ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម៉្ញូបច្រើនជាងក្មេងដែលរស់នៅជនបទនេះ បើតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ជំងឺម៉្ញូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម៉្ញូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយ ហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។
ម្យ៉ាងទៀត ឪពុកម្តាយក៏អាចដឹងថាកូនរបស់ខ្លួនមានបញ្ហាគំហើញតាមរយៈគ្រូបង្រៀនផងដែរ ដោយសារតែគ្រូអាចសង្កេតឃើញសិស្សមិនចម្លងអក្សរលើក្តារខៀន តែបែរជាចម្លងតាមមិត្តភក្តិនៅជិតទៅវិញ។
ការធ្វើរោគវិនិច្ឆ័យ
ម៉្ញូបអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការវាស់គំហើញដោយរកឃើញថាគំហើញរបស់ក្មេងទាបជាងធម្មតា។ ចំណែកឯការវាស់វ៉ែនតាវិញ ពីមុនគេវាស់ភ្នែកដោយប្រើ Retinoscope តែបច្ចុប្បន្នដោយសារបច្ចេកទេសរីកចម្រើនគេប្រើ Autorefractor វិញ។
មូលហេតុ
-ប្រវត្តិគ្រួសារ ៖ នៅក្នុងគ្រួសារមានអ្នកកើតម៉្ញូប នោះក្មេងនឹងមានឱកាសក្នុងការកើតជំងឺនេះ។
-ការងារជិត ៖ ការទម្លាប់ឲ្យកូនធ្វើអ្វីនៅជិតភ្នែកពេកដូចជា ការអានសៀវភៅដោយឱនជិតក្រដាសសៀវភៅ ការមើលគំនូរជីវចលលើiPad ការលេងហ្គេម ឬប្រើប្រាស់ Smartphone សម្រាប់មើលជាដើម។
-កង្វះអាហារូបត្ថម្ភ។
ការព្យាបាល
-បើករណីតពូជ គឺមិនអាចព្យាបាលឲ្យជាបានទេ។
-ករណីមកពីទម្លាប់មិនល្អដូចជាការលេងហ្គេមនោះ ឪពុកម្តាយគួរតែឲ្យកូនកែទម្លាប់នេះចោល ព្រោះភ្នែករបស់ក្មេងងាយកើត ក៏ងាយបាត់ទៅវិញដែរ។
-ផ្តល់អាហារឲ្យគ្រប់គ្រាន់សម្រាប់កូនអ្នក ប្រសិនបើគេខ្វះអាហារូបត្ថម្ភ។
-ការកែគំហើញរបស់ក្មេងឲ្យមើលឃើញច្បាស់ដូចធម្មតាវិញក៏ចាំបាច់ត្រូវធ្វើដែរ។ ដូចនេះ
ការពាក់វ៉ែនតាឡង់ទីដកត្រូវបានធ្វើឡើងលើកុមារដែលត្រូវការវ៉ែនតាជាជំនួយ។
យ៉ាងណាមិញ ចំពោះអ្នកដែលមិនចង់ពាក់វ៉ែនតាអាចជ្រើសរើសការបាញ់កាំរស្មីឡេសឺដែលធ្វើឲ្យកញ្ចក់ភ្នែកស្តើងជាងមុន និង Power lens ទាបជាងមុននាំឲ្យកំនុំរូបភាពត្រូវរ៉េទីន តែការព្យាបាលនេះទាមទារការរង់ចាំឲ្យពួកគាត់មានអាយុចាប់ពី២០ឆ្នាំឡើងទៅ និងនៅពេលដែលភ្នែករបស់គាត់ឈប់លូតលាស់។
ផលវិបាក
វាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖
-វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes) ៖ ករណីម៉្ញូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម៉្ញូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ
-វិវឌ្ឍទៅភ្នែកស្រលៀង
-ការសិក្សាថយចុះ ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ
-គ្រោះថ្នាក់ពេលបើកបរ ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម៉្ញូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម៉្ញូបកាន់តែឡើងដឺក្រេ» ។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
នាពេលបច្ចុប្បន្នជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត អាចចោទជាបញ្ហាមួយចំនួនហើយបញ្ហាទាំងនោះមានច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅតំបន់ត្រូពិច (Southern Asia) អាមេរិក និងប្រទេសអាហ្វ្រិកផងដែរ។ ជំងឺ Cutaneous Larva migrans ភាគច្រើនកើតឡើងលើកុមារជាងមនុស្សពេញវ័យពីព្រោះកុមារចូលចិត្តលេងដីខ្សាច់ និងដេកលើដីខ្សាច់ជាដើម។ និយមន័យ ជំងឺសើស្បែកដែលបង្កដោយប៉ារ៉ាស៊ីត ឬពាក្យបច្ចេកទេសហៅថា Cutaneous Larva migrans គឺជាជំងឺមួយដែលបង្កឡើងដោយពពួកប៉ារ៉ាស៊ីតម្យ៉ាងដែលជាពពួកព្រូន Hookworm មានលក្ខណៈជាព្រូនដែលរស់នៅក្រោមស្បែក។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺសើស្បែកពីពពួកប៉ារ៉ាស៊ីត តែកត្តាសំខាន់ដែលបណ្តាលឲ្យមានជំងឺនេះគឺពពួកប៉ារ៉ាស៊ីតដែលរស់នៅក្នុងពោះវៀនសត្វឆ្កែ ឆ្មា សត្វព្រៃ ហើយពងរបស់វានឹងវិវឌ្ឍទៅជាដង្កូវដែលរស់នៅក្នុងដីក្តៅ ឬដីខ្សាច់សើម។ ដោយឡែកការចម្លងនេះកើតឡើងនៅពេលដែលស្បែកប៉ះផ្ទាល់ទៅនឹងដីខ្សាច់ និងដង្កូវចូលទៅក្នុងស្បែកដែលមិនបានការពារជាធម្មតាមានដូចជាជើងប្រអប់ជើង គូទ ឬខ្នងជាដើម។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញ ឬប្រឈមមួយចំនួនទៀតដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖ • ចំណង់ចំណូលចិត្ត និងមុខរបរដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយដីខ្សាច់ក្តៅ ឬដីខ្សាច់សើម • កុមារដែលចូលចិត្តលេងដីខ្សាច់ ឬអ្នកដើរលេងតាមឆ្នេរខ្សាច់ • ការធ្វើដំណើរទៅតំបន់ត្រូពិចជាដើម។ល។ រោគសញ្ញា និងរោគវិនិច្ឆ័យ ជាទូទៅ ជំងឺ Cutaneous Larva migrans នេះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ រមាស់ និងកន្ទួលក្រហមដោយមានរាងដូចពស់។ ដោយឡែកចំពោះជំងឺសើស្បែកបង្កដោយពពួកប៉ារ៉ាស៊ីតនេះអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យឈាម និងលាមក [Stool examination and Complete blood count (CBC)] ដើម្បីដឹងបន្ថែម និងឲ្យកាន់តែច្បាស់ថាពិតជាបង្កឡើងពីពពួកប៉ារ៉ាស៊ីត។ ការព្យាបាល និងផលវិបាក ជាទូទៅ ប្រសិនបើលោក លោកស្រី ឬអាណាព្យាបាលកុមារដែលមានបញ្ហាដូចបានរៀបរាប់ខាងលើត្រូវប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ឬគ្រូពេទ្យជំនាញដើម្បីមកព្យាបាលឲ្យបានចំចំណុច និងត្រឹមត្រូវ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហានេះបានដោយការប្រើប្រាស់ថ្នាំ Albendazole បានផងដែរ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា និងមិនត្រឹមត្រូវនោះទេវានឹងផ្តល់ផលវិបាកអាចឲ្យមានការបង្ករោគនៅលើស្បែក និងរលាកសួតដោយកម្រ (Loeffler’s syndrome)។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតឡើងនៅប្រទេសកម្ពុជាច្រើន អ្នកគួរតែការពារខ្លួន ក៏ដូចជាកុមារដូចពាក្យស្លោកមួយបានពោលថា "ការពារគឺប្រសើរជាងព្យាបាល"។ វិធីល្អបំផុតដើម្បីការពារមិនឲ្យមានបញ្ហាស្បែកដែលបង្កដោយប៉ារ៉ាស៊ីត (ព្រូនក្រោមស្បែក) រួមមាន៖ • ចៀសវាងនៅជិតគ្នាដោយផ្ទាល់រវាងស្បែកទទេនឹងដី នៅកន្លែងដែលមានហានិភ័យនៃការឆ្លង • គេង ឬអង្គុយនៅលើឆ្នេរខ្សាច់ ត្រូវប្រើកន្សែង ឬកម្រាលមកក្រាលជាមុនសិន • ត្រូវពាក់ស្បែកជើងពេលអ្នកដើរលើឆ្នេរខ្សាច់ ឬនៅកន្លែងដែលអ្នកសង្ស័យថាមានលាមកសត្វ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សេង ឯកទេសសើស្បែក និងកាមរោគនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ជំងឺផ្សេងៗការរលាកទងសួត គឺជាប្រភេទជំងឺឆ្លងកើតមានឡើងញឹកញាប់ចំពោះក្មេងតូច និងទារក ដោយសារមានការរលាក និងស្ទះក្នុងទងសួត (Bronchiole) ដែលភាគច្រើនបង្កឡើងពីវីរុស។ ជាធម្មតារយៈពេលនៃជំងឺរលាកទងសួត គឺនៅអំឡុងខែត្រជាក់។ ជំងឺរលាកទងសួត ចាប់ផ្តើមជាមួយនឹងរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយ ប៉ុន្តែវាអាចវិវឌ្ឍទៅជាក្អក ឮសំឡេងពេលដកដង្ហើម និងពេលខ្លះពិបាកដកដង្ហើម។ សញ្ញានៃការរលាកទងសួតអាចស្ថិតនៅពីច្រើនថ្ងៃទៅច្រើនសប្តាហ៍ ឬរហូតដល់មួយខែ។ កុមារភាគច្រើនបានធូរស្រាលដោយការសម្រាកព្យាបាលនៅផ្ទះ និងមានភាគរយតិចបំផុតដែលទាមទារឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈនៃជំងឺ ការរលាកដែលប៉ះពាល់ផ្នែកនៃសួតត្រង់ bronchioles ត្រូវបានហៅថាជាជំងឺរលាកទងសួត។ Bronchioles មានលក្ខណៈតូច បំពង់មែកធាងដែលដឹកនាំខ្យល់ចេញចូលពីសួត។ នៅពេលបំពង់នេះ ត្រូវបានឆ្លងមេរោគ វាឡើងហើម និងពេញដោយស្លេស្ម ដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម។ ជំងឺរលាកទងសួតជាធម្មតាប៉ះពាល់ដល់ក្មេងអាយុក្រោម ២ឆ្នាំ ដែលអាចជាដោយខ្លួនឯងចំពោះក្មេងភាគច្រើន ប៉ុន្តែកុមារខ្លះដែលមានជំងឺនេះត្រូវការជួបប្រឹក្សាជាមួយគ្រូពេទ្យជាចាំបាច់។ ការចម្លងរោគ មូលហេតុចម្បងនៃការរលាកទងសួតគឺបណ្ដាលមកពីវីរុសមានឈ្មោះថា respiratory syncytial virus ឬ RSV។ វីរុសប្រភេទនេះរស់នៅក្នុងដំណក់ទឹកល្អិតៗ ដែលមាននៅក្នុងខ្យល់ពេលអ្នកជំងឺក្អក ឬកណ្តាស់ដែលអាចសាយភាយបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ រោគសញ្ញា ជាទូទៅ ការរលាកទងសួត ចាប់ផ្តើមដូចជាជំងឺផ្តាសាយដែរ ដែលកុមារតែងលេចឡើងនូវអាការៈដូចខាងក្រោម៖ • តឹងច្រមុះ ឬហៀរសម្បោរ • ក្អកដែលមានលក្ខណៈស្រាល • ក្តៅខ្លួនលើសពី៣៨ អង្សាសេ • ថយចុះចំណង់អាហារ។ នៅពេលការរលាកទងសួតកាន់តែវិវឌ្ឍធ្ងន់ធ្ងរ កុមារអាចលេចឡើងនូវសញ្ញាបន្ថែមរួមមាន៖ • ដកដង្ហើមញាប់ ឬមានបញ្ហាដង្ហើម៖ ចំពោះទារក សញ្ញាដំបូងអាចជាការផ្អាកដង្ហើមក្នុងរយៈពេលពី ១៥វិនាទី ឬ២០វិនាទី • ឮសំឡេងពេលដកដង្ហើម (ជាធម្មតាមានរយៈពេល៧ថ្ងៃ) • ក្អកធ្ងន់ធ្ងរ (រហូតដល់១៤ថ្ងៃ ឬយូរជាងនេះ) • មានបញ្ហាក្នុងការញ៉ាំ និងផឹក (ដោយសារសញ្ញាផ្សេងៗ)។ ការព្យាបាល ការព្យាបាលសំខាន់បំផុតនៃជំងឺរលាកទងសួត គឺត្រូវប្រាកដថាទារក ឬកូនរបស់អ្នកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដោយគ្រូពេទ្យ ឬគិលានុបដ្ឋាកត្រូវបឺតស្លេស្មចេញពីច្រមុះកូនអ្នក ឬផ្តល់ខ្យល់មានសំណើម ឬអុកស៊ីសែនសម្រាប់ការដកដង្ហើម។ គួរបញ្ជាក់ថាគ្រូពេទ្យនឹងមិនផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកទេ ព្រោះការរលាកទងសួតបង្កឡើងពីវីរុស ហើយអង់ទីប៊ីយ៉ូទិកមិនមានប្រសិទ្ធភាពសម្លាប់វីរុសបានឡើយ។ ការថែទាំទារក ជាការពិតណាស់ គន្លឹះមួយចំនួនដែលឪពុកម្តាយគួរអនុវត្តដើម្បីជួយដល់កូនៗពីជំងឺរលាកទងសួតនេះរួមមាន៖ • ត្រូវប្រាកដថាកូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ • ប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់គេងរបស់កូនអ្នក • បើកូនអ្នកមិនស្រួលដោយសារក្តៅខ្លួន អ្នកអាចព្យាបាលដោយប្រើប៉ារ៉ាសេតាម៉ុល ឬ Ibuprofen • ចៀសវាងការប្រើ Aspirin ចំពោះក្មេងអាយុតិចជាង ១៨ឆ្នាំ • សម្អាតច្រមុះកូនអ្នកជាមួយសូលុយស្យុងសេរ៉ូមប្រៃ • បើកូនអ្នកមានអាយុលើសពី១ឆ្នាំ អាចផ្តល់អាហារក្តៅឧណ្ហៗ សារធាតុរាវថ្លាដើម្បីសម្រួលបំពង់ក និងជួយកាត់បន្ថយស្លេស្ម • ឲ្យកូនអ្នកគេងកើយខ្នើយបើពួកគេអាយុលើសពីមួយឆ្នាំ (មិនត្រូវប្រើខ្នើយទេបើកូនអ្នកអាយុក្រោម ១ឆ្នាំ) • គួរគេងក្នុងបន្ទប់ជាមួយកូនអ្នក ដូច្នេះ អ្នកនឹងអាចដឹងភ្លាមៗប្រសិនពួកគេពិបាកដកដង្ហើម • មិនអនុញ្ញាតឲ្យមាននរណាម្នាក់ជក់បារីនៅក្បែរកូនអ្នកឡើយ។ ការការពារ អ្នកអាចកាត់បន្ថយឱកាសដែលកូនអ្នកនឹងកើតជំងឺរលាកទងសួតដោយ៖ • លាងសម្អាតដៃអ្នក និងដៃកូនរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូដុំ និងទឹក ឬប្រើអាល់កុលជូតដៃ • នៅឲ្យឆ្ងាយពីមនុស្សពេញវ័យ ឬក្មេងដែលឈឺ • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជាប្រចាំចំពោះអ្នក និងកូនតូចរបស់អ្នក។ ជំងឺរលាកទងសួតអាចលាប់ឡើងវិញ ហើយការបង្ករោគអាចកើតឡើងលើសពីម្តងអំឡុងពេលជាមួយគ្នាក្នុងរដូវកាលនៃជំងឺផ្លូវដង្ហើម ហើយអ្នកជំងឺខ្លះអាចមានការបង្ករោគពីវីរុសពីរផ្សេងគ្នាក្នុងពេលតែមួយ។ បន្ថែមពីនោះ គ្រប់អ្នកជំងឺរលាកទងសួតត្រូវរក្សាគម្លាតឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺផ្សេងទៀតដែលមាន និងគ្មានជំងឺរលាកទងសួត។ ប្រសិនបើចាំបាច់ អ្នកជំងឺដែលបង្កពីវីរុសដូចគ្នាអាចនៅបន្ទប់ជាមួយគ្នា ទោះជាយ៉ាងណាក៏ដោយបម្រុងប្រយ័ត្នគួរតែត្រូវបានអនុវត្តជានិច្ច។ ការវិវឌ្ឍ គួរបញ្ជាក់ដែរថា កុមារដែលធ្លាប់មានជំងឺរលាកទងសួតអាចនឹងពិបាកដកដង្ហើម ឬដកដង្ហើមឮម្តងទៀតក្នុងកម្រិតតែ៥០% ប៉ុណ្ណោះ។ ម៉្យាងទៀតគេនៅមិនទាន់ច្បាស់ថា តើវីរុសអាចបង្កឲ្យមានជំងឺហឺតបន្ថែមទៀត ឬកុមារដែលមានជំងឺហឺតអាចប្រឈមខ្ពស់ទៅនឹងជំងឺរលាកទងសួតឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារំាងនិងអូស្ត្រាលី បម្រើការនៅមន្ទីរពេទ្យកុមារជាតិ និងជាប្រធានមន្ទីរសំរាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ជំងឺផ្សេងៗ ផ្លូវដង្ហើម និងសួតជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie
ជំងឺផ្សេងៗ ជំងឺផ្សេងៗបើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។ គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang) មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ជំងឺផ្សេងៗ ជំងឺផ្សេងៗការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ជំងឺផ្សេងៗ ជំងឺផ្សេងៗUrinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។ ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗកំហុសធំបំផុតនោះគឺ ឪពុកម្តាយ ចាំទាល់តែក្មេងធំ ទើបនិយាយណែនាំ ពីការគ្រប់គ្រងលុយ! ការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្មេងអាចទទួលចំណេះដឹងចាប់ពីអាយុ៣ឆ្នាំទៅ! នោះជាពេលដែលលោកអ្នកត្រូវបង្រៀនគេ! ខាងក្រោមជាគន្លឹះខ្លះៗ ១ បង្រៀនឲ្យគេក្លាយជាអ្នកគីតដែលមានភាពបត់បែន! នាំពួកគេទៅសារមន្ទីរ ឲ្យគេ បញ្ចេញគំនិតពីរូបភាព ឬចម្លាក់នីមួយៗ ហើយឲ្យគេ រៀនគូសវាសរួចបកស្រាយ! ឲ្យក្មេងរៀនកែច្នៃរបស់ដែលចាស់ៗ ថាអាចកែយ៉ាងម៉េចឲ្យប្រើប្រាស់បាន! វិធីនេះនឹងធ្វើឲ្យគេចេះសន្សំសំចៃ ស្រឡាញ់បរិស្ថាន និងបង្កើនការច្នៃប្រឌិត ២ ដើម្បីឲ្យក្មេងចេះចាត់ចែងលុយ អ្នកត្រូវឲ្យគេដឹងពីភាពខុសគ្នារវាងរបស់ដែលចង់បាន និងរបស់ដែលត្រូវការ! ឲ្យកូនអ្នកនូវថង់ ឬប្រអប់ចំនួន២ មួយសម្រាប់សន្សំ មួយសម្រាប់ចាយ ហើយរាល់ពេលទទួលអាំងប៉ាវ ឬលុយផ្សេងៗ សួរកូនអ្នកថា ឥឡូវដាក់ប៉ុន្មានក្នុងសន្សំ និងប៉ុន្មានក្នុងលុយសម្រាប់ចាយ! ឲ្យកូនលោកអ្នក កាត់រូបផ្សេងៗពីទស្សនាវដ្តី ឬសរសេររបស់៥ ទៅ១០ ដែលកូនអ្នកពេញចិត្ត! រួចសួរថា របស់ណាដែលវាចង់បាន និងរបស់ណាដែលវាត្រូវការ? ៣ គន្លឹះសំខាន់នៃការសម្រេចចិត្តដ៏ឆ្លាតវៃ គឺគិតពីភាពខុសគ្នានៃលទ្ធផលអនាគត នៃជម្រើសនីមួយៗ! វិធីងាយជាងគេដែលធ្វើឲ្យក្មេងយល់ពីការសម្រេចចិត្តគឺ និយាយពីមូលហេតុពេលដែលអ្នកកំពុងសម្រេចចិត្ត! ឧទាហរណ៍ថា យើងចង់ទិញទូរស័ព្ទថ្មី តែម៉ាសុីនត្រជាក់កំពុងខូច អញ្ចឹងយើងត្រូវសន្សំលុយសម្រាប់ជួសជុលម៉ាសុីនត្រជាក់ បើមិនអញ្ចឹងដល់ខែក្តៅ យើងនឹងពិបាក។ អញ្ចឹងជួសជុលម៉ាសុីនត្រជាក់សិន ហើយសល់លុយបានទិញទូរស័ព្ទ! ម៉្យាងទៀត ពេលកូនអ្នកចង់ទិញហ្គេមមកលេង អាចសួរថាយើងចាំបាច់ត្រូវតែមានវានៅផ្ទះ ឬយើងអាចជួល ឬទៅលេងនៅកន្លែងគេម្តងម្កាលបាន? នាំមកជូនដោយ ហាងលក់របស់របរក្មេងលេងបែបវិទ្យាសាស្រ្ត DreamKid!
ការចិញ្ចឹមកូនលោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។ ដើម្បីជាជំនួយដល់លោកប៉ាអ្នកម៉ាក់ទាំងឡាយ យើងនឹងលើកយកនូវគន្លឹះ ៧ ចំណុចជួយឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖ ១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។ ២. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។ ៣. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។ ៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។ ៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។ ៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។ ៧. ពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការចិញ្ចឹមកូនតាមគោលការណ៍ថ្នាក់ជាតិ ក៏ដូចជាគោលការណ៍របស់អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានតម្រូវឲ្យកុមារបៅតែទឹកដោះម្តាយមួយមុខគត់យ៉ាងតិច ៦ខែនៃជីវិត និងអាចបន្តដល់២ឆ្នាំ។ ពិតណាស់នៅក្រោមអាយុ ៦ខែ ទឹកដោះម្តាយមានសារធាតុជាច្រើនក្នុងការផ្តល់ដល់ទារកនូវថាមពល និងការពារពីជំងឺមួយចំនួនដូចជា ជំងឺរាក ជាដើម។ ដោយឡែកចាប់ពី ៦ខែទៅ ទឹកដោះម្តាយចាប់ផ្តើមថយចុះនូវសារធាតុចិញ្ចឹមដែលស្ទើរតែ ៩០ភាគរយនៃទឹកដោះម្តាយជាសារធាតុទឹកប៉ុណ្ណោះ។ ដូច្នេះហើយបានជាកុមារត្រូវការសារធាតុចិញ្ចឹម ឬចំណីបន្ថែមសម្រាប់ថាមពល និងការលូតលាស់។ ប៉ុន្តែវាជារឿងគួរឲ្យខ្លាចមួយសម្រាប់ម៉ាក់ៗនៅពេលដែលកូនជាទីស្រលាញ់ទើបតែបានញ៉ាំ និងចាប់ផ្តើមទទួលនូវអាហារថ្មី រសជាតិថ្មីស្រាប់តែគាត់បាត់នូវចំណង់ញ៉ាំអាហារ ឬបដិសេធក្នុងការញ៉ាំតែម្តង។ អត្ថបទខាងក្រោម នឹងបង្ហាញប្រាប់លោកអ្នកពីមូលហេតុខ្លះៗ និងដំណោះស្រាយដែលទាក់ទងនឹងការបាត់បង់ចំណង់អាហាររបស់កូនតូចដែលអ្នកគួរតែដឹង។ មូលហេតុទាក់ទងនឹងការបាត់បង់ចំណង់អាហារ ១. ចំណុះនៃក្រពះ៖ ទារក និងក្មេងតូចមានទំហំក្រពះតូចជាងមនុស្សធំ អ៊ីចឹងចំនួនអាហារ និងសារធាតុរាវដែលពួកគេអាចទទួលបានក៏តិចដែរ។ កូនលោកអ្នកនឹងញ៉ាំអាហារគោលបានតិច ប្រសិនបើលោកអ្នកឲ្យពួកគេញ៉ាំអាហារសម្រន់ ឬភេសជ្ជៈច្រើនពេក។ បើអ្នកផ្តល់អាហារបានត្រឹមត្រូវ និងភេសជ្ជៈតិច បើទោះជាចំណុះក្រពះគាត់តូចក៏ដោយ ក៏គាត់នៅតែអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ធានានូវការលូតលាស់ និងសុខភាពល្អដែរ។ ២. កត្តាប៉ះពាល់ដល់ការទទួលទាន៖ • មិនបានផ្តល់ពេលគ្រប់គ្រាន់ ចន្លោះការផ្តល់ទឹកដោះ និងចំណីអាហារ • ទឹកដោះម្តាយ ឬទឹកដោះគោ កំណត់ត្រឹម ៥០០-៦០០មិល្លីលីត្រ ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុ៩ខែ • ផ្តល់អាហារសម្រន់ឥតឈប់ក្នុងមួយថ្ងៃ។ ៣. ទម្រង់នៃអាហារ៖ ជានិច្ចកាលប៉ាម៉ាក់មិនបានឲ្យកូនគាត់ញ៉ាំអាហារដែលមានទម្រង់រឹង ឬអាហារញ៉ាំបានដោយដៃភ្លាម (finger foods)នោះទេដោយហេតុថាគាត់ខ្លាចកូនគាត់ក្អែរ ឬឈ្លក់ជាដើម។ វាជារឿងសំខាន់ដែលអ្នកគួរតែផ្តល់អាហារដល់គាត់គ្រប់ទម្រង់ ដែលអាចចៀសវាងការសាញអាហារនៅពេលក្រោយ។ កុំភ័យខ្លាចខ្លាំងដល់ថ្នាក់មិនផ្តល់អាហាររឹង និងអាហារដុំៗដល់គាត់ពេក។ ៤. មិនប្រើស្លាបព្រា៖ ក្មេងខ្លះមិនចូលចិត្តការប្រើស្លាបព្រាទេ វាអាចមកពីស្លាបព្រារឹងពេក ឬធំពេក។ អ្នកអាចប្តូរមកប្រើស្លាបព្រាតូច និងទន់បន្តិចវិញ។ ប៉ុន្តែបើគ្មានប្រសិទ្ធភាពទេ មានន័យថាកូនលោកអ្នកចូលចិត្តញ៉ាំដោយប្រើដៃច្រើនជាង។ វាមិនមានបញ្ហាអ្វីទេប្រសិនបើយើងត្រួតពិនិត្យដៃគាត់ ក៏ដូចជាអាហារឲ្យបានស្អាត និងឲ្យបានដិតដល់។ ៥. ការផ្តល់ចំណីច្រើនពេក៖ វាជារឿងសំខាន់ណាស់ដែលមិនត្រូវផ្តល់ចំណីគ្រប់ពេលដែលកូនអ្នកយំ ព្រោះថាកូនលោកអ្នកត្រូវការពេលវេលា សម្រាប់ការរំលាយអាហារ ហើយក៏មិនត្រូវផ្តល់អាហារគ្រប់ពេលដែលគាត់ឃ្លានដែរ។ បើយើងផ្តល់អាហារ គ្រប់ពេលដែលគាត់ឃ្លានពីដំបូង នោះពេលក្រោយគាត់នឹងពិបាកញ៉ាំអាហារគោលដែលយើងផ្តល់ឲ្យគាត់។ ៦. ការដុះធ្មេញ៖ ការដុះពន្លកនៃធ្មេញ អាចបង្កភាពរំខានដល់កូនអ្នកដូច្នេះវាមិនចម្លែកទេដែលក្មេងៗបដិសេធការញ៉ាំក្នុងអំឡុងពេលនេះ។ ការដុះធ្មេញ កើតឡើងអំឡុង៤ខែនៃជីវិត ដែលវាប៉ះពាល់ដល់ការផ្តល់ចំណីដល់គាត់។ ប៉ុន្តែវាមិនអីទេ ដោយគ្រាន់តែផ្តល់អាហារទន់ ត្រជាក់ ដល់កូនលោកអ្នកក្នុងអំឡុងពេលនេះជាការស្រេច។ ៧. អស់កម្លាំងពេក៖ ពេលខ្លះ គាត់មិនញ៉ាំអាហារមកពីគាត់ហត់ពេក។ ត្រូវប្រាកដថា កូនលោកអ្នកគេងបានគ្រប់គ្រាន់ ហើយអ្នកអាចបង្កើតតារាងពេលវេលាដែលកូនអ្នកគួរតែគេងជារៀងរាល់ថ្ងៃឲ្យបានត្រឹមត្រូវចៀសវាងឲ្យគាត់លេងច្រើនពេកភ្លេចការសម្រាក។ ៨. ស្ត្រេស៖ បើកូនលោកអ្នកមានអារម្មណ៍មិនល្អ អ្វីដែលប៉ះពាល់ដល់គាត់គឺអាហារ។ វាជាការសំខាន់ដែលមិនត្រូវបង្ខំឲ្យគាត់ញ៉ាំអាហារនោះទេ។ គួរតែឲ្យគាត់ញ៉ាំអាហារដែលគាត់ចូលចិត្ត ទោះជាអាហារកាន់ដោយដៃក៏បាន។ លោកអ្នកគួរលើកទឹកចិត្តឲ្យគាត់ញ៉ាំ ជាជាងការបង្ខំពួកគាត់ ហើយពេលដែលកូនលោកអ្នកអាចញ៉ាំបានវិញ អ្នកអាចផ្តល់នូវអាហារថ្មីៗ និងទម្រង់ផ្សេងៗបាន។ ដំណោះស្រាយទាក់ទងនឹងការបាត់បង់ចំណង់អាហារ ១. ផ្តល់ចំណីឲ្យគាត់ពេលដែលសមាជិកគ្រួសារកំពុងញ៉ាំ៖ មនុស្សគឺ ចូលចិត្តភាពជួបជុំកម្សាន្ត ជាពិសេសគឺពេលបាយហ្នឹងហើយ។ ពេលញ៉ាំបាយជុំគ្នាបាន ធ្វើឲ្យអារម្មណ៍របស់កូនលោកអ្នកកាន់តែសប្បាយ ដែលគាត់គិតថា គាត់ក៏ជាចំណែកមួយនៃគ្រួសារដែរ បើទោះគាត់ញ៉ាំមិនច្រើនតាមដែលអ្នកគិតក៏ដោយ។ ២. យកគាត់មកកាន់តែកៀកតុបាយកាន់តែល្អ៖ បើសិនជាអាច ប្រើកៅអីដែលខ្ពស់ដែលអាចឲ្យគាត់អង្គុយញ៉ាំរួមតុជាមួយយើងបាន។ កៅអីនោះអាចខ្ពស់ជាងគេពិតមែន ប៉ុន្តែកូនតូចរបស់លោកអ្នកចង់ដឹងចង់ធ្វើតាមនូវសកម្មភាពពេលបាយ ជាពិសេសបាយល្ងាចដើម្បីឲ្យគាត់មានអារម្មណ៍ថាគាត់ក៏ជាផ្នែកមួយនៃគ្រួសារអ្នកដែរ។ ៣. ផ្តល់ចំណីដូចដែលអ្នកក្នុងគ្រួសារញ៉ាំ៖ ស៊ុបខាប់ៗសម្រាប់គាត់ពេលខ្លះគួរឲ្យធុញណាស់។ អាហារសម្រាប់យើងអាច ហឹរ រឹង ក្លិនឈ្ងុយ និងមានពណ៌ប្លែកៗដែលវាគួរឲ្យចាប់អារម្មណ៍ជាងស៊ុបខាប់។ វាល្អសម្រាប់កូនលោកអ្នកដែលទើបចាប់ផ្តើមអាហារ ល្អសម្រាប់ការលូតលាស់ចលនាសាច់ដុំ ការដឹងរសជាតិអារម្មណ៍ជាមួយអាហារ និងអាហារូបត្ថម្ភរបស់ពួកគេទៀតផង។ ៤. គួរឲ្យគាត់ញ៉ាំខ្លួនគាត់៖ ក្មេងខ្លះគាត់ចង់ញ៉ាំខ្លួនគាត់ដោយការចាប់កាន់ស្លាបព្រា ហើយប្រាប់អ្នកថា “ខ្ញុំអាចញ៉ាំខ្លួនឯងបាន”។ តែក្មេងខ្លះក៏ប្រើដៃធ្វើឲ្យប្រឡាក់ពេញតុ ទាំងលើកៅអី និងក្រោមកៅអី ពេញទាំងខោអាវទៀត។ ត្រូវប្រុងប្រយ័ត្ននូវអ្វីដែលគាត់ញ៉ាំដោយអាចចាប់អាហារដាក់ឲ្យគាត់និងប្រាប់ពីអាហារណាគួរញ៉ាំហើយនិយាយជាមួយគាត់ សើចដាក់គាត់ និងឲ្យគាត់ញ៉ាំដោយខ្លួនគាត់។ ៥. គាត់ចូលចិត្តអាហារដែលនៅក្នុងចានយើង៖ អ្នកអាចផ្តល់អាហារដែលជារបស់អ្នកឲ្យគាត់ និងលេងជាមួយគាត់ ដូចជា ម៉ាក់មួយម៉ាត់ រួចកូនមួយម៉ាត់។ នៅអាយុ ២ ទៅ៣ឆ្នាំគាត់តែងតែចង់ញ៉ាំនូវអ្វីដែលអ្នកញ៉ាំ។ ៦. ភាសាសញ្ញាគឺមានប្រយោជន៍ណាស់នៅអាយុនេះ៖ បើអ្នកបង្រៀនកូនអ្នកពីពាក្យសញ្ញាខ្លះដូចជា គោគោ ទៀត អែតហើយ អស់លីង។ល។ ពួកគាត់ងាយក្នុងការទំនាក់ទំនងមកយើង ដែលក្នុងវ័យ២ ទៅ៣ខួប ជាវ័យដែលល្អបំផុតក្នុងការចាប់ផ្តើមប្រើពាក្យសញ្ញាទាំងនេះ។ ៧. បន្តបំបៅកូនដោយទឹកដោះ ហើយបន្ថែមអាហារបន្តតាមក្រោយ៖ ដូចដែលបានរៀបរាប់ខាងលើ កូនលោកអ្នក គួរតែបំបៅទឹកដោះសុទ្ធក្នុង ៦ខែដំបូងចាប់ពី ៦ខែទៅទោះជាទឹកដោះម្តាយបានថមថយនូវសារធាតុចិញ្ចឹមមែន ប៉ុន្តែវានៅតែមានសារប្រយោជន៍ដដែលដូច្នេះគួរបន្តបំបៅដោះគាត់ដល់ ១២ខែ ជាមួយនឹងការផ្តល់អាហារបន្ថែម ចាប់ពី៦ខែទៅទើបល្អ។ ៨. ត្រូវប្រាកដថាគាត់ទទួលបាននូវអាហារបៃតង ឬអាហារសរសៃបានគ្រប់គ្រាន់៖ កូនលោកអ្នកនឹងយំ ហើយមិនចង់ញ៉ាំអាហារបើគាត់ទល់លាមក។ អ្នកអាចក្រឡុកបន្លែបៃតងឲ្យគាត់ញ៉ាំបាន ឬក៏លើកទឹកចិត្តឲ្យញ៉ាំបន្លែផ្លែឈើដែលមានពណ៌បៃតងឲ្យបានច្រើន។ ត្រូវចងចាំថា វាមិនមែនជាបញ្ហាទេបើកូនតូចរបស់លោកអ្នកមិនបានញ៉ាំអាហារ ១ថ្ងៃ ឬញ៉ាំតិច ២ ទៅ៣ថ្ងៃក៏ដោយ បើសិនជាគាត់មើលទៅធម្មតា។ បន្ថែមពីនេះទៀត បើលោកអ្នកនៅតែព្រួយបារម្ភក្រោយពេលអ្នកបានមើលថែគាត់ដិតដល់ហើយ ឬក៏គាត់ស្រាប់តែញ៉ាំតិច ឬមិនញ៉ាំភ្លាមៗ ហើយគាត់រញ៉ាំរញ៉ូវ និងយំមិនឈប់ គួរតែនាំគាត់មកជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ចៀសវាងគ្រោះថ្នាក់ទៅថ្ងៃក្រោយ។ ឯកសារយោង៖ https://www.mummycooks.com/blogs/advice/what-to-do-if-baby-refuses-to-eat-solids https://zerotofive.net/parenting/baby-refusing-to-eat-8-things-to-consider/ អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការចិញ្ចឹមកូន ការចិញ្ចឹមកូន ការចិញ្ចឹមកូនឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់នេះមានទំនាក់ទំនងមួយផ្នែកធំទៅនឹងហ្សែន រួមទាំងទម្លាប់ក្នុងការបរិភោគ និងការរស់នៅប្រចាំថ្ងៃរបស់កុមារផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖ ១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព ការញ៉ាំអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាផ្នែកមួយសំខាន់ដែលកុមារគួរតែទទួលបានជាប្រចាំដើម្បីការលូតកម្ពស់របស់ពួកគេ។ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។ ២. ធ្វើលំហាត់ប្រាណ ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។ ៣. សម្រាកឲ្យបានគ្រប់គ្រាន់ នៅពេលកុមារគេង សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។ ៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ក្រៅពីអាចជួយដល់ការលូតលាស់របស់ឆ្អឹង ទម្លាប់ទាំងនេះជាឥរិយាបថមួយដែលល្អសម្រាប់កុមារ និងអាចបង្កើននូវទំនុកចិត្តឲ្យពួកគេផងដែរ។ ៥. ញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិកាល់ស្យូម កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ និងមានទម្រង់ត្រឹមត្រូវ។ បន្ថែមពីលើចំណីអាហារ ទឹកដោះគោជាប្រភពកាល់ស្យូមមួយសំខាន់ ហេតុនេះហើយលោកអ្នកគួរបង្កើតទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីធានាបាននូវបរិមាណកាល់ស្យូមគ្រប់គ្រាន់ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងរបស់ពួកគេ។ ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ៕ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការចិញ្ចឹមកូនយើងដឹងហើយថាធ្មេញ មានសារសំខាន់ណាស់សម្រាប់កុមារក្នុងការទំពា និងខាំអាហាររឹងៗ។ លើសពីនេះទៅទៀត វាក៏ជាចំណែកមួយដែលជួយសម្រួលក្នុងការនិយាយ និងបញ្ចេញសំឡេងរបស់កុមារផងដែរ។ ហេតុនេះហើយការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូចគឺជាចំណុចមួយចាំបាច់ដែលលោកអ្នកគួរយកចិត្តទុកដាក់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពធ្មេញរបស់ពួកគេឲ្យមានភាពរឹងមាំនិងចៀសវាងពីការខូចខាតបានចាប់តាំងពីកូនអ្នកនៅតូចៗ៖ បន្ថយការញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំង ការញ៉ាំអាហារមួយចំនួនដែលមានផ្ទុកជាតិស្ករខ្ពស់អាចបណ្តាលឲ្យកុមារប្រឈមមុខនឹងជំងឺពុកធ្មេញ។ ជាតិស្ករដែលកុមារញ៉ាំចូលនឹងប៉ះជាមួយបាក់តេរីដែលនៅជាប់នឹងធ្មេញរបស់ពួកគេ បង្កើតបានជាអាស៊ីតដែលអាចធ្វើឲ្យធ្មេញកុមារងាយពុក ប្រហោង និងបណ្តាលឲ្យមានការឈឺចាប់។ តាមការសិក្សារបស់ The American Academy of Pediatric និងក្រុមគ្រូពេទ្យជំនាញផ្នែកកុមារ បានបញ្ជាក់ថាកុមារដែលមានអាយុក្រោម ១ឆ្នាំគួរចៀសវាងការញ៉ាំអាហារផ្អែមខ្លាំង ដែលក្នុងនោះរួមមាន ភេសជ្ជ: ទឹកផ្លែឈើកំប៉ុងដែលមានជាតិផ្អែម ស្ករគ្រាប់ ស្ករ សូកូឡា។ល។ លើសពីនេះទៅទៀត លោកអ្នកគួរចៀសវាងទម្លាប់ក្នុងការដាក់ឲ្យកូនតូចៗញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើដោយប្រើដបក្បាលដោះមុនពេលចូលគេងព្រោះទម្លាប់ទាំងនេះនឹងផ្តល់ផលអាក្រក់ដល់សុខភាពមាត់ធ្មេញរបស់ពួកគេ។ បង្រៀនកូនឲ្យចេះដុសសម្អាតធ្មេញឲ្យបានទៀងទាត់ ការចាប់ផ្តើមបង្រៀនកូនៗឲ្យចេះដុសធ្មេញ ជាការងារមួយដែលអ្នកគួរតែធ្វើដើម្បីធានាបាននូវសុខភាពមាត់ធ្មេញល្អសម្រាប់កុមារ។ លោកអ្នកអាចចាប់ផ្តើមធ្វើការសម្អាតធ្មេញឲ្យពួកគេ ទោះបីជាធ្មេញរបស់គេមិនទាន់ដុះក៏ដោយ ដោយធ្វើការដុសសម្អាតអញ្ចាញធ្មេញជាមួយក្រណាត់ទន់ស្អាតបន្ទាប់មកត្រូវបង្ហាត់ឲ្យពួកគេធ្វើការសម្អាតធ្មេញជាប្រចាំ យ៉ាងតិចឲ្យបាន ២ដងក្នុងមួយថ្ងៃពេលធ្មេញរបស់ពួកគេចាប់ផ្តើមដុះ។ ចំពោះបរិមាណថ្នាំដុសធ្មេញដែលត្រូវប្រើមានការប្រែប្រួលទៅតាមអាយុរបស់កុមារ។ លោកអ្នកគួរប្រើថ្នាំដុសធ្មេញក្នុងបរិមាណមួយតិចតួច (ទំហំប៉ុនគ្រាប់បាយ) សម្រាប់ក្មេងដែលមានអាយុតិចជាង៣ឆ្នាំ និង ទំហំប៉ុនគ្រាប់សណ្តែកដី សម្រាប់ក្មេងដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ កុមារតូចៗគួរតែទទួលបានជំនួយពីប៉ាម៉ាក់ក្នុងពេលសម្អាតបន្ទាប់មកលោកអ្នកអាចសាកល្បងឲ្យពួកគេដុសសម្អាតដោយខ្លួនឯងពេលដែលក្មេងកាន់តែធំ។ ការជ្រើសរើសប្រភេទថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ ដោយសារតែនៅលើទីផ្សារមានផលិតផលថ្នាំដុសធ្មេញច្រើនប្រភេទ លោកអ្នកអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលសមស្របទៅនឹងកូនតូចៗ។ ជាទូទៅ ទន្តបណ្ឌិតបានណែនាំឲ្យជ្រើសរើសពពួកថ្នាំដុសធ្មេញដែលសម្បូរជាតិភ្លុយអរ៉ៃ និងទទួលទានអាហារណាដែលសម្បូរជាតិនេះផងដែរ (ឩ.ទឹកទំពាំងបាយជូរ ទំពាំងបាយជូរក្រៀម...) ព្រោះថាសារធាតុទាំងនេះមានសារសំខាន់ជួយឲ្យធ្មេញកុមារមានភាពរឹងមាំ។ លើសពីនេះទៅទៀត លោកអ្នកអាចស្វែងរកថ្នាំជំនួយដែលមានផ្ទុកសារធាតុនេះនៅតាមឱសថស្ថាននានាដែលនៅជិតលោកអ្នកបន្ទាប់ពីទទួលបានការណែនាំពីទន្តបណ្ឌិត។ ធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ការណាត់ជួបជាមួយទន្តបណ្ឌិតក៏ជាផ្នែកសំខាន់មួយក្នុងការតាមដានសុខភាពមាត់ធ្មេញរបស់កុមារ។ ការណាត់ជួបលើកដំបូងគួរតែធ្វើឡើងនៅពេលដែលធ្មេញដំបូងរបស់គេចាប់ផ្តើមដុះចេញ និងត្រូវចាំបាច់ធ្វើការណាត់ជួបឲ្យបានទៀងទាត់ ដើម្បីឲ្យគ្រូពេទ្យធ្វើការតាមដាន និងពិនិត្យមើលថា តើធ្មេញរបស់កូនអ្នកដុះលូតលាស់បានត្រឹមត្រូវឬទេ? មួយវិញទៀតក្នុងករណីមានការពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ (ឩ. ការដុះធ្មេញមុន ឬក្រោយការកំណត់ធ្មេញពុក ឬប្រហោង...) នោះកូនៗរបស់លោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា។ ការថែទាំសុខភាពមាត់ធ្មេញកុមារមានសារសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលទៅលើការលូតលាស់របស់ពួកគេទៅថ្ងៃក្រោយ។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺមាត់ធ្មេញរបស់កូនៗផងដែរ។ ហេតុនេះហើយលោកប៉ាអ្នកម៉ាក់ទាំងឡាយអាចសាកល្បងវិធីសាស្ត្រទាំងអស់នេះ ដើម្បីឲ្យធ្មេញរបស់កូនតូចមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។ ឯកសារយោង៖ Journal of American Dental Association (JADA) អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការចិញ្ចឹមកូនការចិញ្ចឹមបីបាច់ថែរក្សាកូនជាកាតព្វកិច្ចរបស់លោកប៉ាអ្នកម៉ាក់គ្រប់ៗរូប តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ក្រោយពេលមានបុត្រធីតា លោកប៉ាអ្នកម៉ាក់តែងតែមានការព្រួយបារម្ភពីអនាគតរបស់កូនៗហើយខិតខំស្វែងរកវិធីសាស្ត្រផ្សេងៗក្នុងការបង្ហាត់បង្រៀនពួកគេដើម្បីធានាថាពួកគេទទួលបាននូវភាពជោគជ័យទៅថ្ងៃអនាគត។ លោកអ្នកប្រាកដជាមានការនឿយហត់ ហើយមិនយូរមិនឆាប់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ក្នុងការមើលថែ និងអប់រំប្រៀនប្រដៅពួកគេ ដោយចៀសមិនផុតពីការមានកំហុសឆ្គងផ្សេងៗដោយអចេតនា។ ជាក់ស្ដែងកំហុសឆ្គងមួយចំនួនដែលអាចជះឥទ្ធិពលមិនល្អដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កូនៗរបស់អ្នកដូចជា៖ ១. បារម្ភហួងហែងខ្លាំងពេក ឪពុកម្តាយគ្រប់ៗរូបតែងតែស្រលាញ់ថ្នាក់ថ្នមកូននិងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពួកគេ។ ប៉ុន្តែប៉ាម៉ាក់ខ្លះទម្រើសកូនខ្លាំងជ្រុលពេកដោយមិនហ៊ានបណ្តោយឲ្យកូនធ្វើកិច្ចការងារអ្វីមួយដែលគ្មានជំនួយពីពួកគេឡើយ។ ឧ. ការធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ការស្លៀកពាក់ ងូតទឹក...ឬការសម្រេចចិត្តក្នុងការងារតូចៗ។ ប្រសិនបើលោកអ្នកតែងតែឈរចាំមើលគ្រប់គ្រងកូនគ្រប់ពេលនោះ វាអាចជាមូលហេតុមួយដែលធ្វើឲ្យកូនគ្មានភាពឯករាជ្យ គ្មានភាពជឿជាក់លើខ្លួនឯង និងគ្មានជំហររឹងមាំ។ ហេតុនេះបានជាធ្វើឲ្យកូនរបស់លោកអ្នកប្រែក្លាយជាមនុស្សដែលមិនអាចសម្រេចការងារអ្វីមួយដោយខ្លួនឯងបានឡើយ។ ២. ចូលចិត្តប្រៀបធៀប ឪពុកម្តាយខ្លះចូលចិត្តប្រៀបធៀបកូនរបស់ខ្លួនទៅនឹងកូនអ្នកដទៃ តែនេះមិនមែនជាចំណុចល្អក្នុងការអប់រំកូននោះទេ។ ការអប់រំបែបនេះអាចនឹងធ្វើឲ្យកុមារក្លាយជាមនុស្សម្នាក់ដែលមានសម្ពាធផ្លូវចិត្ត និងគិតច្រើន។ ពួកគេនឹងបាត់បង់នូវទំនុកចិត្តលើខ្លួនឯងថែមទាំងទទួលបាននូវអារម្មណ៍មួយថាខ្លួនឯងមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការ និងមានភាពរារែកក្នុងការសម្រេចចិត្ត។ ទម្លាប់បែបនេះនឹងជះឥទ្ធិពលអាក្រក់ដល់ពួកគេទៅថ្ងៃអនាគត។ ៣. ស្រែកគំហក និងប្រើអំពើហិង្សា ការស្រែកគំហក និងប្រើអំពើហិង្សាអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ប្រសិនបើអ្នកមានទម្លាប់និយាយខ្លាំងៗ ឬស្រែកគំហកដាក់កូន អ្នកគួរកែទម្លាប់ទាំងនេះចេញព្រោះវាអាចធ្វើឲ្យក្មេងមានជំងឺបាក់ស្បាត ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត និងខ្លាចគេទៅថ្ងៃមុខ។ ៤. មិនធ្វើជាគំរូល្អ ក្មេងងាយនឹងទទួលរងនូវឥទ្ធិពលពីមនុស្សធំតាមរយៈទង្វើ និងទម្លាប់របស់ពួកគេព្រមទាំងបរិស្ថាននៅជុំវិញខ្លួនរបស់ក្មេងផងដែរ។ ក្មេងមិនអាចបែងចែកដោយខ្លួនឯងថា ទង្វើណាជះឥទ្ធិពលល្អ ឬអាក្រក់ឡើយ។ ដោយឡែក កូនដែលពូកែកុហកជាលទ្ធផលបានពីប៉ាម៉ាក់ដែលពូកែកុហក។ លោកប៉ាអ្នកម៉ាក់ដែលមិនបានដើរតួនាទីជាមេគ្រួសារ ឬមេផ្ទះដែលមានទំនួលខុសត្រូវនឹងមិនអាចមានឱកាសទទួលបានកូនដែលមានសមត្ថភាពអាចគ្រប់គ្រងការងារមួយប្រកបដោយទំនួលខុសត្រូវនោះទេ។ ៥. មិនចំណាយពេលវេលាជាមួយកូន ក្មេងត្រូវការការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អពីប៉ាម៉ាក់ ដើម្បីឲ្យការលូតលាស់ផ្នែកបញ្ញាស្មារតី និងសារពាង្គកាយបានល្អប្រសើរ។ ឪពុកម្តាយខ្លះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជាមួយកូននោះទេ ខ្លះទៀតទុកកូនចោលឲ្យលេងតែម្នាក់ឯង ឬមើលស្មាតហ្វូន...ទាំងនេះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យកូនក្លាយជាក្មេងមិនចេះមាត់ក មិនសូវចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃ និងខ្វះភាពកក់ក្តៅ។ ហេតុដូចនេះ កូនរបស់អ្នកអាចនឹងក្លាយជាមនុស្សឯកោ និងពិបាកចូលចំណោមក្នុងសង្គមនៅពេលដែលពួកគេធំឡើង។ ៦. បិទសិទ្ធិសេរីភាពរបស់កូន កុមារគ្រប់រូបទទួលបាននូវសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តដោយគ្មានការគាបសង្កត់ពីមនុស្សពេញវ័យ។ ដោយឡែក ប៉ាម៉ាក់មួយចំនួនតែងគិតថាកាលបើយើងបើកសិទ្ធិឲ្យកូនធ្វើអ្វីតាមចិត្ត នោះជាទម្លាប់មិនល្អដែលអាចធ្វើឲ្យកូនក្លាយជាក្មេងទម្រើស។ នេះជាទស្សនៈមួយដែលមិនត្រឹមត្រូវនោះទេក្មេងគួរតែទទួលបានសិទ្ធិនេះយ៉ាងពេញលេញដើម្បីឲ្យពួកគេក្លាយជាក្មេងដែលមានទំនុកចិត្តលើខ្លួនឯង។ ដូច្នេះ ប្រសិនបើលោកអ្នកមានទម្លាប់ក្នុងការចិញ្ចឹមកូនដូចដែលយើងបានរៀបរាប់ខាងលើ លោកអ្នកគួរតែព្យាយាមកែប្រែទម្លាប់ទាំងនេះចេញដើម្បីកាត់បន្ថយការរងសម្ពាធផ្លូវចិត្ត និងចៀសវាងការបង្កើតនូវទម្លាប់មិនល្អរបស់ក្មេង។ កុមារដែលមិនរងការប៉ះទង្គិចផ្លូវចិត្តនឹងអាចក្លាយជាមនុស្សពេញវ័យដែលមានភាពជោគជ័យក្នុងឆាកជីវិត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ការចិញ្ចឹមកូនជាធម្មតាខួរឆ្អឹងមានតួនាទីផលិតនូវកោសិកាពូជដើមរបស់គ្រាប់ឈាមចំនួនរាប់រយពាន់លានជារៀងរាល់ថ្ងៃ ហើយវាក៏ជាទីតាំងដែលអនុញ្ញាតឲ្យកោសិកាពូជដើម (Hematopoietic stem cell) ទាំងនេះអាចរីកលូតលាស់ និងបំបែកខ្លួនជាច្រើនដំណាក់កាល មុននឹងប្រែក្លាយជាកោសិកាគ្រាប់ឈាមដែលអាចបំពេញមុខងារបាន។ កោសិកាឈាមដែលមានមុខងារទាំងនោះមានដូចជា កោសិកាឈាមក្រហមដែលមានមុខងារដឹកនាំអុកស៊ីសែន កោសិកាឈាមសដែលមាននាទីការពាររាងកាយពីជំងឺ និងផ្លាកែតដែលមាននាទីជួយឲ្យឈាមកកនៅពេលមានរបួស តែនៅពេលមានជំងឺមហារីកឈាមកើតឡើង មុខងារនៃកោសិកាឈាមទាំងនេះក៏ត្រូវបានបាត់បង់។ ជំងឺមហារីកឈាម (Leukemia) ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម ជាការកើនឡើងនូវប្រភេទកោសិកាខ្ចី (Blast Cell) មិនមែនជាការកើនឡើងកោសិកាឈាមស។ ជំងឺនេះត្រូវបានបែងចែកជា២ប្រភេទធំៗគឺ ប្រភេទមហារីកឈាមធ្ងន់ធ្ងរ ឬស្រួចស្រាវ ដែលអាចងាយនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រភេទមហារីកឈាមរ៉ាំរ៉ៃ ដែលមិនសូវស្តែងចេញជារោគសញ្ញាគ្រោះថ្នាក់ភ្លាមៗនោះទេ។ និយមន័យនៃជំងឺមហារីកឈាមស្រួចស្រាវ វាជាជំងឺកាចសាហាវ និងធ្ងន់ធ្ងរ ដែលកើតឡើងពីការវិវឌ្ឍមិនប្រក្រតីនៃកោសិកាពូជដើមរបស់គ្រាប់ឈាម (Hematopoietic stem cell) នៅក្នុងខួរឆ្អឹងដោយសារតែមានការបង្អាក់លើការវិវឌ្ឍនៃកោសិកាខ្ចីដែលគេហៅថា កោសិកាប្លាស (Blast Cell) ជាហេតុធ្វើឲ្យវាមិនអាចវិវឌ្ឍជាកោសិកាមានមុខងារពេញលេញបន្តទៀតបាន។ ជាទូទៅជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទបន្តទៀតគឺ Acute Myeloid Leukemia (AML) និងAcute Lymphoid Leukemia (ALL)។ មូលហេតុចម្បង និងកត្តាប្រឈម រហូតមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញនៅលើសកលលោកណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺនេះឡើយ។ ប៉ុន្តែ វាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនក្នុងនោះមានដូចជា៖ • តំណពូជ៖ ជាទូទៅអ្នកដែលមានសាច់ញាតិកើតជំងឺមហារីកឈាម អាចនឹងមានឱកាសប្រឈមនឹងការកើតជំងឺនេះ ខ្ពស់ជាងអ្នកដែលគ្មានសាច់ញាតិកើតបញ្ហានេះ • លក្ខខណ្ឌនៃការរស់នៅ៖ ទីតាំងរស់នៅដែលមានបរិស្ថានមិនស្អាត មានដូចជា ការបង្ហូរចោលនូវកាកសំណល់មិនល្អនៃរោងចក្រដែលមានផ្ទុកសារធាតុគីមី និងផ្សែងពុល • លក្ខខណ្ឌការងារ៖ អ្នកដែលធ្វើការក្នុងរោងពុម្ព ជ្រលក់ទឹកថ្នាំ ការពុលដោយការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ការប៉ះផ្ទាល់ដោយមិនមានសម្លៀកបំពាក់ ឬសម្ភារៈការពារត្រឹមត្រូវ • ការប្រើប្រាស់ថ្នាំ៖ អ្នកដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬកាំរស្មីដើម្បីកម្ចាត់មេរោគមហារីកពីមុនមក ឬប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ លើសកម្រិត និងរយៈពេលយូរ ដូចជាប្រភេទថ្នាំផ្សះ (Antibiotic) Chloramphenicol។ គួរបញ្ជាក់ផងដែរថា ប្រជាជនគ្រប់វ័យទាំងអស់មិនថា ប្រុស ឬស្រី ក្មេង ឬចាស់សុទ្ធតែអាចកើតជំងឺនេះបានដូចគ្នា។ គ្រាន់តែ កូនក្មេងប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ ALL ជាង AML ចំណែកមនុស្សចាស់ប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ AML ជាង ALL។ រោគសញ្ញា និងយន្តការជំងឺ ដោយសារកោសិកាប្លាស (Blast Cell) មិនអាចវិវឌ្ឍបន្តទៀតបាន នោះកោសិកាដែលមានមុខងារពេញលេញថ្មីៗ ដូចជា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត នឹងមិនអាចកើតឡើងបានល្អ ឬកើតឡើងបានខ្លះ មិនគ្រប់ចំនួនដើម្បីបំពេញមុខងារធម្មតារបស់វា។ ហេតុការណ៍នេះ បណ្តាលឲ្យរាងកាយទាំងមូលនឹងអាចប្រឈមនឹងបញ្ហាយ៉ាងច្រើនទាក់ទងកង្វះខាតកោសិកាមានមុខងារ និងការកើនឡើងនៃកោសិកាខ្ចី ដែលរោគសញ្ញាទាំងនោះរួមមាន៖ • កង្វះកោសិកាឈាមក្រហម៖ អ្នកជំងឺអាចហត់អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល ហុឹងត្រចៀក និងអាចឈានដល់ការគាំងបេះដូងក្នុងករណីធ្ងន់ធ្ងរ • កង្វះកោសិកាឈាមស៖ ធ្វើឲ្យអ្នកជំងឺងាយរងនឹងការចម្លងរោគពីខាងក្រៅ • កង្វះកោសិកាផ្លាកែត៖ អ្នកជំងឺប្រឈមខ្ពស់ក្នុងការហូរឈាមដែលអាចស្តែងចេញជាការហូរឈាមខ្មៅតាមលាមក ឬអាចស្តែងចេញជាអាការៈដូចជា Stroke ប្រសិនបើមានការដាច់សរសៃឈាមក្នុងខួរក្បាល • ការកើនឡើងកោសិកាខ្ចី (Blast Cell)៖ ជាប្រភេទកោសិកាធំៗ ដែលវាបណ្តាលឲ្យមានការស្ទះលំហូរឈាម ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ករណីស្ទះលំហូរឈាមនៅសរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត និងតម្រងនោម(Leukostasis Syndrome) ដែលអាការៈទាំងនោះអាចស្តែងចេញជា ការស្ទះសរសៃឈាមខួរក្បាលដោយកោសិកាឈាម (Stroke Ischemic by Blast) ការស្ទះនៅសរសៃឈាមសួត (PulmonaryEmbolism) ដែលអាចស្តែងចេញជាហត់ ដង្ហក់ គាំងបេះដូង (myocardial infarction) និងអាចបណ្តាលឲ្យខូចតម្រងនោមជាដើម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាដទៃទៀតដូចជាហើម ឬចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ភ្នាសក្នុងកញ្ចក់ភ្នែកឡើងក្រហមដោយមានហូរឈាម ហើម ឬរីកកូនកណ្តុរ ថ្លើមរីកធំ និងសរីរាង្គអណ្តើករីកធំផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើតេស្តដូចជា៖ • ការបូមឈាម៖ វិធីសាស្រ្តដែលងាយក្នុងការកំណត់រកអត្តសញ្ញាណកោសិកា និងរាប់ចំនួនប្រភេទកោសិកាឈាមដែលមាននៅក្នុងចរន្តឈាម។ ប៉ុន្តែ ការធ្វើតេស្តឈាមតែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់បានថា ជាជំងឺមហារីកឈាមស្រួចស្រាវនោះទេ។ • ការបូមយកទឹកខួរឆ្អឹង (Bone Marrow Aspiration /Myelogram)៖ ដើម្បីបញ្ជាក់ពីស្ថានភាព ឬបញ្ហានៃការវិវឌ្ឍរបស់កោសិកាខួរឆ្អឹង និងកំណត់រកចំនួនកោសិកាប្លាស (Blast Cell) ក្នុងការបញ្ជាក់កាន់តែច្បាស់ថា ជាជំងឺមហារីកឈាមមែន ឬយ៉ាងណា។ • ការធ្វើ Flow Cytometry, Cytogenetic Analysis, Fluorescence In Situ Hybridization (FISH) Analysis៖ ជាវិធីសាស្រ្តថ្មីដែលអាចកំណត់បាននូវប្រភេទមហារីកឈាម និងធ្វើនិទស្សន៍ដើម្បីឲ្យដឹងជាមុននូវភាពជោគជ័យ និងបរាជ័យនៃការព្យាបាលពេលអនាគត។ ការព្យាបាល នាពេលបច្ចុប្បន្ន ជំងឺមហារីកឈាមស្រួចស្រាវនេះមិនអាចត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០% បានទាំងស្រុងភ្លាមៗឡើយ ដោយការព្យាបាលនេះមានគោលដៅបង្អាក់សកម្មភាពជំងឺ កម្ចាត់កោសិកាមហារីកឲ្យបាត់អស់ និងឲ្យដំណើរការខួរឆ្អឹងត្រលប់មកភាពប្រក្រតីឡើងវិញ (Complete Remission)។ បើអ្នកជំងឺទទួលបាននូវComplete Remission នេះលើសពី ៥ ឆ្នាំ យើងអាចសន្និដ្ឋានបានថា អ្នកជំងឺបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ការព្យាបាលនេះរួមមាន៖ • ការព្យាបាលផ្លូវចិត្ត៖ តាមរយៈការលើកទឹកចិត្តពន្យល់អំពីជំងឺឲ្យកាន់តែច្បាស់ទៅដល់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ដើម្បីជួយផ្តល់កម្លាំងចិត្តបន្ថែមដល់អ្នកជំងឺ • ការចាក់បញ្ចូលប្រភេទកោសិកាឈាមដែលខ្វះ មានដូចជា កោសិកាឈាមក្រហម ផ្លាកែត ឬការចាក់ថ្នាំដើម្បីបង្កើនកោសិកាស • ការប្រើប្រាស់ថ្នាំគីមី៖ ដើម្បីឲ្យខួរឆ្អឹងបញ្ឈប់ការផលិតកោសិកាមហារីក និងជំនួសមកវិញនូវការផលិតគ្រាប់ឈាមល្អ ក្នុងគោលបំណងដើម្បីទទួលបាននូវ Complete Remission • ការចាក់បញ្ចូល និងផ្សាំទឹកខួរឆ្អឹងថ្មី (Bone Marrow Transplantation)៖ គឺដើម្បីឲ្យទឹកខួរឆ្អឹងថ្មី អាចផលិតបាននូវប្រភេទកោសិកាឈាមដែលល្អវិញ។ ជាទូទៅ ការព្យាបាលអាចត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ចំណាយរយៈពេលយូរដែលអាចមានរយៈពេលពី ៦ខែ ទៅ ២ឆ្នាំ (ទាំងការព្យាបាលដោយសម្រាកនៅមន្ទីរពេទ្យ និងការប្រើប្រាស់ថ្នាំបន្តនៅផ្ទះ) ព្រមទាំងចំណាយអស់ថវិកាច្រើនគួរសមអាស្រ័យទៅតាមប្រភេទ និងសភាពធ្ងន់ធ្ងររបស់ជំងឺដែលគាត់មាន។ ការតាមដានបន្ត បន្ទាប់ពីការព្យាបាលនៅពេលអ្នកជំងឺទទួលបាន Complete Remission អ្នកជំងឺតម្រូវឲ្យធ្វើការតាមដានដោយការបូមឈាម បូមទឹកខួរឆ្អឹងរបស់គាត់ ដើម្បីវិភាគ និងបញ្ជាក់ពីសមត្ថភាពល្អក្នុងការផលិតគ្រាប់ឈាមឡើងវិញ។ អ្នកជំងឺត្រូវមកបន្តការតាមដាន តាមការណាត់ជួប និងពិគ្រោះជាមួយគ្រូពេទ្យដែលអាចមានរយៈពេលដល់ទៅ ៥ឆ្នាំ ឬលើសពីនេះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានមកទទួលការព្យាបាលឬមានភាពយឺតយ៉ាវក្នុងការមកទទួលការព្យាបាលដែលត្រឹមត្រូវនោះ អ្នកជំងឺអាចនឹងកើតមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតដោយសារ កង្វះខាតអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ ការបង្ករោគនៅក្នុងឈាម (Septicemia) ការហូរឈាមខ្លាំង (Hemorrhage) ការស្ទះសរសៃឈាមខួរក្បាល (Stroke Ischemic/ Stroke Hemorrhagic) ការត្បៀតឬស្ទះសរសៃឈាមបេះដូង ការស្ទះដំណកដង្ហើម និងការខូចតម្រងនោមជាដើម។ វិធីសាស្រ្តការពារខ្លួន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ • ចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដែលចេញពីរោងពុម្ព ទឹកថ្នាំជ្រលក់ពណ៌ ថ្នាំកសិកម្មនានា តាមរយៈការពាក់ម៉ាស ស្រោមដៃ ស្រោមជើង ដែលអាចការពារបានជិតល្អ បូករួមជាមួយការស្លៀកពាក់ដែលគ្របដណ្តប់ពេញទាំងខ្លួនរាល់ពេលធ្វើកិច្ចការ • គួរចៀសវាងការរស់នៅជិតតំបន់រោងចក្រដែលបង្ហូរកាកសំណល់គីមី និងឧស្ម័នពុលដែលមិនបានធ្វើប្រព្រឹត្តកម្មជាមុន • ចៀសវាងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗដោយខ្លួនឯង ឬចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ប្រើប្រាស់ថ្នាំលើសកម្រិត និងរយៈពេលយូរ ជាពិសេសប្រភេទថ្នាំផ្សះ (Antibiotic)។ សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតមានជំងឺនេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀត អ្នកគួរស្វែងរកការព្យាបាលនៅទីកន្លែងណាដែលអាចមានលទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាល ជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិត ចំណាយពេលវេលា និងថវិកាច្រើន។យ៉ាងណាមិញ សូមឲ្យអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ទាំងអស់បន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបណ្តារោងចក្រណា ដែលមិនបានគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជនក្បែរនោះផងដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ វណ្ណារិទ្ធ ឯកទេសជំងឺមហារីក ជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែកនិយមន័យ ជំងឺរបើកសរសៃបាតភ្នែក គឺជាការដាច់រហែកចេញពីគ្នារវាងស្រទាប់កោសិកាពណ៌របស់បាតភ្នែក និងកោសិកាចាប់ពន្លឺនៃសរសៃបាតភ្នែកដែលគេហៅថារ៉េទីន (Retina)។ មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺនេះ តែកត្តាសំខាន់ដែលធ្វើឲ្យមានការរបើកនេះ គឺការប្រែជាស្តើងនៃសរសៃបាតភ្នែកដែលបណ្តាលមកពី៖ • ជរាភាពនៃសរីរាង្គភ្នែក • ចំណុចខ្សោយ ឬកន្លែងងាយដាច់រហែកផុយនៅជុំវិញបរិវេណសរសៃបាតភ្នែក • ការប៉ះទង្គិច៖ ករណីប៉ះខ្លាំងលើសរសៃបាតភ្នែក អាចបណ្តាលឲ្យដាច់រហែក ឬមានប្រហោង • បញ្ហាម៉្ញូបដែលមានដឺក្រេខ្ពស់ • អ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ករបានល្អ។ បុគ្គលដែលប្រឈមខ្ពស់នឹងការកើតជំងឺរបើកសរសៃបាតភ្នែកនេះ មានដូចជា៖ • មនុស្សចាស់៖ សរសៃបាតភ្នែករបស់ពួកគាត់មានភាពខ្សោយស្តើង • អ្នកមានភ្នែកម៉្ញូបខ្ពស់ជាង៨០០៖ ភ្នែកម៉្ញូបជាប្រភេទភ្នែកមានប្រវែង វែងខុសពីភ្នែកធម្មតា ដូចនេះ វាធ្វើឲ្យមានការទាញទៅលើសរសៃបាតភ្នែក នាំឲ្យបាតភ្នែកស្តើង និងអាចមានប្រហោង • អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលដិតដល់ បណ្តោយឲ្យស្ករឡើងខ្ពស់ពេក ធ្វើឲ្យមានកកខ្លាញ់នៅភ្នែក ឬមានសរសៃឈាមនៅបាតភ្នែក នាំឲ្យមានដុះកោសិកាថ្មី ដាច់រហែក បាតភ្នែក។ រោគសញ្ញានៃជំងឺរបើកសរសៃបាតភ្នែក ជំងឺនេះ កើតឡើងដំបូងស្ទើរមិនមានលេចចេញរោគសញ្ញា។ អ្នកជំងឺ ដែលមានជំងឺរបើកសរសៃបាតភ្នែកអាចមានរោគសញ្ញាដូចជា៖ • អ្នកជំងឺអាចឃើញមានដុំពណ៌ខ្មៅ ហោះចុះហោះឡើងនៅពីមុខហើយច្រើនទៅៗ • អ្នកជំងឺ ឃើញផ្លេកបន្ទោរពណ៌សពេលក្រឡេកឆ្វេងស្តាំនៅពេលយប់ • បើការរបើកទៅបាំងលើប្រស្រីភ្នែក អ្នកជំងឺនឹងមានអារម្មណ៍ថាមានផ្ទាំងខ្មៅមកបាំងនៅលើ ឬពីក្រោម ឬពីចំហៀងដែលផ្ទាំងនោះនឹងបិទបន្តិចម្តងៗ រហូតដល់បិទប្រស្រីភ្នែកទាំងស្រុងដែលធ្វើឲ្យអ្នកជំងឺមិនអាចមើលឃើញបាន។ យន្តការនៃជំងឺរបើកសរសៃបាតភ្នែក យន្តការនៃការធ្វើឲ្យរបើកសរសៃបាតភ្នែកនេះ គឺអាស្រ័យទៅតាមមូលហេតុដូចជា៖ • អ្នកជំងឺខ្លះនៅបរិវេណជុំវិញបាតភ្នែកមានចំណុចខ្សោយស្រាប់ ដែលធ្វើឲ្យសរសៃបាតភ្នែកស្តើងខ្លាំង ដូច្នេះពេលញីភ្នែក ឬប៉ះទង្គិចតិចតួច អាចបណ្តាលឲ្យប្រហោង និងរហែក • ការប៉ះទង្គិចខ្លាំងទៅលើភ្នែក អាចធ្វើឲ្យទាញសរសៃបាតភ្នែកដាច់ពីគ្នា ឬឲ្យប្រហោង និងរហែកចេញពីគ្នា។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរបើកសរសៃបាតភ្នែក អាចធ្វើរោគវិនិច្ឆ័យ ដូចជា៖ • វាស់ការមើលឃើញរបស់អ្នកជំងឺថាតើធ្លាក់ចុះ ឬនៅធម្មតា • វាស់សម្ពាធក្នុងភ្នែក៖ - ករណីសម្ពាធក្នុងភ្នែកគ្មានការប្រែប្រួលបង្ហាញថាអ្នកជំងឺទើបកើតជំងឺនេះ - ករណីសម្ពាធក្នុងភ្នែកទាបខ្លាំង ឬទន់ខ្លាំង ជាងភ្នែកម្ខាងទៀត បញ្ជាក់ថាអ្នកជំងឺកើតជំងឺនេះយូរហើយ។ • ពិនិត្យមើលសរសៃបាតភ្នែកទាំងមូល ដើម្បីពិនិត្យមើលពី៖ - ទំហំរបើក - កន្លែងរបើក - ថាតើវាមានបាំងចំកន្លែងចាប់រូបភាព ឬអត់ - មានទឹកច្រើន ឬតិចក្នុងសរសៃបាតភ្នែក។ ការព្យាបាល ករណីអ្នកជំងឺមើលឃើញមានដុំពណ៌ខ្មៅហោះ ឬឃើញផ្លេកបន្ទោរនៅពេលយប់ នោះអ្នកជំងឺត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញចក្ខុរោគ ដើម្បីពិនិត្យ និងទទួលការព្យាបាល។ ជំងឺរបើកសរសៃបាតភ្នែកនេះ អាចព្យាបាលឲ្យជាសះស្បើយបានប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលបានទាន់ពេលវេលា។ បើគ្រាន់តែដាច់រហែក ឬប្រហោង បញ្ជាក់ថានៅដំណាក់កាលដំបូង ការព្យាបាលត្រូវធ្វើដោយ ការបាញ់កាំរស្មីព័ទ្ធជុំវិញប្រហោងនោះ ដើម្បីការពារការរបើក។ បើប្រហោងនោះមានទឹកជ្រាបចូល វាជាជំងឺរបើកសរសៃបាតភ្នែកពិតប្រាកដ ការព្យាបាលត្រូវធ្វើ ដោយការវះកាត់ អាស្រ័យទៅតាមទំហំ ទីតាំង រយៈពេលរបើក ប្រើកងស៊ីលីកូនព័ទ្ធជុំវិញដើម្បីរឹតបន្តឹងកុំឲ្យដាច់ ឬចាក់ស៊ីលីកូន ឬហ្គាសចូលភ្នែកជាមួយការបាញ់កាំរស្មីទប់ ដើម្បីការពារការរបើកម្តងទៀត។ ផលវិបាក ជំងឺរបើកសរសៃបាតភ្នែក គឺជាជំងឺធ្ងន់មួយដែលអាចធ្វើឲ្យអ្នកជំងឺឈានដល់ការបាត់គំហើញទាំងស្រុង ប្រសិនបើទទួលការព្យាបាលមិនបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការព្យាបាលអាចនឹងមិនទទួលបានលទ្ធផលល្អទេ ប្រសិនបើទំហំនៃការរបើកធំ និងមានរយៈពេលយូរ។ វិធីសាស្ត្រការពារ ជំងឺរបើកសរសៃបាតភ្នែក មិនមែនថាមិនអាចការពារបានទេ។ មានវិធីសាស្ត្រមួយចំនួនដែលអាចធ្វើឲ្យអ្នកជំងឺចៀសពីជំងឺនេះបាន៖ • មនុស្សចាស់គួរមកពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកមានបញ្ហាម៉្ញូបធំជាងលេខ៨០០ ត្រូវធ្វើការពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកដែលមានហានិភ័យខ្ពស់ កុំញីភ្នែកខ្លាំងៗ ឬធ្វើសកម្មភាពណាប៉ះពាល់ដល់ភ្នែកខ្លាំង • អ្នកជំងឺទឹកនោមផ្អែមត្រូវទទួលការព្យាបាលឲ្យទាន់ពេលបើទុកដល់របើក ពិបាកព្យាបាល។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែកនិយមន័យនៃជំងឺ Macular Pucker Macular Pucker គឺជាជំងឺមួយកើតឡើងនៅនឹងស្រទាប់ខាងលើនៃរ៉េទីនផ្នែកកណ្តាល ដែលជាទីតាំង ទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែក អាចមើលឃើញ។ ករណីជំងឺនេះ បង្កឲ្យទៅជាស្នាមនៅខាងលើស្រទាប់រ៉េទីន និងធ្វើឲ្យរ៉េទីនវិវឌ្ឍ ទៅជាជ្រួញផងដែរ។ មូលហេតុ និងកត្តាប្រឈម បុគ្គលដែលងាយប្រឈមនឹងជំងឺនេះ រួមមាន៖ • អ្នកជំងឺម៉្ញូបខ្ពស់ • អ្នកជំងឺទឹកនោមផ្អែម • មនុស្សចាស់ មានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ • អ្នកមានជំងឺភ្នែកមួយចំនួនដូចជា ជំងឺរលាកបាតភ្នែក ជំងឺរលាកកញ្ចក់ភ្នែក បញ្ហាសរសៃឈាម នៅស្រទាប់រ៉េទីន និងការប៉ះទង្គិចចំភ្នែកជាដើម។ រោគសញ្ញា និងយន្តការ រោគសញ្ញានៃ Macular Pucker ស្តែងឡើងតាមរយៈការប៉ះពាល់គំហើញ៖ • ស្រវាំងភ្នែក • មើលវត្ថុ ឬរូបភាពអ្វីមួយដូចជាទឹករលក • មិនសូវច្បាស់ត្រង់ចំណុចកណ្តាល។ យ៉ាងណាមិញ ចំពោះយន្តការរបស់ជំងឺ Macular Pucker គឺនៅពេលដែលអ្នកជំងឺមានអាយុ៥០ឆ្នាំ ឡើងទៅ ស្រទាប់ Vitreous gel ប្រែប្រួលពីលក្ខណៈចាហួយទៅជាទឹក ហើយរបូតចេញ ពីស្រទាប់រ៉េទីន ធ្វើឲ្យរ៉េទីនមានភាពជ្រួញ និងមានស្នាម ដែលជាហេតុបង្កឲ្យទៅជាជំងឺ Macular Pucker។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Macular Pucker គឺផ្អែកទៅលើកត្តាពីរយ៉ាង៖ • ការសាកសួរពីរោគសញ្ញារបស់អ្នកជំងឺដូចជា ស្រវាំងភ្នែក ឬការមើលឃើញរូបភាពជាទឹករលក ដូចបានរៀបរាប់ខាងលើ។ • គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺពិនិត្យស្រទាប់បាតភ្នែកដោយប្រើម៉ាស៊ីន Optical Coherence Tomography (OCT) ដើម្បីឲ្យដឹងថាស្រទាប់បាតភ្នែក ឬរ៉េទីនមានអ្វីនៅពីលើ ដោយចំណាយតែ១០នាទី ក្នុងការដឹងពីលទ្ធផលថាមានជំងឺ Macular Pucker ឬEpiretinal membrane។ ការព្យាបាល និងផលវិបាក ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់លាស់ បើករណីអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្រាន់តែ ស្រវាំងភ្នែក នោះគាត់នឹង មិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ ដោយឡែក បើសិនគាត់មានលេចចេញជារោគសញ្ញា ធ្ងន់ធ្ងរ ឬប៉ះពាល់ទៅលើគំហើញខ្លាំង គ្រូពេទ្យនឹងធ្វើការវះកាត់តាមរបៀបម៉្យាងដែលហៅថា Vitrectomy ដោយវះយកចេញនូវ Vitreous gel និងជំនួសមកវិញដោយសេរ៉ូមប្រៃ។ បន្ទាប់មក គ្រូពេទ្យនឹង ធ្វើការកាត់យកនូវស្នាម នៅពីលើស្រទាប់បាតភ្នែកនោះចេញ ដែលវាជាមូលហេតុបង្កឲ្យមាន Macular Pucker នេះឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានគំហើញតែពាក់កណ្តាល ប៉ុណ្ណោះ។ ដោយឡែក បើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា ឬយឺតយ៉ាវក្នុងការព្យាបាល គាត់នឹងអាច បាត់បង់គំហើញកាន់តែធំទៅៗ និងរហូតដល់មិនអាចធ្វើការព្យាបាលដោយជោគជ័យបាន។ វិធីសាស្រ្តការពារ ដើម្បីការពារពីជំងឺ Macular Pucker ចាំបាច់ត្រូវត្រួតពិនិត្យភ្នែកជាប្រចាំទាំងផ្នែកខាងក្នុង និងបាតភ្នែក ការពារមិនឲ្យមានការប៉ះទង្គិច រក្សាអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងបរិភោគអាហារមានវីតាមីន ឲ្យបានគ្រប់គ្រាន់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែកតើអ្វីទៅជាមហារីកក្នុងគ្រាប់ភ្នែក? មហារីកក្នុងគ្រាប់ភ្នែក ឬដែលពាក្យបច្ចេកទេសហៅថា Retinoblastoma គឺជាប្រភេទមហារីក ក្នុងគ្រាប់ភ្នែក ដែលច្រើនកើតមកពីកោសិកាមិនធម្មតារបស់ស្រទាប់រ៉េទីន។ ភាគច្រើននៃជំងឺនេះ គេសង្កេតឃើញ មានលើកុមារអាយុក្រោម ៥ឆ្នាំ និង ក្រុមកុមារអាយុ១២ខែ ទៅ២៤ខែ ជាមធ្យម ១៨ខែ។ បច្ចុប្បន្ន ជំងឺមហារីកក្នុងគ្រាប់ភ្នែកមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅលើពិភពលោក ហើយ ត្រូវបានគេសិក្សាថា វាកើតមានប្រហែលជា ១១ករណីក្នុងចំណោមកុមារ ១លាននាក់ដែលមានអាយុតិចជាង ៥ឆ្នាំ។ ដោយហេតុថាមិនទាន់ មានការសិក្សាណាមួយពីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ទិន្នន័យពិតប្រាកដរបស់ជំងឺនេះក៏មិនទាន់ត្រូវបានគេដឹង ផងដែរ។ ប៉ុន្តែ បើយើងក្រឡេកមើលទៅប្រទេសជិតខាងរបស់យើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា ប្រទេសវៀតណាមមាន១៨.៩ ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំ ខណៈពេលដែល ប្រទេសថៃមាន ១០ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំដូចគ្នា។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកក្នុងគ្រាប់ភ្នែក គឺវាបណ្តាលមកពីកត្តាបម្រែបម្រួលសេនេទិច របស់ក្រម៉ូសូមទី១៣ ហើយដែលវាអាចជាកត្តាតំណពូជ ឬមិនមែនតំណពូជ។ ករណីតំណពូជ ប្រហែល ៦% ទៅ១០% កុមារអាចនឹងឆាប់កើតមានជំងឺមហារីកក្នុងគ្រាប់ភ្នែក និងកើតលើភ្នែកទាំងសងខាង ប្រមាណប្រហែល៣០% ពិសេសប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង៥ឆ្នាំ។ រោគសញ្ញាជាក់ស្តែង អាការៈនៃជំងឺមហារីកគ្រាប់ភ្នែកដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • ប្រស្រីភ្នែកឡើងពណ៌ស ដូចជាភ្នែកសត្វឆ្មាពេលយប់ • ភ្នែកស្រលៀង • ឈឺភ្នែក ភ្នែកក្រហម និងទឹកដក់ក្នុងភ្នែក • គំហើញថយចុះ • ឈាមនៅថតមុខនៃភ្នែក រីកប្រស្រីភ្នែក និងភ្នែកលៀនជាដើម • លើសពីនេះក៏មានសញ្ញាមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងរោគសញ្ញានេះមាន ភ្នែកឡើងបាយ ទឹកចាហួយនៅក្នុងភ្នែកផ្នែកខាងមុខស្រអាប់ ជំងឺសរសៃបាតភ្នែក ក្មេងកើតមិនគ្រប់ខែ និងជំងឺតុសូការីយ៉ាស៊ីស។ យន្តការនៃជំងឺមហារីកក្នុងគ្រាប់ភ្នែក ហ្សែនទប់ដុំRB1 ស្ថិតនៅលើដៃក្រូម៉ូសូមទី១៣ ទៅតំបន់ទី១៤ មានតួនាទីធ្វើឲ្យមានរបៀបរៀបរយសម្រាប់ នុយក្លេអូប្រូតេអ៊ីននៃRB ដែលជាធម្មតាវាទប់ស្កាត់ទៅនឹងការបែងចែកកោសិកាមិនធម្មតា។ ដូចនេះ ប្រសិនបើ មានបម្រែបម្រួលខ្លះៗនៅក្នុងហ្សែនទប់ដុំRB1 វានឹងបង្កឲ្យទៅជាមហារីកក្នុងគ្រាប់ភ្នែកតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចបញ្ជាក់ថាជាជំងឺមហារីកក្នុងគ្រាប់ភ្នែក អ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដូចជា៖ • ពង្រីកប្រស្រីភ្នែក៖ ថត ឬឆ្លុះមើលសរសៃបាតភ្នែក ដោយឧបករណ៍ Indirect ophthalmoscopy ដើម្បីឲ្យដឹងថាវាជាដុំដែលបង្កឡើងដោយមហារីកក្នុងគ្រាប់ភ្នែក ឬក៏មិនមែន។ • Ultrasonography៖ ដើម្បីចង់ដឹងថាជាដុំរបស់មហារីកក្នុងគ្រាប់ភ្នែក។ • CT Scan៖ ឲ្យដឹងថាដុំមហារីក នឹងវិវឌ្ឍចេញនៅខាងក្នុង ឬនៅខាងក្រៅ ហើយអាចឲ្យយើងដឹងថា ដុំនេះមានរាលដាលទៅកោសិកាសរីរាង្គដទៃ ជាពិសេសពីប្រព័ន្ធសរសៃប្រសាទរហូតដល់ខួរក្បាល។ ការព្យាបាលត្រឹមត្រូវ ជំងឺមហារីកក្នុងគ្រាប់ភ្នែកត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាលនីមួយៗ ដោយត្រូវមានការចូលរួមពី គ្រូពេទ្យឯកទេសភ្នែក គ្រូពេទ្យវះកាត់សរសៃប្រសាទ និងគ្រូពេទ្យព្យាបាលជំងឺមហារីក ផងដែរ។ ករណីស្រាល ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងអាចជាសះស្បើយបាន ប៉ុន្តែបើជាដំណាក់កាលធ្ងន់ធ្ងរ នោះការព្យាបាល មិនសូវបានជោគជ័យទេ។ ជាទូទៅ ការព្យាបាលទាំងនោះរួមមាន៖ • ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំមហារីក • ការដុតនឹងធាតុត្រជាក់ ដើម្បីបំផ្លាញដុំមហារីក • ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ថ្នាំគីមី ដើម្បីបំផ្លាញដុំមហារីក និងមិនឲ្យកោសិកាមហារីកដុះរាលដាល ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។ • ការវះកាត់យកគ្រាប់ភ្នែកចេញ ដើម្បីកុំឲ្យរីករាលដាលទៅសរីរាង្គដទៃទៀត ក្នុងករណី ធ្ងន់ធ្ងរ។ ផលវិបាក កុមារអាចនឹងត្រូវស្លាប់ដោយសារជំងឺមហារីកក្នុងគ្រាប់ភ្នែក ក្នុងអំឡុងអាយុ ២ទៅ៤ឆ្នាំ ប្រសិនបើ មិនមាន ការព្យាបាលទាន់ពេលវេលាទេនោះ។ ផ្ទុយមកវិញ អត្រានៃការជាសះស្បើយអាចរហូតដល់ ៩៥% បើអ្នកជំងឺ ឆាប់ទទួលបានការព្យាបាល និងត្រូវធ្វើការតាមដានឲ្យបានទៀងទាត់។ ទាក់ទងនឹងការតាមដានបន្ទាប់ពី ការព្យាបាលរួច ត្រូវធ្វើតាមដំណាក់កាល ដំបូង ៣ ទៅ ៤ខែម្តង បន្ទាប់មក ៦ខែម្តង ១ឆ្នាំម្ដង រហូតដល់៩ឆ្នាំក្រោយ ព្រោះដុំមហារីកប្រភេទនេះ វានឹងអាចបង្កឲ្យកើតឡើងវិញក្នុងករណីខ្លះ។ វិធីសាស្រ្តការពារ គ្មានវិធីសាស្ត្រណាមួយដើម្បីការពារពីមហារីកក្នុងគ្រាប់ភ្នែកនេះបាននៅឡើយទេមកដល់បច្ចុប្បន្ន