ជំងឺទឹកនោមផ្អែមប្រភេទទី១ ហានិភ័យខ្ពស់ចំពោះកុមារ
ជំងឺទឹកនោមផ្អែម មានច្រើនប្រភេទ តែប្រភេទដែល ច្រើនជាងគេគឺ ជំងឺទឹកនោមផ្អែមប្រភេទ២(៩០%ទៅ៩៥%នៃករណីជំងឺទឹកនោមផ្អែមសរុប) និងជំងឺទឹកនោមផ្អែមប្រភេទ១(៥%ទៅ១០%នៃករណីជំងឺទឹកនោមផ្អែមសរុប)។ ក្រៅពីនេះ មានប្រភេទជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ(Gestational diabetes) និងជំងឺទឹកនោមផ្អែមដែលបង្កឡើងដោយបញ្ហាផ្សេងៗទៀត(Secondary diabetes)។ ជំងឺទឹកនោមផ្អែមនេះផងដែរ ច្រើនកើតមានលើមនុស្សធំ ប៉ុន្តែក៏មានជំងឺទឹកនោមផ្អែមដែលកើតឡើងលើកុមារផងដែរ។ អត្ថបទនេះ នឹងបកស្រាយលម្អិតពីជំងឺទឹកនោមផ្អែមប្រភេទ១ ដែលកើតមានច្រើនលើកុមារ។
និយមន័យ
ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺរ៉ាំរ៉ៃ ដែលធ្វើឲ្យមុខងារកោសិកាបេតា របស់លំពែងខូចទាំងស្រុង ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ដែលគេហៅថា Insulin-dependent diabetes។ ជំងឺនេះជាលក្ខខណ្ឌមួយដែលមុខងារកោសិកាបេតា(Beta cells) របស់លំពែងមិនអាចផលិតអាំងស៊ុយលីន។ ជំងឺនេះកើតមានច្រើនចំពោះកុមារ និងក្មេងជំទង់ តែគេក៏សង្កេតឃើញមានកើតលើមនុស្សវ័យផ្សេងទៀតដែរ។
មូលហេតុ
គ្មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទនេះ ត្រូវបានបង្ហាញនៅឡើយទេ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ភាគច្រើនប្រព័ន្ធភាពស៊ាំការពាររាងកាយ នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលជាធម្មតាសម្លាប់បាក់តេរី និងវីរុសបង្ករោគ ច្រឡំបំផ្លាញកោសិកាអាំងស៊ុយលីន អ័រម៉ូនផលិតនៅហ្នឹងលំពែង។ ហ្សែនក៏អាចដើរតួនាទីក្នុងដំណើរការនេះ និងប៉ះពាល់ទៅលើវីរុសជាច្រើនដែលអាចបង្កជាជំងឺនេះ។
កត្តាដែលជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ រួមមាន៖
•កត្តាហ្សែន ប្រវត្តិគ្រួសារ
•កត្តាបរិស្ថានជុំវិញ
•ការប៉ះពាល់ជាមួយពពួកវីរុសដូចជា Epstein-Barr virus, coxsackie virus, rubella or cytomegalovirus
•កង្វះបរិមាណវីតាមីនD
•កត្តារបបអាហារមួយចំនួនរួមមានទឹកដែលមានផ្ទុកនីត្រាត។
រោគសញ្ញា
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ លេចឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ ដែលខុសពីរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២មានលក្ខណៈស្ងប់ស្ងាត់នៅដំណាក់កាលដំបូងហើយលេចចេញនៅដំណាក់កាលធ្ងន់ទៅហើយក្នុងរយៈពេល៥ទៅ១០ឆ្នាំ។ នេះជាហេតុដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មកជួបនឹងគ្រូពេទ្យក្នុងដំណាក់កាលដំបូង។ រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១មានដូចជា៖
•បទជើងតូចញឹក
•ស្រេកទឹក
•ញ៉ាំច្រើន
•ស្រកទម្ងន់
•ស្រវាំងភ្នែក។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម អាចធ្វើបានតាម៤ប្រភេទ៖
១. ពិនិត្យរកជាតិស្ករក្នុងឈាមពេលពោះទទេ(ពោះទទេរយៈពេលយ៉ាងតិច៨ម៉ោង)៖ ជាតិស្ករច្រើនជាង ១២៦ម.ក្រ/ដ.ល
២. ពិនិត្យរក HbA1c មានច្រើនជាងឬស្មើ ៦.៥%
៣. ពិនិត្យរកជាតិស្ករដោយចៃដន្យ៖ ជាតិស្ករធំជាង ២០០ម.ក្រ/ដ.ល បូករួមជាមួយនឹងរោគសញ្ញា
៤. ពិនិត្យជាតិស្ករ ២ម៉ោងក្រោយឲ្យអ្នកជំងឺបរិភោគជាតិស្ករ ៧៥ក្រាម៖ ជាតិស្ករច្រើនជាង ២០០ម.ក្រ/ដ.ល។ ការធ្វើតេស្តនេះ ប្រើតែក្នុងការសិក្សា ស្រាវជ្រាវតែប៉ុណ្ណោះ។
ការព្យាបាល
ការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ត្រូវធ្វើការព្យាបាលនិងតាមដានអស់មួយជីវិត។ ដោយឡែក ជំងឺទឹកនោមផ្អែមប្រភេទ១ អាចព្យាបាលបានតែដោយឱសថប្រភេទចាក់ប៉ុណ្ណោះ។ ដូចនេះ ករណីដែលអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម តែមិនមានឱសថអាំងស៊ុយលីនប្រភេទចាក់សម្រាប់ព្យាបាលទេនោះ អ្នកជំងឺគឺមិនអាចបន្តអាយុបានយូរទេ។
ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានរហូតដល់ជាតិស្ករចុះដល់កម្រិត ពោលគឺ៖
•ជាតិស្ករមុនអាហារ ត្រូវស្ថិតនៅចន្លោះ ៩០ម.ក្រ/ដ.ល ទៅ ១៣០ម.ក្រ/ដ.ល
•ជាតិស្ករ២ម៉ោងក្រោយអាហារ ត្រូវទាបជាងឬស្មើ ១៨០ម.ក្រ/ដ.ល
•HbA1c តិចជាង ៧%។
វិធានការព្យាបាល
•ចាក់អាំងស៊ុយលីនពី២ទៅ៥ដងក្នុងមួយថ្ងៃ
•គ្រប់គ្រងរបបអាហារពិសេសអាហារផ្អែម
•ធ្វើលំហាត់ប្រាណជាប្រចាំ លើកលែងតែក្មេងតូច
•តាមដានកម្រិតជាតិស្ករមុននិងក្រោយអាហារជាប្រចាំ។
ផលវិបាក
ករណីអ្នកជំងឺមិនបានអនុវត្តតាមវិធានការនៃការព្យាបាលឲ្យបានខ្ជាប់ខ្ជួន ផលវិបាកភ្លាមៗដែលជួបញឹកញាប់បំផុតគឺការឡើងជាតិស្ករក្នុងឈាមខ្ពស់ខ្លាំងដែលអាចធ្វើឲ្យអ្នកជំងឺសន្លប់។ ឯផលវិបាករ៉ាំរ៉ៃ បញ្ញាដែលប្រឈមចម្បងគេនោះគឺខូចតម្រងនោម ដែលអាចឈានទៅដល់ការលាងឈាមឬផ្សាំតម្រងនោមក្នុងដំណាក់កាលចុងក្រោយ។ ក្រៅពីនេះ មានខូចខាតដល់៖
•ភ្នែក
•ប្រព័ន្ធប្រសាទបញ្ជា
•សរសៃឈាមធំៗ៖ ស្ទះត្បៀតសរសៃឈាមបេះដូង ស្ទះត្បៀតសរសៃឈាមដែលអាចធ្វើឲ្យមានដំបៅរលួយនៅជើង ឬស្ទះត្បៀតសរសៃឈាមខួរក្បាល(Stroke)។
សរុបមក អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវធ្វើការព្យាបាលនិងតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ នោះផលវិបាកនៃជំងឺនេះនឹងអាចចៀសវាងបានទាំងស្រុង ឬកើតក្នុងរយៈពេលយូរទៀតមិនមែនកើតភ្លាមៗទេ។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ទីក្រុងភ្នំពេញ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