Menu

ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន!


ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន!

និយមន័យ
ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះ ចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម។ ប្រសិនបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យស្ត្រីប្រកាច់ និងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដល់ជីវិត។ ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង។
 
រោគសញ្ញា
ភាគច្រើនស្ត្រីដែលប្រឈមនឹងបញ្ហានេះ ច្រើនបង្ហាញឲ្យឃើញនូវរោគសញ្ញាមួយចំនួនរួមមាន៖
• ហើមជើង ព្រមទាំងហើមពេញខ្លួន
• ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក
• ក្អួតចង្អោរ និងឈឺចុកក្រោមឆ្អឹងជំនី
• កូនមានសភាពតូចជាងអាយុធម្មតា
• សម្ពាធឈាមផ្នែកខាងលើ (Systolic Pressure)>140 mmHg
• សម្ពាធឈាមផ្នែកខាងក្រោម (Diastolic Pressure)>90 mmHg
• ជាតិប្រូតេអុីនក្នុងទឹកនោម > 300 mg/24h។
មូលហេតុជំងឺក្រឡាភ្លើងកើតឡើងពីកំហុសនៃការកាច់សម្បុករបស់គភ៌ ដែលធ្វើឲ្យការផ្តល់ឈាមពីម្តាយទៅកូនតាមរយៈសុក ដំណើរការមិនបានល្អ។
 
កត្តាប្រឈម
ស្ត្រីអាចនឹងមានហានិភ័យកាន់តែខ្ពស់ក្នុងការកើតជំងឺក្រឡាភ្លើង ប្រសិនបើពួកគាត់មានកត្តាប្រឈមដូចខាងក្រោម៖
• ស្ត្រីដែលធ្លាប់មានជំងឺនេះពីមុនមក
• ស្ត្រីវ័យចំណាស់ដែលមានអាយុលើសពី ៤០ឆ្នាំ
• ស្ត្រីដែលមានជំងឺលើសឈាមស្រាប់ និងទឹកនោមផ្អែមស្រាប់
• ស្ត្រីមានកូនលើកដំបូង
• ស្ត្រីដែលមានជំងឺទាក់ទងនឹងកំណកឈាម
• ស្ត្រីមានបញ្ហាតម្រងនោម
• ស្ត្រីមានកូនភ្លោះ និងស្ត្រីដែលមានកូនលើសពីពីរ។

ផលវិបាក
ជាទូទៅស្ត្រីដែលមានជំងឺនេះ អាចមានផលវិបាកដូចជា៖
• ប្រកាច់
• មានកំណកឈាមខាងក្រោមសុក
• វិវឌ្ឍជា HELLP Syndrome បែកគ្រាប់ឈាម ថយចុះផ្លាកែត និងថយចុះមុខងាររបស់ថ្លើម
• Disseminated intravascular coagulation
• មានបញ្ហាតម្រងនោមស្រួចស្រាវ
• លើសសារធាតុខ្លាញ់ក្នុងកោសិកាថ្លើម(Acute Fatty Liver)
• ឈាមទៅចិញ្ចឹមខួរក្បាលមិនដល់ (Cerebral Ischemia)
• Retinal Detachment
• កូនក្នុងផ្ទៃលូតលាស់យឺត ឬស្លាប់ក្នុងផ្ទៃ។
 
ការព្យាបាល
ចំពោះស្ត្រីដែលមានជំងឺក្រឡាភ្លើង ចាំបាច់ត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមជាមួយនឹងការថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងម្តាយ និងកូនក្នុងផ្ទៃ។ សូមបន្ថែមថា ដើម្បីព្យាបាលស្ត្រីឲ្យជាសះស្បើយ គឺតម្រូវឲ្យកូនសម្រាលតាមបែបធម្មជាតិ ឬតាមវិធីវះកាត់ អាស្រ័យនឹងស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ។
 
គួរបញ្ជាក់ថា គ្រប់ស្ត្រីទាំងអស់គួរធ្វើការពិនិត្យសុខភាព នៅរាល់ពេលដែលលោកអ្នកបាត់រដូវ ជាមួយគ្រូពេទ្យឯកទេស ដែលនៅជិតអ្នកបំផុត។ ករណីស្ត្រីដែលមានផ្ទៃពោះស្រាប់ សូមធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជារៀងរាល់ខែព្រោះប្រសិនបើមានរោគសញ្ញានានាដូចបានរៀបរាប់ខាងលើនោះ នឹងអាចទទួលបានការព្យាបាលទាន់ពេលវេលា។
 
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុយ សុផា វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង