ស្រ្តីគួរយល់ដឹងអ្វីខ្លះពីការសម្រាលកូនមិនគ្រប់ខែ?
ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ វាបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥%។
អ្វីទៅជាការសម្រាលកូនមិនគ្រប់ខែ?
ផ្អែកតាមវេជ្ជសាស្រ្ត គេបានបែងចែកបញ្ហានេះជាពីរករណី៖
• ការសម្រាលកូនមិនគ្រប់ខែ៖ ជាការសម្រាលកូនភ្លាមៗ មិនអាចឃាត់បាន កើតឡើងមុន ៣៧សប្តាហ៍នៃអាយុគភ៌ (ចន្លោះពី ២៦សប្តាហ៍ ទៅ តិចជាង ៣៧សប្តាហ៍) ដើម្បីឲ្យការកំណត់អាយុកាន់តែប្រាកដ ត្រូវទាមទារឲ្យស្រ្តីចងចាំឲ្យបានច្បាស់លាស់ ពី ថ្ងៃ ខែនៃវដ្តរដូវ។
• គំរាមសម្រាលកូនមិនគ្រប់ខែ៖ ជាបញ្ហាដែលស្រ្តីមានផ្ទៃពោះ អាចមានរោគសញ្ញាព្រមានដោយសារស្បូនកន្រ្តាក់ខ្លាំងបណ្តាលឲ្យឈឺពោះខ្លាំង ញឹកញាប់ និងជាប់រហូត មានបម្រែបម្រួលនៃមាត់ស្បូន ដែលអាចបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែ ប្រសិនបើគ្មានអន្តរាគមន៍ ឬអន្តរាគមន៍មិនទាន់ពេល ពីសំណាក់គ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញ អាចធ្វើការគ្រប់គ្រងបញ្ហានេះបាន ដើម្បីឲ្យកូនអាចរស់រានមានជីវិតបន្ត និងអាចកើតរស់ ឬអាចបន្តរស់ ដល់គ្រប់ខែបាន (៣៧ សប្តាហ៍) ។
មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ (Cause of spontaneous prematurity)
មានកត្តាផ្សេងៗជាច្រើន ដែលបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖
មូលហេតុមកពីម្តាយ
•មានកត្តាអំណោយផលជាច្រើនដូចជា៖
- មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ
- ធ្លាប់ធ្វើការរំលូតកូន ឬរលូតកូនដោយឯកឯង
- អាយុម្តាយតិចជាង ១៨ឆ្នាំ ឬលើសពី ៣៥ឆ្នាំ
- ស្ត្រីដែលធ្វើការធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ
- មានផ្ទៃពោះជាប់ៗគ្នា
- មានកម្រិតជីវភាពរស់នៅទាប
- ស្រ្តីដែលប្រើប្រាស់ថ្នាំជក់ ឬជាតិពុល។
•ក្រៅពីកត្តាអំណោយផលខាងលើ ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា៖
- មានការក្លាយរោគនៅផ្លូវនោម ទ្វារមាស មាត់ស្បូន ក្នុងស្រោមទឹកភ្លោះ និងទឹកភ្លោះ ក៏ដូចជាមានការក្លាយរោគផ្សេងៗជាច្រើនទៀត ឬមានការឡើងកម្តៅដោយឯកឯង
- ម្តាយមានភាពស្លេកស្លាំង
- ស្រ្តីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលពពោះ
- មានការប៉ះទង្គិចទៅលើពោះ។
•លើសពីនេះអាចមានមូលហេតុនៅនឹងកន្លែងរួមមាន៖
- ស្បូនមានរូបរាងមិនធម្មតា
- កស្បូនផ្នែកខាងក្នុងចំហ
- មានដុំសាច់នៅក្នុងស្បូន។
មូលហេតុមកពីកូន
• មានកូនភ្លោះ ២ឬ ៣ក្នុងពេលតែមួយ
• មានទឹកភ្លោះច្រើន
• បែកទឹកភ្លោះមុនពេលឈឺពោះ
• រលាកស្រោមទឹកភ្លោះ និងទឹកភ្លោះ
• មានភាពមិនធម្មតានៃសុក៖ សុកពាំងមាត់ស្បូន ឬសុករបើកចេញពីស្បូនមុនពេលកំណត់។
គ្មានមូលហេតុពិតប្រាកដ៖ គេឃើញមានកើតឡើងក្នុងអត្រា ៤០%។
រោគសញ្ញានៃការគំរាមសម្រាលកូនមិនគ្រប់ខែ
ជាទូទៅវាកើតលើស្រ្តីដែលមានផ្ទៃពោះតិចជាង៣៧សប្តាហ៍ ដោយរោគសញ្ញាអាចស្តែងចេញជាការកន្ត្រាក់នៃស្បូនទៀងទាត់ បណ្តាលឲ្យមានការឈឺចាប់ និងមានបម្រែបម្រួលនៅមាត់ស្បូន ដែលអាចដឹងបានដោយការលូកទ្វារមាស។ ត្រូវរកមើលថាតើមាន ការធ្លាក់ឈាម បែកទឹកភ្លោះ ឬមានក្លាយរោគផ្សេងៗឬទេ។
ការធ្វើរោគវិនិច្ឆ័យ
ការសម្រាលកូនមិនគ្រប់ខែ គឺត្រូវធ្វើរោគវិនិច្ឆ័យដោយការវិភាគបន្ថែមដូចជា៖
• ការប្រើម៉ាស៊ីនសម្រាប់វាស់ការកន្រ្តាក់នៃស្បូន(CTG) ដែលវិធីសាស្រ្តនេះគឺធ្វើឡើងក្នុងគោលបំណង វិភាគទៅលើប្រភេទនៃការកន្ត្រាក់របស់ស្បូន។
• ធ្វើការឆ្លុះអេកូតាមទ្វារមាស ដើម្បីវាស់ប្រវែងនៃកស្បូន
• ម្យ៉ាងវិញទៀត គេអាចធ្វើការវិភាគទឹករំអិលក្នុងទ្វារមាសដើម្បីរកមើលថា តើមានវត្តមាន នៃហ្វីប្រូនិចទីន (fibronectin) ឬទេ (ក្នុងករណីកូនមានអាយុ តិចជាង ៣៤សប្តាហ៍)។
វិធីសាស្រ្តក្នុងការព្យាបាល
ការព្យាបាលត្រូវបានគេអនុវត្តជាចាំបាច់ទៅលើការគំរាមសម្រាលកូនមិនគ្រប់ខែ ដែលកូនមានអាយុតិចជាង ៣៤សប្តាហ៍ (ចន្លោះ ២៦ ទៅ ៣៤សប្តាហ៍) ពីព្រោះវាមានហានិភ័យច្រើនជាងកូនដែលកើតមានអាយុលើសពី ៣៤សប្តាហ៍ ដែលការព្យាបាលរួមបញ្ចូលដូចជា៖
• ឲ្យស្រ្តីសម្រាកពេទ្យ ដោយមានការថែទាំពីសំណាក់គ្រូពេទ្យជំនាញ ក្នុងការជួយសង្រ្គោះទារកមុន និងក្រោយពេលសម្រាល ចំណែកការសម្រាកនោះទៀតសោត ស្រ្តីត្រូវសម្រាកដោយផ្អៀងទៅខាងឆ្វេង
• ព្យាបាលមូលហេតុ ដែលបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ ដូចជា ការក្លាយរោគផ្សេងៗនៅលើម្តាយ
• ព្យាបាលការកន្ត្រាក់នៃស្បូន ដោយប្រើប្រាស់ថ្នាំដើម្បីបំបាត់ការកន្ត្រាក់ស្បូន ដែលមានប្រសិទ្ធភាពរយៈពេល ៤៨ម៉ោងយ៉ាងតិច ដើម្បីឲ្យកូនអាចមានលទ្ធភាព រស់បានដោយខ្លួនឯងបន្ទាប់ពីសម្រាល
• ប្រើប្រាស់ថ្នាំប្រភេទ Corticoid មុនពេលសម្រាល ចំពោះគ្រប់ករណីដែលកូនកើតមិនគ្រប់ខែតិចជាង ៣៤សប្តាហ៍
• តាមដានម្តាយ និងកូន៖
ចំពោះម្តាយ
- ការកន្ត្រាក់នៃស្បូនដោយប្រើម៉ាស៊ីន (CTG)
- វាស់ប្រវែងកស្បូន ដោយប្រើអេកូតាមទ្វារមាស
- ស្រាវជ្រាវរកកត្តាបង្កឲ្យមានការក្លាយរោគ
- ផលវិបាកនៃថ្នាំបញ្ឈប់ការកន្រ្តាក់ស្បូន។
ចំពោះកូន
- ចលនារបស់ទារក
- ចង្វាក់បេះដូងកូនដោយប្រើម៉ាស៊ីន(CTG)
ផលវិបាកនៃការសម្រាលកូនមិនគ្រប់ខែ
• កំពុងសម្រាល៖
- ក្នុងករណី ដែលកូនមានអាយុលើសពី ៣៤សប្តាហ៍ ឬលើសពី ២គីឡូក្រាម គឺពុំមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ ដោយទារកអាចរស់ដោយខ្លួនឯងបាន គ្រាន់តែទាមទារការថែទាំឲ្យបានដិតដល់ និងរក្សាកម្តៅខ្លួនប្រាណទារកឲ្យបានល្អ។
- ក្នុងករណីដែលកូនមានអាយុក្រោម ៣៤សប្តាហ៍ ឬតិចជាង ២គីឡូក្រាម ជាទូទៅកំឡុងពេលសម្រាល អាចប៉ះទង្គិចដល់ខួរក្បាលរបស់ទារក
(ដោយសារឆ្អឹងលលាដ៍ក្បាលទារកនៅទន់)។
• ក្រោយពេលសម្រាល៖
- ការសម្រាលកូនមិនគ្រប់ខែ វាអាចបណ្តាលឲ្យសរីរាង្គរបស់ទារក (សួត ប្រព័ន្ធរំលាយអាហារ ថ្លើម និងប្រព័ន្ធភាពស៊ាំ) លូតលាស់មិនបានពេញលេញល្អ
- កូនកើតមិនគ្រប់ខែដែលមានទម្ងន់តិច អាចប្រឈមទៅនឹងអត្រាកើនឡើងនៃការឈឺ និងស្លាប់ជុំវិញកំណើត និងអាចមានផលវិបាកលើ ប្រព័ន្ធប្រសាទ-ផ្លូវចិត្ត (Neuro-psychic sequelae)
- ស្រ្តីអាចប្រឈមទៅនឹងការមានផ្ទៃពោះមិនគ្រប់ខែនៅពេលក្រោយទៀត ប្រសិនបើពុំបានរកមូលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវ។
វិធីការពារការសម្រាលកូនមិនគ្រប់ខែ
ការការពារ ត្រូវបានបែងចែកជា បីដំណាក់កាល៖
ដំណាក់កាលទី ១៖ ជាដំណាក់កាលបឋមដែលត្រូវរិះរកគ្រប់មធ្យោបាយក្នុងការការពារមុនពេលមានផ្ទៃពោះ និងពេលកំពុងពពោះ ដោយរកកត្តាអំណោយផល ដល់ការសម្រាលកូនមិនគ្រប់ខែ ក្នុងនោះរួមមាន៖
- ការសម្រួលលក្ខខណ្ឌការងារ
- ចៀសវាងការធ្វើការងារធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយ
- គោរពពេលវេលាសម្រាកមុនសម្រាល
- ហាមធ្វើលំហាត់ប្រាណខ្លាំងក្លា
- ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំជក់។
ដំណាក់កាលទី ២៖ ជាដំណាក់កាលត្រូវព្យាបាលកត្តាអំណោយផល ដែលធ្វើឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖
- ព្យាបាលឲ្យទាន់ពេលរាល់គ្រប់ការបង្ករោគនៅផ្លួវទឹកនោម និងទ្វារមាស
- ធ្វើការចងកស្បូននៅមុន ១៥សប្តាហ៍នៃគភ៌ ក្នុងករណីស្រ្តីមានចំហកស្បូនខាងក្នុង
- ព្យាបាលមូលហេតុផ្សេងទៀតដែលអាចបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ។
ដំណាក់កាលទី ៣៖ គឺជាការព្យាបាល ដែលអ្នកជំនាញត្រូវប្រើឱសថសម្រាប់បញ្ឈប់ការកន្ត្រាក់នៃស្បូន។
ដូច្នេះ គ្រប់ស្រ្តីទាំងអស់ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងចង់បានកូន។ ជាពិសេសស្រ្តីដែលធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ ត្រូវតែស្វែងរកសេវាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាចាំបាច់បំផុត ដើម្បីឲ្យគ្រូពេទ្យមានលទ្ធភាពស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានបញ្ហាពីពេលមុន និងចៀសវាងកុំឲ្យកើតមានឡើងវិញទៀត នៅពេលមានផ្ទៃពោះលើកក្រោយ រួចបន្តតាមដានកំឡុងពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាលបានគ្រប់ខែ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអាគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យ ព្រះកុសុមៈ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។