអី ហើយដាក់ដៃទប់លំនឹងខ្លួននៅលើកៅអី ជើងនៅលើដីធម្មតា (ស្រដៀងនឹងពេលអាវ៉ង់ដែរ) រួចធ្វើចលនាជើងរត់ដោយមិនផ្លាស់ទី ដោយប្រឹងធ្វើចលនាជង្គង់អបៗនឹងដើមទ្រូង ប្រៀបដូចជាកំពុងរត់ឡើងភ្នំដែរ។ ធ្វើបែបនេះប្រមាណ ៣០វិនាទីហើយផ្លាស់ប្តូរដោយដាក់ដៃ និងជើងនៅដីផ្ទាល់វិញ ជាមួយនឹងចលនាដូចគ្នាប្រមាណ៣០វិនាទីទៀត។ ការឈរទប់លំនឹងលើកៅអីបង់ ឡើងឈរលើកៅអីដោយដាក់ជើងស្តាំនៅលើកៅអីហើយបោះជំហានឡើងចុះកៅអីជាមួយនឹងជើងឆ្វេង រួចធ្វើការឆ្លាស់ជើងវិញម្តង ដោយដាក់ជើងឆ្វេងលើកៅអី ហើយបោះជើងឆ្វេងឡើងចុះកៅអីដោយធ្វើបែបនេះទៅមកឲ្យបាន២០ដង។ ការបង្វែរខ្លួនទៅទាំងសងខាង បន្ទន់ជង្គង់ និងឱនខ្នងប្រៀបដូចជាពេលដែលអ្នកកំពុងប្រឹងលើកបាវខ្សាច់ ឬស្ពាយអ្វីដែលធ្ងន់នៅលើខ្នង ដោយដាក់ដៃទាំងសងខាងផ្អោបចូលគ្នា ហើយដាក់ព័ទ្ធទៅផ្នែកខាងក្រោយនៃក្បាល ដើម្បីទប់លំនឹងខ្លួន។ បង្វែរខ្លួនទៅ​ឆ្វេងម្តង ទៅស្តាំម្តងដោយរក្សាជំហរដដែល ឲ្យបានប្រមាណ១នាទី។ អ្នកអាចជ្រើសរើសចលនាណាមួយដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកហើយអនុវត្តឲ្យបានជាប្រចាំ។ វានឹងមានការប្រសើរ ប្រសិនបើអ្នកធ្វើចលនានីមួយៗឲ្យបាន៣ដង ដោយធ្វើការរត់ត្រឹកៗប្រមាណជា៥នាទីរៀងរាល់ពេលបញ្ចប់ចលនាទាំងនោះបានម្តង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ហាត់ប្រាណ និងដំណើរកម្សាន្ត ហាក់ដូចជារឿង២ដែលដាច់ដោយឡែកពីគ្នា ប៉ុន្តែវាហាក់ផ្តល់គុណប្រយោជន៍រហូតអ្នកមិនអាចស្មានដល់។ សំខាន់នៅត្រង់ថា អ្នកគួរធ្វើវានៅពេលណា ហើយលំហាត់ប្រាណបែបណាដែលអ្នកអាចធ្វើបាននៅពេលនេះប៉ុណ្ណោះ… ល្មមអំឡុងចុងឆ្នាំ ដែលម្នាក់ៗហាក់កំពុងរៀបចំគម្រោងដើរកម្សាន្ត ជាមួយមិត្តភក្តិ ក្រុមការងារ គ្រួសារ ហើយអ្នកខ្លះក៏ប្រហែលចង់ទៅម្នាក់ឯង ដូចនេះ លោកអ្នកអាចសាកល្បងគន្លឹះហាត់ប្រាណមួយចំនួន ដូចខាងក្រោម៖ ខណៈពេលរង់ចាំ ឬអង្គុយយូរ បើសិនជាអ្នកនឹងត្រូវដើរលេងកម្សាន្តដោយការធ្វើដំណើរដោយយន្តហោះ ឬរថយន្តរយៈពេលយូរ ហេតុអ្វីបានជាអ្នកមិនព្រមធ្វើលំហាត់ប្រាណខ្លះខណៈពេលដែលកំពុងតែអង្គុយ ដូចជា ការលើកជើងសណ្តូកទៅមុខ អង្គុយចោងហោងដោយបន្ទន់ជង្គង់យឺតៗ និងការបង្វិលកជើងឲ្យស្របទ្រនិចនាឡិកាផង។ លំហាត់ប្រាណតិចតួចនេះនឹងជួយរក្សារបត់ឈាមរត់សំខាន់ៗ និងធ្វើឲ្យអ្នកមានសុខភាពល្អបានថែមទៀតផង។   អំឡុងពេលនៃដំណើរកម្សាន្ត