Menu

ដំណោះស្រាយស្បែកមុខសម្រាប់ស្ត្រីមានផៃ្ទពោះ


ដំណោះស្រាយស្បែកមុខសម្រាប់ស្ត្រីមានផៃ្ទពោះ

សម្រស់ជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សស្រី មិនថាស្រ្តីស្ថិតនៅក្នុងវ័យណា ឬកាលៈទេសៈបែបណានោះទេ ទោះបីជាស្រ្តីកំពុងមានផ្ទៃពោះក៏ដោយ។ បញ្ហាដែលជាកង្វល់ចម្បងសម្រាប់ស្រ្តីពេលកំពុងពពោះ ងាយស្រួលឲ្យអ្នកដទៃមើលឃើញច្បាស់ ហើយពិបាកបិទបាំងនោះ គឺមុន តែក្រៅពីមុន ក៏អាចមានពងបែក កន្ទួលផ្សេងៗកើតមានឡើងផងដែរ។ ទាំងអស់នេះ បណ្តាលមកពីសកម្មភាពរបស់អ័រម៉ូន។ បន្ទាប់ពីជួបបញ្ហាសើស្បែកទាំងនោះ ហើយស្រ្តីតែងព្យាយាមរកនូវការព្យាបាល  ឬប្រើប្រាស់ផលិតផលមួយចំនួន ដែលពេលខ្លះវាអាចជះឥទ្ធិពលដល់ទារកក្នុងផ្ទៃ។ ដូចនេះ​ អត្ថបទខាងក្រោម នឹងបង្ហាញលោកអ្នក នូវដំណោះស្រាយប្រកបដោយសុវត្ថិភាព៖
 
បញ្ហាមុន
បើអ្នកធ្លាប់កើតមុនពីដំបូងមកហើយនោះ អ្នកនឹងមិនសូវភ្ញាក់ផ្អើលនឹងការកើតមុនក្នុងអំឡុងពេលមានផ្ទៃពោះទេ ជាពិសេសវាច្រើនកើតនៅម្តុំមាត់ និងចង្កា។ វេជ្ជបណ្ឌិត Ellen Marmur នាយកមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្នែកសើស្បែក និងវះកាត់កែសម្ផស្ស  Mount Sinaiក្នុងទីក្រុងញូវយ៉ក បាននិយាយថា “ការកើតមុននៅតំបន់ទាំងនោះ ជារឿងធម្មតាសម្រាប់ស្រ្តីមានផ្ទៃពោះ ហើយប្រសិនបើស្រ្តីមិនទទួលការព្យាបាលទេ មុនទាំងនោះ នឹងបន្តដល់ពេលឆ្លងទន្លេ និងអាចកើតរហូតដល់ពេលកូនកើតមកទៀងផង។ គាត់បានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំព្យាបាលត្រូវជ្រើសរើសដោយឈ្លាសវៃ”។​ លោក Jamal ជំនួយការសាស្រ្តាចារ្យគ្លីនិក​ នៃមជ្ឈមណ្ឌលសើស្បែក និងអតិសុខុមជីវសាស្ត្រ នៅទីក្រុងញូវយ៉កបាននិយាយថា “អ្នកមិនត្រូវប្រើផលិតផល ដែលផ្ទុកនូវសារធាតុ BenzoylPeroxide, អាស៊ីត Salicylic ឬ Retinoidsទេ ព្រោះសារធាតុទាំងនោះ មិនមានសុវត្ថិភាព ចំពោះស្រ្តីមានផ្ទៃពោះទេ។ អ្វីដែលអ្នកគួរប្រើគឺប្រភេទថ្នាំលាបមានសារធាតុស៊ុលផួ ក៏ដូចជាផ្ទុកអាស៊ីត Glycolic, អាស៊ីត Alpha hydroxy ហើយបើផលិតផលទាំងនោះនៅតែគ្មានប្រសិទ្ធភាព អ្នកអាចប្រើប្រភេទក្រែម Erythromycin និងអាស៊ីតAzelaic។ សារធាតុទាំងនេះ មានសុវត្ថិភាព ក្នុងការប្រើប្រាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។”
 
ក្រៅពីប្រើប្រាស់ផលិតផលព្យាបាលអ្នក ក៏ផ្លាស់ប្តូរម្សៅទ្រនាប់សម្រាប់ស្បែកមុខខ្លាញ់ ឬប្តូរទៅប្រើម្សៅផាត់ស្រាល មិនសូវមានសារធាតុគីមី ហើយអ្នក ក៏អាចប្រើម្សៅផាត់ ការពារស្បែកខ្លាញ់ផងដែរ។
 
ស្នាមជាំ
ក្រៅពីបញ្ហា “មុន” អ្វីដែលស្រ្តីខ្វល់ខ្វាយនោះ គឺស្បែកមុខជាំ ឬគេហៅថារបាំងមុខស្ត្រីមានផ្ទៃពោះ។ ស្បែកមុខជាំប្រភេទនេះ ជាប់ទាក់ទង នឹងអ័រម៉ូនស្រ្តី​ ព្រមទាំងពន្លឺព្រះអាទិត្យ។ ស្របពេលជាមួយគ្នានេះដែរ គ្មានការព្យាបាលជាក់លាក់ពីបញ្ហាខាងលើនោះទេ មានតែនៅឆ្ងាយពីពន្លឺព្រះអាទិត្យប៉ុណ្ណោះ ជាវិធីសាស្រ្តដ៏ល្អ ក្រៅពីនេះស្ត្រីអាចលាបឡេការពារកម្តៅរាល់ពេលចេញទៅក្រៅ។ ស្ត្រីអាចប្រើប្រាស់ផលិតផលដែលមានអាស៊ីត Azelaic និងផលិតផលលាបលើស្បែក ដែលមានផ្ទុកវីតាមីន C ដែលអាចលុបបំបាត់ស្នាមជាំបាន។ តែប្រសិនបើផលិតផលទាំងនោះ មិនមានប្រសិទ្ធិភាព អ្នកអាចប្រើម្សៅបិទបាំង (ម្សៅទ្រនាប់) ហើយគួរតែជ្រើសរើសពណ៌ឲ្យស្រដៀងនឹងស្បែក។ ម៉្យាងទៀត អ្នកក៏គួរប្រើប្រាស់ផលិតផលផ្តល់សំណើមដល់ស្បែក មុននឹងលាបម្សៅទ្រនាប់។
 
ស្នាមជ្រីវជ្រួញ
ជាការពិតមនុស្សស្រីខ្លាចបំផុតគឺស្នាមជ្រីវជ្រួញ ហើយតែងតែស្វែងរកវិធីព្យាបាលដោយចាក់ថ្នាំ លុបបំបាត់ភាពជ្រីវជ្រួញ នៅក្រោមស្បែកមុខ  (Botox, Restylane) ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយគ្មានឯកសារណាមួយបង្ហាញថាវិធីសាស្រ្ត បែបនេះ មានសុវត្ថិភាពត្រឹមត្រូវនោះទេ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង