បូសលើប្រដាប់ភេទបុរស
ការឡើងកន្ទួល តែងតែកើតមានចំពោះមនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ ប៉ុន្តែកន្ទួលខ្លះក៏បាត់ទៅវិញដោយខ្លួនឯង ហើយខ្លះទៀតបែរជាមានខ្ទុះ និងត្រូវការព្យាបាលដោយខានមិនបាន តួយ៉ាងដូចជា ការកើតបូស។ បូសនេះទៀតសោត មានកើតនៅគ្រប់កន្លែងនៃរាងកាយរបស់យើង តែអ្វីដែលជាកង្វល់ខ្លាំងនោះគឺ វាលេចឡើងនៅលើប្រដាប់ភេទរបស់មិត្តបុរសយើង។
បូស ជាអ្វី?
បូស ជាប្រភេទជំងឺសើស្បែកម្យ៉ាងដែលបង្កឡើងដោយមេរោគ ប្រភេទបាក់តេរីឈ្មោះ Staphylococcus (ស្ដាហ្វីឡូសកូក)។ បូសអាចកើតមាន នៅលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស។ ជំហានដំបូង បូសចាប់ផ្ដើមដោយការរលាកគល់រោមតូចៗ រួចបន្ដស៊ីទៅខាងក្នុង ហើយបង្កជាដុំតូចមួយមានខ្ទុះ។ បូសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយ ទឹករងៃ ឬខ្ទុះដែលមានមេរោគនៅក្នុងនោះ។
ជាទូទៅបូសមានពីរប្រភេទគឺៈ
• បូសមុខច្រើន ឬហៅថា Caruncle (ខារាំងខល)
• បូសមុខមួយ ឬហៅថា Furuncle (ហ្វុយរាំងខល)។
មូលហេតុ
មូលហេតុ ដែលនាំឲ្យកើតជំងឺបូសនៅត្រង់ប្រដាប់ភេទនោះ គឺបណ្ដាលមកពីភាពខ្វះអនាម័យ ពេលដែលលោកអ្នកស្លៀកពាក់ខោអាវមិនបានស្អាត ទើបបណ្ដាលឲ្យជាប់មេរោគស្ដាហ្វីឡូកូក មកជាមួយខោអាវ ជាពិសេសខោទ្រនាប់ ហើយមានប៉ះផ្ទាល់ជាមួយស្បែក បន្ទាប់មកក៏រោលទៅជាបូស។ ប្រសិនបើលោកអ្នកកើតបូស ហើយយកដៃទៅអេះកន្លែងផ្សេងៗ មេរោគស្ដាហ្វីឡូកូកអាចនឹងរោលទៅកន្លែងនោះតាមរយៈក្រចកដៃបាន។
ផលប៉ះពាល់
ចំពោះ អ្នកកើតជំងឺបូសនេះ ប្រសិនបើការថែទាំ និងការព្យាបាលមិនបានត្រឹមត្រូវទេ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរីករាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលធ្វើឱ្យអ្នកកើតបូសមានការឈឺចុកចាប់។ លោកអ្នកដែលព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលានោះ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរាលដាលដល់ក្នុងឈាម ហើយបង្កើតបានជាមេរោគក្នុងឈាម និងធ្វើឱ្យជំងឺបូសកើតហើយបាត់ទៅវិញ រួចកើតម្ដងទៀត (កើតច្រើនលើកច្រើនសារ) មិនងាយជាទេ និងបង្កើតបានជាសម្លាកជាច្រើនកន្លែង ធ្វើឲ្យខូចសោភ័ណភាពស្បែក។
ការការពារ
វិធីការពារដែលប្រសើរបំផុតគឺ លោកអ្នកត្រូវចេះអនាម័យខ្លួនប្រាណ ពិសេសត្រូវឧស្សាហ៍កាត់ក្រចកដៃ ជើង ឲ្យបានខ្លី និងទៀងទាត់ ចៀសវាង កុំឲ្យមេរោគទាំងឡាយ មកសម្ងំទុំនៅក្នុងក្រចក ងាយនឹងបង្ករោគ។ ប្រសិនបើមានការកើតបូសនៅត្រង់កន្លែងប្រដាប់ភេទ ឬនៅកន្លែងផ្សេងៗទៀត លោកអ្នកគួរតែមកជួបគ្រូពេទ្យឯកទេសច្បាស់លាស់ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ កុំឲ្យកើតឡើងម្ដងហើយម្ដងទៀត។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។