ក្នុងរយៈពេលនៃដំណើរកម្សាន្តដ៏រីករាយនេះលោកអ្នកអាចឆ្លៀតឱកាសហាត់ប្រាណបន្ថែមបែបងាយៗដែលរួមមាន៖ ១. ដើរ៖ ជ្រុលជាអ្នកត្រូវមកដើរកម្សាន្ត ហើយមកដល់ទីតាំងត្រូវឈប់ល្មម ដែលអ្នកអាចនឹងមានអារម្មណ៍ល្ហិតល្ហៃ តែសូមព្យាយាមដើរឲ្យបានច្រើន ព្រោះថាទេសភាពនឹងអមដំណើរអ្នកនឹងមិនធ្វើឲ្យអ្នកនឿយហត់ក្នុងការដើរឡើយ។ អ្នកអាចចំណាយត្រឹមតែពីរ ទៅបីនាទី នោះអ្នកនឹងដឹងដោយអារម្មណ៍នូវភាពស្រស់ស្រាយ បង្កប់ទាំងផ្លូវចិត្ត និងកាយ។ ត្បិតការដើរក្នុងដំណើរកម្សាន្តរបស់អ្នកពេលនេះ អាចជួយកាត់បន្ថយស្រេ្តស  បន្ថយសម្ពាធឈាម សម្រួលលំហូរឈាមនៅក្នុងរាងកាយយ៉ាងល្អទៀតផង។ ២. រត់ត្រឹកៗ៖ ពេលព្រឹកព្រលឹម ឬពេលល្ងាចពិតជាអំណោយផលយ៉ាងល្អដែលអ្នកគួរព្រលែងបាតជើងរបស់អ្នកឲ្យប៉ះជាមួយគ្រាប់ខ្សាច់ដ៏ល្អិត និងត្រជាក់ បូករួមជាមួយទេសភាពមាត់សមុទ្រ ឬព្រៃឈើបៃតងខ្ចីនៃទីតាំងកម្សាន្តរបស់អ្នក។ មិនចាំបាច់ចំណាយពេលយូរតែ១០ ទៅ ២០នាទីអាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវភាពតានតឹង បញ្ចេញជាតិពុល សម្រកជាតិខ្លាញ់ និងពង្រឹងប្រព័ន្ធការពាររាងកាយលើពីការរត់ធម្មតានៅផ្ទះ។ ៣. ជិះកង់៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅទីតាំងមួយដែលមានទំហំធំ ដូច្នេះការជិះកង់គឺជាជម្រើសមួយល្អបំផុតជំនួសឲ្យការប្រើប្រាស់យាន្តជំនិះផ្សេង។ អ្នកអាចបញ្ចេញកម្លាំងពីគ្រប់កន្លែងនៃរាងកាយរបស់អ្នកបានយ៉ាងស្មើគ្នា ពិសេសសាច់ដុំជើង ហើយអ្នកនឹងកាន់តែរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក ជាមួយការរំឭកដល់អនុស្សាវរីយ៍កាលវ័យជិះកង់ទៅរៀនជាមួយគ្នា។ ទេសភាពស្រស់ស្អាត មាត់សមុទ្រធំល្វឹងល្វើយ សួនច្បារគួរជាទីទាក់ទាញ គួបផ្សំជាមួយនឹងតន្រ្តីយ៉ាងពិរោះថែមទាំងបានហាត់ប្រាណទៀត។ ៤. លោតអន្ទាក់៖ ខ្សែលោតអន្ទាក់ ងាយស្រួលក្នុងការទុកដាក់តាមខ្លួន ហើយលោកអ្នកអាចអនុវត្ត ការហាត់ប្រាណដោយការលោតអន្ទាក់នេះ បាននៅគ្រប់ទីកន្លែង។ អ្នកអាចហាត់ជាមួយក្រុមមិត្តភក្តិដែលមកជាមួយគ្នា ដោយធ្វើការប្រកួតប្រជែងបានយ៉ាងសប្បាយរីករាយ នោះសេចក្តីរីករាយចេញពីចិត្តត្រូវបានជំរុញ តាមរយៈសំឡេងសើចក្អាកក្អាយ ដែលនាំដោយសោតវិញ្ញាណរបស់អ្នក។ ការចងចាំដ៏មានអត្ថន័យ ហើយក៏អាចធ្វើឲ្យអ្នកមានរាងស្រឡូនស្អាត និងមានសុខភាពល្អ។ បទពិសោធន៍ថ្មីដែលទទួលបានពេលនេះលោកអ្នកអាចយកទៅសាកល្បងនៅពេលអ្នកធ្វើដំណើរកម្សាន្តលើកក្រោយៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា សុខភាពល្អ និងជីវិតពោរពេញដោយភាពមានន័យ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

នរណាៗក៏ដឹងដែរថាការធ្វើលំហាត់ប្រាណមានប្រយោជន៍សម្រាប់សុខភាព និងរូបរាងកាយទាំងមូលកម្រិតណា ប៉ុន្តែ ដោយសារការងារប្រចាំថ្ងៃដ៏មមាញឹកបានធ្វើឲ្យមនុស្សជាច្រើនមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅក្លឹបហាត់ប្រាណ ឬធ្វើការរត់ចម្ងាយច្រើនគីឡូម៉ែត្រ។ សូមកុំបារម្ភណា ការមិនមានពេលគ្រប់គ្រាន់ ឬការមិនចូលចិត្តហាត់ប្រាណបែបនេះ អាចនឹងត្រូវដោះស្រាយតាមរយៈ ការប្រែក្លាយសកម្មភាពខាងក្រៅ ប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាលំហាត់ប្រាណ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ ជាសកម្មភាពដែលអាចជួយអ្នកសម្រេចបាននូវការធ្វើលំហាត់ប្រាណ៖ ចតយាន្តជំនិះអ្នកឲ្យឆ្ងាយ៖ សូមកុំយល់ថាជាការ​ខ្ជះខ្ជាយពេលវេលា និងសាំងរបស់អ្នកអី ប៉ុន្តែ សូមចាត់ទុកថាវាជាផ្នែកមួយនៃលំហាត់ប្រាណរបស់អ្នកទៅវិញ ព្រោះថាវាបានផ្តល់ឱកាសឲ្យអ្នកបានដើរ និងឲ្យរាងកាយធ្វើចលនាខ្លះៗ ខណៈពេលដែលការងារប្រចាំថ្ងែរបស់អ្នកត្រូវអង្គុយមុខកុំព្យូទ័ររហូតដល់៨ម៉ោងឯណោះ។ ការឡើងជណ្តើរ៖ អ្នកដឹងទេថាគ្រាន់តែ២នាទីអ្នកអាចដុតបំផ្លាញថាមពលអស់ប្រមាណ២០កាល់ឡូរី ជាមួយនឹងលំហាត់ប្រាណសាច់ដុំជើងបានល្អទៀតផង។ ដូច្នេះ សូមប្រើជណ្តើរជើងឲ្យ​បានច្រើនជាងការប្រើជណ្តើរយន្ត តាមដែលអ្នកអាចធ្វើទៅបាន។ ការដើរទិញទំនិញ៖ គ្រប់ពេលដែលអ្នកដើរទិញ​ម្ហូបអាហារ ទិញខោអាវ  ឬទិញរបស់របរប្រើប្រាស់ បានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ហើយថែមទាំងជួយអ្នកឲ្យធ្វើចលនារាងកាយ និងចំណាយថាមពលបានយ៉ាងច្រើន តាមរយៈការដើរ ការលើក ឬយួរទំនិញ ការនិយាយ និងសើចជាដើម។ ដំណើរកំសាន្ត៖ ទោះបីជាអ្នកមិនស្ថិតក្នុងពេលវិស្សមកាលក៏ដោយ តែអ្នកអាចដើរលេងនៅក្នុងស្រុកកំណើតរបស់អ្នក ឬនៅតំបន់ជិតៗក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែផ្តល់ឲ្យអ្នកនូវការហ្វឹកហ្វឺនរាងកាយនោះទេ តែវាធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ទៀតផង។ ម៉្យាង អ្នកអាចដុតបំផ្លាញប្រហែល ១០០កាល់ឡូរី​ ក្នុងរយៈចម្ងាយប្រមាណ១.