ដោយហេតុថា វាជាជំងឺតំណពូជ ឬកើតពីកំណើត។ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាល សង្ស័យ ឬឃើញរោគសញ្ញាមហារីក ក្នុងគ្រាប់ភ្នែកដូចខាងលើ ឬសមាជិកគ្រួសារដែលមាន មហារីកក្នុងគ្រាប់ភ្នែកពីមុនមក ត្រូវតែមកពិនិត្យ និងព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ឬការពារ ពីភាពពិការភ្នែក ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់សរសៃបាតភ្នែក មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែកនិយមន័យជំងឺ Macular Hole Macular Hole គឺសំដៅលើប្រហោងប្រស្រីបាតភ្នែកនៅពីក្រោយកូនក្រមុំភ្នែក ជាទីតាំងសំខាន់ដែលសរសៃប្រសាទភ្នែកទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែកអាចមើលឃើញ។ Macular Hole ត្រូវបានបែងចែកទៅតាមរូបរាង ដែលរួមមាន ២ធំៗខាងក្រោម៖ -Full Thickness Macular Hole៖ សំដៅទៅលើរន្ធប្រស្រីភ្នែកខូចទាំងស្រុងបង្កើតបានជាប្រហោង។ ពេលនោះគំហើញរបស់អ្នកជំងឺចាប់ផ្តើមធ្លាក់ចុះ ហើយមើលឃើញខ្មៅកណ្តាល ឬជួនកាល ឃើញដូចទឹករលកជាដើម។ -Partial-Thickness MacularHole៖ អ្នកជំងឺមិនទាន់មានការប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះទេ ដែលពួកគាត់អាចមើលឃើញច្បាស់នៅឡើយ ឬគំហើញអាចនឹងថយចុះប្រហាក់ប្រហែល ៥០ភាគរយ ឬក៏អាចឃើញរូបភាពវៀច។ មូលហេតុ និងកត្តាជំរុញ - ៨០ ភាគរយនៃ Macular Hole ទាក់ទងនឹងវ័យ ពិសេសចាប់ពី ៦០ ទៅ៧០ឆ្នាំ ដែលកើតលើស្រ្តី ច្រើនជាងបុរសពីរដង។ - អ្នកដែលមានជំងឺលើសរសៃឈាមបាតភ្នែកដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជំងឺស្ទះសរសៃឈាមបាតភ្នែក ឬអ្នកជំងឺ AMD(ជំងឺខូចបាតភ្នែកម៉្យាងដោយសារវ័យចំណាស់)។ - ការប៉ះទង្គិចជាមួយវត្ថុទាលចំភ្នែក ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធភ្នែកខាងក្នុង។ - អ្នកជំងឺដែលធ្លាប់បានព្យាបាលដោយកាំរស្មីឡាស៊ែរ (ករណីកម្រ)។ សញ្ញាសម្គាល់ អ្នកជំងឺ Macular Hole មិនបង្ហាញជាសញ្ញាឈឺចាប់អ្វីនោះទេ ភាគច្រើន គាត់រកឃើញចៃដន្យដោយខ្លួនឯងនូវអាការៈ ដូចជាស្រវាំងផ្សែងៗពិបាកក្នុងការមើលជិត និងឆ្ងាយ ឃើញរូបភាពឬអក្សរតូចជាងភ្នែកម្ខាងទៀត ហើយអាចមានស្រមោលខ្មៅនៅចំកណ្តាល ឬទឹករលក។ ពេលខ្លះអ្នកជំងឺអាចសង្កេតឃើញថា ភ្នែកចាញ់ពន្លឺខុសធម្មតាជាដើម។ យន្តការនៃ Macular Hole - ទ្រឹស្តីពីមុន៖ កំណត់ថា កាលណាដល់អាយុ៦០ឆ្នាំឡើង សរសៃប្រសាទនៅត្រង់ប្រស្រីបាតភ្នែកចាប់ផ្តើមបង្កើតឲ្យមានកូនប្រហោងតូចដុះ យូរទៅក៏ក្លាយទៅជា Macular Hole។ - ទ្រឹស្តីបច្ចុប្បន្ន៖ ធម្មតា នៅផ្នែកខាងលើរបស់ស្រទាប់រ៉េទីន (សរសៃប្រសាទបាតភ្នែក) មានសរីរាង្គមួយហៅថា Vitreous body ស្ថិតជាប់នឹងផ្ទៃខាងលើនៃស្រទាប់រ៉េទីន។ នៅពេលអាយុកាន់តែច្រើន Vitreous body ចាប់ផ្តើមផ្លាស់ប្តូររូបរាងទៅជាមិនស្អិតតោងជាប់ ដែលបណ្តាលឲ្យទាញប្រស្រីបាតភ្នែកខូចទ្រង់ទ្រាយ។ ការធ្វើរោគវិនិច្ឆ័យនៃ Macular Hole ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យបាតភ្នែក(Fundoscopy) ហើយម៉្យាងវិញទៀត គ្រូពេទ្យអាចនឹងពិនិត្យដោយប្រើឧបករណ៍វិភាគឈ្មោះOptical Coherence Tomography(OCT)ដើម្បីដឹងពីទំហំនៃប្រហោង និងអាចសន្និដ្ឋានពីលទ្ធភាពក្នុងការព្យាបាល។ ការព្យាបាល និងការពារ អ្នកជំងឺ Macular Hole ត្រូវព្យាបាលដោយការវះកាត់បូមយក Vitreous body នេះចេញ បន្ទាប់មកចាក់ហ្គាសទៅភ្ជិតរន្ធនោះ ដែលអាចនឹងតម្រូវឲ្យអ្នកជំងឺគេងផ្កាប់មុខប្រហែល១០ថ្ងៃ។ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវអាចប៉ះពាល់ដល់ទីតាំងគំហើញ នឹងអាចវិវឌ្ឍទៅជាគំហើញខ្សោយ ។ ដើម្បីការពារពី Macular Hole ចាំបាច់ត្រូវអញ្ជើញមកពិនិត្យភ្នែកជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងទោះបីគ្មានសញ្ញាអ្វីក៏ដោយ ជាពិសេសមនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង ឬក៏មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មានប្រវត្តិប៉ះទង្គិចភ្នែក ឬអ្នកមានកម្រិតម៉្ញូបខ្ពស់ (ចាប់ពី ៥០០ ដឺក្រេឡើង) …… សម្រាប់វេជ្ជបណ្ឌិតទូទៅ ប្រសិនបើមានអ្នកជំងឺត្អូញប្រាប់ថា គាត់មើលឃើញស្រមោលតូចខ្មៅធ្វើចលនាក្នុង ឬផ្នែកកន្ទុយភ្នែក សូមមេត្តាណែនាំអ្នកជំងឺឲ្យមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាប្រធានផ្នែកឯកទេសបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែកFloaters ជាកំណកកករ ដែលកើតមានក្នុងទឹកបាតភ្នែក(Vitreous)។ ជាធម្មតា ទឹកបាតភ្នែក ជាសារធាតុរាវ ថ្លាគ្មានពណ៌ អន្ធិលៗដូចជែល ស្ថិតនៅផ្នែកខាងក្រោយភ្នែក។ សារធាតុរាវនេះមានប្រមាណជា ៨០%នៃគ្រាប់ភ្នែកទាំងមូល ហើយមានតួនាទីជួយការពារភ្នែក ព្រមទាំងរក្សាឲ្យបាននូវទ្រង់ទ្រាយគ្រាប់ភ្នែកផងដែរ។ មូលហេតុ និងកត្តាប្រឈម Floaters កើតឡើងដោយសារតែមានការប្រែប្រួលសភាពទឹកបាតភ្នែក បង្កើតបានជាសរសៃៗ ឬដុំកំណកបាំងនៅពីមុខរ៉េទីន ដែលអាចពាក់ព័់ន្ធនឹងកត្តាជាច្រើនដូចជា៖ • វ័យចំណាស់ ៖ ដោយសារនៅពេលអាយុ ច្រើន Vitreous នឹងប្រែរាវជាងមុនបណ្តាលឲ្យរបើកចេញពីស្រទាប់បាតភ្នែក (Posterior Vitreous Detachments) បង្កើតបានជាសរសៃៗ ឬដុំកំណកដែលអាចបាំងពន្លឺឆ្លងកាត់ភ្នែកបាន។ • ការរលាកផ្នែកខាងក្រោយនៃបាតភ្នែក ៖ នៅពេលជាលិកាភ្នែក ផ្នែកខាងក្រោយរលាកទឹកនៅក្នុងបាតភ្នែកប្រែក្លាយជាល្អក់កករ ឬស្រអាប់។ • ការហូរឈាមក្នុងភ្នែក ៖ ករណីនេះអាចកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាមស្ទះសរសៃឈាម និងរបួសជាដើម។ • ការប្រើប្រាស់ថ្នាំមួយចំនួន៖ ស៊ីលីកូន ឬថ្នាំមួយចំនួនទៀតអាចនៅសេសសល់ក្នុង Vitreous ក្រោយការចាក់បញ្ចូលអំឡុងពេលវះកាត់ បង្កើតបានជាពពុះដែលអាចជាស្រមោលបាំងពន្លឺចូលភ្នែកបាន។ • ការរហែកស្រទាប់បាតភ្នែក ៖ អាចបណ្តាលមកពីការកន្រ្តាក់ខ្លាំងពីទឹកបាតភ្នែក ដែលនាំឲ្យរហែកស្រទាប់រ៉េទីន ហើយបង្កើតជាកំណក ឬការហូរឈាម។ បន្ថែមពីនេះ Floaters ក៏អាចកើតមានចំពោះអ្នកជំងឺដែលធ្លាប់វះកាត់ភ្នែក អ្នកមានភ្នែកម៉្ញូប អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺរលាកបាតភ្នែក ករណីមានការប៉ះទង្គិចភ្នែក ឬគ្រោះថ្នាក់ទៅលើភ្នែកជាដើម។ រោគសញ្ញា ជាទូទៅ អ្នកជំងឺតែងមើលឃើញស្រមោលខ្មៅៗហោះចុះឡើងក្នុងភ្នែក ហើយកាន់តែច្បាស់ នៅពេលមើលទៅតំបន់ដែលមានផ្ទៃភ្លឺ ដូចជាផ្ទៃមេឃពណ៌ខៀវ ឬជញ្ជាំងពណ៌ស។ លើសពីនេះ ក៏មានសញ្ញារួមផ្សំផងដែរដូចជា ការមើលឃើញជាសញ្ញាផ្លេកបន្ទោរ ភ្លឹបភ្លែត (Flash of Light or Photopia) ។ ការកំណត់រោគវិនិច្ឆ័យ កាលណាមានបញ្ហានេះកើតឡើង គ្រូពេទ្យឯកទេសនឹងពិនិត្យភ្នែកដោយដាក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីឆ្លុះមើលបាតភ្នែក ហើយអាចនឹងឃើញជារង្វង់មូល កំណកសៗ ឬសរសៃ អណ្តែតក្នុងសារធាតុរាវបាតភ្នែក (Vitreous)។ សារធាតុទាំងអស់នេះហើយដែលចាំងស្រមោលទៅលើបាតភ្នែក ហើយបង្កើតបានជាស្រមោលខ្មៅដែលអ្នកជំងឺមើលឃើញ។ ការព្យាបាល Floaters មិនតម្រូវឲ្យមានការព្យាបាលនោះទេដោយហេតុថាវាមិនបានផ្តល់គ្រោះថ្នាក់ដល់គំហើញធ្ងន់ធ្ងរ ហើយយូរៗទៅ អ្នកជំងឺអាចនឹងសម្របជាមួយបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែករណីអ្នកជំងឺមានការប្រេះបាតភ្នែករហែកបាតភ្នែកនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ។ គួរបញ្ជាក់ថា ប្រមាណជា៤០%នៃ Floaters ស្រួចស្រាវ អាចមាន Posterior Vitreous Detachment ហើយក្នុងនោះ៩%ផ្សេងទៀតអាចមានដល់រហែកបាតភ្នែក។ ម៉្យាង ប្រសិនមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជំងឺ៥០% អាចប្រឈមនឹងការរបើកបាតភ្នែក។ វិធីសាស្រ្តការពារ • បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក ដូចជា បន្លែបៃតង ការ៉ុត និងសាច់ • ការពារភ្នែកពីពន្លឺខ្លាំង ដូចជាព្រះអាទិត្យ កុំព្យូទ័រ ទូរស័ព្ទ ឡាស៊ែរ ដោយពាក់វ៉ែនតា ការពារ ឬបន្ថយពន្លឺ • ចៀសវាងពីការប៉ះទង្គិច ឬគ្រោះថ្នាក់ទៅលើភ្នែក • ពិនិត្យភ្នែកជាប្រចាំ និងទទួលការព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ • បង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម និងលើសឈាម ជាដើម។ ករណីមានបញ្ហាភ្នែក គួរប្រញាប់មកទទួលការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលពិបាក ឬមិនអាចព្យាបាលបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែកអូឡាំពិក ០១៧ ៥៧៥៥៦៧ ឬ ០៧៨ ៣៧៩៧៩៨ អ៊ីម៉ែល៖ longchhour@yahoo.com បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែកអូឡាំពិក ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ភ្នែក