៥ម៉ែត្រ។ ធ្វើកិច្ចការជុំវិញផ្ទះ៖ ការចំណាយពេលប្រចាំថ្ងៃ ឬចុងសប្តាហ៍របស់អ្នកថែទាំដំណាំ និងបោសសម្អាតទីធ្លាជុំវិញផ្ទះក៏អាចជាការធ្វើលំហាត់ប្រាណបានដែរ។ ថ្វីត្បិតការងារនេះមើលទៅតិចតួច មិនសូវចំណាយកម្លាំងខ្លាំងក៏ដោយ តែរាងកាយអ្នកអាចបញ្ចេញជាតិពុលតាមរយៈញើសបានយ៉ាងច្រើន។ ពិសេសនោះគឺ វាជួយដុតបំផ្លាញថាមពលបានប្រមាណ២០០កាល់ឡូរីក្នុង១ម៉ោងទៀតផង។ លេងជាមួយក្មេងៗ៖ មានសកម្មភាពជាច្រើន ដែលអាចកើតឡើងនៅពេលអ្នកលេងជាមួយពួកគាត់ ពេលខ្លះក៏រត់ ដើរ លើក គ្រវែង ជាដើម។ គ្រាន់តែ៣០នាទី អ្នកអាចដុតថាមពលបានប្រហែល១៥០កាល់ឡូរី។ ជាក់ស្តែង សកម្មភាពនេះអាចជួយកាត់បន្ថយស្រេ្តស បង្កើនក្តីស្រឡាញ់ និងភាពកក់ក្តៅជាមួយពួកគាត់បានថែមទៀត។ លោតនៅលើ​ trampoline៖ អ្នកធ្លាប់សាកល្បងលេងលោតបែបនេះហើយឬនៅ? វាពិតជាសប្បាយណាស់ ហើយថែមទាំងជួយឲ្យរាងកាយអ្នកដុតបំផ្លាញថាមពលបានច្រើនទៀតផង រហូតដល់ ១០០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ ការលោតនៅលើ trampoline អាចជំនួសការរត់ចម្ងាយបាន ប្រសិនបើអ្នកមិនចូលចិត្តការរត់ចម្ងាយទេនោះ។ ការឡើងភ្នំ៖ មានទាំងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ដែលអាចជួយអ្នកជម្រុះចោលភាពតានតឹងទាំងឡាយបាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចដុតបំផ្លាញកាល់ឡូរីប្រមាណ ៤០០កាល់ឡូរី ក្នុងរយៈចម្ងាយ ១៥០០ម៉ែត្រ។ ការជិះស្គី៖ អ្នកអាចគិតថា ការជិះស្គីគ្រាន់តែជាការកម្សាន្តម្តងម្កាលដើម្បីជួយកាត់បន្ថយស្រេ្តស ឬបញ្ចៀសការស្ទះចរាចរ។ ប៉ុន្តែ អ្នកដឹងទេ អ្នកអាចធ្វើចលនារាងកាយបានយ៉ាងល្អ ព្រមទាំងអាចដុតថាមពលបានប្រហែល ៤០០កាល់ឡូរីក្នុង១ម៉ោង។ ការជិះកង់៖ ថ្វីត្បិតការជិះកង់មិនសូវចំណាយថាមពលបានច្រើនដូចការដើរ តែការធ្វើចលនា​សាច់ដុំមិនចាញ់គ្នាឡើយ។ ស្របពេលបច្ចុប្បន្ន​ចរាចរណ៍កំពុងមមាញឹកទៀតនោះ ការជិះកង់អាចជាជម្រើសដ៏ប្រសើរសម្រាប់សុខភាពអ្នក ហើយថែមទាំងចំណេញពេលវេលា និងជួយការពារបរិស្ថានបានទៀតផង។ ការរាំ៖ គ្រប់ពេលអ្នករាំ អ្នកអាចធ្វើចលនាសឹង តែគ្រប់ផ្នែកនៃរាងកាយរបស់អ្នក  ហើយក៏ទទួលបាននូវភាពរីករាយដោយអ្នកបានជួបជាមួយមិត្តភក្តិថ្មីៗ និងចង្វាក់ភ្លេងពិរោះៗផងដែរ។ ការរាំ អាចដុតបំផ្លាញប្រមាណ ៣០០កាល់ឡូរី ក្នុងរយៈពេល១ម៉ោង។ គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពល​ដើម្បីដុតបំផ្លាញកាល់ឡូរីមានការប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ជាក់ស្តែងបុគ្គលដែលមានទម្ងន់ធ្ងន់ ប្រើប្រាស់ថាមពលច្រើនជាងបុគ្គលដែលមាន​ទម្ងន់ស្រាល… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជារៀងរាល់ថ្ងៃ មានអ្នកណាខ្លះដែលចាប់ផ្តើមហាត់ប្រាណដោយមិនធ្វើការកម្តៅសាច់ដុំជាមុន? ហើយអ្នកណាខ្លះដែលធ្វើការកម្តៅសាច់ដុំដែរ ប៉ុន្តែ នៅមិនទាន់ឃើញថាវាមានប្រយោជន៍អ្វីពិសេស? ចំពោះអ្នកហាត់ប្រាណដោយមិនចង់ចំណាយពេលកម្តៅសាច់ដុំជាមុន ជាទូទៅច្រើនតែបញ្ចប់ជាមួយនឹងការឈឺចុកចាប់ ឬរងរបួសនៅផ្នែកណាមួយ ហើយបន្ទាប់មក ក៏ចំណាយពេលជាច្រើនសម្រាកពីការហាត់ប្រាណ។ ដោយឡែក ចំពោះអ្នកដែលកម្តៅសាច់ដុំដែរតែមិនត្រឹមត្រូវ ឬស័ក្តិសមនឹងខ្លួនទេនោះ ក៏មិនមានអ្វីខុសប្លែកដែរ ដែលចុងក្រោយគឺមានតែទន្ទឹងចាំហើយចាំទៀត មើលលទ្ធផលលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ ហេតុអ្វីអ្នកត្រូវកម្តៅសាច់ដុំមុនពេលហាត់ប្រាណ? ជាទូទៅ សាច់ដុំដែលមិនសូវបានធ្វើចលនា អាចមានលក្ខណៈតឹង និងពិបាកក្នុងការទាញយឺត ដូចនេះ កាលណាអ្នកធ្វើចលនាសាច់ដុំធ្ងន់ ឬលឿនភ្លាមៗ នោះវាអាចប្រឈមនឹងការដាច់រហែក ដែលបង្កជាផលវិបាកពីស្រាលទៅធ្ងន់ធ្ងរ អាស្រ័យនឹងកម្រិតនៃសម្ពាធ។ អ្នកឯកទេសបង្ហាញថា ការកម្តៅសាច់ដុំ អាចផ្តល់កម្តៅ បន្ធូរសាច់ដុំ និងរៀបចំចិត្តត្រៀមសម្រាប់ការហាត់ប្រាណដ៏ល្អ។ ដូចនេះ ប្រសិនបើអ្នកគ្រាន់តែចំណាយពេលត្រឹម៥ ទៅ ១០នាទី (និងលើសពីនេះ ប្រសិនបើលំហាត់ប្រាណមានលក្ខណៈខ្លាំងក្លា) ក្នុងការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវជាមុន អ្នកអាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន បន្ថែមពីការខិតខំហាត់ប្រាណដូចជា៖ • ជំរុញចលនាឈាមរត់ ដែលធ្វើឲ្យការបញ្ចេញសកម្មភាពបានយ៉ាងស័ក្តិសម • សាច់ដុំអាចបត់បែនដល់កម្រិតអតិបរមាស្របពេលកាត់បន្ថយការរងរបួសដល់កម្រិតអប្បបរមា • បង្កើននូវចង្វាក់បេះដូងតាមលំដាប់ • ជួយឲ្យមានការដកដង្ហើមតាំងពីចាប់ផ្តើមសកម្មភាព។ កម្តៅសាច់ដុំបែបណាទើបចាត់ទុកថាត្រឹមត្រូវ? ប្រភេទនៃការកម្តៅសាច់ដុំ៖ រាល់ការកម្តៅសាច់ដុំអាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើកម្រិត និងគោលបំណងនៃការហាត់ ដែលក្នុងនោះ ការកម្តៅសាច់ដុំដោយប្រើចលនាប្រកបដោយថាមពលត្រូវបានណែនាំដោយវាអាចជួយភ្ញោចដល់ប្រព័ន្ធប្រសាទ និងសាច់ដុំ ដែលជួយឲ្យសកម្មភាពរបស់អ្នក ប្រព្រឹត្តទៅយ៉ាងល្អបំផុត។ វាជាការកម្តៅសាច់ដុំ ដោយធ្វើការបំលាស់ប្តូរចលនារាងកាយដោយគ្មានការពត់ បត់បែនខ្លួន ឬទ្រទម្ងន់នោះទេ តែជាការធ្វើឲ្យចរន្តឈាមផ្លាស់ប្តូរទៅគ្រប់សាច់ដុំនៃរាងកាយ។ អ្នកអាចជ្រើសរើសយ៉ាងតិច៣ ក្នុងចំណោមវិធីសាស្រ្តខាងក្រោម៖ • លោតខ្សែ ២ ទៅ៣នាទី ឬសម្រាប់អ្នកដំបូងអាចធ្វើត្រឹម ៣០វិនាទីសិន • លោតដោយសន្ធឹងដៃចុះឡើង និងជើងចេញចូល ៥០ដង ឬដំបូងអាចធ្វើត្រឹម ២០ដង (jumping jacks) • ឈរលាតជើង និងបន្ទន់ជង្គង់ចុះឡើង ២០ដង ឬដំបូងអាចធ្វើត្រឹម ១០ដង (Squats) • លោតដោយលើកជង្គង់ទាំង២ ឲ្យផុត ឬម្តងម្ខាង ១០ ទៅ ១៥ដង ( Knee High Jump) • ការដើរ៖ អ្នកអាចធ្វើការដើរ ដោយការលាតសន្ធឹងដៃបណ្តើរៗដើម្បីឲ្យចរន្តឈាមរត់បានល្អមុននឹងចាប់ផ្តើមការរត់ចម្ងាយរយៈពេលយូរ។ ក្នុងនោះ ក៏មានវិធីជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន និងតម្រូវតាមកម្រិតនៃការហាត់ប្រាណ និងសមត្ថភាពរបស់អ្នកជាសន្សឹមៗ។ គន្លឹះខ្លះៗដើម្បីធ្វើការកម្តៅសាច់ដុំឲ្យបានត្រឹមត្រូវ ១.  ចាប់ផ្តើមសន្សឹមៗ៖ ដំបូងត្រូវកម្តៅសាច់ដុំយឺតៗ និងងាយៗ រួចបញ្ចប់ដោយចលនាពិបាក ប្រើកម្លាំង និងរហ័ស ដើម្បីធ្វើឲ្យរាងកាយកើនកម្តៅតាមលំដាប់។ ២. ធ្វើចលនារាងកាយជំនួសការពត់ខ្លួន៖ ការពត់ខ្លួនមិនគ្រប់គ្រាន់ឡើយ ហើយផ្ទុយទៅវិញមានតែធ្វើឲ្យសាច់ដុំលាតសន្ធឹងខ្លាំងជ្រុល និងធ្វើឲ្យសាច់ដុំអស់កម្លាំង នៅពេលហាត់ប្រាណប៉ុណ្ណោះ (តែវាមានប្រយោជន៍ក្នុងការធ្វើក្រោយពេលហាត់ប្រាណ)។ ៣. រមៀលចុះឡើងនៅផ្នែកផ្សេងៗនៃរាងកាយ៖ អាចប្រើជាកូនបាល់ធឺនីស ឬខ្នើយបំពង់ទន់ៗដែលអាចជួយការពារការរងបួស និងធ្វើឲ្យសាច់ដុំធូរ ក៏ដូចជា បង្កើនចរន្តឈាមរត់ផងដែរ។ ៤. កម្តៅសាច់ដុំគ្រប់ផ្នែក៖ ទោះបីជាអ្នកនឹងហាត់ទៅលើតែផ្នែកណាមួយនៃរាងកាយក៏ដោយ អ្នកគួរតែហ្វឹកហាត់គ្រប់ផ្នែកនៃរាងកាយ ពីព្រោះភាពជាប់នៃសន្លាក់ ផ្នែកណាមួយ ក៏អាចមានឥទ្ធិពល លើរាងកាយទាំងមូលបានដែរ។ ៥. ចាប់ផ្តើមសកម្មភាពហាត់ប្រាណដោយយឺតៗដូចគ្នា រួចបន្តទៅចលនារហ័ស និងខ្លាំងក្លា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top